ភ្នំពេញៈ«​ផ្កា​នេះ​បើ​គេ​មើល​ផលិត​ផល​សម្រេច​តែម្តង​គេ​អាច​គិត​ថា​​ងាយ​ស្រួល​ទេ​តែ​យើង​ធ្វើវាច្រើន​ដំណាក់​ណាស់​ទម្រាំ​តែ​កើត​ចេញ​ជារូបរាង​​ផ្កា​ដ៏​ស្រស់​ស្អាត​មួយ​នេះ​។ ​អ្នកធ្វើ​ផ្កា​បែប​សិប្ប​និមិ្មត​នេះ​ទាល់​តែមាន​អារម្មណ៍​ល្អ​ ហើយ​បើ​យើង​មាន​អារម្មណ៍​មិន​ល្អ​ ផ្កា​ដែល​យើង​ធ្វើទៅ​ក៏​មិនល្អ​ដែរ​»​។ ​នេះ​ជាស​ម្តី​របស់​លោក​ វង្ស ​ហិរញ្ញនិយុទ្ទ ជា​ស្ថាប​និក​ផលិត​ផ្កា​ដែល​យក​សម្បក​ពោត ផ្កា​ពោត ​ស្មៅ ស្លឹកត្នោ​ត​មក​កែច្នៃ​ផលិត​ជា​ផ្កា​និង​មាន​ហាង​ផ្កា​ផ្ទាល់​ខ្លួន​យីហោ​ឈ្មោះ «​ផ្កា ខ្មែរ​» ដែល​ស្ថិត​នៅផ្ទះ​ លេខ​ ២៥០ ផ្លូវ ១៤៣ សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ​។

​ក្នុង​កាយ​វិការដៃ​ទាំង​២​កំពុង​ទាញ​ដង​ខ្លួន​រេ​ចុះ​រេ​ឡើង​ ម្តង​ឱន​ម្តង​ងើប​ក្នុង​សភាព​ឈរ​ចំកោង​ខ្នង​នៅក្រោម​កម្ដៅថ្ងៃ ​និង​នៅ​ជុំវិញ​ខ្លួន​មាន​សុទ្ធតែ​សម្បក​ពោត​ ហើយ​ប្រហែល​ជា​គេ​មាន​ចម្ងល់​ក្នុង​ចិត្ត​ថា ​តើ​បុរស​ម្នាក់នេះ​ហាល​សម្បក​ពោត​ធ្វើ​អ្វី​ ព្រោះ​មើល​ទៅ​ដូចជា​ គ្មាន​ប្រយោ​ជន៍​អ្វី​ផង​នោះ​? ប៉ុន្តែ​បើ​តាម​លោក​វង្ស ​ហិរញ្ញ​និ​យុ​ទ្ទ បាន​ឱ្យដឹង​ថា សម្បក​ពោត​ជាច្រើន​ដែល​លោក​ហាល​កម្ដៅ​ថ្ងៃ​គឺ​សម្រាប់​យក​ទៅ​កែច្នៃ​ធ្វើ​ជា​ផ្កា​សិប្ប​និមិ្មត ហើយក៏​មិនមែន​មាន​ត្រឹម​តែ​សម្បក​ពោត​១មុខ​នេះ​ដែរ​ តែ​នៅ​មាន​ស្មៅ សម្បក​ពោត ផ្កា​ពោត ស្លឹក​ចាក និង​ស្មៅ​ក្រៀម​ ជា​ដើម​ទៀត​​។​

​ស្ថិត​ក្នុង​វ័យ​ ៣៣ ​ឆ្នាំ​ បុរស​ដែល​មាន​មាឌ​ធំ​ក្រអាញ​សម្បុរ​សរូប​នេះ បាន​រៀប​រាប់ថា ​តាម​ពិតទៅ​​លោក​ជា​មន្ត្រីរាជ​ការ​ម្នាក់​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ​ ហើយ​ក្រៅពី​ការងារ​រដ្ឋ​ លោក​មាន​ជំនួញ​ខ្នាត​តូច​មួយ​សម្រាប់​រក​ចំណូល​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​ចិញ្ចឹម​ប្រពន្ធ​កូន​។

​ក៏ប៉ុន្តែ​ដោយ​កន្លងមក​ប្រទេស​របស់​យើង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​យ៉ាង​ធ្ងន់​ធ្ងរ​នោះ​ទើប​ធ្វើ​ឱ្យ​មុខ​ជំនួញ​រប​ស់លោក​មិន​ដំណើរ​ការ​ និង​ត្រូវ​បិទ​ទាំងស្រុង​។​ ទោះ​ជា​យ៉ាង​ណា​ក្ដី ចៃដន្យ​នៅ​ថ្ងៃមួយ ​លោក​បាន​មើល​ហ្វេ​ស​ប៊ុ​ក​ឃើញ​ស្ត្រី​ម្នាក់​ដែល​លោក​រាប់អាន​គ្នា​កំពុង​ធ្វើ​ផ្កា​ពី​សម្បក​ពោត ​ហើយ​ដោយសារតែ​លោក​មាន​ចំណង់​ចំណូល​ចិត្ត​ធ្លាប់ធ្វើ​ផ្កា​ពី​សន្លឹក​ក្រដាស​លេង​ផង​នោះ​ក៏មាន​គំនិត​ធ្វើ​ផ្កា​ពី​សម្បក​ពោត​ដែរ​ ហើយ​លោក​បាន​សុំ​ស្ត្រី​ម្នាក់​នោះ​រៀន​ពី​របៀប​ធ្វើ​។​

​លោក​បាន​បន្តថា​ បន្ទាប់ពី​រៀន​បាន​ចេះ​ចាំ​ពី​វិធី​ធ្វើ​ខ្លះៗ​មក​ លោក​ក៏បាន​ធ្វើ​ផ្កា​ពី​សម្បក​ពោត​នេះ​និង​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏មាន​អ្នក​ចូល​មើល​ចាប់​អារម្ម​ណ៍​បញ្ជា​ទិញ​ផ្កា​ពី​លោក​។​ ចាប់​តាំង​ពី​នោះ​មក​លោក​ក៏មាន​គំនិត​ថានឹង​ចាប់​យក​អាជីព​មួយ​នេះ​ឱ្យបាន ​ព្រោះ​ជា​ឱកាស​ល្អ​ដែល​លោក​ត្រូវតែ​ចាប់​យក​។​ បន្ទាប់ពី​នោះមក​នៅ​ដើម​ឆ្នាំ​ ២០២១ ​លោក​បាន​ដើរ​ប្រមូល​មិត្ត​ភ​ក្តិ​បាន​ជាង ​១០ ​នាក់​មក​សហការ​រួម​គ្នា ​ដើម្បី​ធ្វើ​ផ្កា​នេះ​ដែល​ធ្វើយ៉ាង​ណា​ឱ្យ​អាជីព​មួយ​នេះ​មាន​ដំណើរ​ការ​ល្អ​។​

​លោក​ប្រាប់​ដោយ​មោទន​ភាព​ថា​៖ «​ដំបូង​យើង​ផូស្ត​លក់​មាន​ភ្ញៀវ​ចាប់​អារម្មណ៍​ខ្លះៗ​ដែរ​ ហើយ​ពេល​ភ្ញៀវ​មក​ឃើញ​ផ្ទាល់​ភ្នែក​គាត់​ថា​ស្អាត​ ហើយ​គាត់​ថា​ មាន​លក្ខណៈ​ជា​ធម្មជាតិ​ប្លែក​។ ​អាហ្នឹង​វា​ជា​កម្លាំងចិត្ត​មួយ​ធំ​ណាស់​ សម្រាប់​ខ្ញុំ​ក៏ដូចជា​មិត្ត​រួមការ​ងារ​ដែល​ជំរុញ​ទឹកចិត្ត​ពួក​យើង​ធ្វើ​បន្ត​ទៀត​»​។​

​ផ្កា​ដែល​លោក​ធ្វើ​នេះ​គឺ​សុទ្ធសឹងតែ​យក​ពី​វត្ថុ​ដែល​មនុស្ស​ទូទៅ​គិត​ថា​ជា​របស់​គ្មាន​ប្រយោជន៍​ ជា​កាក​សំណល់​សំរាម​ដែល​គេ​បោះ​ចោល​ដូចជា ​សម្បក​ពោត ផ្កា​ពោត ​ស្លឹក​ចាក ​ស្លឹក​ត្នោត​និង ស្មៅ​ទូទៅ តែ​ជា​ប្រភេទ​ស្មៅ​ណា​ដែល​សំដិល​វា​ឱ្យ​ស្ងួត​តែ​វា​មិន​រុះ​រោយ​នៅតែ​រក្សា​ទម្រង់​ដើម​។​

ចំពោះ​វិធី​ផលិត​វិញ​លោក​ ហិរញ្ញ​និ​យុទ្ទ​ ប្រាប់​ថា ​មុន​ដំបូង​ត្រូវ​យក​សម្បក​ពោត​ស្រទាប់​ខាងក្នុង​គ្មាន​ប្រឡាក់​ដី​យក​ទៅ​លាង​ទឹក​រួចហើយ​យកទៅ​ស្ងោរ​ពណ៌​រួច​ហាល​ឱ្យ​ស្ងួត​ តែបើ​មិន​ស្ងួត​ទេ​នៅ​ពេល​ដែល​យើង​ធ្វើ​ចេញ​ជា​ផ្កា​វា​អាច​ដុះ​ផ្សិត​បាន​។​តែបើ​ហាល​ស្ងួត​ពេក​វា​ធ្វើឱ្យ​ផ្កា​ក្រៀម​​ដែល​យើង​ធ្វើ​ចេញ​ជា​ផ្កា​ទៅ​មិន​ស្អាត​។ ​ហេតុ​ដូច្នេះ​កុំឱ្យ​វា​ស្ងួត​ពេក ​និង​កុំឱ្យ​សើម​ពេក រីឯ​ស្លឹក​ចាក​ក៏​ដូច​គ្នា​ដែរ​។​

​បើតាម​លោក ​ហិរញ្ញ​និ​យុទ្ទ​ ចំពោះ​ផ្កា​វិញ​គឺ​លោក​ធ្វើ​ពណ៌​ទៅតាម​អតិថិជន​ត្រូវការ​ តែ​ពណ៌​ផ្កា​ដែល​លោក​ធ្វើ​គឺ​ផ្កា​ពណ៌​ទឹកប៊ិក ​ពណ៌​ខៀវ ​ពណ៌​ផ្កា​ឈូក ពណ៌​លឿង ពណ៌​ក្រហម ​ពណ៌​ត្រួយ​ចេក​ ពណ៌​ស្វាយ​។ ​រីឯ​ផ្កា​វិញ​មាន​ដូច​ជា​ប្រភេទ​ផ្កា​ឈូក​រ័ត្ន ផ្កា​កុលាប​ ផ្កា​លី​លី ផ្កា​អ័រ​គី​ដេ ផ្កា​កំប្លោក​ ដែល​សរុប​ទៅ​ហាង​លក់​ផ្កា​របស់​លោក​មាន​ប្រហែលជា​១០​ប្រភេទ​ផ្កា​ដែល​ភាគ​ច្រើន​សុទ្ធតែ​កែច្នៃ​ចេញពី​សម្បក​ពោត ​ស្លឹក​ត្នោត ​និង​ស្លឹក​ចាក​។​ តែបើ​រុក្ខ​ជាតិ​ស្មៅ​វិញ​គ្រាន់​តែ​ជា​ប្រភេទ​ទុក​សម្រាប់​ផ្គុំ​ជា​មួយ​នឹង​ផ្កា​សម្រាប់​លម្អ​បន្ទាប់​បន្សំ​តែប៉ុ​ណ្ណោះ​។​ មុន​កើត​ចេញ​ជា​ផ្កា ​១ បាច់​លោក​ត្រូវ​ចំណាយ​ពេល​វេលា​ក្នុង​ការ​ផលិត​ពី​ ៥​ ថ្ងៃ​ទៅ​ ១ ​សប្តាហ៍​។​

​លោក​បាន​បន្ថែមថា​ លោក​បាន​ផលិត​កែច្នៃ​សម្បក​ពោត​ធ្វើជា​ផ្កា​នេះ​រយៈ​ពេល​ជិត ​២ ​ឆ្នាំ​មកហើយ ​ហើយ​ផ្កា​សិប្ប​និមិ្មតនេះ​កំពុង​តែ​ទទួល​ការ​ពេញ​និយម​ពី​សំណាក់​អតិថិ​ជន​បណ្តើរ​ៗបាន​ច្រើន​គួរ​សម​ហើយក៏​ចេះតែ​កើន​ឡើង​ជា​ប្រចាំ​ផង​ដែរ​ដែលធ្វើឱ្យ​លោក​លែង​បារម្ភ​ពី​ការខ្វះ​​ទីផ្សារ​​។ ចំពោះ​អតិថិ​ជន​ទិញ​ផ្កា​របស់​លោក​​ភាគ​ច្រើន​យក​ទៅ​ក្នុងពិធី​សម្ពោធ​ហាង ​ឡើងផ្ទះ​ឬប្រា​រព្ធ​កម្មវិធី​ផ្សេងៗ​ដែល​ភាគ​ច្រើន​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​។រីឯ​តម្លៃ​វិញ​ផ្កា​ធម្មតា​មាន​ពី​ ១០​ដុល្លារ​រហូត​ ២០០ ​ដុល្លារ​​។

​ទន្ទឹម​នឹង​នេះ​លោក​ក៏បាន​សហ​ការ​ជាមួយ​អ្នក​ភូមិ​ត្នោត​ជុំ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ផង​ដែរ​ តាមរយៈ​បង្រៀន​ពួក​គាត់​ឱ្យ​ចេះ​ជ្រើស​រើស​សម្បក​ពោត ស្លឹក​ត្នោត ​និង​បង្រៀន​ឱ្យ​ចេះ​ស្ងោរ​សម្បក​ពោត​ជាមួយ​ថ្នាំ​ពណ៌​ជា​ដើម​ហើយ​បើ​ពួក​គាត់​មាន​សមត្ថ​ភាព​អាច​ធ្វើ​ផ្កា​បាន​គឺ​លោក​ទទួល​ទិញ​វិញ​ ដែល​នេះ​ក៏​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួក​គាត់​ ១ ​ផ្នែក​ដែរ​។​

​លោក​ហិរញ្ញ​និ​យុ​ទ្ទ​ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ខ្លាច​តែ​អតិថិ​ជន​មិន​ទាន់​ស្គាល់​ទេ ​តែបើ​គាត់​បាន​ស្គាល់​ផ្កា​របស់​ខ្ញុំ​ហើយ​គឺ​គាត់​ចាប់​ចិត្ត​ ​ព្រោះ​ ទី ​១ ​ផ្កា​របស់​យើង​ធ្វើ​ដោយ​ដៃ​ ទី​ ២ ​អាច​រក្សា​ទុក​បាន​យូរ​ហើយ​មិនមែន​ជា​ប្រភេទ​ផ្កាជ័រ​តែ​យើង​អាច​ដាក់​តាំង​បាន​ដូច​ផ្កាជ័រ​ដែរ​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ច្នៃ​ដោយ​ដៃ​ផ្ទាល់​តែ​ម្តង​»​។​

​លោក​លើក​ឡើង​ថា ថ្វីបើ​អាជីវ​កម្ម​របស់​លោក​ដែល​កែ​ច្នៃ​ផលិត​ផ្កា​ពី​សម្បក​ពោត ​ពី​ស្លឹក​ត្នោត​នៅ​មិន​ទាន់​ពង្រីក​ធំ​ តែ​លោក​យល់​ថា ​បាន​ជួយ​ដល់​បរិស្ថាន​សង្គម​ក្នុង​ចំណែក​១​ជ្រុង​តូច​ដែរ ​ចំពោះ​កាក​សំណល់​ដែល​អាច​ក្លាយ​ជា​សំរាម​ តែ​លោក​បាន​ជ្រើស​រើស​យក​មក​កែច្នៃ​ឱ្យទៅជា​វត្ថុ​មាន​តម្លៃ ​និង​ជា​គ្រឿង​តាំង​លម្អ​ផ្ទះ​ក៏ដូច​ជា​គ្រឿង​លម្អ​នៅក្នុង​ពិធី​ផ្សេងៗ​បាន​យ៉ាង​ល្អ​ប្រណីត​ផង​ដែរ​។​ លើស​ពីនេះ​ទៀត​ប្រសិន​បើ​ពលរដ្ឋ​បង្កើន​ការចាប់​អារម្មណ៍​ខ្លាំង​មក​លើ​ «ផ្កា​ខ្មែរ​» ដែល​កែច្នៃ​ដោយ​ដៃ​ពិតៗ​របស់​លោក​កាន់​តែ​មាន​កំណើន​ច្រើន​ឡើងៗ​នោះ​ លោក​នឹង​ពង្រីក​ទីផ្សារ​នៅ​តាម​បណ្តា​ខេត្ត​បន្ត​ទៀត​។​

​ជាការ​អំពាវ​នាវ លោក ​ហិរញ្ញ​និ​យុ​ទ្ទ បាន​ថ្លែង​ថា ប្រសិនបើ​ប្រជា​ពលរដ្ឋ​យើង​ងាក​មក​ចាប់​អារម្មណ៍​ចំពោះ​ផលិត​ផល​ផ្កា​ខ្មែរ​របស់​លោក​ដែល​អាច​ប្រៀប​ធៀប​ផ្កា​កែច្នៃ​នេះ​ទៅ​នឹង​ផ្កាជ័រ​ ដែល​នាំចូល​ពី​បរទេស​ ហើយ​បើ​ខុស​តម្លៃ​គ្នា​បន្តិច​បន្តួច​ក៏​គួរតែ​ជួយ​ឬ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ការ​ងារ​របស់​លោក​។ ​ម្យ៉ាង​វិញ​ទៀត​ក៏អាច​ជួយ​ដល់​សហ​គម​ន៍ផង​ដែរ​ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ការ​ងារ​ធ្វើ និង​មាន​ចំណូល​បន្ថែម​ទៀត​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ពួក​គាត់​៕