ភ្នំពេញៈតារា​ចម្រៀង​ លោក ​អ៊ួន បឋម ហៅ សាយ កាល​ពីថ្ងៃ​ទី ០២ ខែតុលា បា​ន​ប្រារព្ធពិធី​សម្ពោធ​ជាផ្លូវ​ការ​ កម្មវិធី​ «រត់ជាមួយ​សាយ ៤ ​សែន​ជំហាន» ពីរាជ​ធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​សៀម​រាប ដោយ​កម្មវិធី​នេះ រៀបចំ​ធ្វើ​ឡើង​នៅរោង​ភាព​យន្ត ​Major Cineplex ដើម្បី​រៃអង្គាស​ប្រាក់​ជូន​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។

មន្ទីរ​ពេទ្យ​កុមារ​អង្គរ ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពីឆ្នាំ​ ១៩៩៩ និង​បាន​ផ្ដល់សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ។

កាល​ពីឆ្នាំ​ ២០២០ លោក​អ៊ួន បឋម ហៅសាយ​ បានរៀបចំ​កម្មវិធី​រត់​រយៈពេល​ ៩​៧ ​ថ្ងៃ ជុំវិញ​ប្រទេស​កម្ពុជា និង​រៃ​អង្គាស​ប្រាក់​បាន​ចំនួន​៥០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ដែល​ប្រឈម​នឹង​ការខ្វះ​ខាត​ថវិកា ដើម្បីផ្ដល់​សេវាព្យា​បាលជំងឺ​ដល់​កុមារ។

សម្រាប់កម្មវិធី​នៅក្នុង​ឆ្នាំ​ ២០២២​ នេះ លោកអ៊ួន​ បឋម គ្រោងរត់​ពីរាជ​ធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​សៀម​រាប ចាប់​ពីថ្ងៃទី​ ២២ ដល់​ថ្ងៃទី​ ៣០ ​ខែតុលា ឆ្នាំ​ ២០២២។

លោក ​អ៊ួន បឋម រំពឹង​ទុក​ថា ថវិកា​ដែល​រៃអង្គាស​បាន​ពីការ​រត់​របស់​លោកលើក​នេះ នឹងអាច​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ក្នុងការ​សង្គ្រោះ​កុមារ​កម្ពុជា ដែល​មាន​ជំងឺ ជាពិសេស​ជំងឺមហារីក ដែល​មន្ទីរ​ពេទ្យ​សង្កេត ឃើញ​ថា មាន​និន្នាការ​កើន​ឡើង​គួរ​ឱ្យព្រួយ​បារ​ម្ភ​។

លោក​ស្រី ស៊ិ​ន កេត​អរុណ ប្រធាន​ការិយា​ល័យ​ទំនាក់​ទំនង​សាធារណៈ​នៃ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​បាន​ថ្លែង​ថា មន្ទីរ​ពេទ្យ​កុមារ​អង្គរ បាន​ធ្វើរោគ​វិនិច្ឆ័យ​ឃើញ​ជំងឺ​មហារីក​លើកុមារ​មាន​ដូច​ជា ជំងឺ​មហារីក​បាត​ភ្នែក​ មហារីក​ឆ្អឹង​ខ្នង មហារីក​ជាលិកា មហារីក​ខួរ​ក្បាល និងជំងឺ​មហារីក​គ្រាប់​ឈាម។

ដ្បិតតែ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ មាន​វេជ្ជបណ្ឌិត​ដែលមាន​ជំនាញ​ក្នុង​ការព្យា​បាលជំងឺ​ មហារីក​ទាំង​នេះ​ក៏ពិត​មែន ប៉ុន្តែបើ​តាម​លោក​ស្រី​ស៊ិន កេត​អរុណ ការ​ព្យាបាល​ជំងឺមហា​រីក ត្រូវ​ការ​ថវិកា​ច្រើន​ជាង​ការព្យា​បាល​ជំងឺ ប្រភេទ​ដទៃទៀ​ត ដោយ​សារ​តែវាទាម​ទារ​នូវ​បច្ចេក​ទេស​ចាំបាច់មួយ​ចំនួនដូច​ជាការ​វះកាត់ ​ការចាក់ថ្នាំ​គីមី ការ​បាញ់​កាំរស្មីឡាស៊ែ​រ ការ​ចាក់ថ្នាំ​បង្កក ជាលិកា​និង​ការ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​ជា​ដើម​។

មន្ទីរ​ពេទ្យ​កុមារ​អង្គរ ចាប់​ផ្ដើម​បើក​ទទួល​ការពិនិត្យ​ព្យាបាល​និង​ថែទាំកុមារ​ដែល​មាន​ជំងឺមហារី​កតាំងពី​ឆ្នាំ ២០១២​ មក។​ ក្នុង ​១ ​ឆ្នាំៗ មន្ទីរ​ពេទ្យ​កុមារ​អង្គរ ត្រូវ​ការ​ថវិកា​ពី ៣៥០ ០០០ ដុល្លារ​ទៅ ៤៥០ ០០០ ដុល្លារ​ដើម្បី​ទ្រទ្រង់​ការ​ពិនិត្យ​ព្យាបាល និង​ថែទាំ​កុមារ ដែល​មាន​ជំងឺ​មហារីក​ហើយ​បើគិត​មក​ទល់​ពេល​នេះ ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​បាន​ព្យាបាល​កុមា​រ​ដែល​មាន​ជំងឺមហា​រីកចំនួន​៥​០៨​នាក់​រួច​មក​ហើយ​។

ក្រៅពី​ការ​បរិច្ចាគ​ជាថវិកា​លោក ​អ៊ួន បឋម ក៏​លើក​ទឹក​ចិត្ត​ឱ្យយុវជន​ឬ​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍ ​ចូលរួម​រត់ជាមួយ​លោកដើ​ម្បីលើក​កម្ព​ស់​ស្មារ​តីកីឡានៅក​ម្ពុជា​ខណៈ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់​ផ្ទះរៀប​ចំព្រឹត្តិការណ៍​កីឡាស៊ី​ហ្គេមលើ​កទី៣​២ នៅឆ្នាំ​ក្រោយ។​

ដោយ​ឡែក​លោក សុខ សប្បាយ​ណា ប្រធាន​ប្រតិបត្តិ​នៃ «យុទ្ធនាការ​ #BeyondTheGames»​ ដែល​ជាយុទ្ធ​នាការ​របស់​គណៈ កម្មាធិការ​ជាតិ​ CAMSOC ដើម្បី​ផ្សព្វ​ផ្សាយ​ពីស៊ីហ្គេម​និង​អាស៊ាន​ប៉ារ៉ាហ្គេម​នៅក​ម្ពុជា បាន​ថ្លែងកោត​សរសើរ ចំពោះការ​លះ បង់​រប​ស់លោក ​អ៊ួន បឋម ដែល​បាន​រៀបចំ​កម្មវិធី​ «រត់​ជាមួយ​សាយ ៤ សែន​ជំហាន»​ នេះឡើង ដើម្បី​ផ្សារភ្ជាប់​សកម្មភាព​មនុស្សធ​ម៌ រួមជា​មួយ​ស្មារតី​កីឡា។

លោក​សង្ឃឹ​មថា​ កម្មវិធីនេះ​នឹងអា​ចបណ្ដុះទឹក​ចិត្ត​ប្រជាជន​ខ្មែរ​ ជាពិសេ​សយុ​វជន ឱ្យងើប​ឡើង​ធ្វើ​សកម្មភាព​សង្គម​នានា ទៅតាម​ជំនាញ​ចំណង់​ចំណូល​ចិត្ត និង​លទ្ធភាព​របស់​ខ្លួនស​ម្រាប់​ប្រជាជន​និង​ប្រជាជាតិ​កម្ពុជា​។

គួរបញ្ជាក់​ដែរ​ថា រាល់​ការ​បរិច្ចាគ​ទាំង​អស់​របស់​សប្បុរ​សជន នឹង​បញ្ជូន​ទៅកាន់គណនី​ធនាគារ​របស់មន្ទីរ​ពេទ្យកុមារ​អង្គរដោយ​ផ្ទាល់​។ ​តារា​ចម្រៀង​លោក​ អ៊ួន បឋម ដែល​នឹង​ចាប់​ផ្ដើម​បោះ​ជំហានរ​ត់ម្ដង​ទៀត នៅថ្ងៃ​ទី ​២២ ខែតុលាខាង​មុខ​នេះ បាន​អំពាវ​នាវ​ដល់​សប្បុរស ជន​ជាតិ​និង​អន្ដរ​ជាតិ​ឱ្យជួយ​បរិច្ចា​គថវិកាទៅ​តាម​លទ្ធភាព​របស់​ខ្លួន ដើម្បីរួម​ចំណែក​ក្នុង​បេសក​កម្ម​របស់​មន្ទី​រពេទ្យ​កុមារ​អង្គរ ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ឱ្យរួច​ផុត​ពីក្រញំា​ជំងឺ​មហារីក​ដ៏កាច​សាហាវ។

សម្រាប់​លោក​ អ៊ួន បឋម​ កុមារ ​គឺជាក្ដី​សង្ឃឹម ជាពន្លឺ​ និង​ជាអនាគត​របស់​កម្ពុជា ដែល​ទាមទារ​ឱ្យ​ខ្មែរ​គ្រប់​គ្នារួម​គ្នាជួយ​សង្គ្រោះនិ​ងអប់រំ​បណ្ដុះ​បណ្ដាល​ ដើម្បី​ឱ្យពួ​កគេ​ក្លាយ​ជា​សសរ​ស្ដម្ភ​ដ៏រឹង​មាំសម្រាប់​ប្រទេសជា​តិនាពេល​អនាគត​៕