បាត់ដំបង: ថ្វីដ្បិតតែ​អ្នកស្រី ឆាត សុឃឿប បាន​ក្លាយ​ជា​អ្នក​តម្បាញនិង​លក់​ផលិតផល​ប្រើប្រាស់​ពី​ដើម​ចេក​ដោយ​ចៃដន្យ​ តាម​រយៈ​ការ​ដឹក​មុខ​ពី​សំណាក់​ប្អូន​ប្រុស​យ៉ាង​ណា​ក៏ដោយក៏​វាជា​មុខ​របរ​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ដែល​អ្នកស្រី​ប្រាថ្នា​ចង់​ធ្វើ​តាំង​ពី​ដើម​រៀងមក​។

​កាបូប​យួរដៃសម្រាប់​ចូលរួម​ក្នុង​ឱកាស​ពិធី​មង្គល​ការ កន្ដ្រក​ដាក់​អីវ៉ាន់​ទៅ​ផ្សារ និង​ខ្សែ​យួរ​កែវ​ភេសជ្ជៈ​របស់​សិប្ប​កម្ម​អនុសារ​តម្បាញ​ចេក​ខ្មែរ គឺជា​​ផលិត​ផល​ច្នៃ​ពី​ដើម​ចេក​របស់​អ្នកស្រី​ សុឃឿប ​ដែល​ខិតខំពុះពារ​ទាំង​ការ​រៀន​សូត្រនិង​ការ​ផលិត​លក់​លើ​ទីផ្សារ​។

ជាមួយ​តម្លៃ​ចាប់​ពី​ ១០​ ដុល្លារ​ រហូតដល់​ជាង ២០ ​ដុល្លារ​ សម្រាប់​កន្ដ្រក និង​កាបូប​ មហាជន​ជា​ច្រើន​ ដែល​ចាប់​អារម្មណ៍​នឹង​ផលិតផល​តម្បាញ​ដោយ​ដៃ​ក្នុង​ស្រុកបាន​ត្អូញត្អែរ​អំពី​ការ​លក់​តម្លៃ​ខ្ពស់​ ខណៈ​វត្ថុ​ធាតុ​ដើម​ងាយ​ស្រួល​រកនិង​មាន​តម្លៃ​ថោក​។

អ្នកស្រី​ សុឃឿប ​ដែល​ជា​គ្រូ​បង្រៀន​នៅវិទ្យា​ល័យ​មួយ​ ក្នុង​ខេត្ដ​បាត់​ដំបង​ស្ថិត​នៅ​ក្បែរ​រមណីយ​ដ្ឋាន​ភ្នំសំពៅស្រុក​បាណន់​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «ខ្ញុំ​សង្កេតឃើញ​ថាមាន​មនុស្ស​ចាប់​អារម្មណ៍​ចំពោះ​ផលិតផល​ទាំង​នេះ​។ ប៉ុន្ដែ​នៅពេល​បាន​ដឹង​តម្លៃពួកគាត់​គិត​ថា វា​មិន​សម​នឹង​តម្លៃ​ថ្លៃ​អ៊ីចឹង​។ តាម​ការ​ពិតអ្នក​ផលិត​នេះ​ មិន​សូវ​បាន​អី​ប៉ុន្មាន​ទេដោយសារ​ស្រឡាញ់​ផង​ទេ ដែល​ខំ​បន្ដ​​កិច្ចការ​នេះ​​»​។

អ្នក​គ្រូបាន​បន្ដថា​៖ «សូមការ​យោគ​យល់​ពី​អតិថិជន​និង​មហាជន​ទាំង​អស់​ដែល​មាន​ការ​ចាប់​អារម្មណ៍​លើ​ផលិតផល​ទាំងនេះ​មែន តែ​ពួក​គាត់​ខ្លះ​មិន​បាន​ឱ្យ​តម្លៃ​លើ​ផល​វិបាក​នៃការផលិត​ ដោយ​គិត​ថាវត្ថុ​ធាតុ​ងាយស្រួល​រក​ ដែល​មិន​គួរ​មានតម្លៃ​ថ្លៃ​នោះទេ​។ ​តាមពិត ​ការ​ផលិត​មិន​ងាយ​នោះទេ​»។

អ្នកគ្រូសុឃឿបបាន​រំឭក​អំពី​ដើម​ចម​នៃការ​រៀន​ជំនាញ​តម្បាញ​ និង​អាជីវកម្ម​លក់​ផលិតផល​ច្នៃ​ពី​ដើម​ចេក​នេះ​ថា ការ​ផលិត​សម្ភារ​ពី​ដើម​ចេក​នេះ​គឺជា​គំនិត​ច្នៃ​ប្រឌិត​របស់​ប្អូន​ប្រុស​អ្នកស្រី​​។​ អ្នក​ទាំង​ ២ ​​ចូលចិត្ដ​ច្នៃ​របស់​នៅ​ជុំវិញ​ខ្លួន​ដែល​​គិត​ថា ​​​វាមាន​​ប្រយោជន៍​សម្រាប់​ការ​ប្រើប្រាស់និង​ជួយ​ដល់​សង្គម​។

​ដំបូង​ឡើយប្អូន​ប្រុស​អ្នកស្រី​​ ឧស្សាហ៍​ទៅ​ដី​ចម្ការ​ក្រោយ​ផ្ទះ​​ដែល​​ត្រូវការ​កន្ដ្រក​សម្រាប់​ដាក់​បន្លែ និង​អីវ៉ាន់​ទៅ​ចម្ការ​ទៅ​មក​ៗ។

ដោយ​មិន​ចង់​ចំណាយ​លុយ​ទិញ​កន្ដ្រក​ជ័រ​ ដែល​ប្រើ​មិន​បាន​យូរពុក​ផុយ​​​ប្អូន​ប្រុស​​​សម្លឹង​ឃើញ​គុណប្រយោជន៍​​ដើម​ចេកមុន​ពេល​កាប់​ចោល​ ដោយ​នឹក​ថា​គាត់​​​នឹង​យក​ដើម​ចេក​នោះ​មក​ច្នៃត្បាញ​​​ជា​កន្ដ្រក​ ដែល​សិក្សា​តាម​រយៈ​​យូធូប​។

ប្អូន​ប្រុសដែល​ចេះ​ជំនាញ​ត្បាញ​ស្រាប់​បាន​​​ចាប់​ផ្ដើមផលិត​​កន្ដ្រក​ធម្មតា​សម្រាប់​ដាក់​អីវ៉ាន់​ទៅ​ចម្ការ​។ ក្រោយ​មកគាត់​​​មាន​ចំណូល​ចិត្ដ​ធ្វើ​វា​ច្រើន​ឡើង​ៗ​រហូត​ដល់​ការ​​​លេង​ម៉ូដ​​ស្អាតៗ​​។

ស្ដ្រី​អាយុ ៣៥ ​ឆ្នាំរូបនេះ បាន​ឱ្យដឹងថា​៖ «មាន​ថ្ងៃ​មួយពេល​ខ្ញុំ​ត្រឡប់​មក​ពីកែ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​វិញខ្ញុំ​បាន​ឃើញ​ស្នាដៃ​គាត់​មួយ​ចុង​ក្រោយ​គេមាន​សម្រស់​ស្អាត​ខ្លាំង​ជាង​គេ​ ហើយ​ខ្ញុំ​ក៏​ឱ្យ​គាត់​ធ្វើ​ជា​កាបូប​ញ៉ាំ​ការ​សម្រាប់​ខ្ញុំ​កាន់​»។

​​ពេល​នោះ​ហើយដែល​កាបូប​ផលិតផល​ដើម​ចេក​ ត្រូវបាន​ផ្សព្វ​ផ្សាយ​ពី​ម្នាក់​ត​ទៅ​ម្នាក់​ទៀត​ក្នុង​ចំណោម​នារីៗដែល​និយម​កាន់​កាបូប​ទៅ​ញ៉ាំការ​រហូត​ដល់​មាន​ការ​កើត​ជា​គំនិត​អាជីវកម្ម​ឡើង​។

​អ្នក​ស្រី​និយាយ​ថា​ ចាប់​ពីពេល​នោះមក​​កាបូប​ដើម​ចេក​មាន​ការ​ចាប់​អារម្មណ៍​ពី​មិត្ដភក្ដិ​ ពួកគេ​ក៏​​​សាក​សួរនិង​ឆាត​សួរហើយ​ក៏​កុម្ម៉ង់​ឱ្យ​ធ្វើ​សម្រាប់​ពួក​គេ​ជា​បន្ដ​បន្ទាប់​​។

ពេល​ទទួល​បាន​នូវ​ការ​កុម្ម៉ង់​ច្រើន​ ២​ នាក់បង​ប្អូន ​​ក៏​ចាប់​ផ្ដើម​មាន​គំនិត​យក​វា​ធ្វើ​អាជីវកម្ម​តែម្ដង​។ ​ចំណុច​សំខាន់ ​គឺ​​ពួកគេ​​អាច​កែច្នៃ​របស់​របរ​ដែល​មនុស្ស​ម្នា​​​គិត​ថា​អត់​ប្រយោជន៍​។

អ្នកគ្រូ​វិទ្យា​ល័យ​រូបនេះ​បាន​បន្ដថា ​ការ​កែច្នៃ​ដើម​ចេកខុស​ប្លែកពី​គេ​ដោយ​សារ​ជាទូទៅ​សិប្បករ​មាន​ការ​កែច្នៃ​ផលិតផល​ពី​កំប្លោក​និង​ផ្ដៅ​។ លើស​ពីនេះវាមាន​ប្រយោជន៍​ជួយ​ដល់​បរិស្ថាន​ច្រើន​។​

បើ​​ស្ដ្រី​មេផ្ទះ​​ទៅ​ផ្សារដោយ​​យួរ​កន្ដ្រក​ដើម​ចេក​នេះ​វា​​ជួយ​កាត់​បន្ថយ​ប្លាស្ទិក​បាន​ច្រើន​ណាស់​ ពីព្រោះ​បើ​​អត់​មាន​កាន់​កន្ដ្រក​ទេពួកគេ​​នឹង​យួរ​មក​វិញ​នូវ​ប្លាស្ទិក​ជា​ច្រើន​។

ក្រៅពី​កន្ដ្រកផលិត​ផល​ដើម​ចេក​ក៏​អាច​ជំនួស​កាបូបប្លាស្ទិក​ ដែល​មិន​រលាយ​ក្រោយ​ពេល​ខូច​បោះ​ចោល​។

អ្នកស្រី សុឃឿប​ បាន​ឱ្យដឹងថា​ ជំនាញ​តម្បាញ​នេះ​គឺជា​មរតក​ដូច​តា​ខ្មែរ​​យូរលង់​ហើយ​ហើយ​វា​ក៏​ជិត​បាត់​បង់​​ដែរ។ ដូច្នេះអ្នក​ទាំង ២​​ គិត​ឃើញ​ថា វា​មាន​អត្ថ​ប្រយោជន៍ទើប​អ្នកស្រី​​មាន​គំនិត​ធ្វើ​អាជីវកម្ម​នេះ​នៅ​ចុង​ឆ្នាំ​ ២០១៩​។

គំនិត​អាជីវកម្ម​ត្រូវបាន​រំខាន​ដោយ​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩ ហើយ​ប្អូនប្រុស​ក៏​អស់​ទំនុក​ចិត្ដ​ក្នុងការ​បន្ដ​ផលិត​នូវ​ផលិតផល​ដើម​ចេក​ទៀត​ហើយ​​ក៏​បោះបង់​ចោល​។

ប៉ុន្ដែ​អ្នក​គ្រូ​នឹក​ស្ដាយ​ចំពោះ​អត្ថប្រយោជន៍​នៃ​ការ​ផលិត​ផលិតផល​ដើម​ចេក​ទាំង​សិល្បៈ​វប្បធម៌​នៃការ​ផលិតនិង​ទាំងការ​លើក​​ស្ទួយ​បរិស្ថាន​។

វា​គាប់​ជួន​នឹង​បំណង​របស់​អ្នកស្រីដែល​តែងតែ​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម​មួយ​ផ្ទាល់​ខ្លួនក្រៅ​ពី​អាជីព​ជាគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ក្នុង​ខេត្ដ​បាត់ដំបង។ ប៉ុន្ដែ​អ្នកគ្រូបាន​អះអាង​ថា​អាជីវ​កម្ម​នោះ​ ទាល់តែ​មានជា​ប្រយោជន៍​ដល់​សង្គម​ផង​ដែរ។

អ្នកគ្រូសុ​ឃឿបបាន​បន្ដថា​៖ «ពេល​ប៉ះ​ចំ​អាជីវកម្ម​ផលិតផល​ដើម​ចេក​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​បែប​នេះខ្ញុំ​គិត​ថាខ្ញុំ​នឹង​មិន​បោះបង់​នោះទេ​។ ខ្ញុំ​ចាប់​ផ្ដើម​រៀន​ពី​គាត់​ផងនិង​ធ្វើ​ខ្លួន​ឯង​ផង​អំឡុង​ពេល​កូវីដ ​១៩។ ខ្ញុំ​ចូល​រៀន​ជាមួយ​ស្ថាប័ន​ផ្សេងៗដូចជា SHE Investment, GIZ, UNDP, Mango Tango ជាដើម​»។

ជា​អ្នក​គាំទ្រ​ផលិតផល​តម្បាញ​ដោយ​ដៃ​ម្នាក់អ្នក​គ្រូអ៊ាង​សត្យាអាយុ​ ៣១ ​ឆ្នាំ​ បង្រៀន​នៅ​ក្នុង​ខេត្ដ​បាត់​ដំបង បាន​ទិញ​ផលិត​ផល​កន្ដ្រក​ដាក់​អីវ៉ាន់​សម្រាប់​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក។

អ្នកគ្រូសត្យាដែល​ធ្លាប់​ប្រើ​កន្ដ្រក​ត្នោត និង​រពាក់​ ជំនួស​ឱ្យ​ការ​ប្រើ​ប្រាស់​កន្ដ្រក​ជ័រ​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា៖​ «​វា​មាន​គុណភាព​ល្អ​ប្រហាក់​ប្រហែល​គ្នា។ ប៉ុន្ដែ​បើធៀបនឹង​រពាក់ផលិតផល​រពាក់​ល្អ​ជាង​»។

​បច្ចុប្បន្ន​នេះ ​អ្នកស្រី សុឃឿប ​ផលិត​​កាបូបកន្ដ្រកខ្សែ​យួរ​កែវ​ភេសជ្ជៈ​ ដែល​ម្ចាស់​ហាង​កាហ្វេ​ម្នាក់​បាន​ជាវ​ ពេល​ជួប​នៅ​ក្នុង​សិក្ខាសាលា SHE Investment ពីព្រោះ​​គាត់​​គាំទ្រ​របស់​របរ​ប្រើប្រាស់​ជំនួស​ប្លាស្ទិក​ដែរ​។

អ្នក​នាង វង់​ ចាន់​អ៊ិន​ អាយុ​ ៣០ ​ឆ្នាំ ជា​អ្នក​ជាវ​ខ្សែ​យួរកែវ​កាហ្វេ​សម្រាប់​ប្រើ​ប្រាស់​ខ្លួន​ឯង​ និង​ចែក​ចាយ​បន្ដ​នៅតាម​សណ្ឋាគារ​ និង​ភោជ​នីយដ្ឋាន​ជាច្រើន​​ក្នុង​ខេត្ដ​សៀមរាប​។

ចាន់​អ៊ិនបាន​និយាយថា​៖ «ដោយសារ​ខ្ញុំ​មាន DNA ស្រឡាញ់​របស់​ធម្មជាតិ​ ចង់​លើក​តម្កើង​ផលិតផល​ខ្មែរ​ដែល​ធ្វើ​ដោយ​ដៃ​ និង​ជួយ​ដល់​បរិស្ថាន​ថែម​ទៀត​»។

​ស្ដ្រី​រូប​នេះបាន​បន្ដថាចំពោះ​ខ្សែ​វិញ​សម្រាប់​ព្យួរ​កែវ​កាហ្វេ​នេះមាន​គុណភាព​មាំ​ល្អ ដែល​អាច​ប្រើ​ប្រាស់​បាន​លើស​ពី ២​ ដង​។​ ក្រៅពី​ខ្សែ​ចេក​សម្រាប់​ព្យួរ​កែវ​កាហ្វេអ្នកនាង​ ចាន់អ៊ិន ក៏​យក​ផលិត​ផល​​​ចង្កឹះ​ឫស្សីពី​ខេត្ដ​កំពង់​ចាម​ចែកចាយ​បន្ដ​ផង​ដែរ។

លោក នេត្រ​ ភក្ដ្រា ​រដ្ឋលេខា​ធិការ​ និង​ជាអ្នក​នាំពា​ក្យក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា ក្រុ​មហ៊ុន​ និង​សិប្ប​កម្ម​នានាដែល​កែច្នៃ​ផលិត​ផល​ជាវត្ថុ​ធាតុ​ដើម​ធម្មជាតិ​ដែល​គេ​ហៅ​ថា ជីវៈប្លាស្ទិកងាយ​រលាយ​ក្នុង​បរិយកាស​ និង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ តែងតែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​​​ក្រសួង​បរិស្ថាន​។ ​

ការ​ប្រើ​ប្រាស់​សម្ភារ​ងាយ​រលាយ​​ទាំង​នេះ ​គឺធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់​មាន​សុខភាព​​​ល្អ និង​មាន​ផា​សុកភាព​​។

​លោក​បាន​ឱ្យ​ដឹងថា ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​ទៅលើ​ការ​ប្រើ​ប្រាស់​នូវ​ផលិតផល​ប្លាស្ទិក និងបាន​ផ្លាស់​ប្ដូរ​នូវ​ឥរិយាបថ​ចំពោះ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​តាម​រយៈ​ការ​ច្រក​ថង់​រួម​ឬ​ងាក​ទៅ​ប្រើ​ប្រាស់​នូវ​កន្ដ្រក​បរិស្ថានដប​ទឹក​ដែល​អាច​​ប្រើ​​ប្រាស់​​បាន​ឡើង​វិញ។

​សិប្បកម្ម​អនុសារ​តម្បាញ​ចេកខ្មែរ​នៅ​មិន​ទាន់​មាន​បុគ្គលិក​ជាប់​លាប់​នៅឡើយ​ ដោយសារ​វាជា​អាជីវ​កម្ម​ខ្នាត​តូច​នៅឡើយ​។​ បច្ចុប្បន្ន​នេះ​អ្នក​ស្រី សុឃឿប​ មាន​សមាជិក​ជួយ​ផលិត​ខ្សែ​យួរ​កែវ​កាហ្វេ​ចំនួន ៣​ នាក់​​ ជា​ស្ដ្រី​វ័យ​ចំណាស់​នៅ​ក្នុង​ភូមិ​ក្បែរ​ខាង​នេះ​។

ចំពោះ​ដំណើរ​ការ​នៃការ​ផលិត​អ្នកស្រី​បាន​ឱ្យដឹងថា ​​វាមាន​លំនាំ​ដូច​ទៅនឹង​កំប្លោក​ដែរ។​ ចំពោះ​​គុណ​ភាព​ដែល​អ្នកស្រី​មាន​បទពិសោធ​ប្រើ​ប្រាស់​ខ្លួន​ឯង​មុន​គេវា​អាច​មាន​រយៈ​ពេល​ពី ៦​​ ខែ ទៅ ១​ ឆ្នាំ​ ចំពោះ​កាបូប​ហើយ​កន្ដ្រកអាច​មាន​រយៈ​ពេល​លើស​ ១​ ឆ្នាំ អាស្រ័យ​លើ​អ្នក​ប្រើ​ប្រាស់ចេះ​ថែទាំ​។

អ្នកស្រីបាន​ប្រាប់​ថា៖ «​ដំបូងយើង​ត្រូវ​បក​ស្រទប​ចេក​យក​ហាល​ថ្ងៃ​ និង​ច្រៀក​ជា​សរសៃ​ទៅតាម​ចំណង់​ចំណូល​ចិត្ដ​ថាជា​សរសៃ​តូច​ឆ្មារឬ​បន្ទះ​ៗ​។ អតិ​ថិជន​ខ្លះចូលចិត្ដ​ក្រឡា​សរសៃ​តូចហើយ​អតិថិ​ជន​ខ្លះ​ទៀត​ស្រឡាញ់​ក្រឡា​សរសៃ​ធំ​»។

​​នៅពេល​​​ត្បាញ​សរសៃ​ស្រទប​ចេក​ស្ងួត​ចូល​គ្នាវា​មិន​មាន​បញ្ហា​រឿង​ផុយ​ស្រួយ​នោះទេពីព្រោះ​សរសៃ​ទាំង​នោះ​ត្រូវ​បាន​​រឹត និង​កៀប​ណែន​ខ្លាំងដែល​មាន​សភាព​​រឹង​មាំ​ដូច​កំប្លោក​ដែរ​។ សោភ​ណភាព​របស់​វាក៏​មិន​ចាញ់​កំប្លោក​ដែរដោយ​អ្នក​ខ្លះ​ច្រឡំ​ថា ​ជា​ផលិតផល​កំប្លោក​ថែម​ទៀត​។

​អ្នកស្រី​​អាច​ចាប់​ជា​ម៉ូដ​សម្រាប់​ជា​កាបូប​ដៃ ឬ​កន្ដ្រកដូច​ទៅនឹងការ​លេង​ម៉ូដ​កាបូប​ និង​កន្ដ្រក​កំប្លោក​ដូច​គ្នា។ កន្ដ្រក​មួយ​អាច​ចំណាយ​ចេក ​​១​ ដើមធំ​ ឬ​ ១ ​ដើម​កន្លះ​ទៅ​ពីរ​ដើមចំពោះ​ចេក​ដើម​តូច​​​។ វាក៏​​អាស្រ័យ​លើ​គុណភាព​ចេក​ផង​ដែរពីព្រោះ​ចេក​ខ្លះ​មាន​ក្រា​ស៊ី​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ជាក់​ស្ដែង​បច្ចុប្បន្ន​នេះខ្ញុំ​មិន​អាច​ផលិត​ទាន់​អតិថិជន​កុម្ម៉ង់​នោះ​ទេដោយ​សារ​ខ្ញុំ​មាន​ភារកិច្ច​ចម្បង​ជា​គ្រូ​បង្រៀន​ ហើយ​ណា​មួយ​ខ្ញុំ​ត្បាញ​តែម្នាក់​ឯង​ចំពោះ​ផលិតផល​កាបូបនិង​កន្ដ្រក។ ខ្ញុំ​កំពុង​តែ​បណ្ដុះ​បណ្ដាល​បុគ្គលិក​ឱ្យ​ពួកគាត់​បាន​ចេះ​ដែរ។​ ប៉ុន្ដែ​ចំពោះ​ខ្សែ​យួរ​កាហ្វេយើង​អាច​ធ្វើ​ទាន់​ការ​កុម្ម៉ង់​។ ឥឡូវ​នេះយើង​មាន​ទីផ្សារ​ដល់​ភ្នំពេញនិង​សៀមរាប​ផង​ដែរ»។

អនុសារ​តម្បាញ​ចេកខ្មែរ​មិនទាន់​អាច​ដាក់លក់​ផលិត​ផល​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ឡើយ​ដោយ​ទទួល​ការ​កុម្ម៉ង់​ពី​អតិថិ​ជន​តាម​អនឡាញ​ ដែល​អ្នក​គ្រូបាន​អះអាង​ថា​ការ​ផលិត​នៅ​មិន​ទាន់​តម្រូវ​ការ​នៅឡើយ​​។

ចំពោះ​ការ​លំបាក​អ្នកគ្រូ​បាន​ឱ្យ​ដឹងថា ​បើ​មិន​ស្រឡាញ់​ ដូច​ប្អូន​​ប្រុស​អ្នកស្រី​ពួកគេ​ងាយ​នឹង​​បោះបង់​ចោល​។ វាមាន​ការ​លំបាក​ច្រើនតែ​ចំណូល​តិច​ ដោយសារ​អតិថិជន​គិត​ថា​ផលិតផល​ដើម​ចេក​ងាយ​រក​ មិន​គួរ​មានតម្លៃ​ថ្លៃ​។ ប៉ុន្ដែ​ពួកគាត់​មិន​ដឹង​ថា ការ​ផលិត​ជួប​ការ​លំបាក​ច្រើននោះទេ​។

​អ្នកស្រីបាន​រៀបរាប់​ថាទី១ ​អ្នកស្រី​​ត្រូវ​កាប់​ដើម​ចេក​ពី​ចម្ការដែល​ទាមទារ​កម្លាំង​មនុស្ស​ប្រុស​ជួយ​។ ទី២ ការ​បក​ស្រទប​របស់​វា​ទម្រាំ​រួចរាល់​ ១ ដើម​ៗ​ទាមទារ​ការ​ប្រើ​កម្លាំង​ខ្លាំង​។ ទី៣ ​ស្រទប​ចេក​​​ត្រូវ​ការ​ពេល​វេលា​យូរ​ក្នុង​ការ​ហាល​សម្ងួត​ ជាពិសេសអំឡុង​ពេល​រដូវ​ភ្លៀង​នេះ ដែល​ធ្វើ​ឱ្យ​ការផលិត​បញ្ចេញ​សម្បុរ​មិន​ស្អាត​។

អ្នក​ស្រី​បន្ដថា​៖ «​ចំពោះ​ដំណាក់​កាល​ត្បាញ​នេះវា​ក៏ប្រឈម​នឹង​បញ្ហា​សរសៃ​ស្រួយ​ដាច់​ផង​ដែរ។ យើង​ពិបាក​សារ៉េ​វា​ឡើង​វិញ​ រហូត​ដល់​វា​ក្លាយជា​រូប​រាង​កាបូបឬ​កន្ដ្រក​តែម្ដង​ ទើប​វា​ជាប់​មាំ​។ សរុប​មក​ អ្វីដែល​សំខាន់វា​ត្រូវការ​ចំណាយ​ពេល​យូរ​។ ខ្ញុំ​ចំណាយ​ពេល ​១​​ ថ្ងៃពេញ​ សម្រាប់​ការ​ផលិត​កាបូប​ញ៉ាំការ​ ១​ ហើយ​បើ​កន្ដ្រក​ធំវា​ចូល​ដល់ ៣ ​​ថ្ងៃ​»។

អ្នកស្រី​និយាយ​​ថា​៖ «​ដោយ​សារ​ចិត្ដ​ស្រឡាញ់​ទោះ​លំបាក​យ៉ាង​ណា​ពេល​ចេញ​ជា​លទ្ធផល​សម្រេច​នីមួយៗខ្ញុំ​មាន​អារម្មណ៍​ពេញចិត្ដ និង​មាន​សេចក្ដី​សុខ​នឹង​វា​។ ខ្ញុំ​ក៏​នៅ​បន្ដ​តស៊ូនិង​មិន​បោះ​បង់​ឡើយ»​។

ផលិតផល​អនុសារ​តម្បាញ​ចេក​ខ្មែរត្រូវបាន​ដាក់​លក់​តាម​អនឡាញ និង​លក់​នៅ​ផ្ទះ​ផ្ទាល់​។

កន្លង​មកអ្នក​គ្រូ​ធ្លាប់​សាក​ល្បង​យក​ទៅ​ផ្ញើ​នៅ​តាម​ហាង​នានា​ឯជើង​ភ្នំ​សំពៅ និង​ហាង​លក់​ផ្កា​មួយចំនួន​មួយ​រយៈ​ដែរ តែ​ក្រោយ​មកផលិត​ផល​ដើម​ចេក​មិន​សូវ​ត្រូវបាន​យក​ចិត្ដទុក​​ដាក់​ថែទាំ​ពី​ម្ចាស់​ហាង​ទាំង​នោះ​ដែល​ធ្វើ​ឱ្យ​វា​ធ្លាក់​គុណភាពអ្នក​គ្រូ​ក៏​សម្រេច​ចិត្ដ​បញ្ឈប់​ការ​ផ្ញើ​លក់​បែប​នេះ​។

អ្នកគ្រូ​បង្រៀន​ថ្នាក់​វិទ្យាល័យ​រូប​នេះបាន​បញ្ជាក់​ថា​៖ «​សុំចិត្ដ​ដល់​មហាជន​ទាំង​អស់បើ​ចាប់​អារម្មណ៍​លើ​ផលិតផល​តម្បាញ​ដោយ​ដៃ​ សូម​ព្យាយាម​ស្វែង​​យល់​ពីការ​លំបាក​ មិន​ថាតែ​ផលិតផល​របស់​ខ្ញុំ​នោះទេខាង​សិប្បកម្ម​កំប្លោកខាង​ផ្ដៅក៏​ជួប​ការ​លំបាក​ដូច​គ្នា​។ បើ​សិន​ជា​ផលិតផល​ផ្ដៅឬ​រពាក់ពួកគាត់​ត្រូវការ​លុក​ព្រៃ​ចូល​ទៅ​រក​វត្ថុ​ធាតុ​ដើម​»៕