បាត់ដំបងៈ ជាមួយ​ក្ដីស្រមៃ​ចង់​ឱ្យ​​គ្រប់​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ប្រេង​កូឡា​ និង​ប្រេង​ខ្យល់​ផលិត​ក្នុង​ស្រុក​ អ្នកស្រី អូន សុគន្ធា ​បាន​ប្រែ​ក្លាយ​ផលិតផល​រូបមន្ត​ត​ត្រកូល​ពី​មុខរបរ​គ្រួសារ​ទៅ​ជា​អាជីវកម្ម​ខ្នាត​តូច​អស់​រយៈកាល​ជាង ១០ ​ឆ្នាំ​ ដោយ​រំពឹង​ថា ​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ ដើម្បី​ពង្រីក​ខ្លួន​ជា​អាជីវកម្ម​ស្ដង់ដា​ធំជាង​មុន​។

អគ្គនាយិកា​សហគ្រាស​វ័យ​ ៥០ ​ឆ្នាំ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ការគាំទ្រ​របស់​អតិថិជន ​និង​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ទាំងអស់​គ្នា​ជា​កម្លាំង​ជំរុញ​ចិត្ត​ឱ្យខ្ញុំ​ក៏​ដូចជា ​ក្រុម​គ្រួសារ​មាន​កម្លាំងចិត្ត​ក្នុងការ​បន្ត​ដឹកនាំ​​សហគ្រាស​ជាមួយ​នឹង​ចក្ខុ​វិស័យ​ដ៏​វែង​ឆ្ងាយ​ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ»​។

ប្រេង​កូឡា​ និង​ប្រេង​ខ្យល់​រូប​នាគ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៩ ​ដោយ​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​សុខាភិបាល​ និង​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​។

រូបមន្ត​គ្រួសារ​ ៣ ​ជំនាន់

យោង​តាម​ស្ថាបនិក​សហគ្រាស​ប្រវត្តិ​នៃ​ការ​ផលិត​មាន​រូបមន្ត​ពី​ប្រេង​ប្រទាល​ពុទ្ធ​មន្ត​ ១០៨ ​មុខ​។ ប្រទាល​ខ្មែរ​គឺ​ជា​មើម​រុក្ខជាតិ​ឱសថ​ដែល​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​រក​ឃើញ​ថា​ មាន​រាប់រយ​ប្រភេទ​ជាមួយ​ មុខងារ​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​។

វត្ថុ​ធាតុ​ដើម​ប្រទាល​ពុទ្ធ​មន្ត​ ១០៨ ​មុខ​ត្រូវ​បាន​ដាំដុះ​សម្រាប់​ផ្គត់ផ្គង់​នៅ​ទឹកដី​ខេត្ត​បាត់ដំបង​ ដោយ​ប្រើ​ពេល​យ៉ាង​តិច​ ២ ឆ្នាំ​ដើម្បី​ឱ្យ​រុក្ខជាតិ​មាន​ប្រេង​​អាច​ចម្រាញ់​បាន។ រុក្ខជាតិ​ជា​វត្ថុ​ធាតុ​ដើម​ក៏​ត្រូវ​បាន​ប្រមូល​​ទិញ​ពី​កំពូល​ភ្នំ​គូលែន ​ភ្នំ​ក្រវាញ និង​ភ្នំ​ដងរែក ​ខេត្ត​ព្រះវិហារ​ ផង​ដែរ​។

អ្នកស្រី សុគន្ធា បាន​ឱ្យ​ដឹង​ថា៖ «ប្រទាល​​ក៏​យើង​ប្រមូល​បាន​តែ ១ ​ឆ្នាំ​ម្ដង​ដែរ​ ប្រមូល​ខុស​រដូវ​ក៏​មើម​វា​ខ្ចី​គ្មាន​ប្រសិទ្ធ​ភាព​ដែរ។ យើង​ប្រមូល​បាន​តែ​ខែ​ប្រាំង​ទេ»។ អ្នក​ស្រី​បន្ត​ថា៖ «វា​មាន​វិធី​វា​ចម្រាញ់​យូរ យើង​អត់​ទាន់​ទំនើបកម្ម​អី​ទេ។ យើង​ចម្រាញ់​បែប​បុរាណ​។ ការ​ទុក​ដាក់​ កាលណា​យើង​ចម្រាញ់​អស់​ជាតិ​ទឹក យើង​ទុក​ដាក់​បាន​ ១ ​ឆ្នាំ»។

ក្រៅពី​រុក្ខជាតិ​ប្រទាល​ខ្មែរ​បុរាណ​ជា​គ្រឿង​ផ្សំ​វត្ថុ​ធាតុ​ដើម រូបមន្ត​ប្រេង​ពុទ្ធ​មន្ត​ ១០៨ មុខ​ជា​រូបមន្ត​លក្ខណៈ​គ្រួសារ​ត​ត្រកូល​ពី​បុរាណ ដោយ​គ្រាន់​តែ​ជំនាន់​មុន ការ​វេចខ្ចប់​បែប​បុរាណ ហើយ​ពុំ​មាន​ការ​ផ្សព្វផ្សាយ។

អ្នកស្រី​សុគន្ធា​បាន​ថ្លែង​ថា៖ «ជំនាន់​ខ្ញុំ​នេះ​គឺ​​ជំនាន់​ទី​៣​ ហើយ​។ មុន​ ប៉ុល ពត ព្រះ​គ្រូ​ដើម​ជា​ព្រះសង្ឃ លោក​ផលិត​ចម្រាញ់​នៅ​លើ​ភ្នំ។ អ៊ីចឹង​ប្រជាពលរដ្ឋ​ដែល​ជឿ​ដែល​ដឹង​​ឡើង​ទៅ​ព្យាបាល​បែប​ជា​ប្រេង​ប្រទាល​ មិនមែន​ជា​រូបភាព​​ប្រេង​កូឡា ប្រេង​ខ្យល់​ទេ។ ហ្នឹង​សម័យ​ទី​១ ​ឱសថ​ជា​ប្រេង​ប្រទាល​ទេ»។

នៅ​ជំនាន់ទី​២ រូបមន្ត​គ្រួសារ​បាន​រំលេច​រូបរាង​ជា​ប្រេង​ប្រទាល​ផង​ និង​ប្រេង​កូឡា​ ប្រេង​ខ្យល់​ផង​ រហូត​ដល់​ជំនាន់​ទី​៣ ​ដែល​ត្រូវ​បាន​ផលិត​ចេញ​ពី​សហគ្រាស​នៅ​ភូមិ​អូតាគាំ​២ សង្កាត់​ទួលតាឯក ក្រុង​បាត់​ដំបង។

ជាមួយ​រូប​ធាតុ​ដើម​ដូចជា ​ប្រេង​ជី​អង្កាម រមៀត​ ផ្កា​ឡាវេនឌឺ​ព័រទុយហ្គាល់​ ប្រេង​រុក្ខជាតិ ម៉ង់តុល និង​ប្រេង​​ខេមផរ​ ប្រេង​កូឡា​​ ប្រេង​ខ្យល់​រូប​នាគ​ មាន​ធាតុ​ចម្បង​ប្រហាក់​ប្រហែល​​នឹង​ផលិតផល​​ដទៃ​ដែរ​។

ប៉ុន្តែ​អ្វី​ដែល​ពិសេស ​គឺ​ប្រទាល​ពុទ្ធមន្ត​ ១០៨ ​មុខ ​ដែល​សំដៅ​លើ​ប្រទាល​ខ្មែរ​បុរាណ​ជាច្រើន​ផ្សំ​ចូលគ្នា​។

អ្នកស្រី​ សុគន្ធា លើក​ឡើង​ថា៖ «យើង​ដាំ​ហើយ យើង​យក​មើម យក​ស្លឹក​ យក​វល្លិ៍ មក​ចម្រាញ់​យក​ប្រេង ហើយ​យក​វា​មក​ធ្វើ​ធាតុ​ផ្សំ​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព»​។

ប្រេង​កូឡា​ អាច​លាប​បាន​ពី​វ័យ​ ៣​ ឆ្នាំ​ឡើង​ទៅ​ដោយ​ប្រើ​ក្នុង​​បរិមាណ​សម​ល្មម​ រួច​ឈ្លី​រយៈពេល ៥ ទៅ​ ១០​ វិនាទី​។ ​អ្នក​ប្រើ​ប្រាស់​​ពុំ​គួរ​លាប​លើ​ភ្នែក ​មុខ​របួស​ឬ​ស្បែក​ដែល​ងាយ​រង​ប្រតិកម្ម​ទេ​។

សំណេរ​អំពី​​ផលិតផល​របស់​សហគ្រាស​រូប​នាគ​បាន​អះអាង​ថា វា​អាច​ប្រើ​ប្រាស់​សម្រាប់​លាប​រឹត​ ដើម្បី​បំបាត់​អាការ​ដូចជា ហើម​ជាំ​សាច់ សត្វ​ល្អិត​ទិច​ឬ​ខាំ រលាក​ភ្លើង រលាក​ទឹក​ក្តៅ ថ្លោះ​គ្រេច ឈឺ​តាម​សន្លាក់​ដៃជើង បំបាត់​ការ​ឈឺ​ចាប់ ឈឺ​តាម​សាច់ដុំ ឈឺ​ក្បាល វិល​មុខ ធេងធោង ពុល​ឡាន ផ្តាសាយ ហៀរសំបោរ ហើម ចុកឆ្អល់ ​ជា​ដើម​។

អ្នកស្រី សុគន្ធា ​បញ្ជាក់​ថា៖ «ប្រើ​ដូច​តែ​ប្រេង​កូឡា​ទូទៅ​ គ្រាន់តែ​ប្រសិទ្ធភាព​វា​ខ្ពស់ ដោយសារ​យើង​​ផលិត​ពី​ប្រេង​​ប្រទាល​ខ្មែរ​បុរាណ ព្រោះ​បរម​បុរាណ​កាល​ជីដូន​ជីតា​យើង ពី​មុន​គាត់​ចូលចិត្ត​ប្រើ​មើម​ប្រទាល មើម​អី ពេល​មាន​បញ្ហា​សត្វ​ពិស ពក​ ចុក​រួយ​អី គាត់​ប្រើ​បែប​បុរាណ​អ៊ីចឹង»​។

អ្នកស្រី​បន្ត​ថា៖ «លក្ខណ​ពិសេស​ត្រង់​ចំណុច​ថា ​ក្លិន​ឈ្ងុយ​ លាប​លើ​ស្បែក​វា​មិន​ក្ដៅ​ វា​មិន​រោល​ មិន​រមាស់ មិន​ក្រហាយ មិន​របក​ស្បែក​អី​អ៊ីចឹង​»​។

ប្រេង​កូឡា និង​ប្រេង​ខ្យល់​ដែល​វេច​ខ្ចប់​ហើយ​ ​អាច​រក្សា​គុណភាព​បាន​ ៥ ​ឆ្នាំ។ ចំពោះ​​ប្រេង​ប្រទាល​ធាតុ​ផ្សំ​អាច​រក្សា​​បាន​ ១ ​ឆ្នាំ​ ដោយសារ​សិប្បកម្ម​មិន​​បាន​ដាក់​សារធាតុ​គីមី​រក្សា​​ទុក​បាន​យូរ។

ប្រេង​កូឡា​ ប្រេង​ខ្យល់​ក្រោម​ឥទ្ធិពល​កូវីដ​សកល​ ក្រៅពី​អតិថិជន​ក្នុង​ស្រុក​ សិប្បកម្ម​ប្រេង​កូឡា ប្រេង​ខ្យល់​រូប​នាគ​ មាន​អតិថិជន​ជា​​ភ្ញៀវ​ទេសចរ​​ អ្នកចូលរួម​ពិព័រណ៍​នៅ​ក្រៅ​ប្រទេស​ និង​អ្នក​ជាវ​​លក់​បន្ត​តាម​ផ្សារ។

អ្នកស្រី​ថា៖ «ក្រៅ​ប្រទេស​ហ្នឹង​យើង​ធ្វើ​ពិព័រណ៍​អន្តរជាតិ​មុន​កូវីដ​ហ្នឹង​ វា​បាន​ ១ ​ឆ្នាំ ២ ​ឆ្នាំ ហើយ​យើង​មាន​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​ប្រសិទ្ធភាព​ និង​​មេដាយ​គុណភាព​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​​ពី​ឆ្នាំ​ ២០១៨»​។

តាមរយៈ​ស្ថានទូត​ខ្មែរ​នៅ​បរទេស សហគ្រាស​ក៏​​បាន​តាំង​ពិព័រណ៍​​លក់​ប្រេង​កូឡា ប្រេង​ខ្យល់​នៅ​ប្រទេស​ចិន​ ឥណ្ឌា​និង​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​។

ប៉ុន្តែ​មិន​ខុស​ពី​អាជីវកម្ម​ដទៃ ក្នុង​អំឡុង​ពេល​កូវីដ អ្នកស្រី​ សុគន្ធា ​បាន​​ផ្ដោតលើ​ការ​លក់​បែប​ឌីជីថល​ ដើម្បី​​ទាក់ទាញ​អតិថិជន​ក្នុង​ស្រុក​ ខណៈ​​ការ​លក់​ឱ្យ​ភ្ញៀវ​ទេសចរ​ និង​ទៅ​ក្រៅ​ប្រទេស​​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​ការ​ផ្ញើ​ទៅ​ក្រៅ​ប្រទេស​មាន​ការ​រឹតបន្តឹង​ច្រើន​។ បុគ្គលិក​ត្រូវបាន​កាត់​បន្ថយ​​ ៥០ ​ភាគ​រយ​ ហើយ​ពី​ជាង​ ២០ ​នាក់​មក​ត្រឹម​ជាង​ ១០ នាក់​ទាំង​ផ្នែក​ផលិត ​និង​ផ្នែក​លក់​។

ទោះ​ជា​ពុំទាន់​មាន​ប្រព័ន្ធ​គ្រប់គ្រង​តួលេខ​ច្បាស់លាស់ ក៏​សហគ្រាស​សម្គាល់​ថា ​ការ​លក់​ប្រេង​កូឡា​ ប្រេង​ខ្យល់​មិន​ថេរ​ទេ ដោយ​វា​ដាច់​​តាម​រដូវ​កាល​។ អ្នក​ស្រី​ថា៖ «យើង​នៅ​ផលិត​ដោយ​ដៃ​នៅ​ឡើយ​ទេ​អត់​ទាន់​ផលិត​ខ្សែ​ចង្វាក់​ផលិត​ទេ។ អ៊ីចឹង​កាល​ដែល​ផលិត​ចេញ ចំណុះ​ចែក​ជា​ដប ចែក​ជា​ចំណុះ​អត់​ទាន់​ចេញ​ទេ»​។

អ្នកស្រី​គ្រោង​នឹង​រៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង​តួលេខ​ជាក់​លាក់​នៅ​ឆ្នាំ​ ២០២៣​ ជា​មួយ​ផែនការ​ និង​បញ្ជី​ជាក់លាក់​ថា ​ជា​មធ្យម​ ១ ​ខែ​​ផលិត​បាន​ប៉ុន្មាន​។

ការ​តស៊ូ​នៃ​ផលិតផល​ក្នុង​ស្រុក

អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​នៃ​ការ​ផលិត​ប្រេង​កូឡា ប្រេង​ខ្យល់​ក្នុង​ស្រុក​ បញ្ហា​ប្រឈម​របស់​អ្នក​ស្រី សុគន្ធា គឺ​វិបត្តិ​ខ្វះ​ការ​គាំទ្រ​ពី​ប្រជាជន​ក្នុង​ស្រុក។ អ្នកស្រី​និយាយ​ថា៖ «ឆ្នាំ​នេះ​​ហាក់​ដូចជា​មាន​ប្រជាជន​យើង​ទទួល​ស្គាល់​បាន​ច្រើន​ជាង​មុន​តែ​បើ​និយាយ​កាល​ពី​ ៥-៦ ​ឆ្នាំ​មុន​ ពេល​ឮ​ផលិតផល​ខ្មែរ ជួន​កាល​អត់​និយាយ​រក​យើង​ផង»​។

បទពិសោធ​ចូលរួម​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ អ្នក​ស្រី សុគន្ធា បាន​ឱ្យ​ដឹង​ថា​ ការ​គាំទ្រ​ពី​​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ណាស់​។

អ្នក​ស្រី​ថា៖ «ក្នុង​ហ្នឹង​មាន​ ១ ​ភាគរយ​ទេ​ដែល​គាត់​និយាយ​ថា​ដាក់​ផលិតផល​គេ​តាំង​ពេញៗ​ហាង​ ពេញៗ​ទូ​ហើយ អ៊ីចឹង​ផលិតផល​ខ្មែរ​តិចតួច​ត្រូវ​ជួយ​ទិញ​គ្នា​។ កន្លែង​ហ្នឹង​ អរ​ណាស់ មាន​មោទនភាព​ណាស់ មាន​កម្លាំងចិត្ត​ណាស់។ ប៉ុន្តែ​​វា​មាន​ភាគ​តិច​ពេក»។

អ្នក​ស្រី​ថា៖ «ប្រសិន​បើ​មាន​ការ​សហការ​ដាក់​លក់​នៅ​តាម​បណ្ដា​ផ្សារ​ឬ​ម៉ាត​នានា​ពួក​ខ្ញុំ​អ្នក​ផលិត​ហ្នឹង​ចេះ​តែ​ប្រឹង​ទាំង​អស់​គ្នា»។

ចក្ខុវិស័យ​របស់​អ្នកស្រី​គឺ​ចង់​អភិវឌ្ឍ​អាជីវកម្ម​​តូច​នេះ​ឱ្យ​ក្លាយ​ជា​សហគ្រាស​មួយ​ដែល​មាន​បទដ្ឋាន​ត្រឹម​ត្រូវ និង​មាន​​ការ​ទទួលស្គាល់​។

ប៉ុន្តែ​ការ​បំប្លែង​ពី​អាជីវកម្ម​គ្រួសារ​ជា​សហគ្រាស​ខ្នាត​តូច​ទើប​តែ​ថ្មី​ថ្មោង​ដែល​ត្រូវការ​ពេល​វេលា ចំណេះដឹង​ ដៃ​គូ​សហការ ​និង​ដើម​ទុន​ក្នុង​ការ​ពង្រីក​ខ្លួន​។

អ្នកស្រី​បាន​ថ្លែង​ថា៖ «​ផលិតផល​យើង ​យើង​ជឿ​ជាក់​ហើយ​ អំពី​គុណភាព​ ប្រសិទ្ធភាព​ប្រេង​កូឡា​ល្អ​ឯក​ ដឹង​ច្បាស់​ថា​នឹង​អាច​ពង្រីក​ខ្លួន​បាន ថា​តើ​យើង​ពង្រីក​ដោយ​វិធី​ណា»​។

ការ​វេច​ខ្ចប់​ ការ​លក់ ការ​ធ្វើ​ទីផ្សារ និង​ការ​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​សហគ្រាស​ប្រេង​កូឡា ប្រេង​ខ្យល់​រូប​នាគ ដែល​ទាមទារ​ឱ្យ​សហគ្រាស​បន្ត​សិក្សា​ស្រាវជ្រាវ​ផ្តោត​ទៅលើ​គុណភាព​ ​ប្រសិទ្ធភាព​ជា​ចម្បង​ ​ខ្សែ​ចង្វាក់​ផលិត​ ការ​វេចខ្ចប់​ និង​សេវាកម្ម​ឱ្យ​កាន់តែ​​ប្រសើរ​ជាង​មុន​។នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកស្រី​ សុគន្ធា។

អ្នកស្រី​និយាយ​ថា៖ «​ដោយសារ​យើង​បំប្លែង​ពី​លក្ខណៈ​គ្រួសារ​ មាន​ន័យ​ថា ​ទីតាំង​ផលិត​ត្រូវការ​អាប់ដេត​ទៅលើ​ប្រព័ន្ធ​ការ​ផលិត​ឱ្យ​វា​មាន​ស្ដង់ដា​មួយ​សម្រាប់​សិប្បកម្ម​។ យើង​ត្រូវការ​ធ្វើ​រោងចក្រ ឬ​ទីតាំង​ហ្នឹង​ឱ្យ​បាន​សមរម្យ ទើប​ខាង​ឧស្សាហកម្ម​ ក៏​ដូចជា​ពាណិជ្ជកម្ម ​គេ​ចេញ​បញ្ជិកា​ផ្សេងៗ​ឱ្យ​យើង​»។

ទោះ​ជា​អ្នកស្រី​ទទួល​ស្គាល់​ថា សហគ្រាស​ប្រេង​កូឡា​ប្រេង​ខ្យល់​ពុំ​បាន​បង្កើត​ប្រាក់​ចំណេញ​អ្វី​ច្រើន​ក្នុង​អំឡុង​ពេល​ជាង​ ១០ ​ឆ្នាំ​នេះ​ក្ដី ក៏​អ្នក​ស្រី​ប្ដេជ្ញា​ថា​នឹង​បន្ត​មុខ​របរ និង​រូបមន្ត​គ្រួសារ​​នេះ​ដល់​អ្នក​ជំនាន់​ក្រោយ​ឱ្យ​បាន​គង់វង្ស​។

អ្នកស្រី​ សុគន្ធា​ បានប្រាប់​ថា៖ «​​ខ្ញុំ​កំពុង​តែ​រៀបចំ​កូន​មក​ចាប់​អាជីវកម្ម​នេះ​បណ្ដើរៗ​ក្នុង​គោលបំណង​​ចង់​ឱ្យ​គាត់​មក​បន្ត​វេន​តែ​ម្ដង»​។

សហគ្រិន​ស្ត្រី​ដែល​បន្ត​មរតក​រូបមន្ត​គ្រួសារ ​និង​ផលិតផល​ប្រេង​កូឡា​ប្រេង​ខ្យល់​ខ្មែរ​រូប​នេះ ​មាន​មោទនភាព​​ដែល​បាន​ចូលរួម​ក្នុង​ការ​លើក​មុខ​មាត់​ប្រទេស​ជាតិ​។

អ្នកស្រី​ថា៖ «ខ្ញុំ​ចង់​ឱ្យ​​នៅ​ស្រុក​ខ្មែរ​​មាន​ផលិតផល​ខ្មែរ ដាក់​ក្នុង​ផ្ទះ ក្នុង​កាបូប​ ក្នុង​កាតាប​ ក្នុង​ឡាន ដើម្បី​​ធ្វើ​ជា​គ្រូពេទ្យ​ប្រចាំ​របស់​គាត់។ គាត់​គ្រាន់តែ​លាប គ្រាន់តែ​ហិត​ក៏​ជា​សះស្បើយ​ដែរ ឬ​បាន​ពន្យារ​ពេល​ការ​ឈឺ​ចាប់​ខ្លះ​ដែរ។ នេះ​ជា​ការ​រួមចំណែក​របស់​ខ្ញុំ»​៕