ភ្នំពេញ: ជា​រៀង​រាល់​ថ្ងៃ​លោក ​ងន ​មករា ​ត្រូវ​ដើរ​ទៅ​អូស​ធុង​ខៀវ​ធំៗដែល​អ្នក​លក់​ទឹក​អំពៅ​យកកាក​អំពៅ​របស់​ខ្លួនមក​ទម្លាក់​ចោល​ក្នុង​នោះ ​យក​ចូល​មក​ក្នុងក្រុមហ៊ុន ​រួច​យក​ធុង​ខៀវ​ទាំង​នោះទៅ​ដាក់​នៅមុខ​ក្រុម​ហ៊ុន​វិញ​។

កាក​អំពៅ​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ហាល​សំដិល​ថ្ងៃ​រហូត​ដល់​ស្ងួត​ល្មម​ មុន​ពេល​ត្រូវ​បាន​កិន​កម្ទេច​ជា​កាក​សរសៃ​​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន​។ក្រោយ​មក​ លោក​ មក​រា យ​កកម្ទេច​សរសៃ​កាក​អំពៅ​ទៅ​ស្ងោរ​ជា​ច្រើន​ម៉ោង​ មុន​ពេល​អាច​ចាក់​ជា​សន្លឹក​ក្រដាស​។

លោក ​មករា​ អាយុ ៣១ ​ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ឆ្លង​កាត់​ជាច្រើន​ដំណាក់​កាល​នេះ​ហើយក៏​យើង​មិន​ទាន់​អាច​ផលិត​ចេញ​នូវ​ផលិត​ផល​សម្រេច​បាននៅ​ឡើយ​ទេ​។ ​វា​មិន​ងាយ​ធ្វើ​​ទេតាំងពី​កិនតាំងពី​ហាល​អី​មួយ​ចប់​ ពេល​យើង​យក​កាក​អំពៅ​មក​ហាល​ដែល​ពឹង​លើ​កម្ដៅ​ថ្ងៃ​ បើ​វាមិន​ស្ងួតយើង​វ៉ៃ​កម្ទេច​វា​មិន​កើតមុន​ពេល​យក​ទៅ​ស្ងោរ​»

លោកបន្ដ​ថា ការ​ស្ងោរ​ត្រូវ​ប្រើ​ពេល​ពី ៥ ទៅ ៦ ​ម៉ោង រួច​​យក​វា​ទៅ​វ៉ៃ​បន្ថែម​ទៀត​ក្នុង​ម៉ាស៊ីន​ម៉ដ្ឋ និង​ចាក់​ចេញ​ជា​ក្រដាស​រាប​ស្មើ​។ ចុង​ក្រោយមុន​ពេល​យក​ចូល​ពុម្ព​សង្កត់​ជា​ទម្រង់​ចាន និង​កាត់​ដោយ​ម៉ាស៊ីន​សង្កត់សន្លឹក​ក្រដាស​ត្រូវ​បាន​យក​ទៅ​ហាល​ម្ដង​ទៀត​ ដែល​ទាម​ទារ​ឱ្យ​មាន​សម្ងួត​ល្អ​។

ទាំង​នេះជា​ការ​រៀប​រាប់​ត្រួស​ៗ​អំពី​ដំណើរ​ការ​នៃការ​ផលិត​ចាន​កាក​អំពៅ​របស់​សិប្ប​កម្មជា​មែក​ធាង​មួយ​របស់​ក្រុម​ហ៊ុនជា​ប្រធាន​ក្រុម​ហ៊ុន​អិម​ជីផេស៊ី​ហ្វិក​ឯ.ក [MG Pacific Company Limited] ដែល​ផលិត​ក្រដាស​ពី​ផលិត​ផល​ពាក់​កណ្ដាល​សម្រេច​។

សហ​គ្រិន​ តាំង​ សុជាតិ​ ជា​ប្រធាន​ក្រុម​ហ៊ុន​បាន​ចំណាយ​ពេល​គិត​ស្រាវជ្រាវ​ និង​ស្វែង​រក​ចម្លើយ​ពី​អ្វី​ដែល​លោក​អះអាង​ថា​ លោក​មាន​បំណង​ចង់​បង្កើត​អ្វី​មួយ​ដោយ​ខ្លួន​ឯង​ និង​ជា​ផលិត​ផល​ជួយ​ដល់​បរិ​ស្ថាន​​ទៀតផង​។

លោក ​សុជាតិ ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «ក្រុម​ហ៊ុន​របស់​ខ្ញុំ​យក​ផលិត​ផល​ពាក់​កណ្ដាល​សម្រេច​មក​កែច្នៃ​ជា​ផលិតផល​ក្រដាស​។ ខ្ញុំ​បាន​មើល​ឃើញ​ពី​លទ្ធភាព​នៃការ​ផលិត​ចាន​​ពី​រុក្ខជាតិ​ តែ​​ការ​សិក្សា​បង្ហាញ​ថា​ទំហំ​នៃការ​វិនិយោគ​ វា​ធំពេក​ ប្រមាណ​ចន្លោះ​ពី​ ១៣០​ លាន​ទៅ​ ២០០​ លាន​ដុល្លារ​ឯនោះ​» ។

លោក​បន្ដថា​ លោក​​ក៏​ងាក​មក​គិត​អំពី​សិប្បកម្ម​ទំហំ​តូច​វិញ​​ ដែលជា​ផ្នែក​មួយ​នៃ​ជំនួញ​ក្រដាស​របស់​លោក​វិញម្ដង​​។ ដំបូង​ឡើង លោក​​គិត​ចង់​ផលិត​​សម្ភារ​ប្រើ​ប្រាស់​ធ្វើពី​ឫស្សី​ តែដល់​ពេល​សិក្សាពី​កាក​អំពៅវា​មាន​​សណ្ឋាន​ស្រដៀង​គ្នា​ លោក​​ក៏​សម្រេ​ចចិត្ដ​ប្រើ​កាក​អំពៅ​ ពីព្រោះ​នៅ​ស្រុក​ខ្មែរ​​វា​សម្បូរ​និង​​ទទួល​បាន​ឥត​គិត​ថ្លៃ​​ទៀតផង​។

​លោក​អះអាង​ថា ការ​ផលិត​ផលិតផល​ពី​កាក​អំពៅ​មិន​មែន​ជា​លើក​ដំបូង​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ​ តែ​ការ​ផលិត​បែបនេះ មាន​តាំងពី​សម័យ​សង្គម​រាស្ដ្រ​និយម​មកម៉្លេះ​។ បច្ចុប្បន្ន​នេះ​លោក​​មិនទាន់​មើល​ឃើញ​ថា​មាន​នរណា​ធ្វើនៅឡើយ។

លោក សុជាតិ បាន​ឱ្យដឹង​ថា៖ «​ខ្ញុំ​សិក្សា​ និង​ដំឡើង​ម៉ាស៊ីន​ខ្លួន​ឯង​ដោយ​ចំណាយ​ពេល​រហូត​មក​ទល់​ពេល​នេះមាន​រយៈ​ពេល​ ៣​ ឆ្នាំ​ហើយ​ ចាប់​ពី​ឆ្នាំ​ ២០១៨​ ខ្ញុំ​បាន​ចំណាយ​ដើម​ទុន​ច្រើន​ណាស់​ យ៉ាង​ណា​មិញយើង​ចាប់​ផ្ដើម​លក់​ចាន​កាក​អំពៅ​បាន​ជាង​ ១ ​ឆ្នាំ​ហើយ​ នៅ​ដើម​ឆ្នាំ​ ២០២១​ តែ​ស្ថិត​ក្នុង​ទំហំ​តិច​តួច​នៅ​ឡើយ»​ ។

ជាផ្នែក​មួយ​ក្នុង​ចំណោម​ផលិត​ផល​ក្រដាស​ជា​ច្រើនដូច​ជាក្រដាស​បង្គន់ក្រដាស​ព្រីនជាដើម ដែល​ត្រូវនាំ​ចូល​ជា​ប្រភេទ​ផលិត​ផល​ពាក់​កណ្ដាល​សម្រេច​​ ចាន​កាក​អំពៅ​ ជា​សមិទ្ធ​ផល​ ដែលលោក សុជាតិ​ យល់​ថា វា​ជា​កម្មសិទ្ធិ​ខ្លួន​ឯង​ ដោយ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុករួម​ទាំង​​ម៉ាស៊ីន​កែច្នៃ​ក្នុង​ស្រុក​ ក៏ដូច​ជា​ធនធាន​មនុស្ស​ក្នុង​ស្រុកដែរ​។

លោក​បាន​ឱ្យ​ដឹងថា ​ទម្រាំ​ស្វែង​រក​ជាង​កែច្នៃ​ម៉ាស៊ីន​ផលិត​ចាន​កាក​អំពៅ​នេះបានត្រូវ​ឆ្លង​កាត់​ជាង​ជំនាញ​ក្នុង​ស្រុក​ជា​ច្រើន​រហូត​ដល់​ ៥-៦​ កន្លែង​ ដោយ​ពួក​គេ​ធ្វើ​គ្រឿង​ម៉ាស៊ីន​ និង​បច្ចេក​វិទ្យា​ទាំង​អស់​។

លោក​បាន​បន្ថែម​ថា៖ «យើង​ច្នៃ​ខ្លួន​ឯងទាំង​អស់​ ទាំង​ម៉ាស៊ីន​និង​រូប​មន្ដ​ ដោយ​សារ​នៅ​បរទេស​មិន​មាន​សិប្បកម្ម​តូចៗ​អ៊ីចឹង​ទេចង្វាក់​ផលិត​កម្ម​របស់​គេ​ទាំង​ស្រុង​អាច​ប្រើ​វត្ថុធាតុ​ដើម​តិច​បំផុត​ពី ៣០ ​តោន ទៅ ៥០ ​តោន ដោយ​ចំណាយ​លើ​ម៉ាស៊ីន​នេះ​តម្លៃ ១៣០ ​លាន​ដុល្លារ​» ។

យ៉ាង​ណា​មិញ​ គ្រឿង​ម៉ាស៊ីន​កែច្នៃ​ក្នុង​ស្រុក​របស់​សហគ្រិន​រូប​នេះ អាច​ត្រូវ​អភិវឌ្ឍ​តាម​ការ​បន្ថែម​ឧបក​រណ៍​ (plug-in)​​។

​ក្នុងអំឡុង​ពេល​នេះ​លោក ​សុជាតិ​ កំពុងបន្ដ​តេស្ដ​ម៉ាស៊ីនតេស្ដ​រូបមន្ដ ​ដើម្បី​ឱ្យ​មាន​លំនឹង​ក្នុង​ការ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​។ ឥឡូវ​ សិប្បកម្ម​របស់​លោក​​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ច្រើន​រហូត​ដល់​ចន្លោះ​ពី ៣ ០០០ ​ទៅ ៤ ០០០​ លីត្រ​ម្ដង​ដោយ​កាល​ពីមុន​លោក​​អាច​ស្ងោរ​កាក​អំពៅ​បាន​តែពី​ ១០០​ ទៅ​ ២០០​ លីត្រ​ប៉ុណ្ណោះ​។

​១ ​ថ្ងៃ ផលិតបាន​ ​២០០-៣០០ ចាន ​សិប្បកម្ម​របស់​ក្រុមហ៊ុន​អិមជី​បាន​ប្ដូរ​ពី​ការ​កាត់​កន្ដ្រៃ​ដោយ​ដៃ​មក​ជា​ម៉ាស៊ីន​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្ដិ​ ដោយ​សារ​ការ​​ប្រើ​កន្ដ្រៃ​កាត់​ដៃបានត្រឹមតែ ១០ ចាន អ្នកកាត់​ប្រាកដ​ជា​ហើម​ដៃមិនខាន។ នេះ​ជាការ​លំបាក​សម្រាប់​​ក្រុម​ការងារដែល​ធ្លាប់​ជួប​កាល​ពីគ្រា​ដំបូង​។

​យ៉ាង​ណា​មិញ សហគ្រិន​រូប​នេះមិន​អាច​កំណត់​ថា កាក​អំពៅ​រម្ងាស់​ ១០០​ លីត្រ អាច​​ផលិត​បាន​ប៉ុន្មាន​ចាន​នោះ​ទេ ដោយសារ​​ចង្វាក់​ផលិត​ក​ម្មរបស់​លោក​ធ្វើ​ដូច​កង់​រទេះ​វិល​ទៅ​មុខ​ជា​បន្ដ​បន្ទាប់ដោយ​មិន​បាន​កំណត់​រវាង​បរិមាណនិង​ផលិត​ផល​សម្រេច​ឡើយ​។ ​

លោក សុជាតិ បាន​បន្ដថា​៖ «​ដំបូង​ឡើយយើង​ដើរ​ប្រមូល​កាក​អំពៅ​មក​ទុក​សម្ងួតរួច​កាត់​ មុន​ពេល​ស្ងោរ​រម្ងាស់​ និង​កៀប​ចេញ​ជា​ចាន​សម្រាប់​ប្រើ​ប្រាស់​ ខ្ញុំ​អា​ចយក​បច្ចេក​ទេស​នេះផ​លិត​ក្រដាស​គំនូរនិង​ផលិត​ផល​ផ្សេងៗ​ទៀតដោយ​ប្រើ​ប្រាស់​ដើម​ចេកនិង​សារ​ធាតុ​កាក​សរសៃ​» ។

លោក មករា​ ដែល​បម្រើ​ការ​ជាមួយ​ក្នុង​ក្រុមហ៊ុន MG ៥-៦ ​ឆ្នាំ និង​ជា​អ្នក​ធ្វើ​កិច្ចការ​នេះដោយ​ផ្ទាល់​ បានទទួល​ស្គាល់​ថាការ​ផលិត​ចាន​កាក​អំពៅ​នេះ​ពិត​ជា​លំបាកមែន ​ទម្រាំ​ផលិត​ចេញ​ជា​ចាន​កាក​អំពៅ​​។

លោក សុជាតិ បាន​​បញ្ជាក់​អំពី​មូលហេតុ​ដែល​ផលិត​តែ​ចាន​កាក​អំពៅ​ដោយ​មិន​ផលិត​សម្ភារ​ប្រើ​ប្រាស់​ផ្សេងៗ​ថា ដោយ​សារ​​សម្ភារ​ផ្សេងៗ​​​មិន​បាន​ផ្ដល់​ប្រាក់​ចំណេញ​មក​វិញ​ឡើយ។ អាជីវកម្ម​នេះពិតជា​ខាត​ ហើយ​អ្នក​ខ្លះ​ចង់​សុំ​រូបមន្ដ​ធ្វើ​ផលិតផល​ប្រើ​ប្រាស់​ ​លោក​ប្រាប់​ថា លោក​​ធានាថា មិន​ចាំបាច់​ឱ្យ​លុយ​លោក​​ទេ ​លោក​​ឱ្យ​លុយ​អ្នក​​ចង់​ធ្វើ​​ទៀត​ ឱ្យតែ​ប្រាកដ​ថា​ហ៊ាន​ធ្វើ​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​មិន​ជឿ​ថា មាន​នរណា​ធ្វើ​សិប្បកម្ម​នេះ​ក្លាយ​ជា​អ្នក​មាន​ទេ ពីព្រោះ​ខ្ញុំ​ស្ថិត​ក្នុង​វិស័យ​នេះ​ចង់​ ១០ ​ឆ្នាំ​ហើយ»​។

ថ្វី​ដ្បិត​តែ​វត្ថុ​ធាតុ​ដើម​​ជា​កាក​អំពៅ​ងាយស្រួល​ស្វែង​រកតែ​ការងារ​ផលិត​​ចំណាយ​កម្លាំង​ច្រើន​ ដែលលោកសុជាតិ​ធ្វើ​ការ​ប្រៀប​ធៀប​ការងារ​នេះ​ទៅ​នឹង​ការ​ធ្វើ​ស្រែ​។

ដោយ​សិប្ប​កម្ម​ចាន​កាក​អំពៅត្រូវប្ដូរ​ទីតាំង​ថ្មីក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​ផលិត​ចាន​ក្នុង​ទ្រង់​ទ្រាយ​ធំ​ចន្លោះ​ ២ ០០០ ទៅ ៣ ០០០ ​​ក្នុង ១​ ថ្ងៃ​ ប៉ុន្ដែ​លោក​អះ​អាង​ថា លោក​​អាច​បង្កើន​ការ​ផលិត​បន្ថែម​ទៀតតាម​រយៈ​ការ​បន្ថែម​បរិក្ខា​របច្ចេក​វិទ្យា​ទៅ​លើ​ម៉ាស៊ីន​​។

ទីផ្សារ​ចាន​កាក​អំពៅ​​បច្ចុប្បន្ន​ មាន​នៅ​ផ្សារ​ទំនើប​ចន្លោះ​ពី ១០ ទៅ ២០​ ទីតាំង​ ដូចជា​ផ្សារ​ការ៉ុត​ផ្សារ​អាស៊ី​ផ្សារ​ភ្នំពេញអូឡាំ​ពិក​និង ​Super store ជាដើម​។

លោក​ សុជាតិ​ បាន​លើក​ឡើង​ថា​៖ «​ចំពោះ​តម្លៃ​រវាង​ចាន​កាក​អំពៅនិង​ចាន​ស្នោ​ខុស​គ្នា​ច្រើន​ដង​ណាស់​។ជា​ទូទៅផលិត​ផល​ក្រដាស​វា​ថ្លៃ​អ៊ីចឹង​ ហើយ​វា​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ផលិត​ផល​ក្រដាស​គ្នា​ឯង​​ ផលិតផល​នាំ​ចូល​ពី​ថៃ​ ដែល​មាន​ទំហំ​តូច​ជាង​ ១០​ ចាន ​មាន​តម្លៃ​ពី ៨​ ០០០ ទៅ ៩​ ០០០ ​រៀល តែ​ផលិត​ផល​របស់​ខ្ញុំ​លក់​ក្នុង​តម្លៃ ១ ​ម៉ឺន​រៀល»​ ។

លោក​សា​រភាព​ថា៖​ «​មិន​មែន​ភាគ​ច្រើន​​ទេចំពោះ​​អ្នក​ទិញ​ដែល​​តែងតែ​សាញ​នឹង​តម្លៃ​ គឺវា​ទាំង​អស់​តែម្ដង​ព្រោះ​ពួកគេ​យល់​ថា ផលិត​ផល​ក្នុង​ស្រុក​ថ្លៃ​ជាង​ផលិត​ផល​នាំ​ចូល។ វា​ដោយ​សារ​ផលិត​ផល​យើង​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​ដៃ​ ខណៈ​ផលិត​ផល​ស្រុក​គេ​ផលិត​បែប​ម៉ាស៊ីន​ស្វ័យ​ប្រវត្ដិ​ផលិត​ផល​របស់​គេ​ផលិត​ពី​ឫស្សី និង​សារ​ធាតុ​ផ្សេង​ៗរួម​ទាំង​ជ័រ​និង​ដាក់​ថ្នាំ​ឱ្យ​ចេញ​ពណ៌​ស»​ ។

លោក​​និយាយ​ថា​ ផលិត​ផល​កាក​អំពៅ​សុទ្ធ នឹង​ចេញ​ពណ៌​លឿង​ដូច​ចំបើង​។ គ្មាន​ផលិត​ផល​សុទ្ធណា​ដែល​ផលិត​ចេញ​មក​មាន​ពណ៌​ស​នោះ​ទេ បើ​មិន​ប្រើ​ថ្នាំ​គីមី​បន្ថែម​។ បើ​ដើរ​សួរ​គេផលិត​ផល​ពណ៌​លឿង​ ឬពណ៌​គគី​រនេះនិង​ពណ៌​ស​ ១​ ណា​ថ្លៃ​ជាង ​ប្រជា​ជន​​ភាគ​ច្រើន​និយាយ​ថាពណ៌​ស​ថ្លៃ​ជាង​​។

​លោក​បន្ដថា ​បើ​គេមាន​គុណ​ធម៌គេ​មិន​ប្រើ​កាវ និង​ជ័រទេ​តែប្រើ​ម្សៅ​ធម្មជាតិ​ដូច​ជា​ ដំឡូង​លាយ​ជា​មួយ​អង្ករ​ ដែល​ជា​កាវ​ធម្មជាតិ​ ពីព្រោះ​បើ​ផលិត​ផល​សុទ្ធ​តែង​គិត​ដល់​បរិស្ថាន​អនា​ម័យនិង​គិត​សព្វ​គ្រប់​។

បន្ទាប់​ពី​ចាន​កាក​អំពៅ និង​ក្រដាស​កាក​អំពៅហើយ លោក សុជាតិ ​ក៏មាន​បំណង​ផលិត​នូវ​ផលិត​ផ្សេងៗ​ទៀត​នៅ​ពេល​ក្រុម​ហ៊ុន​រីក​ចម្រើ​ន។

លោក​បាន​ឱ្យដឹង​ថា​៖ «​មិន​មែន​មាន​ន័យ​ថា​ក្រុមហ៊ុន​រីក​ចម្រើន​ដោយ​សារ​លក់​ចាន​ និង​ក្រដាស​កាក​អំពៅ​នេះ​ទេ​។ បើ​មាន​នរណា​ធ្វើ​តាម​ខ្ញុំ​ ហើយ​អត់​ចំណេញ​កុំ​មក​ជេរ​ខ្ញុំពីព្រោះ​ការ​រីក​ចម្រើន​នេះខ្ញុំ​មាន​ន័យ​ថា ផលិត​ផល​របស់​ក្រុមហ៊ុន​ទាំង​មូល​ រួមទាំង​ផលិត​ផល​កែច្នៃ​ផលិត​ផល​ពាក់​កណ្ដាល​សម្រេច​ផ្សេងៗ​ផង​» ។

ជាក់​ស្ដែង​លោក​និយាយ​ពី​បុគ្គលិក​របស់​លោក​ផ្ទាល់​ថា លោក​​បាន​និយាយ​ទៅ​កាន់​បុគ្គលិក ​៥​ នាក់​ ដែល​ទទួល​បន្ទុក​ការងារ​ផលិត​ចាន​កាក​អំពៅ​ថា ​លោក​​ប្រគល់​អាជីវកម្ម​នេះ​ឱ្យ​អ្នក​ទាំង ៥ ​គ្រប់គ្រង​ ដោយ​​ចេញ​ឧបករណ៍​ផលិត​ឱ្យ​ទាំង​អស់រួច​ទូទាត់​ចំណូល​-ចំណាយ​ខ្លួន​ឯងដោយ​មិន​ចាំ​បាច់​បើក​ប្រាក់​ខែ​ពី​លោក​​ទេ​។

លោក​បន្ដ​ថា​៖ «​អ្នក​ឯង ៥ ​នាក់​ហ្នឹង ​ធ្វើ​ហើយ​លក់​យក​លុយឱ្យ​ខ្លួន​ឯង​ទៅឈប់​បើ​ក​ប្រាក់​ខែ​ពី​ខ្ញុំ​ពួកគាត់​ឆ្លើយ​តប​ថា «អត់​ទេបង! ខ្ញុំ​សុខចិត្ដ​ធ្វើ​ការ​យក​ប្រាក់​ខែ​វិញ​» ខ្ញុំ​រ៉ាប់រង​ទឹកភ្លើងទីតាំងម៉ាស៊ីន​ប្រើ​ប្រាស់​ទាំង​អស់​ ពួក​គាត់​នៅតែ​មិន​ព្រម​ទៀត​»​។

ឆ្លើយ​នឹង​សំណួរ​ដែលសួរ​ថា​ បើ​មិន​ចំណេញហេតុ​អ្វី​នៅតែ​បន្ដ​សិប្ប​កម្ម​ផលិត​ចាន​កាក​អំពៅ​នេះ​ទៀត​ លោក ​សុជាតិ​ បាន​និយាយ​ថាវាជាការ​ចូលរួម​ចំណែក​ជួយ​ដល់​បរិស្ថាន​មួយ​ផ្នែកនិង​ត្រូវ​សម្លឹង​មើល​អនា​គត​ដ៏វែង​ឆ្ងាយ​ទៅមុខ​ទៀត​។

លោក​ នេត្រ​ ភក្ដ្រា​ រដ្ឋ​លេខាធិ​ការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថានបាន​ថ្លែង​ថា ​ក្រសួង​សូម​ថ្លែង​នូវការ​កោត​សរសើរ​​ចំពោះ​ក្រុម​ហ៊ុន​ពីការ​កែច្នៃ​ផលិត​ផល​ជាវត្ថុ​ធាតុ​ដើម​ធម្ម​ជាតិដែល​គេ​ហៅ​ថា ជីវ​ប្លាស្ទិក​ងាយ​រលាយ​ក្នុង​បរិយា​កាស​ និង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។ ការ​ប្រើ​ប្រាស់​​របស់​របរ​ទាំង​នេះ​គឺធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់​មាន​សុខភាព​​ល្អ​និង​មាន​ផាសុក​ភាព​​។

​លោក​បាន​ឱ្យដឹងថា ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​ទៅលើ​ការ​ប្រើ​ប្រាស់​នូវ​ផលិ​តផល​ប្លាស្ទិក ​និងបាន​ផ្លាស់​ប្ដូរ​នូវ​ឥរិយា​បថ​ចំពោះ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​តាម​រយៈ​ការ​ច្រក​ថង់​រួម​ឬ​ងាក​ទៅ​ប្រើ​ប្រាស់​​កន្ដ្រក​បរិស្ថានដប​ទឹក​ដែលអាច​ប្រើ​ប្រាស់​បាន​ឡើង​វិញដោយ​នៅ​​តាម​ភោជនីយ​ដ្ឋាន​បាន​អនុវត្ដ​​គោល​ការណ៍​ (Zero Plastic) ​គឺ​មិន​មាន​ប្លាស្ទិក​នៅ​ទីនោះ​ទេ​ហើយ​សាលា​រៀន​មួយ​ចំនួន​ ក៏​បាន​ចាប់​ផ្ដើម​អនុវត្ដ​​ដែរ។

លោក​​លើក​ឡើង​ថា​៖ «​យើង​ស្នើសុំ​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ផ្លាស់​ប្ដូរ​ឥរិយា​បថ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក ឬ​ប្រើ​ប្រាស់​ជម្រើស​ផលិត​ផល​ផលិត​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ​ ជាក់ស្ដែងចំពោះ​ផលិតផល​ប្រើ​ម្ដង​បោះ​ចោល​ដូច​ជា​បំពង់បឺ​តត្រូវ​បាន​កាត់​បន្ថយ​នៅ​តាម​ភោជនីយ​ដ្ឋាន​ ​ជំនួស​ដោយ​បំពង់​បឺត​ធ្វើ​ពី​ក្រដាស​ឫស្សី​ដើម​ស្លឹក​គ្រៃឬ​ថ្នក់​ទឹក​ជាដើម​» ។

ទាក់ទ​ងនឹង​អាជីវ​កម្ម​សិប្បកម្ម និង​ស​ហគ្រាស​ធុន​តូច លោក តាំង សុជា​តិ បាន​ស្នើ​ឱ្យ​ម្ចាស់​សហ​គ្រាស​ទាំង​អស់​និយាយ​ការ​ពិត​អំពី​ស្ថាន​ភាព​មុខ​ជំនួញ​របស់​ខ្លួន​ដល់​អ្នក​មាន​បំណង​បើក​អាជីវ​កម្ម​។

​លោក​បាន​និយាយថា​៖ «​សំណូម​ពរ​សហគ្រិនម្ចាស់​សហ​គ្រាសនិង​អ្នក​រកស៊ី​ សូម​និយាយ​ការពិត​ប្រាប់​គ្នា​ទៅវិញ​ទៅ​មក​ ហើយ​កុំ​គិត​តែ​ពី​ផល​ចំណេញ​ទើប​ធ្វើនោះឈប់​ប្រឌិត​ប្រាប់​គ្នា​ថាជំនួញ​របស់​ខ្លួន​រីកចម្រើន​ និង​ចំណេញ​ដោយ​បំប៉ោង​តួលេខ​ សូម​បង្ហាញ​ភាព​ស្មោះ​ត្រង់​ប្រាប់​អាជីវកម្ម​ធុន​តូច​ថាវា​មិនងាយ​ចំណេញ​ទេ​ កុំ​ឱ្យ​គ្នា​អ្នក​អត់​សូវ​គិត​ចង់​ធ្វើ​អាជីវកម្ម​ដោយ​ប្រថុយ​ប្រថានកាន់​តែ​លង់​ខ្លួន​»៕