​ភ្នំពេញៈ​​ ដោយ​មាន​អំណោយ​ទាន​ខ្លួន​ឯង​ធ្លាប់​ជា​សិស្ស​ពូកែ​ខាង​ផ្នែក​ភាសា​ខ្មែរ​កាល​ពី​នៅ​រៀន​វិទ្យា​ល័យ​គួប​ផ្សំ​នឹង​ការចូល​ចិត្ត​អាន​សៀវភៅ​ច្រើន​ និង​មាន​ការ​លើក​ទឹក​ខ្លាំង​ពី​សំណាក់​មិត្ត​ភក្តិ​ឱ្យ​និពន្ធ​រឿង​ប្រលោម​លោក​ខ្លី​នោះ​​ ទើប​បាន​ជំរុញ​ចិត្ត​យុវជន​ទឹម​ម៉ា​នី​តាំង​ពី​មាន​វ័យ​ម្ភៃ​ឆ្នាំ​ប្លាយ​ចាប់​ផ្តើម​បង្កើត​ស្នាដៃ​ដំបូង​នា​ឆ្នាំ​ ១៩៧២ ​បន្ត​ដល់​សព្វ​​ថ្ងៃ​រំលង​វេលា​ជិត​អស់​ ៥០ ​ឆ្នាំ​ លើ​កិច្ចការ​តែង​និពន្ធ​ដែល​គ្រា​ដំបូង​នោះ​គ្រាន់តែ​ជា​បង្អែម​ជីវិត​របស់​លោក​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ន​លោក ​ទឹម ម៉ា​នី អតីត​ជា​ឧត្តម​មន្ត្រី​ចូល​និវត្តន៍​ដែល​ធ្លាប់​មាន​តួនាទី​ជា​អគា​ធិ​ការរង​នៅ​ក្រសួង​បរិស្ថាន​មាន​វ័យ​ ៧៦ ​ឆ្នាំ​ហើយ​។​ តែ​សម្រាប់​កិច្ចការ​តែង​និពន្ធ​ប្រលោម​លោក​វិញ​លោក​កវី​រូបនេះ ​នៅតែ​បន្ត​ការ​សរសេរ​ជា​រហូត​សម្រាប់​ជីវិត​នៅ​សេស​សល់ ក្រោយ​ពី​ការងារ​ជា​ឧត្តម​មន្ត្រី​របស់​លោក​បាន​អស់​សុពល​ភាព​មក​នោះ​។​

​លោក​ ទឹម ម៉ានី មាន​ស្រុក​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ កើត​នៅ​ថ្ងៃទី​ ៩ ​ខែវិច្ឆិកា ឆ្នាំ​ ១៩៤៦ ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​នូ​កន​នៅ​ចន្លោះ​ឆ្នាំ​ ១៩៥២-​១៩៦៥​ ហើយ​បាន​បន្ត​ការ​សិក្សា​កម្រិត​វិទ្យា​ល័យ​នៅ​ចន្លោះ​ឆ្នាំ ​១៩៥៨-​១៩៦៥​ នៅ​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី ​រាជ​ធានី​ភ្នំពេញ​។​

​កវី​ជើង​ចាស់​លោក ​ទឹម ម៉ា​នី ដែល​បាន​ហែល​ឆ្លង​កាត់​នូវ​បទ​ពិសោធ​តែង​និពន្ធ​ជិត ​៥០ ឆ្នាំ​មក​នេះ​ គឺជា​បញ្ញវន្ត​ខ្មែរ​ ១ ​រូប ដែល​ទទួល​បាន​ការ​សិក្សា​ក្នុង​កម្រិត​ខ្ពស់ ទាំង​នៅ​ក្នុង​ស្រុក​ខ្មែរ និង​នៅ​បរ​ទេស ដោយ​សារ​លោក​ទទួល​បាន​សញ្ញា​បត្រ​ថ្នាក់​បរិញ្ញា​បត្រ​ ២ និង​សញ្ញា​បត្រ​អនុ​បណ្ឌិត​ ២​។

​លោក​ ទឹម ម៉ា​​នី បង្ហើប​ពី​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​លោក​នៅ​កម្រិត​មហា​វិទ្យា​ល័យ​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ បាន​ដឹង​ថា​៖ «​ឆ្នាំ​ ១៩៦៦-១៩៧១​ ខ្ញុំ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​ច្បាប់​នៅ​មហា​វិទ្យា​ល័យ​នីតិ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​នៅ​ប្រទេស​ខ្មែរ​។​​ ឆ្នាំ​ ១៩៨១-​១៩៨៤​ បាន​បញ្ចប់​ការសិក្សា​បរិញ្ញា​បត្រ​នៅ​មហាវិទ្យា​ល័យ​ផ្នែក​សំណង់​នៅ​ទីក្រុង​គៀវ​ប្រទេស​អ៊ុយ​ក្រែ​ន​។​នៅ​ឆ្នាំ​ ១៩៨៤-​១៩៨៧​ បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ច្បាប់​នៅ​សា​កល​វិទ្យា​ល័យ​មួយ​នៅ​ក្នុង​ទីក្រុង​លី​យ៉ុង​ (Lyon) ​ប្រទេស​បារាំង​និង​ឆ្នាំ​ ១៩៨៧-១៩៨៩ ​បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ដំណាំ​ដូង​ប្រេង​នៅ​សាកល​វិទ្យា​ល័យ​មួយ​នៅក្នុង​ទីក្រុង​ចូរ​ហ័​របា​រូ (Johor Bahru) ប្រទេស​ម៉ាឡេ​ស៊ី​»​។​

​សម្រាប់​ការ​តែង​និពន្ធ​វិញ ទោះ​បីជា​រូបលោក​កំពុង​ជាប់​រវល់​ក្នុងការ​សិក្សា ទាំង​ក្នុង​ប្រទេស និង​នៅ​បរទេស​ក្តី ឬ​នាពេល​បាន​បម្រើ​ការងារ​ជា​មន្ត្រី​ក្នុង​ក្រប​ខ័ណ្ឌ​ស្រួ​ង​បរិស្ថាន​ក្តី ក៏​លោក​ ទឹម ម៉ា​នី នៅតែ​អាច​ឆ្លៀត​និពន្ធ​រឿង​បាន​ជារឿយៗ​ តាម​ភាព​ជាក់​ស្តែង មិន​ដំអក់​ពេល​វេលា​ចោល​ឡើយ​។

​ក្នុង​រយៈ​ពេល​ជិត​ ៥០ ​ឆ្នាំ​មក​នេះ​កវីនិពន្ធ ​ទឹម ម៉ា​នី ដែល​លោក​តែងតែ​ដាក់​ខ្លួន​ឯង​ត្រឹមតែ​ជា​ «​ស្មេរ​» ​មួយរូ​ប​ក្នុង​កិច្ចការ​សំណេរ​ប្រលោម​លោក បាន​និពន្ធ​ប្រលោម​លោក​សរុប​បាន​ចំនួន ​៣០៦ ​រឿង គិត​មក​ទល់​ត្រឹម​ឆ្នាំ​ ២០២២ ​នេះ​។

​កវី ទឹម ម៉ា​នី បង្ហើប​ពី​ហេតុ​ផល​និង​ដើម​ចម​នៃ​ការចាប់ផ្តើម​សរសេរ​រឿង​ដំបូង​ថា​៖ «​បើ​និយាយ​ឱ្យចំ​គឺ​រូបខ្ញុំ​មិនមាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​ឬ​ជា​កវីនិពន្ធ​អី​នោះទេ​។​តែ​ដោយ​សារ​ខ្ញុំ​ជា​សិស្ស​ពូកែ​ភាសា​ខ្មែរ​ និង​គណិត​វិទ្យា​កាល​នៅ​រៀន​វិទ្យា​ល័យ ហើយ​ដោយ​ពួកម៉ាក ​(​មិត្ត​ភក្តិ​)​ ជួយ​ជំរុញ​ផង ខ្ញុំ​ក៏​ចាប់​ផ្តើម​សរសេរ​រឿង​ប្រលោម​លោក​ដំបូង​រឿង «​បក្សី​ចាក​មែក​» ឆ្នាំ​ ១៩៧២ និង​បាន​បោះ​ពុម្ព​ផ្សាយ​ឆ្នាំ​ ១៩៧៣ ​ហើយ​លក់​ដាច់​ជាទី​បំផុត​»​។

​លោក​បាន​បន្ត​ថា​៖ «​ទាំងនេះ​ដោយ​សារ​តែ​រូបខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​ច្រើន​ណាស់​មិន​ថា​ជា​ភាសា​ខ្មែរ​ ឬ​ភាសា​បរទេស​នោះ​ទេ ​គឺ​ខ្ញុំ​អាន​ច្រើន​ទើប​អាចឱ្យ​ខ្ញុំ​មាន​កេ​រ្ត៍​ឈ្មោះ​មកដល់​សព្វ​ថ្ងៃនេះ​។​ បើ​និយាយ​ពី​ដើម​កំណើត​របស់ខ្ញុំ​វិញ​ គឺមាន​ត្រកូល​ជា​កូន​ច្បង​របស់​គ្រួសារ​នាយ​ទាហាន​ជើង​ទឹក ​និង​ជីដូន​ជីតា​ជា​មន្ត្រី​រាជ​ការ​ទាំងអស់​។​ ក្រោយ​ចាក​ចេញ​ពីរ​បប​ ប៉ុល ពត​ មក ខ្ញុំ​ចាប់​ផ្តើម​សរសេរ​រឿង​ប្រលោម​លោក​ (​ជាការ​សរសេរ​ដោយ​ដៃ​កាល​នោះ​)​ នៅលើ​សៀវភៅ​លក់​ឱ្យ​គេ នា​ឆ្នាំ​ ១៩៨២ រហូត​មក​ដល់​បច្ចុប្បន្ន​។ បើ​គិតពី​ដំបូង​មក​ត្រឹម​ឆ្នាំ​ ២០២២ ​នេះ ការ​ប្រឡូក​នៅ​ក្នុង​កិច្ចការ​សរសេរ​រឿង​ប្រលោម​លោក​ មាន​រយៈ​ពេល​ ៤៩ ​ឆ្នាំ​ហើយ​»​។

​ក្នុង​នាម​ជា​កវីនិពន្ធ​ ១​ រូប ​ដែល​មាន​បទ​ពិសោធ​ជិត​កន្លះ​សតវត្សរ៍​ និង​មាន​ភាព​ឧស្សាហ៍​ខ្លាំង​នៅ​ក្នុង​ការ​រិះរក​គំនិត​ឱ្យមាន​ភាព​សម​ស្រប​ទៅតាម​តថ​ភាព​សង្គម ​ទើប​លោក ​ទឹម ម៉ា​នី បាន​ដាក់​ការ​កំណត់​សម្គាល់​លើ​ខ្លួនឯង​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ គឺ​ត្រូវ​ចាត់​ទុក​ខ្លួន​ឯង​ថា ​ជា​ «​អ្នក​សន្សំរឿង​» ​ទើប​អាច​សម្បូរ​គំនិត​សរសេរ​រឿង​។​

​លោក​ ទឹម ម៉ា​នី ក៏បាន​បញ្ជាក់​ពី​របៀប​បង្កើត​សាច់​រឿង​ប្រលោម​លោក​របស់ខ្លួន​ដែរ​ថា​៖ «​សម្រាប់​រូបខ្ញុំ​ គឺមាន​ទម្លាប់​អាន​សៀវ​ភៅ​ឱ្យ​បាន​ច្រើន ហើយ​យក​គំនិត​នានា​មក​វិភាគ​ ដើម្បី​ចម្រាញ់​ចេញ​ជា​គំនិត​ថ្មី​ក្នុងការ​តែង​និពន្ធ​ជា​រឿង ហើយ​ការបង្កើត​រឿង​ប្រលោម​លោក​នីមួយៗ ​ខ្ញុំ​តែង​យក​នូវ​អ្វី​ជា​តថ​ភាព​ពិត​ចំនួន ​៥០​ ភាគ​រយ​ បូកផ្សំ​នឹង​ការច្នៃ​ប្រឌិត​ចំនួន​ ៥០​ ភាគ​រយ​ មក​គួបផ្សំ​គ្នា​បាន​ចំនួន ​១០០ ​ភាគ​រយ ​ទើប​ប្រែក្លាយ​ឱ្យ​ទៅ​ជា​រឿង​ប្រលោម​លោក​នានា​តាម​សភាព​ជាក់​ស្តែង​ក្នុង​សង្គម​»​។

​ភាព​រីករាយ​សប្បាយ​ចិត្ត និង​ជាទី​មោទន​ភាព​ខ្លាំង​ក្នុង​កិច្ចការ​និពន្ធ​នេះ ​ដែល​ប្រមូល​ផ្តុំ​ដោយ​គំនិត​ផ្ទាល់​ខ្លួន​ បូក​ផ្សំ​នឹង​បទ​ពិសោធ​ដើម្បី​រៀបចំ​ទុកជា​ក្បួន​ខ្នាត ជា​មេរៀន សម្រាប់​អ្នក​ជំនាន់​ក្រោយ ក្នុងការ​ហាត់​តែង​និពន្ធ​ប្រលោម​លោក ​កវី ទឹម ម៉ា​នី ក៏បាន​និពន្ធ​សៀវភៅ​ ១​ ក្បាល ​មាន​កម្រាស់​ ១២៣ ​ទំព័រ​ ដោយ​មាន​មាតិ​ការឿង​សំខាន់ៗ​ចំនួន​៧​ចំណុច​ មាន​ចំណង​ជើង​ថា​ «​សិល្ប៍​វិធី​តែង​និពន្ធ​ប្រលោម​លោក​» ហើយក៏​ទទួល​បាន​ពេញ​និយម​គាំទ្រ​ខ្លាំង​ពី​អ្នក​អាន​និង​បាន​បោះ​ពុម្ព​ផ្សាយ​ច្រើន​លើក​ទៀត​ផង កាលពី​ឆ្នាំ​ ២០១៨​។

​លោក ទឹម ម៉ា​នី បាន​បញ្ជាក់​ប្រាប់​ថា​៖ «​សៀវភៅ​ដែលមា​ន​ចំណង​ជើង​ថា «​សិល្ប៍​វិធី​តែង​និពន្ធ​ប្រលោម​លោក​» នោះ មាន​មាតិកា​សំខាន់​ ៧ ​ចំណុច​។ ទី​១ គោល​គំនិត ទី​២ ការ​រៀបចំ​គម្រោង​នៃ​សាច់​រឿង ទី​៣ ការ​ពណ៌​នា​រៀបរាប់ ​ទី​៤ មនោ​សញ្ចេត​នា ទី​៥ តើ​អ្វី​ទៅ​ហៅ​ថា​សាច់​រឿង​?​តើ​គួរ​ដាក់​ចំណង​ជើង​សម​នឹង​សាច់រឿង​ឬទេ​?​ទី​៦ ការពិត​ឬ​ស្រមៃ​អាស្រ័យ​ទៅ​អ្វី​?​ និង​ទី​៧​ មតិ​ចុង​ក្រោយ​។​

សៀវ​ភៅ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រិយ​មិត្ត​អ្នក​អាន​និង​បាន​បោះ​ពុម្ព​រហូត​ដល់​ចំនួន​ ១០ ​លើក​ឯណោះ​ មាន​ចំនួន​សរុប​ ១​ ម៉ឺន​ក្បាល​។​ ការ​បោះពុម្ព​ផ្សាយ​លើក​ដំបូង​នៅ​ថ្ងៃទី​ ១០​ ខែមករា​ ឆ្នាំ​ ២០១៨​ ហើយ​ ១ ​លើក​បោះ​ពុម្ព​ ១ ០០០​ ក្បាល​។ ភាគ​ច្រើន​អ្នក​ជាវ​សៀវភៅ​នេះ​គឺ​មកពី​មនុស្ស​គ្រប់​ស្រទាប់​វ័យ​និង​សម្បូរ​បងប្អូន​ដែល​ជា​មន្ត្រី​រាជ​ការ បម្រើការ​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង ជាវ​ច្រើន​ក្បាល​ដើម្បី​ចែក​ជូន​គ្នា​ផង​ដែរ​»​។​

​លោក​កវី ​អតីត​ជា​ឧត្តម​មន្ទ្រី​ចូល​និវត្តន៍​នៅ​ក្រសួង​បរិស្ថាន​រូបនេះ​បាន​បន្ថែម​ថា​៖ «​សម្រាប់​ស្នាដៃ​ជា​រឿង​ប្រលោម​លោក ដែល​បាន​និពន្ធ​សរុប​ ៣០៦ ​រឿង​នោះ ​ខ្ញុំ​ពេញ​ចិត្ត​ជាងគេ​មាន​ចំនួន​ ៥ ​រឿង​។​រឿង​ទាំង​នោះ​រួមមាន​ដូច​ជា​រឿង ​«​ឃ្លោក​លិច​​អំបែង​អណ្តែត​» រឿង ​«​កវី​ផ្សង​ស្នេហ៍​» រឿង​ «​ពស់​សក​ស្រកា​» រឿង «​អក្ខរា​ដួងចិត្ត​» និង​រឿង «​ម៉ែ​» ដោយ​ទាំង​អស់​នេះ គឺជា​មោទក​ភាព​របស់​ខ្ញុំ​ដល់​សព្វ​ថ្ងៃ​»៕