ភ្នំពេញៈ កម្ម​វិធី​មហោស្រព​ល្ខោនបាសាក់​ទូទាំង​ប្រទេស ​ឆ្នាំ ២០២២ ​ក្រោម​ប្រធានបទ​ «វប្ប​ធម៌​សន្តិ​ភាព»​ ដែល​រៀបចំ​ឡើង​នៅ​រោង​មហោ​ស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ​រយៈពេល​ ២ ថ្ងៃ ​ត្រូវ​បាន​បិទ​បញ្ចប់​នៅល្ងាច​ថ្ងៃ​ទី ៤ ​តុលា ​ក្រោម​អធិបតីភាព​លោកស្រី ​ម៉ិញ ​កុសនី ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​។ រាជធានី​-ខេត្ត​ចំនួន​ ៣ ​ឈ្នះ​ជយលាភី​ ក្នុង​ការប្រកួត​ប្រជែង ​នៃ​កម្មវិធី​មហោ​ស្រព​នេះ។​​

ក្រុម​ល្ខោន​បាសាក់​មក​ពី​ខេត្ត​កែប ឈ្នះ​ពាន​រង្វាន់​លេខ ១ ​ទទួល​បាន​ពាន​មាស​ ១ ​អម​ជាមួយទឹក​ប្រាក់​ចំនួន ១០​ លាន​រៀល​ និង​ថវិកា​សប្បុរសជន ៣​ លាន​រៀល។​ ក្រុម​ល្ខោន​បាសាក់​មក​ពី​ខេត្ត​កំពង់ចាម​ ជាប់​លេខ ២ ​ទទួល​បាន​ពាន​ប្រាក់​ ១ ​អមនឹង​​ទឹកប្រាក់​ ៧​ លាន​រៀល ​ព្រមទាំង​ថវិកា​សប្បុរស​ជន​ ២​ លានរៀល​ និង​ក្រុម​ល្ខោន​បាសាក់​មក​ពី​រាជ​ធានី​ភ្នំពេញ​ ជាប់​លេខ ​៣​ ទទួល​បាន​ពាន​សំរឹទ្ធ​ ១​ អម​ជាមួយ​ទឹក​ប្រាក់​ចំនួន ​៤ លាន​រៀល ​និង​ថវិកា​សប្បុរសជន​ ១ ​លាន​រៀល។ ​

ឯ​ចំណាត់​ថ្នាក់​កិត្តិយស​ ២ ​ក្រុម ​ទទួល​បាន​ប្រកាស​នីយបត្រ ​អម​ជាមួយ​ទឹកប្រាក់​ក្នុង ​១​ ក្រុម​ បាន​ចំនួន​ ៣ លាន​រៀល​ និង​ថវិកា​សប្បុរសជន​ ក្នុង​ ១ ក្រុម​ ចំនួន​ ១ លានរៀល ​គឺ​ក្រុម​ល្ខោន​បាសាក់​មក​ពី​ខេត្ត​កណ្តាល ​និង​ខេត្ត​បន្ទាយ​មាន​ជ័យ។​​

លោក​ស្រី ម៉ិញ ​កុសនី ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ បាន​សម្តែង​ការអបអរ​សាទរ​ដ៏ស្មោះ​ចំពោះ​សិល្បករ ​សិល្បការិនី​ ល្ខោន​បាសាក់ ​ទាំងអស់ ​ដែល​ទទួល​បាន​ជយលាភី​ ក្នុង​មហោស្រព​ល្ខោន​បាសាក់​ទូទាំង​ប្រទេស​ ឆ្នាំ ២០២២​ នេះ។ ​ជាពិសេស ​លោកស្រី​បាន​លើក​ទឹក​ចិត្ត​ដល់​សិល្បករ ​សិល្បការិនី ​ដែល​មិនទទួល​បានពាន​រង្វាន់ ​និង​សុំ​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បីរួម​ចំណែក​លើកស្ទួយ​វិស័យ​សិល្បៈ​ទស្សនីយភាព​ឱ្យកាន់​តែ​រីកចម្រើន ​ប្រកប​ដោយ​និរន្តរភាព។

លោកស្រី​រដ្ឋលេខាធិការ ​លើក​ឡើង​ថា៖​ «ដូច​ដែល​យើង​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា ​មហោស្រព​ល្ខោន​បាសាក់​មិនគ្រាន់​តែ​ជាវេទិកា​ប្រកួត​ប្រជែង​យក​ពានរង្វាន់​នោះទេ​ ប៉ុន្តែ​គឺជា​ទីកន្លែង​ជួបជុំ​សិក្សាស្វែង​យល់ ​វាស់​ស្ទង់​សមត្ថភាព ​និង​ការចែក​រំលែក​បទពិសោធ​ និង​ចំណេះដឹង​ផង​ដែរ»។

លោកស្រី​បន្ថែមថា​៖ «ដូចនេះ ​គោលដៅ​សំខាន់​ នៃ​ការរៀបចំ​មហោ​ស្រព​ល្ខោន​បាសាក់​ គឺ​ដើម្បី​ផ្តល់​ឱកាស​ក្នុង​ការសិក្សា​ពី​ចំណុច​ខ្លាំង ​និង​ចំណុច​ខ្សោយ ​លើ​ផ្នែក​តាក់តែង​និពន្ធ​រឿង ​ការដឹកនាំ​ដំឡើង​រឿង ​និង​ការសម្តែង​ជាដើម ​សំដៅ​ពង្រឹង​សមត្ថភាព​ និង​លើក​កម្ពស់​វិស័យ​សិល្បៈ​ទស្សនីយភាព​មួយនេះ ​ដើម្បី​ឈាន​ទៅដល់​ការប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ»។

​​​​

លោក​ ឈាង ឆដា​ភ័ក្ត្រ ​ប្រធាន​ស្តីទី​នាយក​ដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព ​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​កាល​ពីថ្ងៃទី​ ៤ ​ខែតុលា ​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​កម្មវិធី​មហោ​ស្រព​ល្ខោន​បាសាក់​ទូទាំង​ប្រទេស​ឆ្នាំ២០២២ ​ថា ​ទាំង​ ៥​ក្រុម​ បាន​ពី​ការជម្រុះ​ចេញពី​ក្រុម​ចូល​រួម​ចំនួន​ ១០ ក្រុម ​ដែលបាន​ដាក់​ពាក្យ​ចូលរួម​ មកពី​បណ្តា​ពី​រាជធានី​-ខេត្ត។ ក្រុម​ទាំង ​៥ បាន​ប្រកួត​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដើម្បី​ទទួល​ជយលាភី​ចុង​ក្រោយ​ចំនួន ​៣ ​ក្រុម​ គឺ​លេខ ១ ​លេខ ២ ​លេខ​ ៣ ​និង​ចំនួន ២ ​ក្រុម​ ទទួលពាន​ជយលាភី​កិត្តិយស។

លោក​ ឆដា​ភ័ក្ត្រ ប្រាប់​ថា​៖ «ក្រុមសិល្បៈ​ល្ខោន​បាសាក់​ចំនួន ៥ ​ក្រុម ​ដែល​មកពី​ខេត្ត​កណ្តាល ​ខេត្ត​កំពង់ចាម ​រាជធានី​ភ្នំពេញ​ ខេត្ត​បន្ទាយ​មានជ័យ ​និង​ខេត្ត​កែប។ ក្រុម​ទាំង​ ៥​ បាន​ប្រកួត​ប្រជែងគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្ម​វិធី​មហោ​ស្រព​ល្ខោន​បា​សាក់​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ ២០២២ ​ចំនួន​ ២ ថ្ងៃ​។ ​កាលពី​ថ្ងៃ​ទី ៣ ​ខែ​តុលា ​មាន​ក្រុម​សិល្បៈ​ល្ខោន​បាសាក់​សម្តែងចំនួន​ ៣ ក្រុម​ និង​ចំនួន​ ២ ក្រុម​ បាន​សម្តែង​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ៤ ​ខែតុលា ​ឆ្នាំ ២០២២»។ ​

លោក​ ឈាង​ ឆដា​ភ័ក្ត្រ ​ក៏បញ្ជាក់​ដែរ​ថា​ ក្រុម​ល្ខោន​បា​សាក់ ​ដែល​បានដាក់​ពាក្យ ​និង​ផ្ញើ​វីដេអូ​សម្តែង​របស់​ខ្លួន​មក​ចូល​រួម​មាន​ចំនួន ​១០ ​ក្រុម ​មក​ពី ​៨​ រាជធានី​-ខេត្ត​។ ​ក្នុង​នោះ​ មាន ​រាជ​ធានី​ភ្នំពេញ ​១ ក្រុម ​ខេត្ត​កណ្តាល​ ៣​ ក្រុម​ ខេត្ត​កែប​ ១ ​ក្រុម​ ខេត្ត​កំពង់​ស្ពឺ ​១​ ក្រុម ​ខេត្ត​ត្បូងឃ្មុំ ​១ក្រុម ​ខេត្តកំពង់ចាម​ ១ ក្រុម ​ខេត្តកំពង់ឆ្នាំង​ ១ ក្រុម ​និង​ខេត្ត​បន្ទាយ​មានជ័យ​ ១ ​ក្រុម។​

កម្ម​វិធី​មហោ​ស្រព​ល្ខោន​បាសាក់​ទូទាំង​ប្រទេស ​ឆ្នាំ ២០២២ ​បាន​បញ្ចប់​ការប្រកួត​ដ៏​ស្វិតស្វាញ​ ដោយ​មាន​ការត្រួត​ពិនិត្យ​វីដេអូ​សម្ដែង​របស់​ក្រុម​នីមួយៗ​យ៉ាង​ល្អិតល្អន់​ និង​វាយតម្លៃ​ ដោយ​ស្មារតី​យកចិត្ត​ទុកដាក់​ខ្ពស់​ ពី​គណៈកម្មការ​មេ​ប្រយោគ​ចំនួន​៥រូប ​រួមមាន ​លោក​សំ​ សំអាង​ លោក​ឯល​ ប៉ុនណុល​ លោក​ណុប​ សម្បត្តិ​ លោក​ស្រី​ ឈូក​ ចាន់ដារ៉ា​ និង​លោកស្រី​ អ៊ុយ​ លតាវណ្ណ។​ គណៈកម្មការ​មេប្រយោគ​ចំនួន​ ៥រូប ​បាន​ផ្ដល់​ពិន្ទុ​យ៉ាង​សុក្រឹត​ យុត្តិធម៌​ មិន​លម្អៀង​ជូន​ដល់​ក្រុម​ប្រកួត​ទាំងអស់​ដើម្បី​ជ្រើស​យក ៥ ​ក្រុម​ចុងក្រោយ ​ទៅ​ប្រកួត​សម្ដែង​ផ្ទាល់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​សាល​មហោស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព។​​

លោក​ សំ​ សំអាង ​ប្រធាន​គណៈកម្មការ​មេប្រយោគ​ក្នុង​កម្មវិធី​មហោស្រព​ល្ខោន​បាសាក់​ទូទាំង​ប្រទេស​នេះ​ បង្ហើប​នា​ថ្ងៃ​បញ្ចប់​ការប្រកួត​មហោស្រព​ល្ខោន​បាសាក់​នោះ​ថា៖ «ក្រោយ​ពី​ចប់​កម្មវិធី​នេះ​ទៅ​ យើង​ក៏​ចង់​ស្នើ​ដល់​ក្រសួង​ផង​ដែរ ​ដើម្បី​ជួយ​សម្រួល​ដល់​ការរៀបចំ​ពេល​ក្រោយៗ​ទៀត​ ឱ្យ​មាន​ភាពងាយ​ស្រួល​ទាំង​អស់​គ្នា»។ ​

ក្នុង​សំណើ​នោះ ​ទី​១​ ចង់​ឱ្យ​ក្រសួង ​មាន​ការរៀបចំជា​សិក្ខា​សាលា​ស្តីពី​សិល្បៈ​ល្ខោន​បាសាក់ ​តាម​មូលដ្ឋាន​នានា ​នៃ​រាជ​ធានី​ និង​ខេត្ត​នីមួយៗ។ ទី២ ​ចង់​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ទម្រង់​សិល្បៈ​ល្ខោន​បាសាក់​ ឱ្យ​បាន​ច្បាស់​លាស់​ទៅ​ដល់​សហ​គមន៍​ ដែល​មាន​ក្រុម​ល្ខោន​បាសាក់​។​

នា​ឱកាស​ថ្ងៃ​បើកកម្មវិធី​មហោ​ស្រព​លោ្ខន​បាសាក់ ​កាល​ពី​ថ្ងៃទី ​៣​ ខែ​តុលា ​ឆ្នាំ ២០២២ ​លោក​ស្រី ​ភឿង សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​ក៏​បាន​ថ្លែង​ថា ​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ក្រសួង​ ពិតជា​មាន​សេចក្តី​សោមនស្ស រីក​រាយ​យ៉ាង​ក្រៃលែង ​និង​មាន​មោទនភាព​ជាពន់​ពេក​ដោយ​បាន​ឃើញ​វត្តមាន​ក្រុម​សិល្បករ​ល្ខោន​បាសាក់​ជាច្រើន​មក​ពី​បណ្តា​រាជធានី-​ខេត្ត​ បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ប្រជែង​សមត្ថភាព​របស់​ខ្លួន។

លោកស្រី​ថា ​វិធីសាស្រ្ត​នៃ​ការដឹកនាំ​រឿង ​សិល្ប៍​វិធី​នៃ​ការតាក់តែង​និពន្ធ​រឿង ​និង​សមត្ថភាព​នៃ​ការសម្តែង​ ក្នុង​កម្មវិធី​មហោស្រព​ល្ខោន​បាសាក់ ​ទូទាំង​ប្រទេស​ឆ្នាំ​ ២០២២ ​នេះ​ ក្រោម​ការខិតខំ​ និង​យក​ចិត្ត​ទុក​ដាក់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ ដោយ​មាន​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ជា​សេនាធិការ​។

លោក​ស្រី ​ភឿង​ សកុណា ​បញ្ជាក់​ថា​៖ «ខ្ញុំ​សូម​ចាត់ទុក​ មហោ​ស្រព​ល្ខោន​បាសាក់​ទូទាំង​ប្រទេស​ឆ្នាំ ២០២២ ​នេះ​ មិន​ត្រឹម​តែ​ជា​វេទិកា​សម្រាប់​ការបង្ហាញ​ការបញ្ចេញ​នូវ​សមត្ថភាព​ និង​ទេព​កោសល្យ​របស់​ក្រុម​នីមួយៗ​តែ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​នេះ​គឺជា​ពេល​វេលា​មួយ​ដ៏​ល្អ​សម្រាប់​សិល្បករ​ទាំង​ក្នុង ​និង​ក្រៅ​ប្រព័ន្ធ ​មាន​ឱកាស​បានជួប​ជុំ​គ្នា ​និង​ផ្លាស់ប្តូរ​នូវ​បទពិសោធ​ថ្មីៗ​ រវាង​គ្នា និង​គ្នា។

ខ្ញុំ​ជឿ​ជាក់​ថា ​នេះជា​វេទិកា​មួយ​ដ៏​សំខាន់​ សម្រាប់​ផ្សព្វផ្សាយ​ជូន​ដល់​មហាជន​គ្រប់​ស្រទាប់​ថ្នាក់​បាន​ទស្សនា​ និង​ស្វែង​យល់​បន្តិច​ម្តងៗ​អំពី​ទម្រង់​សិល្បៈ​ខ្មែរ​ជាច្រើន​ ដែល​ទាមទារ​ឱ្យ​មាន​ការចូលរួម​យក​ចិត្ត​ទុក​ដាក់​ ថែរក្សា ​និង​លើក​ស្ទួយ»។​

សម្រាប់​ទិសដៅ​ការងារ​ទៅ​មុខ ​ដើម្បី​ពង្រឹង ​និង​ពង្រីក​វិសាលភាព​នៃ​វិស័យ​សិល្បៈ​ទស្សនីយភាព​នៅ​កម្ពុជា​ ក្នុងនាម​ជា​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ លោកស្រី ​ភឿង សកុណា ​បាន​បញ្ជាក់​ពី​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​សម្រាប់​វិស័យ​សិល្បៈ​ថា៖«​ខ្ញុំ​សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ​ចំពោះ​សកម្មភាព​វប្បធម៌ ​ក្នុង​គោល​បំណង​ថែរក្សា​ និង​លើកស្ទួយ​សិល្បៈ​ល្ខោន​បាសាក់​។​

ជាពិសេស​ ការបង្កើត​ឱ្យ​មាន​មហោស្រព ​ឬ​ព្រឹត្តិការណ៍​វប្បធម៌​នានា ​គឺជា​ការផ្សព្វ​ផ្សាយ​ និង​ផ្តល់​ឱកាស​ដល់​សហគមន៍​ យុវជន ​យុវនារី ​ដើម្បី​ចូលរួម​ថែ​រក្សា ​ការពារ​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​ របស់​ខ្លួន​ ដូច​ពាក្យ​ថា ​កិច្ច​ថែរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌ ​គឺជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប»៕​