ភ្នំពេញ: Sabay Event ​ជា​ការប្រគំតន្ត្រី​ផ្ទាល់​នៅ​ទីក្រុង​ប៉ារីស​ បាន​ត្រឡប់​មកវិញ​ក្នុង​ឆ្នាំ ២០២២​ នេះ ដោយ​តារាចម្រៀង​ប៉ុប និង​តារា​រ៉េ​ប ​២ រូប​ មកពី​ប្រទេស​កម្ពុជា​ បាន​ជួប​ជាមួយ​សិល្បករកូន​កាត់​​បារាំង​អាស៊ី​ផ្សេងទៀត បន្ទាប់​ពី​បាន​ផ្អាក​កាល​ពី​ឆ្នាំមុន​ដោយ​សារ​ជំងឺ​រាត​ត្បាត​កូវីដ ១៩។​

​ដោយ​ចាប់​ដៃគូ​ជាមួយ​សមាគម​ខ្មែរ​សាមគ្គី Sabay Events មាន​មោទនភាព​ក្នុងការ​រៀបចំនិង​ណែនាំ​តន្ត្រី​ខ្មែរ​សម័យថ្មី​នេះ​ជា​លើក​ទី​២ ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​បារាំង និង​កម្ពុជា តាមរយៈ​សិល្បករ​ដែលមាន​ទេពកោ​សល្យ​វ័យក្មេង​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់ Sabay Events​។​

​ឆ្នាំនេះ​តារា​ចម្រៀង​និង​រ៉េ​ប​មកពី KlapYaHandz Music Records ត្រូវបាន​អញ្ជើញ​ម្តងទៀត​ទៅ​កាន់​​ប្រទេស​បារាំង​ដើម្បី​បង្ហាញ​បទ​ចម្រៀង​បែបប៉ុប​និង​ហ៊ីប​ហប​​​របស់​ពួកគេ​នៅលើ​​ឆាក​កណ្ដាលវាល​​។​

កញ្ញា ម៉ាល់​ទែរ៉េ ហេលេន សហ​អ្នករៀបចំ​ព្រឹត្តិ​ការណ៍​បាន​និយាយ​ថា៖«​យើង​ចង់​អញ្ជើញ ​KlapYaHandz ​ម្តង​ទៀត​ពីព្រោះ​ស្ថាបនិក​របស់​ពួកគេ​គឺជា​ជនជាតិ​បារាំង​-​កម្ពុជា ហើយ​យើង​ចែករំលែក​ទស្សនៈ​ដូចគ្នា​​ស្ដីពី​​តន្ត្រី​ខ្មែរ​សម័យ​ទំនើប​»។​

​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​នេះ កើត​ចេញ​ពី​រឿងរ៉ាវ​នៃ​ទំនាក់​ទំនង​រវាង​យុវជន​ខ្មែរ​នៅ​ប្រទេស​បារាំងនិង​កម្ពុជា​​ ដែល​ពួកគេ​បាន​រៀបចំ​​​ការ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​បារាំង​​លើក​ទី​២​​។​

​ចលនាសប្បាយ ឬ Sabay Movement​​ ចាប់ផ្ដើម​នៅ​ឆ្នាំ ២០១៦ ដោយ​លោក​ ថោង ​តារា​​ ជា​ខ្មែរ​កើត​នៅ​ប្រទេស​បារាំង​ដែល​បាន​រកឃើញ​ទេពកោសល្យ​និង​ភាព​លេច​ធ្លោរ​​របស់​យុវជន​អាស៊ីអាគ្នេយ៍​ បន្ទាប់ពី​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ច្រើន​លើក​​ច្រើនសា​។

​គោលដៅ​របស់លោក តារា​ គឺ​ការ​ពាំនាំ​ជូន​​ប្រជាជន​បារាំង​នូវ​បទ​ភ្លេងនិង​វប្បធម៌​ថ្មី​។ លើសពីនេះ វា​អនុញ្ញាតឱ្យ​សិល្បករ​អាស៊ីមាន​ឱកាស​បាន​ចេញ​ទៅ​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​លើ​​​ទ្វីប​ថ្មី​មួយទៀត ដោយសារតែ​ព្រឹត្តិ​ការណ៍​ជាច្រើន​របស់​តារា (​ពិធីបុណ្យការតាំង​ពិ​ព័រណ៍ កិច្ច​ពិភាក្សា​តុមូល ការ​បញ្ចាំង​ភាពយន្ត ការជជែក​ដេញ​ដោល​និង​ទីផ្សារ​អាហារ​)​។​

កញ្ញា ម៉ាល់ទែរ៉េ ហេលេន និងលោកថោង​​ តារា យុវជន​កម្ពុជា​ ២​ នាក់​ដែល​សង្ឃឹម​ថា នឹង​ពង្រឹង​ទំនាក់​ទំនង​រវាង​ព្រះ​រាជា​ណាចក្រ និង​ប្រជា​ជាតិ​អឺរ៉ុប​។​

​លោកតារា ​បាន​សម្រេចចិត្ត នឹក​គិត​រៀបចំ​ការប្រគំ​តន្ត្រី​នៅ​ប្រទេស​បារាំង​បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​លោក​ សុខ វិសាល ស្ថាប​និក​ក្រុម KlapYaHandz ជា​ជន​ជាតិ​ខ្មែរ ដែល​បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​ក្នុង​របប​ខ្មែរ​ក្រហម​។​

​ជាមួយនឹង​ភាពជោគ​ជ័យ​ នៃ​ការ​ប្រគំតន្ដ្រី​​លើកទី១ ក្រុមហ៊ុន​​តន្ត្រី KlapYaHandz ត្រូវបាន​អញ្ជើញ​ជា​លើក​ទី២​ ដោយ Sabay Events។​

សិល្បករ​ខ្មែរ វុ​ទ្ធា និង រ៉េតកូ នឹងមាន​ការសម្តែង​ផ្ទាល់​ពិសេស​នៅ​ទីក្រុង​ប៉ារីសដើម្បី​តំណាងឱ្យ​វិស័យ​សិល្បៈ​ហ៊ី​ប​ហប​កម្ពុជា និង​បង្ហាញ​ដល់​ពិភពលោក​នូវ​ភាព​ល្បីល្បាញ​និង​បន្ត​សិល្បៈ​របស់​យុវជន​កម្ពុជា​តាមរយៈ​ឆាក​តន្ត្រី​។​

​កញ្ញា ​ហេលេន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ «​យើង​កំពុង​រៀបចំ​ការប្រគំ​តន្ត្រី​របស់​​តារាចម្រៀងវុ​ទ្ធា និង​តារាចម្រៀង​រ៉េ​បរ៉េតកូ មកពី KlapYaHandz Music Records និង​​មាន​សិល្បករ​អាស៊ី​បារាំង​ផង​ដែរ ដូចជា​តារា​ចម្រៀង​និង​ឌី​ជេ​​»​។​

​​​តួ​ឯកសំខាន់​ក្នុង​ព្រឹត្ដិការណ៍​នេះ​គឺ​​​ជា​សិល្បករ​ខ្មែរ វុ​ទ្ធា និង​ រ៉េតកូ ប៉ុន្តែ​នឹងមាន​ការសម្តែង​ផ្សេងទៀត​ដែល​ធ្វើឡើង​ដោយ​សិល្បករ​អាស៊ី​បារាំង (ដូចជា​កូន​កាត់​បារាំង​-​ខ្មែរ​ កូន​កាត់​​បារាំង​-​ឡាវ និង​បារាំង​-​វៀតណាម​)​។​

​​កញ្ញា​បាន​​និយាយ​ថា ការ​លាយ​បញ្ចូល​គ្នា​រវាង​តន្ត្រីបុរាណ​និង​សម័យនេះ KlapYaHandz បាន​បង្កើត​តន្ដ្រី​​ដែល​អាច​ផ្គាប់​ចិត្ដ​ដល់​ទស្សនិក​ជនខ្មែរ​​​គ្រប់​ជំនាន់​​​ទូទាំង​ពិភព​លោក​។​

​សហអ្នករៀបចំ​ព្រឹត្ដិការណ៍​តន្ដ្រី​ក្នុង​ក្រុង​ប៉ារីស​រូបនេះបាន​បន្ដថា​៖ «​​គោលដៅ​របស់​យើង​គឺ​ផ្តល់​លទ្ធភាព​ទទួល​បាន​​សំឡេង​​ថ្មី​ពី​អាស៊ីអាគ្នេយ៍​ដល់​ទស្សនិកជន​ចម្រុះ​។ ការ​បង្ហាញ​សមត្ថភាព​តន្ដ្រី​​នៅ​ទ្វីបអឺរ៉ុប និង​​ផ្ដល់គុណ​​តម្លៃ​ខ្ពស់​ដល់​ប្រទេស​កម្ពុជា ដោយ​សិល្បករ​ទាំងនេះ​តាមរយៈ​ទេពកោសល្យ​របស់​ពួកគេ​នឹង​ផ្តល់នូវ​បទពិសោធ​ដ៏​មិនគួរ​​ឱ្យ​​ជឿ​ ដល់​មនុស្ស​ទាំង​អស់​ដែល​ចង់​ស្វែង​យល់​ពី​ហ៊ី​ប​ហប​កម្ពុជា​»។​

កញ្ញា​ ហេលេន បាន​និយាយ​ថា មនុស្ស​ជិត​ ៥០០​ នាក់​ បាន​ចូលរួម​ការប្រគំ​តន្ត្រី​​ដែល​រៀបចំ​នៅ​ទីក្រុង​ប៉ារីស ​កាល​ពី​ឆ្នាំ​ ២០២០ ដោយ​កញ្ញា​បន្ថែមថា ​វា​គឺជា​ជោគ​ជ័យ​ដ៏​អស្ចារ្យ​។​

​​យុវតី​កូន​កាត់​បារាំង​-ខ្មែរ​រូប​នេះ ​បាន​ឱ្យ​ដឹង​ថា ​ពួកគេ​រៀបចំ​ការប្រគំ​តន្ត្រី​មុនពេល​ដែល​ជំងឺកូវីដ​ ១៩​ រាត​ត្បាត​​​ធ្ងន់ធ្ងរ។ ​ដូច្នេះ​ពួកគេ​មាន​សំណាង​ណាស់​ដែ​លអាច​បន្ដ​កម្មវិធី​​​នៅ​ឆ្នាំ ២០២០​។​

​នៅ​ឆ្នាំ​ ២០២២ ​នេះ ពួកគេ​បានសម្រេច​ចិត្ត​បន្ត​បទពិសោធ​ដោយ​អញ្ជើញ KlapYaHandz​ ទៅ​​ប្រទេស​បារាំង​ជា​លើក​ទី​២ ហើយ​រំពឹងថា ​នឹង​នាំ​ទស្សនិក​ជន​ចន្លោះ​ពី​ ៦០០ ទៅ ៨០០​ នាក់​មក​ចូល​រួម​​​។​

​កញ្ញា​ ហេលេន​ បន្ដ​ថា៖«​​ព្រឹត្តិការណ៍​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​បារាំងនិង​កម្ពុជា​ក្នុងការ​បង្កើត​ទំនាក់​ទំនង​វប្បធម៌​ជាមួយ​គ្នា​។ ប្រទេស​ទាំង ​២​ មាន​ប្រវត្តិ​ដ៏​រឹងមាំ​។ យើង​ក៏​ចង់​ជំរុញ​អ្នកសិល្បករ​ក្នុងស្រុក​ខ្មែរ​ទៅ​លើ​ឆាក​អន្តរ​ជាតិ​ដែរ ព្រោះ​ពួកគេ​សម​នឹង​ទទួល​បាន​វា​»​។​

​លោក​ សុខ វិសាល ជា​ជន​ជាតិ​បារាំង​កាត់​ខ្មែរ បាន​បង្កើត KlapYaHandez Records ក្នុង​ឆ្នាំ ២០០៥ បន្ទាប់ពី​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ ១៩៩៣​។ ឆាណែល KlapYaHandez ឥឡូវនេះ​មាន​អ្នក​ចុច​គាំទ្រ​​ច្រើន​ជាង ៦៦​ម៉ឺន​នាក់​ ដែលមាន​អ្នក​ចូល​មើល​ច្រើន​ជាង​ ១៧៧​ លានដង​​នៅលើ Youtube ពី​ជុំវិញ​ពិភព​លោក​។​

​គួរ​បញ្ជាក់​ថា ការ​សម្តែង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី ១៤​ ខែតុលា ​ខាង​មុខ៕ ​