
ធ្យូងអនាម័យច្នៃពីកាកសំណល់ធម្មជាតិ។ រូបថត សហការី
កំពង់ស្ពឺៈ នាពេលបច្ចុប្បន្ន ធ្យូងអនាម័យ មានចំហេះងំល្អ ឆេះបានយូរ ក្ដៅខ្លាំងមិនផ្ទុះ និងមានផ្សែងតិចដែលកែច្នៃពីកាកសំណល់ផ្សេងៗកំពុង តែក្លាយជាចំណុចពិសេសទាក់ទាញដល់បណ្តាម្ចាស់ហាងលក់សាច់អាំងតូច-ធំ និងភោជនីយដ្ឋាននានាជ្រើសរើសសម្រាប់ធ្វើជាដៃគូអាជីវកម្ម ព្រោះវាមិនត្រឹមតែមានគុណភាពល្អជាងធ្យូងឈើធម្មតាប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជួយសម្អាតបរិស្ថាននិងកាត់បន្ថយការបំផ្លាញព្រៃឈើទៀតផង។
បច្ចុប្បន្នសិប្បកម្មផលិតធ្យូងអនាម័យខ្នាតតូចមួយមានឈ្មោះថា «អនាម័យ BF» មានទីតាំងនៅក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានកែច្នៃកាកសំណល់ពីវត្ថុធាតុដើម ដូចជាត្រឡោកដូងស្ងួត និងគ្រាប់ត្នោតទុំស្ងួតដើម្បីផលិតជាធ្យូងអនាម័យកំពុងតែមានទីផ្សារល្អក្នុងស្រុកដែលបានបង្កើតឡើងអស់រយៈពេល៤ឆ្នាំមកហើយ។
អតីតជាកម្មករលីសែងនៅប្រទេសកូរ៉េខាងត្បូងរយៈពេល ៤ ឆ្នាំ លោក ហេង មករា ដែលសព្វថ្ងៃ គឺជាអ្នកគ្រប់គ្រងផ្នែកផលិតកម្មនៃសិប្បកម្មធ្យូងអនាម័យ BF បានលើកឡើងពីមូលហេតុដែលនាំឱ្យរូបលោកបង្កើតសិប្បកម្មនេះឡើង ដោយសារធ្លាប់បានឃើញ គេយកធ្បូងប្រភេទនេះ ទៅប្រើប្រាស់សម្រាប់ការដុតកម្តៅក្នុងរដូវរងា នៅប្រទេសកូរ៉េខាងត្បូង។
លោក ហេង មករា បានថ្លែងថា៖ «ពេលនោះខ្ញុំគិតថា វត្ថុធាតុដើម ដែលគេធ្វើធ្យូងនេះដូចជាមិនពិបាករកទេនៅស្រុកយើង ក្រោយមក ពេលមកដល់ស្រុកខ្មែរ ក៏ចាប់ផ្តួចផ្តើមគំនិតធ្វើវា។ ការផ្តើមដំបូង គ្មានទាំងចំណេះដឹង និងបទពិសោធទេ ពោលគឺមានតែទឹកចិត្តប៉ុណ្ណោះ។ ប៉ុន្តែដោយសារបច្ចុប្បន្ន បច្ចេកវិទ្យាទំនើប អាចស្រាវជ្រាវតាមអនឡាញ ឃើញថា ជំនាញនេះនៅប្រទេសថៃ និងវៀតណាម គេបានដើររួចហើយ ទើបបានទាញយកចំណេះដឹងទាំងនោះមកបំពេញបន្ថែម។
លោក ហេង មករា បានបញ្ជាក់ថា កាលពីដំបូងជាការចាប់ផ្តើមធ្វើខ្នាតតូចនៅខេត្តបាត់ដំបងក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៧។ តែដោយសារបញ្ហានៅទីនោះឆ្ងាយពីរាជធានីភ្នំពេញ និងពិបាកគ្រប់គ្រងពេក ទើបសិប្បកម្មយើងក៏សម្រេចចិត្តផ្លាស់ប្តូរមកធ្វើនៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺវិញ ចាប់ពីឆ្នាំ ២០១៩ រហូតមកទល់សព្វថ្ងៃនេះ។ សិប្បកម្មធ្យូងអនាម័យរបស់លោក ហេង មករា បានប្រើប្រាស់កម្លាំងពលកម្មមនុស្សជាង ១០ នាក់ និងផលិតចេញជាធ្យូងអនាម័យ បានជាង៣តោន ក្នុង ១ ថ្ងៃ។
លោកបានអះអាងថា ប្រសិនបើទីផ្សារពេលខាងមុខ មានតម្រូវការខ្ពស់ លោកនឹងបង្កើនការផលិតឱ្យលើសពីនេះ។ ចំពោះវត្ថុធាតុដើមមានត្រឡោកដូង និងគ្រាប់ត្នោត ដោយវត្ថុធាតុដើមទាំងអស់នេះ លោកបានប្រមូលទិញពីប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង។

ធ្យូងអនាម័យច្នៃពីកាកសំណល់ធម្មជាតិ។ រូបថត សហការី
ឯបច្ចេកទេសផលិតធ្យូងអនាម័យវិញ អ្នកគ្រប់គ្រងផ្នែកផលិតកម្មនៃសិប្បកម្មធ្យូងអនាម័យរូបនេះ បានរៀបរាប់ដោយសង្ខេបថា៖ «ដំបូងឡើយ យើងយកត្រឡោកដូងស្រស់ធម្មតាមកកិនកម្ទេច រួចហើយដុតកម្លោចវាឱ្យទៅជាធ្យូង ទាំងត្រឡោកដូង និងគ្រាប់ត្នោត។ បន្ទាប់មកទៀត យកទៅកិនក្នុងម៉ាស៊ីនឱ្យម៉ដ្ឋសិន ទើបយកលាយជាមួយរូបមន្តផ្សេងៗ រួចដាក់បញ្ចូលនៅក្នុងម៉ាស៊ីន១ផ្សេងទៀត ដើម្បីឱ្យចេញជាធ្យូងអនាម័យមក»។
ចំពោះគុណសម្បត្តិធ្យូងអនាម័យ BF នេះ វាឆេះបានយូរជាងធ្យូងធម្មតាត្រង់ថា ធ្យូងធម្មតាមានចំហេះបាន ១ ម៉ោងកន្លះ ទៅ ២ ម៉ោង ចំណែកឯធ្យូងអនាម័យមានចំហេះពី ៣ ម៉ោងកន្លះ ទៅ ៤ ម៉ោង និងមិនមានការផ្ទុះ និងមិនមានផ្សែង ដូចធ្យូងធម្មតាទេ។ សម្រាប់លក្ខណពិសេសរបស់ធ្យូងអនាម័យ គឺវាឆេះបានយូរក្តៅខ្លាំង ឆេះគ្មានផ្កាភ្លើង គ្មានកម្ទេចគ្មានក្លិន មានផ្សែងតិច និងមានការវេចខ្ចប់ក្នុងទម្ងន់ ២០ គីឡូ។ តម្លៃធ្យូងអនាម័យវិញ ១ គីឡូ ១ ៤០០ រៀល ខណៈធ្យូងឈើធម្មតា ១ គីឡូតម្លៃដល់ទៅ ១ ៥០០ រៀល។
លោក ហេង មករា បានបញ្ជាក់ថា ការបង្កើតសិប្បកម្មធ្យូងអនាម័យនេះ ក៏ជាការចូលរួមចំណែកកាត់បន្ថយការបំផ្លាញព្រៃឈើ ជួយថែរក្សាបរិស្ថាន ដោយសារឃើញថា ធ្យូងព្រៃធម្មជាតិបានធ្វើឱ្យប៉ះពាល់ដល់ការបំផ្លាញបរិស្ថាន ដូច្នេះ ចង់ឬមិនចង់ពេលអនាគតព្រៃឈើនឹងអស់វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានដែលជាធនធានធម្មជាតិរបស់យើង។
លោកបានបន្ថែមថា៖ «អ៊ីចឹង យើងចាប់ផ្តើមកែច្នៃកាកសំណល់ ដូចជា សំរាមត្រឡោកដូង និងគ្រាប់ត្នោតមកជាធ្យូងអនាម័យមកជំនួសការប្រើធ្យូងព្រៃវិញ។ម្យ៉ាងទៀតឃើញថា មានតម្រូវការប្រើប្រាស់ធ្យូងពីម្ចាស់ហាងសាច់អាំងតូច-ធំ និងតាមភោជនីយដ្ឋាននានាក៏ត្រូវការដុតធ្យូងនេះច្រើនដែរ។ ដូច្នេះយើងបានជួយសម្រួលដល់ការប្រើប្រាស់របស់ពួកគាត់ផង និងជួយបរិស្ថានយើងផង»។
សម្រាប់ការធ្វើអាជីវកម្មធ្យូងអនាម័យនេះ លោកឱ្យដឹងថា នឹងស្វាគមន៍ជានិច្ចចំពោះប្រជាពលរដ្ឋឬយុវជន ដែលចង់ចេះជំនាញនេះ ឬចង់សហការក៏បាន គឺលោកនឹងចែករំលែកអ្វី ដែលលោកមានដោយពុំលាក់លៀមឡើយ។ សព្វថ្ងៃនេះ ធ្យូងអនាម័យ BF ត្រូវបានចែកចាយលើទីផ្សារធំនៅរាជធានីភ្នំពេញ បន្ទាប់មកមានខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តផ្សេងៗទៀត។

ស្ដ្រី ២ នាក់ ក្នុងពេលកំពុងច្រកធ្យូងអនាម័យចូលក្នុងការ៉ុង កាលពីពេលកន្លងទៅ។ រូបថត សហការី
ចំណែកឯសិប្បកម្មផលិតធ្យូងអនាម័យកែច្នៃពីអាចម៍រណារសុទ្ធ ១០០ ភាគរយ ដែលមានឈ្មោះថា «Organic Charcoal» របស់យុវជន លី សុវណ្ណដា មានវ័យ ២៨ ឆ្នាំ បានបង្កើតកាលពីឆ្នាំ ២០២១ មក មានទីតាំងនៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សព្វថ្ងៃនេះ ក៏កំពុងតែមានការបញ្ជាទិញពីអតិថិជនច្រើននៅតាមខេត្តព្រះសីហនុ ខេត្តកោះកុង និងនៅរាជធានីភ្នំពេញផងដែរ។
យុវជន លី សុវណ្ណដា ជាម្ចាស់អាជីវកម្មធ្យូងអនាម័យ Organic Charcoal ដែលប្រើគំនិតច្នៃអាចម៍រណារទៅជាធ្យូងអនាម័យដែលអាចរកប្រាក់ចំណូលបានប្រមាណ ៤ ០០០ ដុល្លារ ទៅ ៥ ០០០ ដុល្លារ ក្នុង ១ ខែ ខណ:បច្ចុប្បន្នធ្យូងអនាម័យរបស់លោកកំពុងតែមានតម្រូវការខ្ពស់នៅតាមហាងលក់សាច់អាំងនានាដោយសារតែមានតម្លៃសមរម្យ។
លី សុវណ្ណដា បានឱ្យដឹងថា បានបើកសិប្បកម្មកែច្នៃអាចម៍រណារ មកធ្វើជាធ្យូងអនាម័យនេះ ដើម្បីផ្គត់ផ្គង់ក្នុងស្រុកក៏ដូចជានាំចេញទៅកាន់រាជធានីខេត្តផ្សេងៗ មានរយៈពេលជិត ២ ឆ្នាំមកហើយ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ ដោយនេះ គឺជាការជំនួសធ្យូងធម្មជាតិ ផលិតពីការដុតឈើព្រៃនោះ។
មូលហេតុដែលនាំឱ្យយុវជនរូបនេះបើកសិប្បកម្មកែច្នៃអាចម៍រណារមកធ្វើធ្យូងអនាម័យ ដោយសារមើលឃើញពីទីផ្សារក្នុងពេលបច្ចុប្បន្ន ធ្យូងអនាម័យ កំពុងតែមានទីផ្សារល្អ ជាពិសេសចង់រួមចំណែកក្នុងការលុបបំបាត់ការកាប់បំផ្លាញព្រៃឈើដែលយកមកផលិតជាធ្យូងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
យុវជន លី សុវណ្ណដា បញ្ជាក់ថា៖ «មូលហេតុធំ ដោយសារតែខ្ញុំមើលឃើញអាចម៍រណារតាមសិប្បកម្មអារឈើ គេយកទៅចោល អត់មានតម្រូវការច្រើនទេ! អ៊ីចឹងទើបខ្ញុំយល់ថា គួរតែមានអ្វីយកវាទៅប្រើឱ្យអស់ពីលទ្ធភាព ទើបសិក្សារឿងធ្យូងហ្នឹង។ ម្យ៉ាងទៀតចង់ឱ្យមានផលិតផលមួយអាចជំនួសធ្យូងព្រៃ ដោយសារការកាប់បំផ្លាញព្រៃឈើពី ១ ឆ្នាំ ទៅ ១ ឆ្នាំ មានការកើនឡើងច្រើន»។
លោកបន្តថា សម្រាប់បច្ចេកទេសក្នុងការផលិតធ្យូងអនាម័យ គឺបានសិក្សាតាមអ៊ីនធឺណិតផង និងមានការផ្ដល់មតិយោបល់ពីខាងមិត្តភក្តិ ក៏ដូចជាការស្វែងយល់តម្រិះវិជ្ជាខ្លះៗ ពីជនជាតិចិន ដែលធ្លាប់បានធ្វើការជាមួយគ្នា។
លោក លី សុវណ្ណដា បានបន្ថែមថា៖ «ក្នុង ១ ខែ យើងអាចផលិតធ្យូងអនាម័យបានប្រមាណ ១០ ទៅ ១៥ តោន និងអាចរកចំណូលបានពីចន្លោះពី ៤ ០០០ ដុល្លារ ទៅ ៥ ០០០ ដុល្លារ ក្នុង១ ខែ»៕