ព្រៃវែងៈ នៅ​ម្រាមដៃ​ទាំងសងខាង​ប្រឡាក់​ដោយ​ដីឥដ្ឋ​ស្អិត​ជាប់ដៃ​ ខណៈ​ភ្នែក​ទាំង​គូ​កំពុង​ធ្មេចបើកៗសម្លឹង​មិន​ដាក់​ភ្នែកទៅរក​ដីឥដ្ឋ ១ ដុំ​ ធំ​ដែល​គ្មាន​រូបរាង​រហូត​ក្លាយជា​រូប​មនុស្ស​សូន​ពី​ក្បាល​មក​ត្រឹម​ ១ កំណាត់ខ្លួនដែល​មើលទៅ​ហាក់ដូចជា​មុខ​មនុស្ស​មានជីវិត​រស់​រវើក​ញញឹម​ទៅរក​លោក ​ប៊ិន ឆា​រ៉ា​ន់​ ដែលជា​ជាងគំនូ​រចម្លាក់​ស្មិត​សូន​រូប​យ៉ាង​មាន​ទេព​កោសល្យម្នាក់​រស់នៅ​ភូមិ​ព្រៃ​ដើម​ថ្នឹង​ទី២ ឃុំព្រៃ​ដើម​ថ្នឹង ស្រុកស៊ីធរ​កណ្តាល ខេត្តព្រៃវែង។

លោក ប៊ិន ឆា​រ៉ា​ន់ បាន​រំឭក​កាលពី​នៅ​វ័យ​កុមារភាព​ថា លោក​មាន​បងប្អូន​ចំនួន ៨ នាក់ (ស្រី​ម្នាក់) ជា​កូនក្នុងគ្រួសារ​កសិករ​ក្រីក្រ​មួយ​រស់នៅ​ភូមិ​ពោធិ៍​ស្វាយមីង ឃុំអំពិល​តា​ពក ស្រុក អូ​ររាំង​ឪ ខេត្ត​ត្បូងឃ្មុំ។ ដោយសារតែ​ជីវភាព​គ្រួសារ​ក្រីក្រ​ខ្លាំង​ និងមាន​បងប្អូន​ច្រើនរហូតដល់៨នាក់​ផង​នោះ​កាលពី​នៅ​អាយុ​បាន៧ឆ្នាំ​លោក ប៊ិន ឆា​រ៉ា​ន់​រៀន​បានតែ​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​ទុក​កន្លះ​ថ្ងៃ​ដើរ​រើស​អេតចាយ និង​ទទួលយក​ទឹកត្នោត​ពី​គេ​រែក​ដើរ​លក់​ដែល​ក្នុង​មួយ​អំរែកៗមាន​បំពង់​ទឹកត្នោត​ពី ១៤ ទៅជិត ២០ បំពង់​ឯណោះ។ រហូតដល់​វ័យ ១៥ ឆ្នាំ​ទើប លោក​ប៊ិន ឆា​រ៉ា​ន់ សុំ​ឪពុកម្តាយ​ទៅ​បួស​ជា​សាមណេរ នៅ​វត្ត​ពោធិ៍​ស្វាយមីង ស្ថិតនៅក្នុង​ភូមិកំណើត​របស់ខ្លួន​រយៈពេល ២ វស្សា​ទើបបាន​សឹក​វិញ។

លោក ឆា​រ៉ា​ន់​ បន្តថា គួប​ជួន​ក្រោយ​សឹក​ពី​ព្រះសង្ឃ​មក​ក៏មាន​ជាងគំនូរ​ម្នា​ក់នៅ​គូរគំនូរ​ព្រះពុទ្ធ​រូបក្នុង​វត្ត​ពោធិ៍​ស្វាយមីង ដែល​ពេលនោះ​លោក​បាន​សុំ​ជាងគំនូរ​ម្នាក់​នោះ​ហាត់រៀន​គូរ និង​ដើរ​គូរគំនូរ​ជាមួយ​គាត់​នៅតាម​វិហារ​វត្ត​អារាម​នានា​កាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​បាន​រយៈពេល ៣ ខែ​ ទើប​សុំ​បែក​ចេញពី​គ្រូ​ហើយ​បាន​បបួល​បងប្រុស​បង្កើត​របស់លោក ២ នាក់​ទៀត​ ដើរ​ម៉ៅការ​គូរគំនូរ​តាម​វត្ត​ដោយ​ខ្លួនឯង​តែម្តង។ ប៉ុន្តែ​ដោយ​ចង់​ពង្រឹងពង្រីក​សមត្ថភាព​ពី​ជំនាញ​គំនូរ​របស់ខ្លួន​ឱ្យ​កាន់តែប្រសើរ​បន្ថែមទៀត​នោះ​នៅ​ឆ្នាំ ២០០៥ ​លោក​បានមក​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងរក​សាលា​គំនូរ​រៀន​បន្តទៀត​តែ​ជា​អកុសល​លោក​បានត្រឹមតែ​លួច​រៀន​ពី​ខាង​ក្រៅរបង​នៃ​សាលា​រចនា (ក្បែរ​ព្រះបរមរាជវាំង) តែប៉ុណ្ណោះ។

បើតាម​លោក​ឆា​រ៉ា​ន់ បើ​ទោះ​បាន​សិក្សា និង​មាន​បទពិសោធ​ខ្លួនឯង​ក្នុងការ​គូរគំនូរខ្លះៗក្តី​ក៏​លោក​គិតថា​ ចំណេះ​ជំនាញ​ផ្នែក​គំនូរ​នេះ នៅ​មិនទាន់​អាច​យក​ប្រើការ​បាន ១០០ ភាគរយ​ទេ ​ហេតុដូច្នេះ​ហើយ​លោក​បន្ត​ស្វែងរក​សិក្សា​បន្តទៀត​ដោយមាន​ការ​ណែ​នាំ​ពី​ស្ត្រី​ម្នា​ក់នៅ​ខេត្តក្រចេះ​ ឱ្យទៅ​រៀន​គូរ​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែមទៀត​រយៈពេល ៦ ខែ​នៅ​ខេត្ត​សៀម​រាប។ នៅ​ទីនោះ​លោក​បាន​សិក្សា​​ពី​ជំនាញ​គូរគំនូរ ផ្នែក​ចម្លាក់​ឈើ ចម្លាក់​ថ្ម សូន​រូប​ពី​ដី​ជាដើម​រហូតដល់​លោក​បែកគំនិត​អភិវឌ្ឍ​ខ្លួន​ចេះ​ស្ទាត់​តែម្តង។

លោក ប៊ិន ឆា​រ៉ា​ន់​ បញ្ជាក់ថា ក្រោយ​លោក​ចេញពី​សាលា​វិចិត្រសិល្បៈ​ឈ្មោះ​សាលា​រចនា​មរតក​ខ្មែរ​នៅឯ​ខេត្តសៀមរាប​មក​លោក​បាន​ទទួល​ម៉ៅការ​គូរគំនូរ​នៅ​វត្ត​ព្រៃ​ដើម​ថ្នឹង ក្នុង​ឃុំ ព្រៃ​ដើម​ថ្នឹង ស្រុកស៊ីធរ​កណ្តាល ខេត្តព្រៃវែង​ ដែល​នៅ​ទីនោះ​ហើយ​​លោក​បាន​ចាប់ចិត្ត​ស្រឡាញ់​យុវតី​ម្នាក់​ហើយ​បាន​រៀបការ​ជា​ប្តី​ប្រពន្ធ​រហូត​បង្កើត​បានកូន​ប្រុស​ស្រី​ចំនួន ៤ នាក់​ជា​ចំណងដៃ​ផង​ ហើយ​លោក​ក៏​បង្ហាត់បង្រៀន​ប្រពន្ធ​ឱ្យ​ចេះ​គូរគំនូរ​ដូច​លោក​ដែរ។

ក្នុងអំឡុងពេល​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ រីក​រាលដាល​ខ្លាំង​ក្នុង​ឆ្នាំ ២០២០ កន្លងមក ​គឺ​លោក​មិនបាន​ចេញទៅ​គូរគំនូរ​នៅតាម​វត្ត​អារាម​ទេ​ ដែល​នៅពេលនោះ​ហើយ​ទើប​លោក​ផុសគំនិត​សូន​រូប​ ឬ​ឆ្លាក់​រូប​នៅផ្ទះ​តែម្តង។

លោក​ថ្លែងថា៖ «ខ្ញុំ​នៅតែ​ផ្ទះ​អផ្សុក​ព្រោះ​ខ្ញុំ​ធ្លាប់តែ​ធ្វើការ​ដូច្នេះហើយ​ខ្ញុំ​ក៏មាន​គំនិត​ថា​ អ្វីដែល​ខ្ញុំ​បាន​រៀន​កន្លងមក​ គឺ​ខ្ញុំ​គួរតែ​បញ្ចេញស្នាដៃ​ដើម្បីឱ្យ​បងប្អូន​ក៏ដូចជា​កូន​ខ្មែរ​យើង​បាន​ស្គាល់​ស្នាដៃ​ខ្ញុំ​ខ្លះ។ ពេលនោះ​ខ្ញុំ​ជ្រើសរើស​វីរ​បុរស​ខ្មែរ ​១ រូប​ គឺ​សម្តេចព្រះ​ស​ង្ឃ​រាជ ​ជួន ​ណាត​ ជា​បិតា​អក្សរសាស្ត្រ​ខ្មែរ ខ្ញុំ​សូន​រូប​ពី​ដីឥដ្ឋ​ហើយ​បង្ហោះ​ហ្វេ​ស​ប៊ុក ហើយ​មាន​អ្នក​ខម​ម៉ិន​ច្រើន​ថា​ឆ្លាក់​រូប​ដូច​មនុស្ស​នៅរស់ និង​បាន​ល្បីតៗគ្នា​មក»។

ស្នាដៃរបស់លោកលោក ​ប៊ិន ឆា​រ៉ា​ន់​។ រូបថត សហការី

លោក ប៊ិន ឆា​រ៉ា​ន់ ​និយាយថា សម្រាប់​ជំនាញ​ដែល​លោក​ចេះ​ចាំ​នៅក្នុង​ខ្លួន​ហើយ​កំពុងតែ​ប្រើប្រាស់​រាល់ថ្ងៃនេះ​មានដូចជា​ចេះ​គូរគំនូរ​ទេសភាព គូរគំនូរ​នៅតាម​វត្ត​អារាម និង​គូរ​ជា​គំនូរ​ផុស​នៅតាម​ព្រះវិហារ ឆ្លាក់​ឈើ ឆ្លាក់​ថ្ម សូន​រូប ស្មិត​ស្ពាន់។ ប៉ុន្តែ​ជំនាញ​ដែល​លោក​ពិបាកធ្វើ​ជាងគេ​គឺ​គំនូរ​មុខដូច​ហើយ​ជំនាញ​មួយ​នេះ​បច្ចុប្បន្ន​មាន​អ្នកចេះ​តិច​តូច​ណាស់។

ចំពោះ​គំនូរ​សូន​រូប​មុខ​ដូច ១ កំណាត់​ខ្លួន​បើ​អតិថិជន​កុម៉្មង់​ឱ្យធ្វើ​ពី​ស៊ីម៉ងត៍ ឬ​ពី​ជ័រ​ស្មាច់​គឺ​យក​ថ្លៃ ៨០០ ដុល្លារ តែបើ​ស្មិត​រូប​ជា​ស្ពាន់ ឬ​ជា​ប្រភេទ​ឈើ​ធ្នង់ និង​ឈើ​បេង​ថ្លៃ ៤ ពាន់​ដុល្លារ។ បើជា​រូប​មនុស្ស​មួយ​ជំហរ​វិញ​ហើយ​ធ្វើ​ពី​ជ័រ​ គឺ​លោក​យកថ្លៃ ២ ពាន់​ដុល្លារ​ តែ​បើជា​ស្មិត​ជា​ស្ពាន់​មានតម្លៃ​ពី ៨ ពាន់​ទៅ ១ ម៉ឺន​ដុល្លារ (មួយ​ជំហរម​នុស្ស) និង​ប្រើ​ពេលវេលា​ធ្វើ​ប្រហែល ២​ ខែ​ទៅ ៣ ខែ (ស្ពាន់) ទើប​រួចរាល់​តែបើ​ធ្វើ​ពី​ជ័រ និង​ស៊ីម៉ង់ត៍​រយៈពេល​ធ្វើ​តែ ១ ខែ​ទេ​ខណៈ​រូប​ពាក់កណ្តាល​ខ្លួន​ប្រើពេល​ពី ២០ ទៅ ៣០ ថ្ងៃ។

លោក​ថ្លែងថា៖ «នៅពេល​ខ្ញុំ​សូន​ចម្លាក់​រូប​អ្វីមួយ​ខ្ញុំ​ប្រើ​គំនិត​ច្នៃប្រឌិត ខ្ញុំ​ប្រើ​អារម្មណ៍​ស្រមើ​ស្រ​មៃ ​ពោលគឺ​មុននឹង​ធ្វើ​ដូច​ឃើញ​រូប​ពិត​នៅ​ នឹង​មុខតែ​ម្តង​រួម​ នឹងចិត្តស្ងប់​ផង។ ម្យ៉ាងទៀត​ពេល​ខ្ញុំ​ចាប់ផ្តើម​ឆ្លាក់​អ្វីមួយ​គឺ​ខ្ញុំ​មិន​យក​អារម្មណ៍​រឿង​លុយ​ជាធំ​ទេ ​តែ​គិតពី​រឿង​ថ្វីដៃ​ធ្វើយ៉ាងណា​ឱ្យ​ស្នាដៃ​ដែល​ចេញទៅ​មាន​មហាជន​ទទួលស្គាល់​នោះ​ហើយ​ជា​ជោគជ័យ​របស់ខ្ញុំ»។

បើតាម​លោក វិចិត្រករ ឆា​រ៉ា​ន់ បច្ចុប្បន្ន​លោក​កំពុងតែ​សូន​រូបលោក​ប៊ិ​ត រិច​ន័​រ (Beat Richner) ធ្វើ​ពី​ស្ពាន់​ ១​ កំណាត់​ខ្លួន​ទម្ងន់​ប្រមាណ​ពី ៣០ ទៅ ៤០ គីឡូក្រាម ជាការ​ចំណាយ​ថវិកា​របស់លោក​ផ្ទាល់។ បន្ទាប់ពី​ធ្វើ​រួច​ គឺ​លោក​នឹង​យកទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ខេត្តសៀមរាប។ បច្ចុប្បន្ន​លោក​មិនទាន់មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​អាជីព​របស់លោក​ឱ្យបាន​ប្រសើរ​ទេ ​ហើយ​បើ​បងប្អូន​​អតិថិជន​មានបំណង​ជួយ​ទ្រទ្រង់​រក្សា​កេរដំណែល​ចម្លាក់​សិ​ល្បៈ​ គឺ​គ្រាន់តែ​ជួយ​ជាវ​គំនូរ​របស់លោក ​ឬ​ត្រូវ​ការឱ្យ​លោក​សូន​រូប​មុខ​ដូច​នោះ​ក៏​ជា​ការជួយ​រួមចំណែក​ដល់​សិល្បៈ​វប្បធម៌​គំនូរ​ចម្លាក់​ដែរ។

លោក ឆា​រ៉ា​ន់ ​បញ្ជាក់ថា ទៅ​ថ្ងៃ​ខាងមុខ​លោក​នឹង​បើក​បង្រៀន​ជំនាញ​នេះ​ទៅដល់ក្មេងៗជំនាន់​ក្រោយ​ហើយក្មេងៗឬ​យុវជន​ដែល​មក​រៀន​ជាមួយ​លោក​ គឺ​លោក​បង្រៀន​ដោយ​មិន​យកលុយ​កាក់​ពី​អ្នករៀន​ឡើយ។ ការមិន​យក​ថ្លៃឈ្នួល​បង្រៀន​នេះ​ដោយសារ​លោក​គិតថា ​ចង់ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​រក្សា​កេរដំណែល​ជំនាញ​ចម្លាក់​គំនូរ​របស់​ខ្មែរ៕