ត្បូងឃ្មុំៈ ស្រដៀង​នឹង​រឿង​ព្រេង​អាខ្វាក់​អាខ្វិន​ ដែល​អាខ្វិន​ជិះ​ក​អាខ្វាក់​ដើរ​ផ្សងព្រេង​ស្វែង​រក​ពន្លឺ​ជីវិត​ថ្មី បង​ប្អូន​ប្រុស​បង្កើត​ ២ នាក់​ ដែល​ម្នាក់​ពិការភ្នែក ​និង​ម្នាក់​ទៀត​មាន​កាយសម្បទា​មិន​គ្រប់​លក្ខណៈ ​មាន​ដំណើរ​កោងខ្នង​នោះ ​គេ​ឃើញ​បណ្ដើរ​គ្នា​ត្រាច់ចរ​តាម​ភូមិ​ ដើម្បី​ស៊ី​ឈ្នួល​ឡើង​បេះ​ផ្លែ​ដូង​ ជា​ថ្នូរ​នឹង​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត។

លោក​ ផេង ចាន់ ​អាយុ​ ៥៧ ​ឆ្នាំ ​ជា​ប្អូន​ប្រុស ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ពិការភ្នែក ​ត្រូវបាន​បង​ប្រុស​អាយុ​ ៦៧ ឆ្នាំ ​ដែល​មាន​ដំណើរ​ដើរ​កោង​ខ្នង​ បណ្ដើរ​តាម​ដង​ផ្លូវ​ទៅ​ឡើង​បេះ​ផ្លែ​ដូង​ក្នុង​ភូមិ ​ដែល​ពួកគេ​រស់នៅ​ គឺ​ភូមិ​ស្វាយ​ដំណាក់ ​ឃុំ​ជំនីក ​ស្រុក​ក្រូចឆ្មារ ​ខេត្ដ​ត្បូងឃ្មុំ​។ បុរស​ ផេង ចាន់ ​ស្លៀក​ខោ​កៅស៊ូ​ពណ៌ខៀវ ​ឥត​ពាក់​អាវ ​បានប្រើ​ក្រមា​ចង​ខ្វែង​ដូច​អៀម​ពី​មុខ ​និង​សៀត​ពូថៅ​នៅ​ចង្កេះ​ បាន​តោង​ឡើង​ដើម​ដូង​យ៉ាង​ស្វា​ហាប់​ និង​មាន​សម្ទុះ​យ៉ាងលឿន​ដ៏​ប៉ិន​ប្រសប់​។

នៅ​ពេល​ឡើង​ដើម​ដូង ​លោក​យក​ដៃ​ស្ទាប​ដើមដូង ​និង​បោះ​ដៃ​ទៅកាន់​ចំណុច ១ ​ហើយ​ទៅ ​១​ ទៀត ​រហូតឡើង​ដល់​ចុង​ដើម​ដូង ​ក៏​យកដៃ​ចាប់​ស្ទាប​តោង​ធាងដូង ​ខណៈ​ជើង​ខំ​ជាន់​ឡើង​បន្ដ​ទៅកាន់​កំពូល​ជា​ទី​កន្លែង​ដែល​មនុស្ស​ធម្មតា ​ក៏​មាន​ការលំបាក​ផង​នោះ។ ស្ថិត​នៅ​លើ​ចុងដូង ​ដៃ​ក៏​បន្ដ​ស្ទាប​ផ្លែ​ដូង​ និង​គោះ​មើល​ថា​ តើ​វា​ល្មម​បេះ​ទម្លាក់​ហើយ ​ឬ​នៅ​ ទើប​លោក​យក​ខ្សែ​ស្ទាប​ចង​ទង​ធ្លាយ​ផ្លែ​ដូង​ មុន​ពេល​បញ្ចេញ​ពូថៅ​ពី​ចង្កេះ​កាត់ ​និង​សម្រូត​ទម្លាក់​មក​ដី​។

លោក​ ផេង ចាន់ ​បន្ដ​យក​ដៃ​ស្ទាប​ផ្លែ​ដូង​គ្រប់​ធ្លាយ​ទាំង​អស់​ ហើយ​បើ​អស់​ផ្លែ​ត្រូវ​បេះ​ទម្លាក់​ លោក​ក៏​សម្រូត​ខ្លួន​ចុះ​មក​ដី​វិញ​ ដោយ​សន្មតថា ​លោក​ឡើង​បាន​ ១ ​ដើម ​ដែល​ទទួលបាន​កម្រៃ ​១ ម៉ឺន​រៀល​។

រូបភាព​បុរស​ចំណាស់​ ២ នាក់​ ដែលដើរ​តោង​ស្មា​គ្នា ​និង​សកម្មភាព​ឡើង​ដើម​ដូង​របស់​បុរស​ពិការ​ភ្នែក ​បាន​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ បង្ហាញ​អារម្មណ៍​ក្ដុក​ក្ដួល​ អាណិត​អាសូ​រ ចំពោះ​បុរស​ពិការភ្នែក​រូបនេះ ​ដែល​មាន​ភាព​ក្លាហាន ​និង​ការប្រថុយ​ប្រថាន​របស់​គាត់។

វីដេអូ​ឃ្លីប​រយៈ​ពេល​ជិត ១២ ​នាទី ​ត្រូវបាន​ចូល​ទស្សនា​ជិត ២​ លានដង​ និង​ការ​បញ្ចេញ​មតិ​ជាង​ ១ ម៉ឺន ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​មាន​ទាំង​មតិ​អាណិត​អាសូរ ​និង​ខឹង​សម្បា ​ចំពោះ​អ្នក​ថត​ថែម​ទៀត។

សំណេរ​លើ​ហ្វេសប៊ុក ​ដែលមាន​ការគាំទ្រ​ជិត ​៦០០ គណនី​ ឈ្មោះ ​Monipiseth Lim ​បាន​សរសេរ​ថា​៖ «សូម​កុំ​ជេរ​អ្នក​ថត​អី ព្រោះ​បើ​គាត់​មិន​ថត​ទេ ​អ្នក​ទាំង​អស់​គ្នា​ម៉េច​ដឹង​ថា​ គាត់​ធ្វើ​អ្វី​ ហើយ​បើ​គាត់​មិន​ឡើង​ដើម​ដូង​ពេល​នេះ ​ក៏​ស្អែក​គង់​តែ​គាត់​ត្រូវ​ឡើង​ ដោយសារ​វាជា​មុខ​របរ​របស់​គាត់​។ សូម​បញ្ឈប់​ការជេរ​គ្នា​ទៅ​ គួរ​តែ​លើក​ទឹកចិត្ដ​សម្រាប់​អ្នក​ធ្វើ​ល្អ ​ព្រោះ​ថា​ យើង​ជេរ​គេ ​ក៏​មិន​ប្រាកដ​ថា ​បាន​ធ្វើ​អ្វី​ល្អៗ​ដូច​គាត់​ដែរ​។ អរគុណ​ទុក​ជា​មុន»។

គុណតម្លៃ​នៃ​ការបង្ហោះ​ហ្វេសប៊ុក​នេះ ​បាន​ធ្វើ​ឱ្យ​ជនពិការ​ភ្នែក​រូប​នេះ ​បាន​ទទួល​នូវ​ទឹក​ប្រាក់​មួយ​ចំនួន​ពី​សប្បុរសជន​តាម​រយៈ​ការកៀរគរ​ពី​អគ្គនាយក​ទូរទស្សន៍​អនឡាញ​ម្នាក់​ ក្រោយ​ពេល​លោក​បាន​ឃើញ​វីដេអូ​ឃ្លីប។

លោក​ សែម បូរ៉ា ​អគ្គនាយក​ទូរទស្សន៍ ​អនឡាញ​ ធីអិនអឹម ​(TNM) ​បាន​ប្រមូល​ថវិកា​ជំនួយ​ពី​សប្បុរសជន​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​មាន​បំណង​ចង់​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​លោក ​ផេង ចាន់​។

ក្រោយ​ពីបាន​ឃើញ​ការបង្ហោះ​វីដេអូ​ឃ្លីប ​លោក​ សែម បូរ៉ា ​បាន​ចាត់​ក្រុម​ការងារ​ប្រចាំការ​នៅ​ខេត្ដ​ត្បូង​ឃ្មុំ​ ចុះ​ទៅ​ជួប​លោក​ ផេង ចាន់ ​ផ្ទាល់​ដល់​គេហដ្ឋាន។

លោ​ក សែម បូរ៉ា ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ​ខ្ញុំ​បាន​យក​ប្រាក់​សប្បុរសជន​ បាន​ចំនួន​ជាង​ ១ ​ពាន់​ដុល្លារ​ ប្រគល់​ជូន​ដល់​លោក​អ៊ំ ផេង​ ចាន់ ​និង​បង​ប្រុស​របស់​គាត់​ផ្ទាល់​។ រហូត​ដល់​ពេលនេះ ​នៅ​ក្នុង​កុង​ធនាគារ​របស់​ខ្ញុំនៅ​មាន​សល់​ ៦០​ ដុល្លារ​ទៀត»។

ថវិកា​ប៉ុណ្ណឹង​អាច​បន្ដ​ជីវភាព​របស់​បុរស​មាន​ពិការភាព​មួយ​រយៈ​វែង​ទៀត​ បើទោះបីជាវា​មិន​ទាន់​អាច​ឱ្យ​លោក​សម្រេច​ចិត្ដ​បញ្ឈប់​អាជីព​ដ៏​គ្រោះ​ថ្នាក់​នេះ​យ៉ាង​ណា​ក៏ដោយ​។

លោក ​ផេង ចាន់ ​មាន​បង​ប្អូន​ ៤ ​នាក់ ​លោក​ជា​កូន​ទី២ ​និង​បុរស​ចំណាស់​ដើរ​កោង​ខ្នង​នោះ​ជា​បង​ប្រុស​ច្បង​ អាយុ​ ៦៧ ​ឆ្នាំ​។ លោក ចាន់​ មាន​ពិការភាព​នៅ​ត្រង់​ភ្នែក​តាំងពី​កុមារភាព​ នៅពេល​លោក​មាន​ជំងឺ​ពិស​កុក ​ដោយ​សម័យ​នោះ ​លោក​មិន​មាន​ឱកាស​បាន​ចូល​រៀន​ដូច​ក្មេង​ដទៃ​ឡើយ។

​លោក ផេង ចាន់ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​កើត​ពិស​កុក​ តាំង​ពី​អាយុ ៦ ​ឆ្នាំ និងមិន​ធ្លាប់​បាន​ចូល​សាលារៀន​នោះទេ ចន្លោះ​​ឆ្នាំ​ ១៩៦៨ ទៅ ​ឆ្នាំ​ ១៩៧០​»។

ដោយ​សារ​តែ​បញ្ហា​ពិការភាព​ មើល​អ្វី​មិន​ឃើញ ​អំឡុង​សម័យ ​ប៉ុល ពត ​នៅពេល​បុរស​រូបនេះ ​អាយុ​ ១១​ ឆ្នាំ​ លោក​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ ហើយ​កម្មាភិបាល​ខ្មែរ​ក្រហម​ មិន​បាន​ប្រើ​លោក​ ដូច​បណ្ដា​ក្មេង​ដទៃ​ឡើយ​ ហើយ​ថែម​ទាំង​បាន​ទទួល​របប​ដូច​កុមារ​ផ្សេងៗ​ទៀត​ ដូចជា ​សម្លៀក​បំពាក់​ផង​ដែរ។

ពេល​លោក ​ផេង​ ចាន់​ ដឹង​ក្ដី​ពេញ​វ័យ​ អាយុ​ជាង ​២០ ​ឆ្នាំ​ លោក​ក៏​ចាប់​អាជីព​ជា​អ្នក​ឡើង​ដើម​ដូង​ ហើយ​សម្ពាយ​ជីវិត​កាន់តែ​ដុនដាប​ អំឡុង​ទសវត្សរ៍​ ឆ្នាំ ១៩៨០​ ឪពុក​ម្ដាយ​ធ្លាប់​ជា​ទី​ពំនាក់​ បាន​ចែក​ឋាន​ទៅ។​

ការពុះពារ​នឹង​ឆាក​ជីវិត ​ចេះ​តែ​បន្ដ​ រហូត​ដល់​វ័យ ៣០​ ឆ្នាំ ​លោក​បាន​រៀបការ​ជាមួយ​នារី​ម្នាក់ ​និង​ចាប់​ដៃ​គ្នា​រួម​ដំណើរ​លើ​វិថី​ជីវិត​ ដោយ​លោក ចាន់ ​បន្ដ​ប្រកប​របរ​ឡើង​ដូង ​អារ​អុស ​ពុះ​អុស​ និង​លក់​ដូង​ខ្ចី​ជាមួយ​ប្រពន្ធ។

លោក​ ផេង ចាន់ ​បាន​រំឭក​ថា​៖ «ជាមួយ​ប្រពន្ធ ​ពួក​ខ្ញុំ​ប្រកប​របរ​ឡើង​បេះ​ផ្លែដូង ​និង​ទិញ​ដូង​ខ្ចី​លក់​ ១ ថ្ងៃ ​ចំណេញ​បាន​ ១​ ម៉ឺន​ ទៅ ​២ ​ម៉ឺន​រៀល​ គ្រាន់​រស់​បន្ដ»។

ជា​អកុសល​ ចំណង​ស្នេហ៍​របស់​បុរស​ពិការ​ភ្នែក​ ទទួលបាន​ត្រឹម​តំណក់​ឈាម​ ២ តំណក់ ​និង​ការចាប់​ដៃ​គ្នា​រក​ស៊ី​ជាមួយ​នឹង​សំណើច​លាយ​ឡំ​នឹង​ញើស​ហូរ​ដាប​ខ្លួន ​ត្រូវ​បាន​បញ្ឈប់ ​ក្រោយ​ពេល​ភរិយា​របស់​លោក​បាន​ចែក​ឋាន​ទៅ​។

លោក​ ចាន់ ​បាន​ឱ្យ​ដឹង​ថា​៖ «គ្រួសារ​ខ្ញុំ​ បាន​ស្លាប់​ ៤ ​ឆ្នាំ​ហើយ ​នៅ​សល់តែ​ខ្ញុំ ​និង​កូន​ទេ​ ដោយសារ​គាត់​មាន​រោគា​ច្រើន​ពេក​។ គាត់​មាន​ជំងឺ​ច្រើន​មុខ​ ហើយ​យើង​អត់​លុយ​អត់​កាក់​ ទោះ​យើង​មាន​បណ្ណ​ក្រីក្រ ​ក៏​វា​មាន​ការលំបាក​ខ្លាំង​ដែរ»។

បុរស​សក់​ល្បាយ​អាចម៍​ខ្លា​រូប​នេះ ​បាន​បន្ដថា ​រាល់​ថ្ងៃ​នេះ ​លោក​មានអាយុ​ច្រើន​ហើយ​ បើ​មិន​ខំ​ប្រឹង​រក​ ក្រពះ​នឹង​ឃ្លាន​។ បើ​លោក​មិន​ទីពឹង​ខ្លួន​ទេ​ ការលើក​ដៃ​សំពះ​សុំ​អ្នក​ដទៃ​ វា​ពិតជា​លំបាក​ណាស់។

​កូន​ស្រី​ច្បង​របស់​លោក​ រៀន​បាន​ថ្នាក់​ទី៦ ​ហើយ​ស្ថានភាព​បច្ចុប្បន្ន​ បាន​រៀបការ ​និង​ទៅ​ចាំ​ចម្ការ​ឱ្យ​គេ។ រី​ឯ​កូន​ប្រុស​ បាន​រៀន​ដល់​ថ្នាក់​ទី១២ ហើយ​។

កូន​ប្រុស ​ផេង ប៊ុនណាត ​បាន​ឱ្យ​ដឹង​ថា​៖ «ពេល​ខ្ញុំ​រៀន​ចប់​បាក់​ឌុប ​និង​មាន​ឱកាស​បាន​បន្ដ​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ ខ្ញុំ​ស្រឡាញ់​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ​(IT)»។

ដោយ​មើល​ឃើញ​ពី​ការលំបាក​របស់​ឪពុក​វ័យ​កាន់តែ​ចាស់ ​និង​ប្រកប​អាជីព​ឡើង​ដូង​ទាំង​ភ្នែក​ងងឹត ​តាំងពី​ខ្លួន​មិន​ដឹង​នៅ​ភព​ណា​នោះ ​ប៊ុនណាត ​ប្ដេជ្ញា​លែង​ឱ្យឪពុក​ជួប​ការលំបាក​នៅពេល​ខ្លួន​មាន​លទ្ធភាព​រក​ចំណូល​។

យុវជន​រូប​នេះ ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «ខ្ញុំ​នឹង​រៀន​បណ្ដើរ​ ធ្វើការ​បណ្ដើរ ​និង​ឈប់​ឱ្យ​ប៉ា​ឡើង​ដើម​ដូង​ទៀត​ហើយ»។

ក្រៅពី​ការខិត​ខំ​ប្រឹង​ប្រែង​នូវ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ចំពោះ​កូន ​បុរស​ពិការភ្នែក​រូបនេះ ​ក៏​បាន​អំពាវ​នាវ​ដល់​សប្បុរសជន​មាន​បំណង​ចង់​ជួយ​លោក ​សូម​ជួយ​លោក​ឱ្យ​ងើប​ផុត​ពី​របរ​ប្រថុយ​ជីវិត ​និង​ភាព​ក្រីក្រ​នេះ​ផង។

លោក​និយាយថា​៖ «ខ្ញុំ​នឹង​ខិត​ខំ​ឱ្យ​កូន​បាន​រៀន​បន្ដ​ទៀត​នៅ​មហាវិទ្យាល័យ​ តែ​ខ្ញុំ​ក៏​បារម្ភ​ដែរ​ ពីព្រោះ​អត់​មាន​ថវិកា​សម្រាប់​កូន​រៀន​។ បើសិនជា​មាន​សប្បុរសជន​មាន​ទឹក​ចិត្ដ​ជ្រះថ្លា ​ជួយ​មក​កូន​ប្រុស​ខ្ញុំ​អាច​បាន​រៀន​បន្ដ​នឹង​គេ​ ហើយ​ខ្ញុំ​បាន​ស៊ី​បាន​ចាយ​រស់​តទៅ​មុខ​ទៀត​អ៊ីចឹង​ទៅ»។

លោក​បាន​ឱ្យ​ដឹង​ថា​ បង​ប្រុស​របស់​លោក​ជា​កំលោះ​ចាស់​ អាយុ​ ៦៧ ​ឆ្នាំ​ ដែល​ដើរ​កោង​ខ្នង​ បាន​ធ្វើ​ជា​ភ្នែក​ ដឹក​ដៃ​ប្អូន​ប្រុស​ទៅ​ឡើង​បេះផ្លែ​ដូង​ឱ្យ​អ្នក​ភូមិ​ក្នុង​តម្លៃ ​១ ​ម៉ឺន​រៀល​ ១ ដើម។

លោក​បាន​ប្រាប់ថា​៖ «បង​ប្រុស​ខ្ញុំ​នៅ​តែ​ឯង​ អត់​ប្រពន្ធ​អត់​កូន ​ដោយសារ​គាត់​មិន​គ្រប់​លក្ខណៈ​។ បើកើត​មក​យើង​ទាំង ២​ នាក់​ ត្រូវ​ជួប​គ្នា​ហើយ ​យើង​មិន​ដឹង​ត្រូវ​ធ្វើ​ដូចម្ដេច​នោះ​ទេ។ គាត់​បាន​ធ្វើ​ជា​ភ្នែក​ឱ្យ ​និង​ដឹក​ខ្ញុំ​ដើរ​ទៅ​ឡើង​ដើម​ដូង​តាម​ភូមិ​ជាមួយ​គ្នា»។

រយៈ​ពេល​ ៣៧​ ឆ្នាំ​ហើយ​ សម្រាប់​របរ​ឡើង​បេះ​ផ្លែដូង​នេះ​ លោក​ចាន់​បានសារភាព​ថា ​ការឡើង​ដើមឈើ​ទាំង​ភ្នែក​ពិការ​ ពិត​ជា​មាន​ការលំបាក​។

លោក​បាន​ឱ្យ​ដឹងថា​៖ «ដើម​ដូង​ខ្លះ​មាន​ស្រមោច ​អង្ក្រង​ ក្អែប ​និង​ខ្ទួយ​ ដែល​ទិចខាំ​ម្ដងម្កាល​ដែរ។ ប៉ុន្ដែ​ខ្ញុំ​មិន​ជួប​គ្រោះ​អ្វី​ធ្ងន់​ធ្ងរ​នោះ​ទេ»។

ឥឡូវ​នេះកម្លាំង​មាន​ការថមថយ​ខ្លាំង​ណាស់ ​បើទោះជា​លោក​ទទួលស្គាល់​ថា ​លោកបាន​ឮ​មហាជន​និយាយ​ថា​ លោក​នៅ​រឹង​មាំយ៉ាង​ណា​ក៏ដោយ។ ​នៅពេល​ពេញ​កម្លាំង​ ១ ​ថ្ងៃ ​លោក​ដើរ​ឡើង​ដូង​ឱ្យ​គេ​បាន​ ២០​ ដើម​ ដោយ​ទទួល​បាន​កម្រៃ ​១ ដើម​ ២ ០០០​ រៀល​។ប៉ុន្ដែ​ឥឡូវ​លោក​ខំ​ប្រឹង​អស់​លទ្ធភាព​ បានត្រឹម​ ៥ ​ដើម​ ក្នុង​ ១​ ថ្ងៃ។ នេះ​បើ​តាម​ការរៀបរាប់​ពី​លោក​ផេង ​ចាន់។

​ដោយ​បាន​ទៅ​ឃើញ​ទិដ្ឋភាព​ផ្ទាល់​នៅ​ផ្ទះ​សំបែង​របស់​លោក​ ចាន់ ​អគ្គនាយក​ទូរទស្សន៍​អនឡាញ ​លោក​ សែម បូរ៉ា​ បញ្ជាក់​ថា ​ស្ថានភាព​រស់​នៅ​របស់​បុរស​ចំណាស់​ទាំង ២ ​ពិតជា​លំបាក​ និង​ប្រកប​របរ​ដ៏​ប្រថុយ​ប្រថាន​បំផុត​។

លោក​បន្ដថា​៖ «គាត់​សុខចិត្ដ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ប្រសិនបើ​មាន​អ្នក​ត្រូវការ​គាត់​ទៅ​ធ្វើការ​ជាមួយ​ ជាថ្នូរ​នឹង​ការចម្អែត​ក្រពះ ​និង​សល់​ប្រាក់​ផ្គត់ផ្គង់​កូន​រៀន»។

និយាយ​ស្រដៀង​គ្នា​ លោក​ ផេង ចាន់ ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ថា​ លោក​ដល់​ពេលវេលា​ត្រូវ​ឈប់​ប្រកប​របរ​ឡើង​ដូង​ទៀត​ហើយ​ និង​សំណូមពរ​ដល់​អ្នក​មាន​លទ្ធភាព ​ជួយ​លោក​ចាប់​ពី​ពេល​នេះ​ ដូច​បាន​ទិញ​ជីវិត​លោក​អ៊ីចឹង។​

លោក​ចាន់​បញ្ជាក់​ថា​៖ «ខ្ញុំ​គិត​ចង់​ឈប់​ឡើង​ដូង​ហើយ ​តែ​បើ​ឈប់​អត់​លុយ​ចាយ ​ហើយ​ណាមួយ​កូន​នៅ​រៀន​ទៀត​។ បើសិន​ជា​សប្បុរសជន​ជួយ​ថវិកា​ផ្ដល់​មក​រាល់​ខែ​តិចៗ ​ខ្ញុំ​ប្រាកដជា​ឈប់​ឡើង​ដូង​ហើយ។ សូម​សប្បុរសជន​គិត​ថា ​ជួយ​ទិញ​ជីវិត​ខ្ញុំ​ទុក​ចុះ»។

សម្រាប់​ការចូលរួម​បរិច្ចាគ​ធនធាន​ សូម​ទាក់ទង​លេខ​ទូរស័ព្ទ​កូន​ប្រុស​លោក​ ផេង ចាន់ ​០៨៧ ២៧ ០៣ ១១​៕