សៀមរាបៈ​ ក្នុង​សម្តី​មួយៗ​បុរស​ដែល​មាន​សម្បុរ​សណ្តែក​បាយ​ម្នាក់​បាន​ឈរ​កាន់​ដាវ​លំពែង​ ហើយ​បើ​គេ​មើល​មួយ​ភ្លែត​ទៅ អ្នក​ខ្លះ​ប្រហែល​ជា​អាច​គិត​ថា​គាត់​គឺ​ជា​អ្នក​លេង​ដាវ​សាមូរ៉ៃ​ ឬ​ជា​អ្នក​ប្រយុទ្ធ​ហើយ​មើល​ទៅ ​ក៏​ប៉ុន្តែ​តាម​ពិត​ទៅ​គាត់​គ្រាន់​តែ​ជា​ជាង​ដំ​ដែក​ម្នាក់​ឈ្មោះ រុន ន​ពាន់ ​អាយុ​ ៣០​ ឆ្នាំ​ ដែល​កំពុង​រស់​នៅ​ក្នុ​ងឃុំ​រលួស ​ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀម​រាប​។

ដៃ​ម្ខាង​ទាញ​ដង​ស្នប់​ដោយ​ម្ដង​សប់​ចូល​ ម្តង​ទាញ​សប់​ចេញ​ ជា​មួយ​នឹង​ឧបករណ៍​ដែលមាន​រ​ងើ​ក​ភ្លើង​ឡើង​ក្រ​ហមរ​ងាល​នោះ​ហើយ ​គឺជា​ចង្ក្រាន​សម្រាប់​ដុត​ដែក​ឱ្យ​ទន់​ ដើម្បី​ដំ ​(លត់​) ច្នៃ​ធ្វើ​ជាដាវ​ កាំបិត​ឬគ្រឿង​សស្ត្រា​វុធ​ផ្សេងៗ​ដែល​ស្អិត​ស្អាង​​ដោយ​ដៃ​ឆ្លាក់​ច្នៃ​ចេញ​ជា​ក្បូរ​ក្បាច់​រចនា​បាន​ច្រើន​ប្រភេទ​បែប​ទម្រង់​សិល្បៈ​បាន​យ៉ាង​ល្អ​ប្រណីត​​។​

​ដោយ​បាន​រៀប​រាប់​ត្រួសៗ​ពី​រឿង​ផ្ទាល់​ខ្លួន​និង​ការ​ចេះចាំ​ជំនាញបែប​បុរាណ​នេះ ​លោក​ រុន ន​ពាន់ ​បាន​ឱ្យដឹង​ថា លោក​មាន​បងប្អូន​ប្រុស​ចំនួន ​៤ ​នាក់​ ដែលមា​ន​ឪពុក​ម្តាយ​ជា​អ្នក​ធ្វើ​ស្រែ​ចម្កា​រ ហើយ​លោក​បាន​រៀន​ចេះ​ជំនាញ​នេះ​ត​ពី​ជីតា​របស់​លោក​ដែល​គាត់​មាន​អាជីព​ជា​ជាង​ដំ​ដែក​ធ្វើ​កាំបិត​ ពូថៅ ​ឬ​គ្រឿង​ឧបក​រណ៍​ប្រើប្រា​ស់ធ្វើ​ពីដែក​ផ្សេងៗ​ទៀត​។

លោក​បាន​រំឭក​ប្រាប់​ថា ​កាល​នោះ (ក្នុង​វ័យ​ប្រហែល​ ១០​ ឆ្នាំ)​ លោក​បាន​រស់​នៅ​ជាមួយ​នឹង​ជីតា​របស់​លោក​ដោយ​រៀនអក្សរ​នៅ​សាលា​តែ​កន្លះ​ថ្ងៃទេ​ ហើយ​នៅ​សល់​ពេល​កន្លះ​ថ្ងៃ​ទៀត​គឺជួយ​សប់​ចង្ក្រាន​ខ្យល់​ឱ្យ​តា​របស់​លោក​ដែល​ជា​ជាង​ដំ​ដែក​។ ​ក្នុង​អំឡុង​ពេល​រស់នៅ​ជា​មួយ​ជីតា​គឺ​លោក​មិន​ត្រឹមតែ​ជា​ក្មេង​ចាំតែ​អង្គុយ​សប់​ខ្យល់​ចង្ក្រាន​ប៉ុណ្ណោះ​ទេ ​តែ​លោក​ត្រូវ​បាន​ជីតា​បង្ហាត់​បង្រៀន​ពី​ចំណេះ​ជំនាញ​ដំ​លត់​ដែក​ធ្វើជា​គ្រឿង​សស្ដ្រាវុធ​បុ​រា​ណ​របស់​ខ្មែរ​រហូត​ដល់​លោក​ចេះ​ចាំ​ស្ទាត់ ​និង​បន្ត​អាជីព​នេះ​ពី​ជីតា​របស់​លោក​រហូត​ដល់​សព្វ​ថ្ងៃ​។​

​លោក ​រុន​ ន​ពាន់​ បាន​និយាយ​ថា​៖ «​ការ​ធ្វើ​ដាវ​លំពែង​ឬ​គ្រឿង​សស្ដ្រា​វុធ​ទាំង​នេះ​គឺ​យើង​មិន​មែន​នឹក​ឃើញ​ចេះតែ​ធ្វើ​ទេវា​មាន​ក្បួន​ខ្នាត​របស់​វា​ បើ​យើង​ធ្វើ​ដាវ​វិញ​គឺ​គេ​ត្រូវ​គន់គូ​រមើល​ថា​ មនុស្ស​នោះ​កាន់​ដាវ​អី​ទើប​សម​។​ជំនាញ​នេះ​ខ្ញុំ​ចេះ​តាម​ជីតា​ខ្ញុំ​បូកផ្សំ​នឹង​ខ្ញុំ​សិក្សា​បន្ថែម​ពី​រូប​ចម្លាក់​នៅ​លើ​ផ្ទាំង​ថ្ម​ប្រាសាទ​អង្គរ​វត្ត​ខ្លះ​ផង​»​។​

​បើតាម​លោក ​រុន ន​ពាន់ ការធ្វើ​ឬ​ដំ​លត់​ដែក​ឱ្យ​ក្លាយ​ទៅជា​កាំបិត ​ដាវ លំពែង​ឬ​វត្ថុ​គ្រឿង​សស្ដ្រាវុធ​លម្អ​បែប​សិល្បៈ​ផ្សេងៗ​នេះ ​គឺ​មិន​ត្រឹម​តែ​គន់គូ​រផលិត​ទៅ​តាម​ក្បួនខ្នាត​ប៉ុណ្ណោះ​ទេ​ តែ​តម្រូវ​ឱ្យ​អ្នកធ្វើ​នោះ​មានចិត្ត​អំណត់​អត់ទ្រាំ​ខ្លាំង​ណាស់​ទើប​អាច​ធ្វើ​បាន​។ ព្រោះ​អ្នក​ផលិត​ត្រូវ​រង​នូវ​កម្តៅ​ភ្លើង​ត្រូវ​លើក​ញញួរ​ទម្ងន់​ធ្ងន់​លត់​ដំ​ដែក ​ដើម្បី​ឱ្យ​វា​ចេញ​ជា​រូបរាង​អ្វី​មួយ​ទៅ​​តាមចិ​ត្ត​របស់​យើង​ចង់បាន​។ ​ពិសេស​លៃ​ធ្វើយ៉ាង​ណា​កំណត់​រង្វាស់​ក្បួនខ្នាត​ឱ្យបាន​ត្រឹម​ត្រូវ​ព្រោះ​បើ​យើង​ចេះតែ​ធ្វើ​ឱ្យ​រួច​តែ​ពី​ដៃ​នឹង​នាំមក​នូវ​គ្រោះ​ដល់​អ្នក​ប្រើ​ប្រាស់​ទៀត​ផង​តែ បើ​ផលិត​ទៅ​តាម​ក្បួនខ្នាត​ឱ្យបាន​ត្រឹម​ត្រូវ​វិញ​ គឺ​នឹង​នាំមក​នូវ​សេចក្តី​សុខ​ចម្រើន​ដល់​អ្នក​ប្រើ​ប្រាស់​។

ចំពោះ​ដាវ​វិញ​លោក ​រុន ន​ពាន់ បាន​ប្រា​ប់ថា វា​មាន​ ៨​ ប្រភេទ​ រួមមាន ​ទី​១-​ ដាវ​អន្ទង់​សម័យ​លង្វែក​ ទី​២-​ ដាវ​ទោល​សម័យ​អង្គរ ​ទី​៣-​ ដាវ​ពញា​វាំង​សម័យ​ឧដុង្គ​ ទី​៤-​ ដាវ​ដែក​កំពង់​ស្វាយ​ក្នុង​សម័យ​មេទ័ព​តេជោ​មាស ​(១៦០៣)​ ទី​៥-​ ដាវ​គូ​ក្នុង​សម័យ​អង្គរ​ ទី​៦-​ ដាវ​ស្លឹក ​(​ប្រើ​ក្នុង​សម័យ​ឧដុង្គ​ និង​សម័យ​លង្វែក​) ​ទី​៧-​ ដាវ​ស្លាប ​(​ប្រើ​ក្នុង​សម័យ​ឧដុង្គ​ និង​សម័យ​លង្វែក​)​ ​និង​ទី​៨-​ លំពែង​ដែល​គេ​ប្រើ​គ្រប់​សម័យ​កាល​។​

​លោក ​រុន ន​ពាន់ ​បញ្ជាក់​ថា​ ដាវ​ចំនួន​ ៨ ​ប្រភេទ​នេះ​មិន​មែន​ចេះតែ​ប្រើ​សម្រាប់​មនុស្ស​ណា​ក៏​បាន​នោះ​ទេ​ គឺ​គេ​យក​ទៅ​​ប្រើ​​អាស្រ័យ​តាម​កម្ពស់​មនុស្ស ​ទម្ងន់​មនុស្ស ​និង​ឋានៈ​របស់​បុគ្គល​។​ បើ​អតិថិ​ជន​ណា​កុម្ម៉ង់​លោក ​គឺ​ទាល់តែ​ដឹង​ពី​ទម្ងន់ពី​កម្ពស់ និង​អាយុ​របស់​អតិថិ​ជន​នោះ​។ ដូចជា​មនុស្ស​កម្ពស់ ​១ ​ម៉ែត្រ ​៨០ ហើយ​មាន​ទម្ងន់​ជាង​ ១០០ ​គីឡូ​ក្រាម ​ដូច្នេះ​យើង​ត្រូវ​លៃលក​យ៉ាង​ម៉េច​ឱ្យ​គាត់​កាន់​ដាវ​ណា​មួយ​ឱ្យ​សម​អាយុ ​និង​ទម្ងន់​របស់​បុគ្គល​នោះ​ដែល​នេះ​សុទ្ធតែ​មើល​ក្បួន​មើល​បែប​ផែន​ទៅ​តាម​មនុស្ស​។​ តែបើ​បុគ្គល​នោះ​កម្ពស់​ ១ ​ម៉ែត្រ ​៨០ ហើយ​មាន​ទម្ងន់​ ៨០​ គីឡូ​ក្រាម មាន​ន័យ​ថា ​បុគ្គល​ម្នាក់​នោះ​ពេញ​កម្លាំង​ពេញ​ជំហរ ​ដូច្នេះ​យើង​ធ្វើ​ដាវ​នោះ​ឱ្យ​ត្រូវ​នឹង​អាយុ និង​ទម្ងន់​របស់​គេ​​។​

​លោ​ក ន​ពាន់​ បាន​បន្ត​ទៀត​ថា ដោយ​សារតែ​លោក​ផលិត​ដាវ លំ​ពែង កាំបិត​ស្នៀត​សម្រាប់តែ​ផ្នែក​ខាង​សឹក​សង្គ្រាម​ ដូច្នេះ​ហើយ​នៅពេល​ដែល​មាន​អតិថិ​ជន​ចង់​កុម្ម៉ង់​ធ្វើ​ដាវ​គឺ​លោក​គ្រាន់តែ​ទាម​ទារ​ដឹង​ពី​អាយុ​និង​កម្ពស់​គឺ​ធ្វើបាន​ហើយ​។

ទោះ​យ៉ាង​ណា ​គ្រឿង​សស្ដ្រា​វុធ​ដែល​លោក​ផលិត​ដោយ​ដៃ​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​បង្ក​បទល្មើស​អ្វី​ផ្សេង​បាន​ទេ​ ពោលគឺ​លោក​ផលិត​លក់​សម្រាប់​តែ​ដាក់តាំង​លម្អ​ប៉ុណ្ណោះ​។​ ម្យ៉ាង​វិញ​ទៀត​លោក​ចង់​ថែរក្សា​កេរ​ដំណែល​មាន​ពី​ដូនតា​មកឱ្យ​នៅ​គង់​វង្ស ​និង​ចង់​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ដឹង​ថា វត្ថុ​ទាំង​នោះ​ជា​របស់​ខ្មែរ​យើង​។ ចំពោះ​ទីផ្សារ​វិញ​ហាក់​ដូចជា​​មិនទា​ន់​ដំណើរ​ការល្អ​នៅ​ឡើយ​ទេ​ដោយ​សារ​មិន​សូវ​មាន​អ្នក​គាំទ្រ និង​មិន​ទាន់​មាន​គេ​ស្គាល់​ទូលំ​ទូលាយ​នៅ​ឡើយ​។​

​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​បំណង​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ចេះ​ស្គាល់​គ្រឿង​សស្ដ្រា​វុធ​របស់​ខ្មែរ​យើង​ថា​ របស់​ទាំង​នោះ​មាន​អ្វីខ្លះ​កុំឱ្យ​ថា​យើង​ជា​ខ្មែរ​ តែ​មិន​ស្គាល់​វត្ថុ​បុ​រា​ណ​របស់​ខ្មែរ​។គ្រឿង​សស្ដ្រា​វុធ​ទាំង​នោះ​មិន​ត្រឹម​តែ​ដូនតា​យើង​ប្រើ​សម្រាប់​វាយ​តតាំង​ជា​មួយ​សត្រូវ​ប៉ុណ្ណោះ​ទេ​ តែ​គ្រឿង​សស្ដ្រា​វុធ​មួយ​ប្រភេទៗ​វា​មាន​ទម្រង់​លក្ខណៈ​ជា​សិល្បៈ​យ៉ាង​ល្អ​ឯក​ដែល​មិន​អាច​ប្រទេស​ណា​មាន​ដូច​ប្រទេស​យើង​ឡើយ​»​។​

​លោក រុន ន​ពាន់ បាន​ពោល​ថា នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​លោក​មាន​ថវិកា​គ្រប់គ្រា​ន់​ ឬ​មាន​លទ្ធភា​ព​លោក​នឹង​បើក​បង្រៀន​ដល់​ក្មេងៗ​ឬ​យុវជន​ជំនាន់​ក្រោយៗ​ ដើម្បី​ឱ្យ​បាន​យល់​ដឹង​និង​ស្គា​ល់ពី​ស្នាដៃ​របស់​បុព្វ​បុរស​ខ្មែរ​។ ​ព្រោះ​បើ​គ្មាន​អ្នក​ថែ​រក្សា​ទេ ​គឺ​អ្វីៗ​អាច​នឹង​បាត់​បង់ ​ឬ​ត្រូវ​គេ​លួច​ចម្លង​យក​ទៅ​ប្រើ​ជា​របស់​គេ​មិន​ខាន​៕