ភ្នំពេញៈ ទោះបីជា​ក្នុង​ពិភពលោក​សព្វថ្ងៃ ​មាន​និន្នាការ​ទៅ​រក​ការអបអរ ​ភាពចម្រុះ ​និង​ការរួមបញ្ចូល​គ្នា​ក៏​ដោយ ​ប៉ុន្តែ​ការរើសអើង​ និង​ការគំរាម​កំហែង​ចំពោះ​មនុស្ស​នៅតែ​មាន។ ដូច្នេះ​គេ​នៅ​តែ​ចង់​ស្តាប់​រឿង​រ៉ាវ បទ​ពិសោធ ​និង​ការបញ្ចេញ​មតិ ​ពី​សំឡេង​របស់​សិល្បករ ​អ្នកនិពន្ធ ​អ្នកគិត ​ក៏​ដូចជា​យុវជន​ទូទៅ ​តាម​រយៈ​ការបង្កើត​ស្នាដៃ​ជា​គំនិត​ច្នៃ​ប្រឌិត​នានា​។

ដើម្បី​ឆ្លើយតប​នឹង​បរិបទ​នេះ ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ប្រកាស​ជ្រើសរើស​រក​សា្នដៃ ​«អក្សរសិល្ប៍​ច្នៃប្រឌិត»​ លើក​ទី២​ សម្រាប់​ចម្រាញ់​យក​ជយលាភី​ចំនួន​ ៤ រូប​ចុង​ក្រោយ​ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​រដូវ​វប្បធម៌​ ឆ្នាំ ២០២៣ ​ខាង​មុខ​នេះ ​ក្រោម​ប្រធានបទ​ «តែ​ឯង ​តែ​យើង»។​​

លោក ​ប៉ូ សាគុណ ​អ្នកសម្រប​សម្រួល​កម្មវិធី​ចំណេះដឹង​បណ្តាញ ​និង​គោល​នយោបាយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ​ឱ្យ​ដឹង​ពីគោល​បំណង​នៃ​ការជ្រើសរើស​ស្នាដៃ​អក្សរ​សិល្ប៍​ច្នៃប្រឌិត​នេះ​ថា​៖ «មូល​ហេតុ​បង្កើត​ការជ្រើស​រើសរក​ស្នាដៃ​ «អក្សរ​សិល្ប៍​ច្នៃ​ប្រឌិត​» នេះ ​គឺ​ចង់​ផ្តល់​ការលើក​ទឹកចិត្ត​ទៅ​ដល់​អ្នក​និពន្ធ ​ដែល​មាន​ក្តី​ស្រឡាញ់​ទៅ​លើ​ការនិពន្ធ ​មាន​លក្ខណៈ​បែប​ប្រើ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ ដើម្បី​ចូល​រួម​លើក​ស្ទួយ​ដល់​វិស័យ​អក្សរសាស្រ្ត ​និង​អក្សរសិល្ប៍​ខ្មែរ​ផង​ដែរ ​ដោយ​ស្នាដៃ​ទាំងនោះ​អាច​ជា​ប្រលោម​លោក​ខ្នាតខ្លី ​រឿងខ្លី​ កំណាព្យ​ កំណាព្យ​អម​ដោយ​រូបភាព ​កំណាព្យ​បែប​ទំនើប​និយម»។

លោក​សាគុណ​បន្តថា​៖ «ម្យ៉ាងទៀត​ នេះ​ក៏​ជា​ការបើកចំហ​ទៅ​ដល់​អ្នកនិពន្ធ ​ដែល​ចូល​ចិត្ត​ការសរសេរ​បែប​សេរី​ មិន​ចង់​មាន​ការកំណត់​លើ​ប្រធាន​បទ​។ នេះ​គឺ​ជា​ការជ្រើសរើស​ស្នាដៃ​អក្សរសិល្ប៍​ច្នៃ​ប្រឌិត​លើក​ទី២ ​ដែល​មាន​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​នៅ​ត្រឹម​ថ្ងៃ​ទី ៣០ ​ខែកញ្ញា ​ឆ្នាំ ២០២២។ យើង​នឹង​ធ្វើ​ការជ្រើស​រើស​យក​បេក្ខភាព​ជយលាភី​ចំនួន ​៤ រូប ​សម្រាប់​យក​ចូល​រួម​ក្នុង​កម្ម​វិធី​រដូវ​វប្បធម៌ ​ឆ្នាំ​ ២០២៣​ ខាង​មុខ»។

លោក​អ្នក​អាច​ផ្ញើ​ពាក្យ​ស្នើ​សុំ​របស់​ខ្លួន​មក​កាន់​ការិយា​ល័យ​សិល្បៈ​ខ្មែរ​អមតៈ ​អាសយដ្ឋាន​លេខ​ ១២៨-G៩​ ផ្លូវ​សុធារស​ ភ្នំពេញ​ ឬ​អាច​ផ្ញើ​ទៅ​កាន់​អុីម៉ែល sakun@​cambodia​nlivingarts.org ​ឬ​តាមរយៈ​លេខ​ទូរស័ព្ទ ​០១២ ៤៣២ ២០១​​។

បេក្ខជន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ជ្រើសរើស​ស្នាដៃ​អក្សរសិល្ប៍​ច្នៃប្រឌិត ត្រូវ​បំពេញ​ឯកសារ​ស្នើ​សុំ​មួយ​ចំនួន​ រួម​មាន​ ពាក្យ​ស្នើ​សុំ​ពេញលេញ ​ប្រវត្តិ​ស្នាដៃ​ពាក់ព័ន្ធ​នឹង​វិស័យ​តែង​និពន្ធ​ (ធ្លាប់​បោះពុម្ព ​ឬ​បក​ប្រែ​សៀវ​ភៅ ​ប្រសិនបើ​មាន) ​សំណៅ ​ឬ​ស្នាដៃ​អក្សរ​សិល្ប៍ ​ដែលបាន​កែ ​និង​ពិនិត្យ​អក្ខរាវិរុទ្ធ​រួចរាល់​។ ចំពោះ​អត្ថប្រយោជន៍ ​និង​ប្រាក់​ជយលាភី ​ក្នុង​ការបង្កើត​ស្នា​ដៃ​អក្សរសិល្ប៍​ច្នៃ​ប្រឌិត​នេះ​ បេក្ខជន​ជយលាភី​ នឹង​ទទួល​បាន​ប្រាក់រង្វាន់​ចំនួន ៥០០ ដុល្លារ ​និង​ទទួលបាន​ឱកាស​ក្នុង​ការសរសេរ​បែប​ច្នៃប្រឌិត​ និង​ដំណើរ​ទស្សនាចរ​រដូវ​វប្បធម៌​ នៅតាម​បណ្តា​ខេត្ត​នានា​ផង​ដែរ។​

ចំពោះ​ពាក្យស្នើសុំ ​អាចធ្វើ​ឡើង​ជាភាសា​ខ្មែរ ​ឬ​អង់គ្លេស ​សម្រាប់​អ្នកកាន់​ទិដ្ឋាការ ​K-Visa ​ឬ​ជា​ភាសា​ជន​ជាតិ​ដើម។ ប្រសិន​បើ​អត្ថបទ​អក្សរសិល្ប៍ ​ជា​ភាសា​អង់គ្លេស ​និង​ជាភាសា​ជនជាតិ​ដើម ​បេក្ខជន​នឹង​តម្រូវ​ឱ្យ​មាន​ការបក​ប្រែ​អត្ថបទ​ជាភាសា​ខ្មែរ។ សម្រាប់​បេក្ខជន​ជយលាភី ​និង​បេក្ខជន ​ដែល​មិន​ត្រូវ​បាន​ជ្រើស​រើស​លើកនេះ ​នឹង​ត្រូវ​ជូន​ដំណឹង​នៅ​សប្តាហ៍​ទី២ ​ខែតុលា ​ឆ្នាំ ២០២២។

កញ្ញា​ឡាយ ​ឈុនយី ​អតីត​អ្នកទទួល​ជយលាភី​អត្ថបទ​អក្សរសិល្ប៍​ច្នៃប្រឌិត​ លើក​ទី១​ ក្នុង​ចំណោម​ជយលាភី​ទាំង ​៤ រូប​ សម្រាប់​រដូវ​វប្បធម៌​ឆ្នាំ ២០២២ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​៖«ក្នុងនាម​ជា​មនុស្ស​​ស្រមើ​ស្រមៃ​ម្នាក់​ ខ្ញុំ​មិន​សូវ​ហ៊ាន​បញ្ចេញ​ការគិត​ចម្លែកៗ​របស់​ខ្ញុំ​ឡើយ ​ព្រោះ​ខ្ញុំគិត​ថា ​គ្មាន​អ្នក​ណា​យល់។ ប៉ុន្តែ​អង្គ​ការសិល្បៈ​ខ្មែរ​អមតៈ​ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​គំនិត​បរបស់​ខ្ញុំ​ទាំងស្រុង ​ក្រោយ​ជាប់​ការប្រកួត​អក្សរ​សិល្ប៍​ច្នៃ​ប្រឌិត​។ ខ្ញុំ​ពិត​ជា​មាន​ភាព​រីករាយ​ណាស់ ​នៅ​ទីបំផុត​គំនិត​ស្រមើ​ស្រមៃ​របស់​ខ្ញុំ​ ត្រូវ​បាន​អាន​ជូន​អ្នក​ទាំង​អស់​គ្នា​ស្តាប់»។

ចំណែក ​លោក ​ជា តុងហៃ​ អតីតក៏ជា​អ្នកទទួល​ជយ​លាភី​អត្ថបទ​អក្សរសិល្ប៍​ច្នៃប្រឌិត​លើកទី១​ ក្នុង​ចំណោម​ជយលាភី​ទាំង ៤ រូប ​សម្រាប់​រដូវ​វប្បធម៌​ឆ្នាំ​ ២០២២ ​បាន​ថ្លែង​ថា​៖ «អក្សរសិល្ប៍​ច្នៃប្រឌិត​ ផ្តល់​សេរីភាព​ឱ្យ​ខ្ញុំ​បង្កើត​សាច់​រឿង​ទៅ​តាម​ចំណូល​ចិត្ត​បាន​ពេញលេញ។ ខ្ញុំ​អាច​ប្រើប្រាស់​ការស្រមើស្រមៃ ​ក្នុង​ការតាក់តែង​សាច់រឿង​ឱ្យ​ថ្មី​ប្លែក​ និង​ផ្តល់​ការកម្សាន្ត​ខ្ពស់ ​ខណៈ​សាច់រឿង​នោះ ​នៅ​រក្សា​បាន​នូវ​តម្លៃ​អប់រំ​ដដែល។ ​នេះជា​ការប្រកួត​ប្រជែង​អក្សរសិល្ប៍​ដែលខ្ញុំ​ទទួល​អារម្មណ៍​ថា​ ខ្ញុំ​បាន​សរសេរ​សាច់រឿង ​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត​ ជា​ជាង​ព្យាយាម​តម្រូវ​ចិត្ត​គណៈ​កម្មការ»។

លោក​ កន្យា ប៉ុបអែណេ ​អតីត​អ្នកទទួល​ជយលាភី​អត្ថបទ​អក្សរសិល្ប៍​ច្នៃប្រឌិត​លើកទី​១ ​ម្នាក់ទៀត ក្នុង​ចំណោម​ជយ​លាភី​ទាំង ៤ រូប​ សម្រាប់​រដូវ​វប្បធម៌​នេះ​ដែរ ​ប្រាប់​ថា​៖ «អក្សរសិល្ប៍​ច្នៃប្រឌិត​ អនុញ្ញាតឱ្យ​អ្នកនិពន្ធ​គិត​ក្រៅ​ប្រអប់​ ដោយ​មិន​បារម្ភ​ពី​ក្បួន​ខ្នាតនៃ​ការតែង​និពន្ធ ​ខណៈ​ដែល​រក្សា​អត្ថន័យ​ អត្ថរូប ​និង​អត្ថរស​របស់​រឿង។ ជា​ការពិត​យើង​ត្រូវ​អភិរក្ស​អក្សរសិល្ប៍​ ដែលបុព្វ​បុរស​របស់​យើង​បាន​បន្សល់​ទុក​មក ​ប៉ុន្តែ​មិន​មាន​ន័យ​ថា ​យើង​មិនត្រូវ​អភិវឌ្ឍ​វា​នោះ​ទេ»។

លោក​បន្ថែមថា​៖ «ហើយ​នេះ​គឺ​ជាអ្វី ​ដែល​អក្សរ​សិល្ប៍​ច្នៃប្រឌិត​កំពុង​ធ្វើ តាម​រយៈ​ការផ្តល់​សេរីភាព​ឱ្យ​កវី​និពន្ធ​ហ៊ាន​ស្រមៃ​ និង​ប្រឌិត​រឿង​ខុស​ពី​អ្វី​ ដែល​ជា​ទម្លាប់​របស់​អ្នកនិពន្ធ​ ស្នាដៃ​អក្សរ​សិល្ប៍​ថ្មីៗ​ប្លែកៗ​ជា​ច្រើន​បាន​មាន​រូប​រាង​ឡើង»។

ចំពោះ​កម្មវិធី​រដូវ​វប្បធម៌ ​អង្គការ​សិល្បៈ​ខ្មែរអមតៈ ​បានរៀបចំ​ទៀងទាត់ ​ចាប់​តាំងពី​ឆ្នាំ ២០១៨ មក​។​កម្មវិធី​រដូវ​វប្បធម៌​ គឺជា​បណ្តុំ​នៃ​ការសម្តែង​សិល្បៈ​ទស្សនីយភាព​ សិក្ខាសាលា​ ពិព័រណ៍​ បាឋកថា ​ដែល​បង្ហាញ​ជូន​ក្នុង​រយៈពេល ​២-៣ ខែ ​នៅទី​ក្រុង​ភ្នំពេញ។ ​ស្នាដៃ​មួយ​ចំនួន​ ដែល​បាន​បង្ហាញ​នោះ ​នឹង​ត្រូវ​ជ្រើស​រើស​ សម្រាប់​កម្មវិធី​ទស្សនាចរ​តាម​បណ្តា​ខេត្ត​ចំនួន ៤ ​អំឡុង​ខែមីនា ​រៀង​រាល់​ឆ្នាំ​។ ទស្សនិកជន ​ជា​គោល​ដៅ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ គឺជា​យុវជន ​ជាពិ​សេស ​និស្សិត​នៅ​សាកល​វិទ្យា​ល័យ ​ដែល​ពួកគេ​អាច​ស្វែង​យល់​បន្ថែម​អំពី​កម្មវិធី​រដូវ​វប្បធម៌​។ ជារៀងរាល់​ឆ្នាំ ​ប្រធានបទ​សម្រាប់​កម្មវិធី​រដូវ​វប្បធម៌ ​តែង​តែ​បង្កើត​ឡើង​ ហើយ​ប្រធាន​បទនេះ​ត្រូវ​បាន​ប្រើជា​ចំណុច​ចាប់​ផ្តើម​សម្រាប់​សិល្បករ​ ក្នុង​ការដំឡើង​របាំ ​និពន្ធ​ល្ខោន ​និង​តន្ត្រី​ថ្មីៗ។

ក្រុម​ការងារ​សិល្បៈ​ខ្មែរ​អមតៈ ​ក៏​ប្រើប្រាស់​ប្រធានបទ​នេះ ​ដើម្បី​តម្រង់​ទិស ​ក្នុង​ការរចនា ​និង​រៀបចំ​កម្មវិធី ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ ​ដើម្បី​បំផុស​ទស្សនិកជន ​ធ្វើការ​ពិភាក្សា ​និង​បង្ហាញ​ទស្សនៈ​ពី​ជ្រុង​ផ្សេងៗ​គ្នា​ជុំវិញ​ប្រធាន​បទ។

ចំពោះ​ប្រធានបទ​ «តែឯង ​តែយើង» ​ត្រូវ​បាន​បកស្រាយ​តាម​ពាក្យ​២ផ្នែក​ដាច់​ពី​គ្នា។​ ពាក្យ​ «តែឯង» ​គឺ​តែងតែ​ត្រូវ​បានឮ​ជា​ញឹកញាប់​នៅពេល​បុគ្គល​ម្នាក់​បង្ហាញ​គំនិត​ ឬ​ការបង្ហាញ​ចេញ​លេច​ធ្លោ ​ឬ​ខុស​គេ​ក្នុង​ចំណោម​អ្នក​ដទៃ។ រីឯ​«តែ​យើង» ​គឺ​ត្រូវ​បាន​ប្រើ​ នៅ​ពេល​មនុស្ស​ ១ ក្រុម​ទទួល​យក​បុគ្គល ​ដែល​មាន​គំនិត​ដូចគ្នា ​ហើយ​ចាត់​ទុក​ជា​សំឡេង​ផ្សេងៗ។ ការរួម​បញ្ចូល​គ្នា «តែឯង ​តែយើង» ​អាច​បក​ស្រាយ​ថា ​ជាការផ្តាច់​ខ្លួន​ចេញ​ពីក្រុម​មនុស្ស​ ដែល​ទទួល​យក​តែគ្នា​ឯង។ វា​ក៏​អាច​បក​ស្រាយបាន​ បើទោះបី​បុគ្គល​ម្នាក់​ខុស​គេ ​គាត់​ក៏អាច​ជាចំណែក ​១​ នៅ​ក្នុង​ក្រុម។ ការបកស្រាយ​ «តែ​ឯង​ តែ​យើង» ​ក៏​អាច​ឆ្លុះ​បញ្ចាំង​ពីការគិត​របស់​សង្គម​មក​លើ​បុគ្គល​វិញ​ផងដែរ​ថា ​តើ​ពួក​គេជា​ដង​ខ្លួន​ឯក​រាជ្យ ​ឬ​ផ្នែក​នីមួយៗ​នៃ​ដង​ខ្លួន​ ១៕​