ភ្នំពេញ: ស្ថិត​នៅ​ខាង​កើត​ផ្សារ​ទួល​ទំពូង ជា​ទី​កន្លែង​សម្បូរ​ជន​បរទេស​ ភោជនីយ​ដ្ឋាន​ Nutty Bakery មាន​បម្រើ​មុខ​ម្ហូប​សាំង​វិច​បែប​បស្ចិម​ប្រទេស​ជាមួយ​ការ​ប្រើ​នំប៉័ង​រសជាតិ​​ជា​ច្រើន​ប្រភេទ រួមទាំង​នំប៉័ង​ផលិត​ពី​ម្សៅ​សត្វ​ចង្រិត​ទៀត​ផង​។

ថ្វីដ្បិត​តែ​នៅលើ​នំប៉័ង​រួម​ទាំង​បន្លែ​ និង​សាច់​មិន​បាន​រំលេច​នូវ​ជើង​សត្វ​ល្អិត​ច្រូង​ច្រាង​មែន​ តែក៏​នំប៉័ង​ ១ ​ប្រភេទ​របស់​លោក​ ជានី​ហៅ​សុខនី​ផលិត​ពី​សត្វ​ល្អិត​ ដែល​អាច​ផ្គាប់​ចិត្ដ​អ្នក​យល់​ឃើញ​ថា​សត្វ​ល្អិត​ផ្ដល់​ប្រូតេ​អ៊ីន​និង​អ្នក​ដែល​ខ្ពើម​រអើម​សត្វ​ល្អិត​ក៏​មិន​សូវ​ឆ្អើម​ពី​វា​ដែរ​។

លោក ​ជា នី​ ហៅ​ សុខនី​ អាយុ​ ២៧​ ឆ្នាំ មាន​បទ​ពិសោធ​ផ្នែក​ចុងភៅ​ជា​ច្រើន​ឆ្នាំ​នៅ​ Kinin Restaurant ពេល​ល្ងាច​ បាន​ឱ្យដឹង​ថា​៖​ «ខ្ញុំមាន​លក់​នំប៉័ង​សាំង​វិច​ជា​ច្រើន​ប្រភេទ​ រួមមាន​នំប៉័ង​ផលិត​ពី​បន្លែ​ដូច​ជា​ ល្ពៅ​ ដំឡូង​ការ៉ុត ​ឬមើមយេន​ នំប៉័ង​ចង្រិត ​នំប៉័ង​ស្រូវ​សាឡី ​​នំប៉័ង​ប្រោន​ និង​នំប៉័ង​ ធ្វើ​ពី​គ្រាប់​ធញ្ញ​ជាតិ​ដូច​ជា​ គ្រា​ប់​ឈូក​រ័ត្ន​ឪឡឹក ​និង​ល្ង​ ដែល​ខ្ញុំ​ធ្វើ​ខ្លួន​ឯង​»។

ចំពោះ​នំប៉័ង​ចង្រិតលោក នី ​ប្រើ​​ប្រភេទ​ម្សៅ​ដែល​ត្រូវ​បាន​លាយ​ជា​ម្សៅ​នំប៉័ង​ ដើម្បី​បង្កើន​ប្រូតេ​អ៊ីន​ដោយ​លោក​​ទិញ​ម្សៅសត្វ​ល្អិត​នេះ​នៅ​ហាង​​ Angkor Cricket។

នៅ​ក្នុង​បរិវេណ​ហាង​ដែលតាំង​ទូ​ឈើ​បែប​បុរាណ​នៅ​អែប​ទ្វារ​កញ្ចក់​ខាង​ក្នុងនិង​មានក្ដារ​អុក​ខ្មែរ​លើ​តុ​តូច​ផ្នែក​ខាង​ស្ដាំ​អម​ដោយ​រុក្ខជាតិ​ស្រស់​ៗលោក​ Josh អង្គុយ​ទទួល​ទាន​សាំងវិច​​​រសជាតិ​​នំប៉័ង​ផលិត​ពី​ម្សៅ​សត្វ​ចង្រិត​យ៉ាង​ឆ្ងាញ់​ពិសា​។​

ដោយ​មាន​បរិយា​កាស​ល្អ និង​តន្ត្រី​ស្រទន់​បន្លឺ​តិចៗ​​លោក Josh ដែល​ធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​និយាយ​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​អំពី​ហាង​នំប៉័ង​ក្បែរ​តំបន់​ប្រជុំ​ជន​។​

លោក​បាន​និយាយថា​៖​ «​មិត្ត​ភក្តិ​របស់ខ្ញុំ​ម្នាក់​បាន​និយាយ​ប្រាប់​ខ្ញុំកាលពី​ថ្ងៃមុន​ថា ខ្ញុំ​មិនសូវ​រំភើប​នឹង​នំ​សាំង​វិច​ទេប៉ុន្តែ​អ្នក​គួរ​សាក​ល្បង​នៅ​ហាង​មួយ​នោះ​​ខ្ញុំ​មក​តាមផ្លូវ​ទៅធ្វើ​ការហើយ​ក៏​ឆៀង​ចូល​ទិញ​សាំង​វិច​ឈី​សសាច់​ភ្លៅ​ជ្រូក​មក​ញ៉ាំ​នៅ​តុការងារ​​របស់ខ្ញុំ​អូ!​វាពិត​ជា​ឆ្ងាញ់​ណាស់​! ខ្ញុំ​បាន​ត្រឡប់​មក​ទិញ​អាហារ​សម្រន់​នេះ​បន្ថែម​ទៀត​នៅ ​២ ថ្ងៃ​ជាប់ៗ​គ្នា​»​។

​លោក Josh បាន​បន្ដថា​៖ «​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​នំប៉័ង​ចង្រិត​នៅលើ​មុខ​ម្ហូប​ហើយ​ខ្ញុំ​បាន​ឮ​មនុស្ស​​ម្នា​គេតែង​តែ​និយាយ​ថា ​សត្វ​ល្អិត​ គឺជា​ប្រភព​ប្រូតេ​អ៊ីន​ច្រើន​ដោយ​ពួកវា​មិន​បំផ្លាញ​ធន​ធាន​កសិកម្ម​ច្រើនទេ​ខ្ញុំ​បាន​សាកល្បង​ចង្រិត​ជា​អាហារ​សម្រន់​ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា​ត្រូវ​រំពឹង​ពីអ្វី​នៅក្នុង​នំប៉័ង​ដុត​នោះទេ​វា​ជា​នំប៉័ង​ទន់​ៗ​​ដ៏​មាន​ឱជា​រស​ឆ្ងាញ់​ដោយ​មិន​មាន​រសជាតិ​ ឬ​​ល្បាយ​រំលេច​ជា​ជើង​និង​ខ្លួន​សត្វ​ល្អិត​ទាំង​មូល​ដែល​ធ្វើឱ្យ​អ្នក​គិតថា​ អ្នក​កំពុង​ញ៉ាំ​មេ​រោគ​នោះ​ទេ​»។​

លោក​ សុខនី​ មាន​បទ​ពិសោធ​ការងារ​ជា​ចុងភៅ​នៅ​តាម​ភោជនីយ​ដ្ឋាន​ជា​ច្រើន​ដូចជា​ Plantation សណ្ឋា​គារ Qee​nco ក្រុង​ព្រះ​សីហនុ​ជាមួយ​ជំនាញ​ម្ហូប​ក្ដៅ​ត្រជាក់​ និង​ខាង​ដុត​នំ​។

លោក​ចាប់​អារម្មណ៍​បើក​ភោជនីយ​ដ្ឋាន​បែប​បស្ចិម​ប្រទេស​តាំងពី​មុន​សម័យ​កូវីដ​ម៉្លេះ តែ​ពេល​វិបត្ដិ​រោគ​រាត​ត្បាត​សកល​វាយ​លុក​ផែន​ការ​របស់​បុរស​ចុង​ភៅ​រូប​នេះ​​ត្រូវ​បាន​ផ្អាក​។

ដោយ​មើល​ឃើញ​ថា​ ស្ថាន​ភាព​កូវីដ​បាន​ធូរ​ស្បើយ​ច្រើនហើ​យ​ លោក​នី​ចាប់​ផ្ដើម​រៀបចំ​ភោជនីយ​ដ្ឋាន​របស់​ខ្លួន​ទៅ​តាម​ផែន​ការ​នៅ​ម្ដុំ​សម្បូរ​ជន​បរទេស​ច្រើន​ក្បែរ​ផ្សារ​ទួល​ទំពូង​រយៈ​ពេល​ជាង​ ១​ ខែ​។

លោក​ នី​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​Nutty Bakery បម្រើ​មុខ​ម្ហូប​សាំង​វិច​ និង​ប៊ឺហ្គ័រ​ជា​មួយ​ភេសជ្ជៈ​ទឹក​ផ្លែ​ឈើ​ស្រស់ៗ​និង​កាហ្វេ​ជា​ដើម​»។

ដោយ​សារ Nutty Bakery​​ ទើប​បើក​ដំណើរ​ការ​​លោក​ នីមិន​ទាន់​មាន​អតិថិ​ជន​ច្រើន​ប៉ុន្មានទេ​​។ដូច្នេះ​លោក​មិន​សូវ​ផលិត​នំប៉័ង​ទុក​សន្ធឹក​សន្ធាប់​ឡើយ​។ ​លោក​ធ្វើ​នំប៉័ង​ល្មម​សម្រាប់​លក់​ ២-៣ ថ្ងៃ និង​តាម​ការ​កុម្ម៉ង់​ពី​ភោជ​នីយ​ដ្ឋាន​ផ្សេងៗ​។

ជា​បច្ចេក​ទេស​សម្រាប់​រក្សា​ទុក​បាន​ប៉ុន្មាន​ថ្ងៃ​ម្ចាស់​​ភោជនីយ​ដ្ឋាន​អាហារ​សម្រន់ ​ដុត​វា​ត្រឹម​ ៧០​ ភាគរយ ​ហើយ​នៅ​ពេល​ភ្ញៀវ​កុម្ម៉ង់​ ​លោក​ត្រូវ​កម្ដៅ​វា​ប្រមាណ ​១០ ​នាទី​ទៀតវា​គ្រប់​ល្មម​សម្រាប់​ហូប​តែ​ម្ដង​។

នំប៉័ង៥​រសជាតិ​ដែល​ត្រូវ​បាន​រុំខ្ចប់​ក្រដាស​ សម្រាប់​ដាក់​លក់​ផង​និង​សម្រាប់​ប្រើ​ជា​នំប៉័ង​សាំង​វិចដែល​មាន​តម្លៃ​ចាប់​ពី ​៥,៧៥​ ដល់​ ៦,៧៥ ​ដុល្លារ​។

សាំង​វិច​ទាំង​នោះ រួម​មាន​ត្រី​សាល​ម៉ុង​ឈួល​ផ្សែង​ជាមួយ​ក្រូចនិ​ង​មើម​យេន សាំង​វិច​សាច់​គោ​ឆួល​ផ្សែង ទ្រូង​ទា​ឆួល​ផ្សែង ប៉េស្ដូ​សាច់​មាន់ សាច់​ភ្លៅ​ជ្រូក ​និង​ឈីស​ម្រេច​កំពត។

ចំពោះ​សាំង​វិច​បន្លែ​មាន​ដូចជា​ ឈីស​ម៉ូហ្សា​រ៉េឡា​ប៉េង​ប៉ោះនិង​ជីក្រហម សាំងវិច​បន្លែ​ដុត​ជាមួយ​ឈីស​ទឹក​ដោះ​ពពែ និង​ជម្រើស​បន្លែ​តាម​ចំណូល​ចិត្ត​​ភ្ញៀវ​។

ឈរ​នៅ​ក្បែរ​តុ​មុខ​ផ្ទះ​បាយ​ក្នុង​បរិវេណ​ហាង​មិនសូវ​ជា​ធំ​ប៉ុន្មាន​ លោក​ នី​ បាន​បន្ដថា​៖ «អតិថិ​ជន​អាច​ជ្រើស​រើស​ប្រភេទ​នំប៉័ង​ណា​មួយ​ក្នុង​ចំណោម​ ៥​-៦​ ប្រភេទ​របស់​ហាង​ ដូចជា ​គាត់​ចង់​បាន​នំប៉័ង​បន្លែ​នំប៉័ង​ប៊ឺហ្គើរក៏​យើង​មាន​និង​នំប៉័ង​ចង្រិត​ ក៏​យើង​មាន​ដែរ​»។​

នៅ​ក្នុង​ទូ​តាំង​អតិថិជ​ន​នឹង​ប្រទះ​ឃើញ​កែវ​ជា​ច្រើន​ដែល​ម្ចាស់​ហាង ​Nutty Bakery ប្រើសម្រាប់​ដាក់​ទឹក​ផ្លែ​ឈើ​ស្រស់ៗ​ជូន​ភ្ញៀវ​ទាំង​អ្នក​មក​ទទួល​ទាន​នៅ​ហាង​និង​ខ្ចប់​ទៅ​ក្រៅ​។

ថ្វី​ដ្បិត​តែ​គ្រឿង​ផ្សំ​ទិញ​ចូល​មាន​ការវេច​ខ្ចប់​ប្លា​ស្ទិក​ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ខ្លះ​យ៉ាង​ណាក៏​ដោយក៏​លោក​ សុខនី ​អះអាង​ថា​ លោក​ព្យា​យាម​​ចៀស​វាង​ការ​ប្រើ​ប្រាស់​ប្លា​ស្ទិក​ ដោយ​ប្រើ​ប្រភេទ​ក្រដាស​សម្រាប់​វេច​ខ្ចប់​ និង​ច្រក​សាំង​វិច​កែវ​ដាក់​ភេស​ជ្ជៈ និង​បំពង់​បឺត​ ជា​ឫស្សី​ ជំនួស​វិញ​ផង​ដែរ​។

លោក​បាន​បន្ដ​ថា​៖ «​ការ​ប្រើ​ដប​កែវ​ដាក់​ទឹក​ផ្លែ​ស្រស់ៗ​ទាំង​នេះ​ភ្ញៀវ​អាច​យក​ទៅ​បាន​ ប៉ុន្ដែ​ភាគ​ច្រើន​ភ្ញៀវ​បរទេស​តែង​តែ​ប្រមូល​ត្រឡប់​មក​វិញ​នៅ​ពេល​ណា​មួយ​ដោយ​ពួក​គាត់​មិន​ចង់​បោះ​ចោល​ក្នុង​ធុង​សំរាម​ដែល​បង្ក​ផល​ប៉ះ​ពាល់​ឡើយ​។ ពេល​ខ្លះ​ពួក​គាត់​ទុក​ឱ្យ​អ្នក​ដើរ​ទិញ​ដប​កែវ​ ដោយ​ថែម​លុយ​ឱ្យ​ពួកគេ​ទៀត​»។

ចំពោះ​នំប៉័ង​ផលិត​ពី​ម្សៅ​សត្វ​ល្អិត​ លោក នី​ បាន​ឱ្យដឹង​ថា វា​អាស្រ័យ​ទៅ​លើ​ភ្ញៀវ​ ដោយ​ភ្ញៀវ​ខ្លះ​ធ្លាប់​ភ្លក្ស​ ភ្ញៀវ​ខ្លះ​ចង់​សាក​ល្បង​ជា​លើក​ដំបូងតែ​ភ្ញៀវ​ខ្លះ​ទៀត​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ និង​មិន​ហ៊ាន​ប្រថុយ​ទំពា​នំប៉័ង​ម្សៅ​ចង្រិត​នេះ​ដែរ​។

លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖«​នំប៉័ង​ម្សៅ​ចង្រិត​គ្រាន់​តែ​ជា​ផលិត​ផល​មួយ​ក្នុង​ចំណោម​ប្រភេទ​នំប៉័ង​សាំង​វិច​ជា​ច្រើន​របស់​ខ្ញុំ​ប៉ុណ្ណោះ ​ខ្ញុំ​មិន​បាន​ផ្ដោត​ចម្បង​លើ​អាហារ​សត្វ​ល្អិត​នោះទេ​ ហើយ​ខ្ញុំ​ក៏​មិន​មាន​បំណង​បន្ថែម​មុខ​ម្ហូប​សត្វ​ល្អិត​ច្រើន​ដែរ​»។

លោក​បន្ដថា​៖ «យើង​គិត​ពី​អារម្មណ៍​ភ្ញៀវ​ភាគច្រើន​ ដែល​អ្នក​ខ្លះ​រអើម​នឹង​ការ​មើលឃើញ​ ឬ​ឮ​ពី​អាហារ​សត្វ​ល្អិត​ ខ្ញុំ​ក៏​មិន​ចង់​ឱ្យ​អតិថិជន​គិត​ថាហាង​របស់​ខ្ញុំ​ជា​ហាង​លក់​ផលិត​ផល​ម្ហូប​សត្វ​ល្អិ​ត​ដែរ​» ។

យ៉ាង​ណា​មិញ​ លោក ​នី ក៏​បាន​លើក​ពី​អត្ថ​ប្រយោជន៍​នៃ​ប្រូតេ​អ៊ីន​របស់​សត្វ​ល្អិត​ដែល​ត្រូវបាន​និយាយ​ និង​ផ្សព្វ​ផ្សាយ​លើ​បណ្ដាញ​សារ​ព័ត៌​មាន​ទូទាំង​ពិភព​លោក​ដែរ​។

យោង​តាម​វេប​សាយ​ Buzzfeednews បាន​ឱ្យ​ដឹង​ថា ​អង្រ្កង​កញ្ចែ​ និង​ចង្រិត​ស្ថិត​ក្នុង​ចំណោម​សត្វ​ល្អិត​ជិត ​២ ១០០ ​ប្រភេទ​ ដែល​អាច​ត្រូវ​បាន​ទទួល​ស្គាល់​ដែល​មិន​ត្រឹម​តែ​ស្ទួយ​ដល់​ភព​ផែន​ដី​ដោយ​សារ​តែ​វា​ត្រូវការ​ធន​ធាន​តិច​ជាង​ផលិត​ផល​សាច់​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​វា​ក៏​បាន​ផ្ដល់​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ដ​ថា ​ប្រជា​ជន​បណ្ដា​ប្រទេស​ជា​ច្រើន​ និង​វប្បធម៌​ផ្សេងៗ​បាន​និង​កំពុង​តែ​ទទួល​ទានសត្វ​ល្អិត​ជាច្រើន​ជំនាន់​មក​ហើយ​ ពីព្រោះ​ពួកវា​ផ្ដល់​ប្រូតេ​អ៊ីន​ខ្លាញ់​ល្អវីតា​មីន​និង​សារ​ធាតុ​រ៉ែ​។

អ្នក​ជំនាញ​ផ្នែក​ជីវជាតិ​អាហារ​អ្នក​ស្រី Lisa Kilgour ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ Buzzfeednews​ ដោយ​បាន​និយាយ​ថា​៖ «​វាពិ​បាក​វាយ​តម្លៃ​ចំពោះ​សារធាតុ​ប្រូតេ​អ៊ីន​ទាំង​ស្រុង​ណាស់​ដូច្នេះយ៉ាង​ហោច​ណាស់វា​ផ្ដល់​ប្រយោជន៍​ចំពោះ​អ្នក​ស្វែងរក​​អាហារ​បែប​ស្ទួយ​ផែនដី​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធតែ​ចូលចិត្ដ​ទទួល​ទាន​អាហារ​ពី​បន្លែ​ទាំង​ស្រុង​នោះទេ​ ការ​ស្វែង​រក​ជម្រើស​ផ្សេងៗ​ទៀត​ដែល​អាច​ជួយ​ដល់​សុខុមាល​ភាព​ គឺជា​អាហារ​មាន​ប្រូតេ​អ៊ីន​ងាយ​ស្រួល​រក​ទាំង​នេះ​» ។

Josh បាន​និយាយ​ថា ទោះបីជា​នំ​សាំង​វិច​មាន​តម្លៃ​ថ្លៃ​បន្តិច​ក៏​ដោយ​ ប៉ុន្តែមួយ​ដឹង​មួយ​ហើយ​មាន​ប្រើ​គ្រឿងផ្សំ​​ល្អៗ​និង​មាន​រស​ជាតិ​ឆ្ងាញ់​។​

​លោក​បាន​បន្ដថា​៖ «​ជាទូទៅខ្ញុំ​គ្រាន់តែ​ទិញ​​អាហារ​យកទៅ​ញ៉ាំ​នៅ​តុ​ធ្វើ​ការ​​ហើយ​អាហារ​ទាំងនេះ​គឺ​ល្អឥតខ្ចោះ​ ដើម្បីឱ្យ​ខ្ញុំ​ធ្វើ​ការ​ពេញ​ ១ ថ្ងៃ ​ទឹក​ផ្លែឈើ​ស្រស់​មើលទៅ​គួរឱ្យ​ចាប់អារម្មណ៍ខ្ញុំ​គិតថា ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​នៅ​ចុង​សប្តាហ៍ និង​​ទទួល​ទាន​អាហារ​នៅ​ទីនោះ​ទៀត​វា​ជា​ល្បោយ​បន្ថែម​នៅ​តំបន់​ទួល​ទំពូង​ដែល​ខ្ញុំ​​គួរ​តែ​បាន​ឃើញ​វា​តាំង​ពីដំបូង​»​។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក​ Nutty Bakery ដែលមាន​ទីតាំង​នៅ​ផ្ទះ​លេខ​ ៦៥ ​ផ្លូវ​ ៤៤៦​ ខាង​កើត​ផ្សារ​ទួល​ទំពូង​ ចម្ងាយ​ ១០០ ​ម៉ែត្រ​៕