ភ្នំពេញៈ អង្គ​ការ​បណ្តុះ​បណ្តាល​ថ្នាក់​មូល​ដ្ឋាន (OBT) បាន​និង​កំពុង​បន្ត​សក្ដានុ​ពល​របស់​ខ្លួន​ក្នុង​នាម​ជា​អង្គការ​ក្រៅ​ដ្ឋាភិ​បាល​ដែល​មាន​ស្ថាប​និក​ជាតិ​ខ្មែរ​ និង​អាច​ផ្គត់​ផ្គង់​ខ្លួន​ឯង​បាន​ចន្លោះ​ពី​ ៧០-​៨០​ភាគ​រយ តាម​រយៈ​ការ​អនុវត្ត​គម្រាង​នានា​ដោយ​គ្រាន់​តែ​ទទួល​ជំនួយ​ពី​ក្រៅ​ត្រឹម​តែ ២០-៣០ ​ភាគ​រយ​ប៉ុណ្ណោះ​ ខណៈ​អង្គ​ការ​មាន​បុគ្គលិក​ចំនួន​ ១៤ ​រូប​ ដើម្បី​ចាត់​ចែង​ការងារ​និង​ផ្សព្វ​ផ្សាយ​ពី​គម្រោង​ផ្សេងៗទៅដល់​សិស្សានុ​សិស្សនៅ​តាម​សហ​គមន៍​។​

​លោក​ ប៉ត សុផល វ័យ ៤៨ ឆ្នាំ គឺជា​ស្ថាប​និក​អង្គការ​បណ្តុះ​បណ្តាល​ថ្នាក់​មូល​ដ្ឋាន (OBT) ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ​ ២០០៩ ​នៅ​ភូមិ​ជី​រោទ៍​ក្រោម ​២ ឃុំ​ជី​រោទ៍​ទី​១ ស្រុក ​និង​ខេត្ត​ត្បូង​ឃ្មុំ​ នៅលើ​ផ្ទៃដី​ជាង ១ ​ហិកតា​។​ លោក​បង្ហើប​ឱ្យដឹង​ពី​គម្រោង​នានា​ដែល​មាន​នៅ​អង្គការ​របស់​លោក រួមមាន​ ដូចជា គម្រោង​ទឹក​ស្អាត គម្រោង​ដំណាំ​សុវត្ថិ​ភាព ឬ​សិប្ប​កម្ម​ជា​ដើម​ក្នុង​នោះ​ក៏មាន​ការ​កែច្នៃ​ប្រេង​ឆា​ពី​គ្រាប់​ឈូក​រ័ត្ន​ផងដែរ​ដែលជា​ប្រភព​រកប្រាក់​ចំណូល​សម្រាប់​ការផ្គត់​ផ្គង់​ឱ្យមាន​និរន្តរ​ភាព​នៅ​ក្នុង​អង្គ​ការ​។

​លោក ប៉ត សុផល ប្រាប់​ថា៖ «​ដើម​ឆ្នាំ​ ២០២២ ​នេះ ​យើង​បាន​ទិញ​ម៉ាស៊ីន​ថ្មី សម្រាប់​គាប​យក​ប្រេង​ឆាពី​គ្រាប់​ឈូក​រ័ត្ន និង​ចាប់​ផ្តើម​ធ្វើ​គម្រោង​ផលិត​ប្រេង​ឆា​នេះ​ឡើង​វិញ​។តាមពិ​តទៅគ​ម្រោង​នេះ​យើង​ធ្លាប់​បានធ្វើ​ដំបូង​កាល​ពី​ឆ្នាំ​ ២០១៨ តែ​បាន​ផ្អាក​វិញ​នៅ​ឆ្នាំ​ ២០១៩​ ដោយ​សារ​តែ​ម៉ាស៊ីន​គាប​យក​ប្រេង​ឆា​នោះ​វា​ខូច​»​។​

​ស្ថាប​និក​អង្គការ​ OBT រូបនេះ​បាន​ឱ្យដឹង​ទៀត​ថា​៖ «​កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០២២​ កន្លង​មក​នេះ​ យើង​ផលិត​ប្រេង​ឆា​ពី​គ្រាប់​ឈូករ័ត្ន​បាន​ចំនួន​ជាង​ ២០០ ​ដប ហើយ​ ១ ​ដប ​មាន​ចំណុះ ​២៥០ មិ​ល្លិ​លីត្រ​។ ប្រេង​ឆា​ទាំង​អស់​នោះ​យើង​បាន​លក់​អស់​ហើយ​ដែរ​ ដោយ​សារ​មាន​ម៉ូយ​ដែល​រស់នៅ​រាជ​ធានី​ភ្នំពេញ ​និង​ខេត្ត​កំពង់​ចាម​បាន​ជាវ​អស់​។ ប្រេងឆា​ផលិត​ពី​គ្រាប់​ឈូក​រ័ត្ន​របស់​យើង​លក់​ ១ ​ដប ក្នុង​តម្លៃ ​១៤ ​០០០ ​រៀល​»​។

​ដោយ​ឡែក​ខាង​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ត្បូង​ឃ្មុំ​វិញក៏​ធ្លាប់​បាន​សិក្សា​លើ​គម្រោងធ្វើ​ប្រេង​ឆា​ពី​គ្រាប់​ឈូក​រ័ត្ន​របស់​អង្គការ OBT ចំនួន ២​ លើក​មក​ហើយ​ដែរ ​ខណៈ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​កំពង់​ចាម​វិញ​ ក៏​តែង​បាន​លើក​ទឹក​ចិត្ត​ឱ្យ​អង្គការ​លោក នាំយក​ផលិត​ផល​ទៅ​ដាក់​បង្ហាញ​ក្នុង «​កម្ម​វិធី​ពិព័រណ៍​ភូមិ​ ១​ ផលិត​ផល​ ១​» ​ដូច​គ្នា​។​

​លោក ​ប៉ត សុ​ផល បាន​បញ្ជាក់​ថា​៖ «​ខាង​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ត្បូងឃ្មុំ​ និង​កំពង់​ចាម​ បាន​ជំរុញ​ឱ្យ​បន្ត​ការ​សិក្សា​ពី​បច្ចេក​ទេស​បន្ថែម​ទៀត ​ដើម្បី​អភិវឌ្ឍ​ការ​ផលិត​ប្រេង​ឆាដែល​មាន​ក្នុង​ស្រុក​មួយ​នេះ​ឱ្យបាន​ចំនួន​កាន់​តែ​ច្រើន​តាម​តម្រូ​វការ​ និង​ឱ្យ​នាំ​យក​ទៅ​ដាក់​តាំង​បង្ហាញ ក្នុង​កម្ម​វិធី​ពិ​ព័រណ៍​ភូមិ​ ១​ ផលិត​ផល ​១ ​ផង​ដែរ​»​។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​សព្វ​ថ្ងៃនេះ​ ខ្ញុំ​ក៏បាន​ឆ្លៀតទៅ​​សិក្សា​ស្វែង​យល់​បន្ថែម​ពី​បច្ចេកទេស​នៃ​កា​រផលិត​ជាមួយនឹង​សាលា​មួយ​របស់​កូរ៉េនៅក្នុង​រាជធា​នី​ភ្នំពេញ​រៀងរាល់​ពេល​ចុង​សប្តាហ៍​។ ក្រោយពី​រៀន​ចប់​វគ្គ​នេះ​ទៅ ខ្ញុំ​ក៏មាន​គម្រោង​បង្កើន​ការ​ផលិត​ប្រេង​ឆាពី​គ្រាប់​ឈូក​រ័ត្ន​ឱ្យមាន​ចំនួន​ច្រើន​ផង​ដែរ​»​។

​បើ​តាម​ស្ថាប​និក​អង្គការ OBT ចំពោះ​ទិន្នផ​ល​នៃ​ការ​ផលិត​វិញ​ គឺ​គេ​ប្រើ​គ្រាប់​ឈូក​រ័ត្ន​ប្រមាណ ​៤ ​ទៅ ៥ ​គីឡូ ​ទើប​អាច​គាប​ចម្រាញ់​បាន​ប្រេង​ឆា​ចំណុះ ​១ ​លីត្រ​ ហើយ​វាក៏​​អាស្រ័យ​ទៅ​លើ​ការប្រើ​ប្រាស់​ម៉ាស៊ីន​គាប​គ្រាប់​យក​ប្រេង​ដែល​មាន​លក្ខណៈ​ទំនើប ​ឬ​មិន​សូវ​ទំនើប​ផង​ដែរ​។

​ការ​ដាំ​ផ្កា​ឈូ​ត​រ័ត្ន ដើម្បី​បាន​ទិន្ន​ផល​ខ្ពស់​យក​គ្រាប់​មក​គាប​ជា​ប្រេង​ឆាអាច​មាន​អំណោយ​ផល​ល្អ​ក្នុង​ការដាំ​ចំនួន​ម្តងឬ ២ ​ដង​តែ​ប៉ុណ្ណោះ ក្នុង ១ ​ឆ្នាំ ​ព្រោះថា ​រុក្ខជាតិ​​ប្រភេទ​នេះ កាល​ណា​គេ​ដាំ​វា​នៅ​លើដី​ដដែលៗ​ច្រើន​ដង​ពេក វា​ពុំ​ទទួល​បាន​ផល​ល្អ​នោះ​ឡើយ​។ ចំពោះ​អង្គកា​រ​ (OBT) ក៏មាន​ផ្ទៃដី​ទំហំ​ជាង ១០​ ហិកតា សម្រាប់​ដាំ​ផ្កា​ឈូ​ត​រ័ត្ន​ផង​ដែរ​។​

​លោក ​ប៉ត សុផល បាន​ឱ្យដឹង​ថា​៖ «​សព្វ​ថ្ងៃនេះ​ យើង​ប្រើ​គ្រាប់​ឈូក​រ័ត្ន​ប្រមាណ​ ៤ ​ទៅ ៥ ​គីឡូ ​ទើប​អាច​គាប​ចម្រាញ់​បាន​ប្រេង​ឆា​ចំណុះ ១ ​លីត្រ ​ដោយ​សារ​យើង​ប្រើ​ម៉ាស៊ីន​គាប​ដែល​មិន​ទាន់​មាន​លក្ខណៈ​ទំនើប​អាច​គាប​យក​ប្រេង​បាន​អស់​លទ្ធ​ភាព​។ តែ​ប្រសិន​បើ វា​ជា​ម៉ាស៊ីន​ដែល​លក្ខណៈ​ទំនើប​វិញ​នោះ​គឺ​វា​អាច​គាប​យក​ប្រេង​ឆាបា​ន​អស់​លទ្ធភាព គឺ​ប្រើ​គ្រាប់​ឈូក​រ័ត្ន​ចំនួន​តែ ៤​ គីឡូ អាច​គាប​បាន​ចំណុះ​ប្រេង ​១ ​លីត្រ​»​។​

​លោក​ក៏​បាន​បន្ត​ដែរ​ថា៖ «​នៅ​រដូវ​ប្រាំង​ខាង​មុខ [​ដើមឆ្នាំ​ ២០២៣] ខាង​យើង​គ្រោង​នឹង​ដាំ​ផ្កាឈូក​រ័ត្ន​ឱ្យ​បាន​ច្រើន​ ដែល​អាច​ប្រមូល​ផល​គ្រាប់​ឈូក​រ័ត្ន បាន​ចំនួន​ច្រើន​អាច​រាប់​តោន ​ដើម្បី​ផលិត​ជា​ប្រេង​ឆា ឱ្យ​បាន​ច្រើន​តាម​តម្រូវ​ការ​ទីផ្សារ​របស់​យើង​»​។​

​បច្ចុប្បន្ន​នេះ​មាន​សិស្សានុ​សិស្ស​ក្រីក្រ​ និង​ខ្វះ​ឱកាស​ទទួល​បាន​ការ​អប់​រសរុប​ប្រមាណ​ ៣០០ ​នាក់ ម​កពី​ភូមិ​ចំនួន​ ៩ ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​និង​ខេត្ត​ត្បូង​ឃ្មុំ កំពុងតែ​ទទួល​បាន​កា​របណ្តុះ​បណ្តាល​ពី​បំណិន​ជីវិត​ដោយ​ឥតគិត​ថ្លៃ​ពីអង្គការ​បណ្តុះ​បណ្តាល​ថ្នាក់​មូល​ដ្ឋាន ហើយ​ក៏មាន​អ្នក​ចេញ​ធ្វើ​ការងារ​ចិញ្ចឹម​ជីវិត​មួយ​ចំនួន​ផង​ដែរ ក្រោយ​ពី​បាន​បង្កើត​តាំងពី​ឆ្នាំ​ ២០០៩ ​មក​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី ប៉ត ​សុផល ​។

​លោក​បាន​ថ្លែង​ថា គោល​បំណង​ដ៏​សំខាន់​របស់​អង្គ​ការ គឺ​ផ្តល់​ការអប់​រំចំណេះ​ដឹង​បំ​ណិ​ន​ជីវិត និង​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពី​បរិស្ថាន​ទៅ​ដល់​សិស្ស​ក្រីក្រ​តាម​គម្រោង​ផ្សេងៗតាំង​ពី​កម្រិត​ថ្នាក់​បឋ​មសិក្សាដ​ល់​ថ្នាក់​វិទ្យា​ល័យ​។ តែ​អង្គការ​នេះ ទើប​តែ​ត្រូ​វបាន​មជ្ឈដ្ឋាន​ប្រជា​ពលរដ្ឋ​ខ្មែរ មាន​ទំនុក​ចិត្ត និង​ទទួលស្គា​ល់​នៅ​ឆ្នាំ​ ២០១៤ ​ប៉ុណ្ណោះ​។

ក្រៅ​ពីនោះ ​អង្គការ​ OBT ក៏មាន​កម្មវិធី​សិក្សា​ជា​គោល​ផ្ទាល់​ខ្លួន​ដើម្បី​បង្រៀន​សិស្ស​នូវ​ជំនាញ​នានា​ផង​ដែរ ដូច​ជា ភាសា​អង់​គ្លេស​ ភាសា​ខ្មែរ ចំណេះ​បំ​ណិ​ន​ជីវិត និង​កម្មវិធី​មួយ​ទៀត គឺ​ថ្នាក់​ត្រៀម​សាលា​ជំនាញ​ដែល​អង្គ​ការ​មាន​ដៃគូ​សហ​ការ​ច្រើន​នៅ​ខេត្ត​សៀម​រាប​។​

​ស្ថាប​និក​អង្គ​ការ​លោក​ ប៉ត ​សុផល ​ឱ្យដឹង​ទៀត​ថា​៖ «​កម្មវិធី​នេះជួយ​សិស្ស​ពី​វ័យ ១៧ ​ឆ្នាំដល់ ២​៤ ឆ្នាំ មាន​ឱកាស​ទទួល​ការ​បណ្តុះ​បណ្តាល​បន្ថែម​សម្រាប់​អាជីព​ដែល​យើង​មាន​ដៃគូ​ចំនួន​ ៥​ សហកា​រគ្នា​នៅ​ខេត្តសៀ​មរាប​។ បើ​គិត​ចាប់​តាំងពី​ឆ្នាំ​ ២០០៩ ​មក​ដល់​ឆ្នាំ​ ២០២០ ​មាន​សិស្ស​ចេះ​ជំនាញ​បំ​ណិ​ន​ជីវិត​នៅ​អង្គការ ​OBT និង​មាន​ការងារ​ធ្វើតាម​ក្រុម​ហ៊ុន ឬ​ទីកន្លែង​ផ្សេងៗ​ ចំនួន​ ៤៦​ នាក់​ហើយ​»​។​

​ចំពោះ​កម្ម​វិធី​អប់រំ​នៅ​អង្គការ OBT ជាប្រចាំ​ថ្ងៃនោះ​ លោក ប៉ត សុផល​ បញ្ជាក់​ថា ​ការងារនេះ​គឺអង្គ​ការ​មាន​បង្រៀន​ភាសា​អង់​គ្លេស​ចំនួន ២ ​ថ្ងៃ សិល្បៈ​ ភាសា​ខ្មែរ​ ចំនួ​ន២ថ្ងៃ និង​រៀន​ពី​បំ​ណិ​ន​ជីវិត ១ ​ថ្ងៃ ក្នុង ១​ សប្តាហ៍​។ ឯ​ថ្នាក់រៀន​ត្រៀម​សាលា​ជំនាញ​វិញ​ គឺ​បង្រៀន​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ​ ដែល​បានចា​ប់ផ្តើម​ពីឆ្នាំ​ ២០២០​ ដោយ​មិន​គិ​តថ្លៃ​ពី​សិស្ស​ឡើយ​។

​ទន្ទឹម​នឹង​មាន​ការផ្តល់​ការអប់រំ​ជំនាញ​នានា​ដល់​សិស្ស​នោះ​ គឺ​អង្គការ​ត្រូវ​ការ​ពី​ពួក​គាត់​មកវិញ​នូវសំរាម​ប្លា​ស្ទិ​កដែល​រើស​តាម​ផ្លូវ ឬ​ក្នុង​សហ​គមន៍​រស់នៅ​របស់​គាត់​ដោយ​សារ​អង្គការ​មាន​គម្រោង​ច្នៃ​ប្រេង​ម៉ាស៊ូត​ចេញ​ពី​សំរាម​ប្លា​ស្ទិ​ក ដែល​មាន​លោក ​ឃុន ស៊ីវ ជា​អ្នក​បង្កើត​គម្រោង​នេះ​តាំងពី​ឆ្នាំ​ ២០១៩ ​មក ។ តែ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូ​វីដ​ ១៩ ​គម្រោង​នេះ ក៏​ត្រូវ​បាន​ផ្អាក​វិញ​ដោយសារ​ខ្វះ​ការ​គាំទ្រ និង​មិន​មាន​សម​តុល្យ​នៃ​ផលិត​កម្ម​។​

​សម្រាប់​សេវា​កម្ម​ទេស​ចរ​ណ៍វិញក៏​ជា​គម្រោង​ដ៏​ធំ​មួយ​សម្រាប់​ជា​ប្រភព​រក​ប្រាក់​ចំណូល​របស់​អង្គការ ​OBT ផងដែរ គឺ​តាម​រយៈ​ការ​ជួល​ផ្ទះ​ស្នាក់​និង​បាង​ហ្គា​ឡូ ​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិនិ​ង​អន្តរ​ជាតិម​ក​កម្សាន្ត​នៅ​ពេល​សម្រាក​ពី​ការ​ងា​រឬ​លម្ហែ​កាយ​។​

​លោក ​ប៉ត សុផល បាន​ឱ្យដឹង​ទៀត​ថា​៖ «​យើង​មាន​ដៃគូ​សហ​ការ​ ភ្នាក់​ងារទេសច​រណ៍​មួយ​ចំនួ​ននាំ​ភ្ញៀវ​ជន​បរទេស​មក​កម្សាន្ត​ឬ​ទស្សនា​នៅ​សហ​គមន៍​យើង​ដែល​ភាគ​ច្រើន​សម្បូរ​ភ្ញៀវ​ជា​ជន​ជាតិ​បារាំង​ អង់គ្លេស និង​អាល្លឺ​ម៉ង់ ដោ​យ​ពួក​គាត់​មកលេ​ង​ពេល​វិស្សមកា​ល​។យើង​មានផ្ទះ​ស្នាក់​ចំនួន ​៤ ដែ​ល​ផ្ទះ​ស្នាក់ ​១ ​កន្លែង​ អា​ចឱ្យ​ភ្ញៀវ​មាន​គ្នា​ចំនួន​ ២ នាក់ ​និង​បាង​ហ្គា​ឡូ​ចំនួន ​៩ កន្លែង​។ បាង​ហ្គា​ឡូ​ខ្នាតតូច​អាចឱ្យ​​ភ្ញៀវ​ស្នាក់​បាន​ចំនួន​ ៤-៥​ នាក់​ ខណៈ​ខ្នាត​ធំ​ភ្ញៀវ​អាច​មាន​គ្នាច្រើន​ប្រមាណ ​១០ ​នាក់​»៕