
ប្រភេទរ៉ូបូតរថក្រោះអូសស៊ីទែនទឹក ត្រូវបានផលិតដោយសិស្សសាលាអន្តរជាតិអាល់រ៉ះម៉ាស់មានទីតាំងស្ថិតក្នុងភូមិ ពោធិរោងលើ ឃុំ កោងកាង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។ រូបថត សហការី
ត្បូងឃ្មុំៈ នៅជនបទដែលមនុស្សទូទៅអាចគិតថាមិនមែនជាបណ្តុំនៃការផ្តល់ចំណេះជំនាញយ៉ាងណានោះក្តី ក៏ប៉ុន្តែសិស្ស ១ ក្រុមនៃសាលាឯកជនមួយនៅទីនោះមានសមត្ថភាពបង្កើតជារ៉ូបូតបាន។ រ៉ូបូតទាំងនោះមានដូចជារថក្រោះអូសស៊ីទែនទឹក រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកដោយស្វ័យប្រវត្តិ និងរទេះអគ្គិសនីសម្រាប់ជនពិការផង។ សាលាអន្តរជាតិអាល់រ៉ះម៉ាស់មានទីតាំងស្ថិតក្នុងភូមិ ពោធិរោងលើ ឃុំ កោងកាង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។
សាលាអន្តរជាតិអាល់រ៉ះម៉ាស់គឺជាសាលាឯកជនមួយដែលសិស្សភាគច្រើនជាជនជាតិខ្មែរអ៊ីស្លាម ហើយសាលានេះក៏មានក្លិបវិទ្យាសាស្ត្រសម្រាប់បណ្តុះបណ្តាល និងបណ្តុះគំនិតដល់សិស្សប្រុស ស្រី ចំនួន ១៨ នាក់ (ស្រី ៨ នាក់) ឱ្យចេះស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងកំពុងហាត់រៀនស្រាវជ្រាវបន្តបែបលក្ខណៈវិទ្យាសាស្ត្រ សិក្សាពីអេឡិចត្រូនិកផង។
យុវជនខ្មែរអ៊ីស្លាម ឈ្មោះរ៉ន អាំសូរ៉ី ជាសិស្ស ១ រូបក្នុងចំណោមសិស្សទាំង ១៧ រូបបាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍ថា រូបគេត្រូវបានឪពុកម្តាយឱ្យចូលរៀនក្នុងសាលាមួយឈ្មោះអាល់រ៉ះម៉ាស់ដែលកាលនោះអាំសូរ៉ី រៀននៅថ្នាក់ទី ៣ ក្នុងអាយុ ១១ ឆ្នាំរៀនចំណេះទូទៅដូចសាលារដ្ឋដែរ។ លុះចូលដល់ថ្នាក់ទី៥រូបគេត្រូវបានលោកគ្រូអ្នកគ្រូបង្ហាត់បណ្តុះគំនិតឱ្យចេះច្នៃប្រឌិតជារបស់ក្មេងលេងធម្មតាៗដើម្បីជាការកម្សាន្តទេ។ ប៉ុន្តែក៏មានការសិក្សាស្រាវជ្រាវតាមអ៊ិនធឺណិតបន្ថែមផងដែរ។
អាំសូរ៉ីនិយាយថា៖ «ដំបូងពួកខ្ញុំគ្រាន់តែនាំគ្នាផលិតជាការលេងៗទេតែក្រោយៗមកដោយសារតែយើងស្វែងយល់បន្ថែមពីប្រភពអ៊ិនធឺណិតក៏ធ្វើឱ្យយើងមានគំនិតប្លែក ហើយក៏ចាប់ផ្តើមផ្សំផ្គុំគ្រឿងអេឡិចត្រូនិកកើតចេញជារ៉ូបូតតែម្តងទៅ»។
បើតាម យុវជន អាំសូរ៉ី ចំពោះរ៉ូបូតដែលក្រុមខ្លួនច្នៃប្រឌិតសម្រេចបានជាលទ្ធផលនោះមានដូចជារថយន្តពន្លត់អគ្គិភ័យដោយស្វ័យប្រវត្តិ រទេះប្រើអគ្គិសនីសម្រាប់ជនពិការ រថយន្តដឹកទំនិញ រថក្រោះសម្រាប់ពន្លត់អគ្គិភ័យ។ ចំពោះរ៉ូបូតដែលបានរៀបរាប់នេះជារ៉ូបូតគំរូមួយ ក៏ប៉ុន្តែប្រសិនបើយកទៅអភិវឌ្ឍបន្ថែមទៀត នឹងក្លាយទៅជាផលិតផលដែលគេអាចប្រើប្រាស់ជាផ្លូវការបាន។ ទាំងនេះគឺជាការសិក្សារៀនសូត្របន្ថែមពីលើការសិក្សាស្នូលចំណេះទូទៅតែប៉ុណ្ណោះ។ដោយក្នុង ១ សប្តាហ៍ខាងសាលាតម្រូវឱ្យធ្វើការសិក្សាស្រាវជ្រាវ២ថ្ងៃទាក់ទងជំនាញវិទ្យាសាស្ត្រ។
អាំសូរ៉ី និយាយថា៖ «ក្រុមខ្ញុំក្នុង ១ អាទិត្យត្រូវជុំគ្នាម្តងដោយយើងមានផែនការ និងគម្រោងច្បាស់លាស់ ថាតើបើយើងធ្វើអ្វីយើងគួរតែចាប់ផ្តើមពីណាទៅណា?។យើងត្រូវចាប់ផ្តើមពីគ្រោងឆ្អឹងរបស់រ៉ូបូតឬក៏ចែកមុខសញ្ញាគ្នាថាតើក្នុង ១ ផែនត្រូវការអ្នករួមគំនិតគ្នាគិតប៉ុន្មាននាក់អ៊ីចឹងទៅ»។
ទោះជាយ៉ាងណា ទាំងការសិក្សាទាំងការហាត់អប់រំចិត្តដើម្បីឱ្យក្លាយទៅជាមនុស្សល្អក៏ចាំបាច់ត្រូវការការចូលរួមពីគ្រួសារដោយមិនអាចខ្វះបានឡើយ។ប៉ុន្តែសម្រាប់យុវជន រ៉ន អាំសូរ៉ី វិញបានបែកពីឪពុកម្តាយតាំងពីឆ្នាំ ២០១៤ មកម្ល៉េះដោយការរស់នៅអាស្រ័យលើយាយរបស់គេតែប៉ុណ្ណោះ។ បើទោះជាខ្លួនចូលដល់វ័យ១៨ឆ្នាំទៅហើយក្តីក៏ប៉ុន្តែអាំសូរ៉ី មិនដែលទទួលបានការថ្នាក់ថ្នមឬទទួលបានភាពកក់ក្តៅពីឪពុកម្តាយរបស់ខ្លួនឡើយ។ឪពុកម្តាយរបស់គេបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយមានលោកយាយបង្កើតដែលមានអាយុជាង ៦០ ឆ្នាំ ជាអ្នកមើលថែទាំគេរហូតដល់បច្ចុប្បន្ននេះ។ តែទោះជាយ៉ាងណាបញ្ហានេះមិនបានធ្វើឱ្យរូបគេបាក់ទឹកចិត្តក្នុងការសិក្សាឡើយព្រោះតែគ្រួសារមានជីវភាពក្រីក្រ និងចង់ឱ្យកូនៗរៀនសូត្របានខ្ពង់ខ្ពស់ទើបឪពុកម្តាយរបស់គេសម្រេចចិត្តទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
ពាក់ព័ន្ធនឹងចំណង់ចំណូលចិត្តវិញនោះត្រូវបាន យុវជនរូបនេះបញ្ជាក់ថា រូបគេក៏ដូចជាមិត្តភក្ដិរួមក្រុមបានសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រនេះតាំងពីនៅរៀនថ្នាក់បឋមសិក្សាមកម្ល៉េះ។ហេតុដូច្នេះហើយទើបពួកគេចង់សាកល្បងថា តើសមត្ថភាពរបស់ពួកគេដល់កម្រិតណា រីឯលទ្ធផលដែលជាស្នាដៃកើតចេញពីការច្នៃប្រឌិតបែបវិទ្យាសាស្ត្រនេះនឹងមានការទទួលស្គាល់ដែរឬទេ? ហើយអ្វីដែលជាមោទនភាពនោះគឺពិតជាមានការទទួលស្គាល់ និងកោតសរសើរពីមន្ត្រីអ្នកមុខអ្នកការមែន។ ម្យ៉ាងវិញទៀតការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រនេះអាចជួយសម្រួលដល់យុវជនដែលមានចំណង់ចំណូលចិត្តផ្នែកមេកានិចនៅពេលដែលគាត់ចូលរៀនថ្នាក់សាកលវិទ្យាល័យ ដោយសារតែពួកគេមានគំរូពីពេលនេះទៅហើយ។
អាំសូរ៉ី និយាយថា៖ «ខ្ញុំមិនប្រាកដថា ទៅអនាគតខ្ញុំនឹងក្លាយទៅជាអ្នកវិទ្យាសាស្ត្រឬយ៉ាងណាទេគ្រាន់តែថា សព្វថ្ងៃនេះខ្ញុំស្រឡាញ់ខាងហ្នឹង ហើយខ្ញុំចង់ស្រាវជ្រាវខាងហ្នឹង»។
មិនខុសអ្វីពីការលើកឡើងរបស់យុវជនរ៉ន អាំសូរ៉ីទេ ដូចដែល លោក ណា សៀត ជានាយករងនៃសាលាអន្តរជាតិអាល់រ៉ះម៉ាស់ បន្ថែមថា សាលារបស់លោកស្ថិតនៅក្រោមការជ្រោមជ្រែងពីសមាគមក្តីមេត្តាពិភពលោកប្រចាំនៅប្រទេសកម្ពុជា។ សាលាបង្កើតឡើងឆ្នាំ ២០១៤ ហើយបច្ចុប្បន្នមានសិស្សសរុបចំនួន ៥៧៦ នាក់(ស្រី ២០១ នាក់) ក៏មានការទទួលស្គាល់ និងទទួលបានអាជ្ញាប័ណ្ណពីក្រសួងអប់រំ យុវជន និងកីឡាពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០។
លោកបន្តថា សាលាអន្តរជាតិអាល់រ៉ះម៉ាស់ មានបើកបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី ១០ ដែលបច្ចុប្បន្នសាលាមានសិស្សសរុប។ ប៉ុន្តែសិស្សភាគច្រើនជាជនជាតិខ្មែរអ៊ិស្លាមក្នុងនោះមានសិស្សខ្មែរ ១៨ នាក់ និងលោកគ្រូ អ្នកគ្រូជាជនជាតិខ្មែរចំនួន ២០ នាក់ និងបង្រៀនមុខវិជ្ជាចំណេះទូទៅដែលសាលានេះមានតែ១គត់នៅក្នុងខេត្តត្បូងឃ្មុំ។
សាលាមានបង្រៀនភាសាអារ៉ាប់ ភាសាអង់គ្លេស និងចំណេះទូទៅដូចសាលារដ្ឋដែរ ប៉ុន្តែក្នុងនោះសាលាបានបង្កើតឱ្យមានជាក្លិបមួយឈ្មោះថា«ក្លិបអ្នកវិទ្យាសាស្ត្រវ័យក្មេង» ទាក់ទងនឹងគំនិតច្នៃប្រឌិតនូវអ្វីដែលសិស្សបានសិក្សារៀនសូត្រយកមកធ្វើការអនុវត្តជាក់ស្តែងដោយយករូបមន្តគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ដើម្បីគណនាទៅតាមអ្វីដែលពួកគេបានចងក្រង។ចំពោះសិស្សដែលបានបង្កើតច្នៃប្រឌិតរ៉ូបូតឡើងនេះមានអាយុចន្លោះពី ១៤ ឆ្នាំទៅ ១៨ ឆ្នាំ និងមានទាំងអស់១៨នាក់ជាសិស្សកំពុងសិក្សានៅថ្នាក់ទី ១០ ។ ក្នុងចំណោមសិស្ស ១៨ នាក់(ស្រី ៨ នាក់) មានសិស្សស្រីដែរ តែស្រីៗគ្រាន់តែជាអ្នករចនារូបរាងប៉ុណ្ណោះ។
លោកថ្លែងថា៖ «តាមពិតទៅចំពោះសិស្សដែលច្នៃប្រឌិតរ៉ូបូតនេះខាងខ្ញុំបានបណ្តុះគំនិត និងបង្ហាត់បង្រៀនពួកគាត់តាំងពីថ្នាក់បឋមសិក្សាមកម្ល៉េះ។តែកាលណោះគ្រាន់តែយកក្រដាសឡាំងមកកាត់ធ្វើជារូបរាងហើយឱ្យគាត់កែច្នៃតកុងតាក់ឱ្យមានចរន្តដើរវាអីអ៊ីចឹងទៅ ហើយយើងក៏មានគំរូបង្ហាញគាត់ដែរ ហើយពួកគាត់ក៏ចេះតែមានគំនិតវិវឌ្ឍន៍ឡើងទៅ»។
បើតាមលោក ណា សៀត ចំពោះស្នាដៃដែលកើតចេញពីគំនិតច្នៃប្រឌិតបែបលក្ខណៈវិទ្យាសាស្ត្រនេះមិនទាន់មានការទទួលស្គាល់ជាផ្លូវការណាមួយពីស្ថាប័នពាក់ព័ន្ធទេ។ ប៉ុន្តែលោកបាននាំស្នាដៃសិស្សទៅតាំងពិព័រណ៍ ដើម្បីបង្ហាញដល់ភ្ញៀវ ហើយយើងក៏សង្កេតមើលពីចំណាប់អារម្មណ៍របស់ភ្ញៀវដែរ។ ក្នុងនោះមានអ្នកមុខអ្នកការខេត្តត្មូងឃ្មុំចូលរួមច្រើន និងកោតសរសើរពីលោកអភិបានខេត្តត្បូងឃ្មុំ ដោយបានផ្តល់ជាថវិកា ១០០ ដុល្លារទៅ ២០០ ដុល្លារដល់ក្មេងៗជាអ្នកច្នៃប្រឌិតដែលនេះលោកចាត់ទុកថា ក៏ជាការទទួលស្គាល់ស្នាដៃរបស់ពួកគាត់មួយដែរហើយ។
សម្រាប់លោក លុយ អៀន មេឃុំកោងកាង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងឃុំកោងកាងក្នុង ស្រុកពញាក្រែក ជាតំបន់ដាច់ស្រយាលមួយហើយក៏មិនមានសាលាឯកជនណាចូលមកបោះទីតាំងបើកបង្រៀនដែរ។ ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំនេះ មានសមាគមដែលមានជនជាតិបរទេសមួយជាអ្នកគ្រប់គ្រងបានចូលមកសហការជាមួយបងប្អូនខ្មែរអ៊ិស្លាមបើកជាសាលាបង្រៀនហើយមានកូនអ្នកភូមិច្រើនបានទទួលការសិក្សារៀនសូត្រពីសាលានេះ។
លោកបន្តថា ចំពោះភូមិដែលសម្បូរបងប្អូនជនជាតិខ្មែរអ៊ិស្លាមរស់នៅគឺភូមិឥន្ទទី១ ភូមិឥន្ទទី២ និងភូមិត្រពាំងខ្ចង ដែលទាំង៣ភូមិនេះមានគ្រួសារខ្មែរអ៊ិសស្លាមប្រហែល ៩០ គ្រួសារហើយកូនៗរបស់គាត់ក៏រៀននៅសាលានេះដែរ។
ពីមុនៗមកនៅក្នុងឃុំរបស់លោកមិនដែលមានក្មេងសិស្សសាលាចេះច្នៃផលិតគ្រឿងអេឡិកចត្រូនិកបង្កើតបានជារថក្រោះអូសស៊ីទែនទឹក រថយន្តពន្លត់អគ្គិភ័យ ដែលកើតចេញពីស្នាដៃសិស្សបែបនេះទេ។ នេះជាមោទនភាពមួយនៅក្នុងឃុំក៏ដូចជាក្នុងស្រុកពញាក្រែកទាំងមូលផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសប្បាយរីករាយណាស់ក្រោយពីដឹងថា សិស្សសាលាអន្តរជាតិអាល់រ៉ះម៉ាស់ ចេះច្នៃបង្កើតចេញជារថក្រោះអូសស៊ីទែនទឹក អាចមនុស្សអង្គុយពីលើវាបានទៀត ពីមុនៗមកមិនដែលមានទេព្រោះតំបន់យើងជាតំបន់ជនបទ ប៉ុន្តែតំបន់ជនបទមែនតែគំនិត និងការគិតមិនមែនជនបទទេ»៕