សៀមរាបៈ​ ស្នាម​រូប​ផ្កា​និង​ស្នាម​រូប​ស្លឹកឈើ​ជាមួយ​ពណ៌​ចម្រុះ​ដែល​មើលទៅ​រំលេច​សម្រស់​រុក្ខជាតិ​បែប​ធម្មជាតិ​ពិតៗ​ទាំង​នៅលើ​ផ្ទៃ​ក្រណាត់​សំពត់​សូត្រ​ទាំង​នៅលើ​កន្សែង​សូត្រ​យ៉ាង​ល្អ​ឯក​សម្រាប់​សុភាព​នារី។​ ផលិត​ផល​ទាំងនេះ​កើត​ចេញពី​គំនិត​ច្នៃប្រឌិត​យ៉ាង​ប៉ិន​ប្រសប់​របស់​បុរស​ម្នាក់ជា​អ្នក​ច្នៃ​ប្រឌិត​របស់​សិប្ប​កម្ម​មួយ​ឈ្មោះ​សូត្រ​មាស​ខ្មែរ (Khmer Golden Silk) នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​-​ខេត្ត​សៀម​រាប​។​

​កំពុង​ឈរ​នៅក្រោម​ពន្លឺ​ពណ៌​ស​នៃ​អំពូល​ភ្លើង​ភ្នែក​សម្លឹង​មិន​ប៉ប្រិច​ទៅរក​កម្រាល​សំពត់​សូត្រ​ដែល​ក្រាល​នៅលើ​តុ​រាង​ទ្រវែង​នៅក្នុង​បន្ទប់​មួយ​ជាមួយ​ផ្កា​ស្រស់​ផង​នោះ ​លោក​ចាន់ផាន់​នី អាយុ ៤០​ឆ្នាំ​ ជា​អ្នក​ច្នៃ​រូប​ពី​ស្លឹក​និង​ផ្កា​រុក្ខជាតិ​ផ្តិត​នៅលើ​សំពត់​សូត្រ​និង​កន្សែង​ប្រើ​សម្រាប់​សុភាព​នារី​ទាំង​ឡាយ​បង់ក​។​បុរស​រូបនេះ​បាន​ចំណាយ​ពេល​ជិត​២​ឆ្នាំ​ក្នុង​ការ​ស្រាវ​ជ្រាវ​ដើម្បី​បន្ថែម​របរ​ ១ទៀត​បន្ទាប់​ពី​របរ​លក់​ផលិត​ផល​តម្បាញ​ពី​សរសៃ​សូត្រ​ខ្មែរ​។​

​ខណៈ​កំពុង​អង្គុយ​នៅ​ក្បែរ​តុមូល​ជាមួយ​ភរិយា​ឈ្មោះ​ម៉ន​ សារឿ​ត ​ដែល​ជា​ស្ថាប​និក​នៃ​សិប្ប​កម្ម​សូត្រ​មាស​ខ្មែរ​ លោក​ ចាន់ ​ផាន់​នី បាន​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​តាម​ពិត​​លោក​បាន​បង្កើត​សិប្ប​កម្ម​សូត្រ​មាស​ខ្មែរ​មួយ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ចំពោះ​អាជីវ​កម្ម​របស់​លោក​មាន​លក់​ផលិត​ផល​ត្បាញ​ពី​សរសៃ​សូត្រ​ខ្មែរ​មាន​ដូច​ជា ភួយ​ កន្សែង​សូត្រ ​និង​មាន​ផលិត​ផល​ដែល​ផលិត​ពី​សរសៃ​សូត្រ​ជាច្រើន​ប្រភេទ​ទៀត​ប៉ុន្តែ​ដោយសារ​ប្រទេស​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​រាតត្បាត​ខ្លាំង​ នៅ​ចុងឆ្នាំ​២០១៩​ បាន​ធ្វើ​ឱ្យ​អាជីវ​កម្ម​របស់​លោក​មិន​សូវ​ដំណើរ​ការ​ល្អ​។​

​លោក​បន្តថា ​ដោយ​សារ​តែ​ នៅ​ក្នុង​ឆ្នាំ​២០១៩ ​មិន​សូវ​មាន​ការងារ​ធ្វើ​ច្រើន​ ទើបនៅ​ដើមឆ្នាំ​២០២០​លោក​បាន​ច្នៃ​ចេញ​ជា​ស្នាម​រូប​ភាព​ជា​ច្រើន​ទម្រង់​តាម​រយៈ​ការ​យក​ស្លឹក​ឈើ​និងផ្កា​ស្រស់​ៗមក​ដាក់​លើ​ផ្ទាំ​ងសំពត់​សូត្រ​រួច​មូរ​ហើយយ​កទៅ​ចំហុយ ​បន្ទាប់​មក​ក៏​លេច​ចេញ​ជា​រូប​រាង​បែប​សិល្បៈ​យ៉ាង​ស្រស់​ស្អាត​តែ​ម្ដង​។

​លោក​បន្ត​ទៀត​ថា មុន​កូ​វីដ​យើង​មាន​លក់​តាំងពី​ភួយ​កន្សែងជា​ក្រណាត់​សូត្រ​ អំបោះ​សូត្រ​ ដែលជា​ផលិត​ផល​ផលិត​នៅ​ក្នុង​ស្រុក​ខ្មែរ​សុទ្ធ​សាធ​និង​ត្បាញ​ដោយ​ដៃ​ទាំង​អស់​។ ​ផលិត​នៅ​ស្រុក​ភ្នំស្រុក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​កន្លែង​ស្តុ​ក​ផលិត​ផល​នៅ​ខេត្ត​សៀមរាប​។​ផលិត​ផល​សូត្រ​ត្បាញ​ដោយ​ដៃ​គឺ​សរសៃ​សូត្រ​មិន​អាច​ស្មើគ្នា​ដូច​ត្បាញ​ម៉ាស៊ីន​ទេ​តែ​ត្បាញ​ដោយ​ម៉ា​ស៊ិន​គឺ​សរសៃសូត្រ​ស្មើគ្នា​ល្អ​ហើយ​ផលិត​ផល​ចេញ​មក​មើលទៅ​ឃើញ​ស្អាត​សាច់​ស្មើ​។ ​បើជា​ជន​បរទេស​ភាគច្រើន​គេ​ឱ្យ​តម្លៃ​លើ​អ្វី​មួយ​ដែល​ប្រើ​ពេល​វេលា​ប្រើ​ជំនាញ​កើត​ចេញពី​ការ​ច្នៃ​ប្រឌិត​។

​លោក​ថ្លែង​ថា​៖«​យើង​ប្រើ​សូត្រ​ក្នុងស្រុក​ក៏​ប្រើ​ សូត្រ​នាំចូល​ពី​ក្រៅប្រទេស​ក៏​ប្រើ​ ដោយ​សារ​សូត្រ​ក្នុងស្រុក​យើង​ផលិត​បាន​តិច​មិនអាច​ផ្គត់​ផ្គង់​តម្រូវការ​បាន​គ្រប់គ្រាន់​។​អ៊ីចឹង​យើង​មានតែ​ប្រើ​ប្រាស់​សូត្រ​នាំចូល​ពី​ក្រៅប្រ​ទេស​ដៃរ​តែ​យើង​ធ្វើការ​បែងចែក​ផលិត​ផល​ក្នុងស្រុក​និង​ផលិតផ​ល​ក្រៅ​ស្រុក​។​ជា​បទ​ពិសោធ​ខ្ញុំ​គិតថា​វា​មានគុណ​ភាព​ដូច​គ្នា​ ប៉ុន្តែ​វា​មា​នគុណ​តម្លៃ​ផ្សេងៗ​គ្នា​និង​មាន​លក្ខណ​ពិសេស​រៀងៗ​ខ្លួន​។សូត្រ​ក្នុងស្រុក​យើង​ប្រើ​កម្លាំង​ពលកម្ម​ដោយ​ដៃ​ដែល​ទាំងនេះ​ជាការ​ងារ​មួយ​ប្រើ​ចំណេះ​ជំនាញ និង​ចំណាយ​ពេល​វេលា​ស្វែង​យល់​ច្រើន​»​។​

​ពាក់​ព័ន្ធ​នឹង​គំនិត​ច្នៃ​ប្រឌិត​នេះដែរ​ លោក​ ផាន់​នី លើក​ឡើង​ថា តាម​ពិត​ទៅ​យើង​មិនមែន​នៅ​សុខៗ​នឹក​ឃើញ​មក​ទេ​តែ​យើង​បាន​ឃើញ​ជា​យូរ​មក​ហើយ​ចំពោះ​ផលិត​ផល​បែបនេះ​ដែល​មាន​នៅ​បរទេស ​គ្រាន់តែ​ថា​យើង​មិនសូវ​យក​ចិត្ត​ទុក​ដាក់​តែ​ប៉ុណ្ណោះ​។​សម្រាប់​លោក​ផ្ទាល់​ក្នុង​អំឡុង​ពេល​ប្រទេស​មានការ​រាត​ត្បាត​ជំងឺ​កូ​វីដ​ធ្វើឱ្យ​អាជីវ​កម្ម​របស់​លោក​ធ្លាក់ចុះ​ទីផ្សារ​បាត់​បង់​អតិថិ​ជន​ច្រើន​​ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​រយាល​ការងារ​ធ្វើ​ក៏​ធ្វើឱ្យ​យើង​ចាប់​អារម្មណ៍​​លើការងារ​មួយ​នេះ​ដែល​លោក​ធ្លាប់​បាន​ឃើញ​នៅ​បរទេស​ហើយ​លោក​បាន​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ក៏​នឹក​ឃើញ​ផលិត​ផលនេះ​តែម្តង​ហើយ​លោក​អាច​ច្នែ​ធ្វើ​វា​បាន​។​

​បើតាម​លោក ផាន់​នី ​ក្រណាត់កន្សែង​ដែល​មាន​ផ្តិតរូប​ផ្កា និង​ស្លឹក​ឈើ​ដែល​ផ្សំ​ច្នៃប្រឌិត​ពី​រុក្ខជាតិ​ពិតៗ​នេះ​គឺ​ដំបូង​ឡើយ​លោក​ដើរ​កាច់​យក​មែកឈើ​តូចៗ​ដែល​លោក​គិត​ថា​ស្លឹកឈើ​ណា​ឬ​ផ្កា​ណា​ដែល​យក​ប្រើការ​បាន​គឺ​កាច់​យកមក​។​រីឯ​រុក្ខជាតិ​មួយ​ចំនួន​ទៀត​លោក​ដាំ​នៅ​ផ្ទះ​និង​រុក្ខជាតិ​ខ្លះ​លោក​ដើររក​ក្នុងព្រៃ​។​បន្ទាប់មក​លោក​យក​ស្លឹក​ឈើឬ​ផ្កា​នោះ​ទៅ​រៀប​នៅលើ​ក្រណាត់​សូត្រ​ដែល​លាតស​ន្ធឹង​នៅលើ​តុ​ទៅតាម​ការ​គិត​របស់​លោក​រួច​ទាញ​ក្រណាត់​សូត្រ​ឱ្យ​តឹង​មូរ​បញ្ចូល​គ្នា​ទើប​យក​ទៅ​ចំហុយ​ដែល​ត្រូវ​ប្រើ​ពេល​ចន្លោះ​១​ម៉ោង​កន្លះ​ទៅ​២​ម៉ោង​។​បន្ទាប់​ពី​ចំហុយ​វា​ឆ្អិន​ហើយ​[ដល់​កំណត់]ពណ៌​វា​ក៏ជ្រាប​ចូល​ទៅ​ក្នុង​សាច់​ក្រណាត់​។

លោក​បានប​ញ្ជាក់​ថា៖«ការ​កែច្នៃ​រចនា​អីយើ​ង​សុទ្ធតែ​ប្រើ​អារម្ម​ណ៍​ស្រមើ​ស្រ​មៃទាំង​អស់​។ចំពោះ​សាច់​ក្រណាត់​ដែល​យើង​អាច​យក​មក​ប្រើការ​បាន​ជា​ប្រភេទ​សាច់​ក្រណាត់​ស​រសៃ​ធម្មជាតិ​ជា​ប្រភេទ​ក្រណាត់​កូតុង​១​០០​ភាគ​រយ ​ហើយ​បើ​ក្រណាត់​សូត្រ​វិញ​ក៏​ប្រើសរ​សៃ​សូត្រ​ដែល​ត្បាញ​នៅក្នុង​ស្រុក​ខ្មែរ​យើង​ដែរ»​។​

​លោក​ ផាន់​នី​ បាន​បន្ថែម​ថា ចំពោះ​ពណ៌​ដែល​ធ្វើ​ពី​រុក្ខជាតិ​នេះ​មាន​ពណ៌​រាង​ស្រ​អាប់​ស្រគាំ​បន្តិច​មិនសូវ​ស្រស់​ឆើត​ដូច​ពណ៌​ផ្សំ​ពីគីមី​ទេ​ហើយ​លោក​ក៏​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដែរ​។​លោក​ថា​ការធ្វើ​ពណ៌​ធម្មជាតិ​នេះ​នៅ​មាន​កម្រិត​ដូច្នេះហើយ​បានជា​លោក​ត្រូវការ​ស្វែង​យល់​បន្ថែម​ទៀត​ដែរ​​ប៉ុន្តែ​ផលិត​ផល​របស់​លោក​ជាព​ណ៌​កើត​ចេញពី​​ធម្មជាតិ​ទាំង​អស់​ពោលគឺ​​ធម្ម​ជាតិ​១០០ភាគ​រយ​តែម្តង​យើង​អត់​មាន​ប្រើ​ពណ៌​កែច្នៃ​ទេ​។

​ចំពោះ​រុក្ខ​ជាតិ​ដែល​លោក​យក​មក​ប្រើ​ដូចជា ស្លឹ​ក​ម៉ៃសាក់ ស្លឹក​ឬផ្កាស្បៃរឿង ​ស្លឹក​ល្ហុងខ្វ​ង​សុទ្ធតែ​យើង​អាច​យក​មក​ប្រើការ​បាន​។ចំពោះ​ការជ្រើស​រើស​រុក្ខ​ជាតិ​ទៀត​សោធ​គឺ​ដំបូង​លោក​សាក​ល្បង​ ព្រោះ​ស្លឹក​ខ្លះ​ពេល​យើង​ធ្វើទៅ​វា​ជាប់​ពណ៌​នឹង​សាច់​ក្រណាត់​មែន​ តែ​ពេល​យើង​បោក​គក់​ទៅ​វា​ចេញ​ពណ៌​ច្រើន​ក៏​យើង​មិន​យក​ដែរ​ ហេតុ​ដូច្នេះ​ត្រូវធ្វើ​ការ​ពិសោធ​ដែរ​។​

​លោក​ឱ្យ​ដឹង​ទៀត​ថា​មុន​នឹង​អាច​យក​ជាការ​បាន​គឺ​លោក​ពិសោធ​ច្រើន​លើក​ច្រើន​សា​ណាស់​ដែល​ធ្វើឱ្យ​លោក​ខាត​ទាំង​ក្រណាត់​សូត្រ​ ចំណាយ​ទាំង​ពេល​វេលា​ច្រើន​ ប៉ុន្តែ​ក្រណាត់​សូត្រ​ដែល​ខូច​នោះ​ក៏​លោក​មិន​បោះ​ចោល​ដែរ​ដោយ​យកទៅ​កែច្នៃ​ជា​ផលិត​ផល​ផ្សេងៗ​ទៀត​បាន​។​

បើ​តាម​លោក​ផាន់​នី​ ​មុន​ដំណើរ​ការ​បាន​លោក​បា​នចំណាយ​ពេល​ពិសោធ​ប្រហែល​៥​ខែ​ដើម្បី​ស្វែង​យល់​។ដោយ​សារ​តែ​ផលិត​ផល​ដែល​លោក​ច្នៃប្រ​ឌិត​នេះ​ធ្វើតាម​បែប​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ​ ដូច្នេះ​អ្វីៗ​វា​ប្រែ​ប្រួល​ទៅ​តាម​រដូវ​កាល​ដែរ ​បើ​ខែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ស្លឹក​ឈើ​ដែល​លោក​ត្រូវយក​មកប្រើ​ក៏វា​ឱ្យ​ពណ៌​ផ្សេង​មិន​ដូច​មុន​ដែរ​ ហើយ​បើ​រដូវប្រាំង​វា​ឱ្យ​ពណ៌​ផ្សេង​ដែល​ការ​ងារ​នេះ​ទាម​ទារ​ការ​កំណត់​ចំណាំ​ដែរ​។​

​លោក​ឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​មាន​អតិថិ​ជន​កើន​ឡើង​ជា​បណ្តើរៗ​ហើយ​ដោយ​ភាគ​ច្រើន​អតិថិ​ជន​​ជា​នារីខ្មែ​រមិន​មាន​បរទេសទេ​ដែល​តែង​បញ្ជា​ទិញ​កន្សែង​បង់ក​ព្រោះ​កន្សែង​បង់ក​នេះ​មាន​លក្ខណៈ​ស្អាត​សម​សម្រាប់​សុភាព​នារីយក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ពិធី​ផ្សេង​។​សម្រាប់​កន្សែង​សូត្រ​មាន ២​ ខ្នាត​ធំ ​(៦០ ​សង់​ទីម៉ែត្រ​គុណ​ ១៧៥​ សង់​ទីម៉ែត្រ​)​ តម្លៃ​ ៦០​ ដុល្លារ​ និង ​ខ្នាត​តូច​ ៤៥​ ដុល្លារ ​តែ​តម្លៃ​ក៏អា​ស្រ័យ​លើ​សាច់​សូត្រ​ដែរ​ ពោលគឺបើ​គ្រើម​ធូរ​ថ្លៃ​បន្តិច​។

​ទោះ​យ៉ាងណា ​លោក​មិនមាន​ការបារម្ភ​ខ្លាច​មាន​គេ​ចម្លង​ស្នាដៃ​ពីលោក​នោះទេ​ដោយ​លោក​បញ្ជាក់​ថា​ កិច្ច​ការ​នេះ​បើ​នរណា​ធ្វើ​ក៏​អាច​ធ្វើ​បាន​ដែរ ​វា​អាស្រ័យ​លើ​ទេ​ព​កោ​សល្យ​ចំ​ណេះ​ជំនាញ​របស់​យើង​ម្នាក់ៗ​ទេ​។ ជា​មួយ​គ្នា​នេះ​លោក​ក៏បាន​សំណូម​ពរឱ្យ​មាន​ការគាំទ្រ​ពីប្រជា​ពលរដ្ឋ​ខ្មែរ​ផង​ដែរ​ព្រោះ​ថា​បើ​ខ្វះ​ការ​គាំទ្រ ទោះជា​លោក​ខំ​ផលិត​បានល្អ​យ៉ាង​ណា​ក៏​អាច​នឹង​ដួល​រលំ​ទៅវិញ​​ដែរ​។​

​ពាក់ព័ន្ធ​ការគាំ​ទ្រ​នេះ​កន្ល​ងមក ​លោក​ ផាន់​នី​ ​ក៏​ធ្លាប់​ចូលរួ​ម​ការតាំ​ង​ពិ​ព័រណ៍​ស្តី​ពី​ភូមិ​១​ផលិត​ផល​១​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ​ ហើយ​ពេល​នោះ​មាន​ការ​ចាប់​អារ​ម្ម​ណ៍ពី​ភ្ញៀវ​យ៉ាងច្រើ​ន។ ​ចំពោះ​ដំណើរ​ការច្នែ​ប្រឌិត​វិញលោក​បាន​ទទួល​ទិញ​សូត្រ​ពី​អ្នក​ភូមិ​ប្រហែល​១០​គ្រួសារ​នៅ​ភូមិ​ប៉ោយ​ចារ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ ​(​កន្លែង​ផលិត​សូត្រ​)។ រីឯ​សិប្ប​កម្ម​របស់​លោក​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកច​ក ​ក្រុង​សៀម​រាប​៕