ភ្នំពេញ: តាំងពី​បារាំង​ចូល​ស្រុក​ប្រហែល​ ១៧០ ​ឆ្នាំមុន ​អ្នកនិពន្ធ​ជាច្រើន​បាន​សរសេរ​សៀវភៅ​រាប់​មិនអស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នកប្រមូល​រូបថត​តាំងពី​ជាង​ ១​ សតវត្សរ៍​មុន ដែល​មាន​ដើមកំណើត​នៅ​អូស្ត្រាលី លោក Nicholas Coffill បាន​និយាយ​ថា សៀវភៅ​ទាំងនោះ​តិចតួច​ណាស់​ដែល​រំលេច​មក​ជាមួយ​រូបថត រូបភាព ផែនទី និង​ដ្យាក្រាម​ដ៏សម្បូរបែប​។

លោក Coffill ថ្លែងថា​៖ «​ពេល​ដែល​ខ្ញុំ​មាន​ប្រវត្ដិ​ជា​អ្នក​សម្ដែង និង​ផ្នែក​វិចិត្រសាល សម្រាប់​ខ្ញុំ រូបភាព និង​រូបថត​ពិតជា​មាន​ប្រយោជន៍​ក្នុងការ​និទានរឿង និង​ជួយ​អ្នកអាន​ឆាប់​យល់​ពី​ពាក្យ​សំណេរ​»​។ វិចិត្រសាល Meta House បើក​ការតាំង​ពិព័រណ៍ «​រូបថត​ក្នុងប្រទេស​កម្ពុជា​៖ ​ពី​ឆ្នាំ​ ១៨៦៦ ដល់​បច្ចុប្បន្ន​» ​ជា​ការប្រមូល​របស់​លោក Coffill ដែល​មកពី​អូស្ដ្រាលី​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ ដើម្បី​ស្វែងរក​រូបថត​ដែល​ចំណាស់​ជាងគេ​ក្នុង​សតវត្សរ៍​ទី ​១៩ ជាពិសេស​អំឡុង​បារាំង​ទើប​មកដល់​កម្ពុជា​ដំបូង​រហូតដល់​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។

លោក Nicolaus Mesterharm នាយក Meta House ឱ្យ​ដឹងថា​៖ «​នេះ​ជា​លើក​ដំបូង​ហើយ ដែល​មាន​ពិព័រណ៍​រូបថត​ដ៏អស្ចារ្យ​បែបនេះ ដោយ​កត់ត្រា​ពី​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ប្រទេស​កម្ពុជា បន្ទាប់ពី​ការមក​ដល់​របស់​ជន​ជាតិ​បារាំង​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៨៦០ »​។ កំណប់ទ្រព្យ​ដែលមាន​រូបថត​ជិត ៥០០​ សន្លឹក បង្ហាញ​ពី​ស្នាដៃ​របស់​អ្នក​ថតរូប​ជាង​ ១០០ ​នាក់ រួមទាំង​អ្នក​ថតរូប​ស្ត្រី អ្នក​ថតរូប​កម្ពុជា និង​អន្តរជាតិ និង​មួយចំនួន​ទៀត​ដែល​បាន​ស្លាប់​ភ្លាមៗ​ បន្ទាប់ពី​ការ​កាន់អំណាច​នៃ​របប​ខ្មែរក្រហម​។ លោក Coffill ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​មានកម្ម​វិធី​តាំងពិព័រណ៍​ដ៏អស្ចារ្យ​ជាច្រើន​របស់​អ្នក​ថតរូប​សហសម័យ​នៅក្នុង​វិចិត្រសាល​សិល្បៈ​ថ្មីៗ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅតាម​សារមន្ទីរ ឬ​សណ្ឋាគារ​ដាក់តាំង​ពិព័រណ៍​រូបភាព​ប្រវត្តិសាស្ត្រ ដោយ​អ្នកថតរូប​ ១ ​រូប​កាលពី​អតីតកាល​បាន​មកលេង​ប្រទេស​កម្ពុជា​»​។

លោក​ថ្លែង​ថា នេះ​នឹង​ក្លាយជា​ការតាំងពិព័រណ៍​លើកដំបូង​ដែល​បង្ហាញ​ពី​រូបថត​បន្សល់​តាំងពី​ ១៧០ ​ឆ្នាំមុន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​រំលេច​នៅក្នុង​សៀវភៅ​របស់​លោក​ផងដែរ​។ លោក Coffill បាន​ប្រើ​វិធី​ ៣ ​យ៉ាង​ ដើម្បី​ប្រមូល​រូបថត​ដែលមាន​អាយុកាល​ជិត​ ១៧០ ​ឆ្នាំមុន​។ ដំបូង​លោក​បាន​ខ្ចី​រូបថត​ពី​មិត្តភក្តិ​ជា​អ្នកប្រមូល​រូបថត​រួម​។ វិធី​មួយទៀត គឺ​ត្រូវ​ស្វែងរក​ការអនុញ្ញាត​ពី​សារមន្ទីរ វិចិត្រសាល និង​បណ្ណសារ​នានា​ជុំវិញ​ពិភពលោក​ដែល​មាន​បណ្តុំ​រូបថត​ប្រវត្តិសាស្ត្រ​ខ្មែរ​ដ៏អស្ចារ្យ​។ «​ខ្ញុំ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត ហើយ​បន្ទាប់មក​នៅពេល​ខ្ញុំ​រកឃើញ​រូបថត​ដែល​ខ្ញុំ​គិតថា ពិសេស ខ្ញុំ​បាន​ទៅ​កាន់​ស្ថាប័ន​នោះ ហើយ​ស្វែងរក​ការអនុញ្ញាត​ឱ្យប្រើ​រូបថត​នៅក្នុង​សៀវភៅ​»​។

វិធី​ចុងក្រោយ​ដែល​លោក​បាន​ស្វែងរក​តាម​អ៊ីនធឺណិត​សម្រាប់​អ្នកប្រមូល​ឯកទេស និង​អ្នក​ស្ម័គ្រចិត្ត​ដែល​លក់​រូបថត​ចាស់ៗ​របស់​ពួកគេ​។ ទីតាំង​ដែល​លោក​ប្រមូល​រូបថត​គឺ​មកពី​អាមេរិក អង់គ្លេស បារាំង ជប៉ុន អេស្ប៉ាញ អូស្ត្រាលី វៀតណាម និង​កម្ពុជា​។ រូបថត​ប្រវត្តិសាស្ត្រ​ពណ៌​ស និង​ខ្មៅ​ត្រូវបាន​រចនា​ឡើងវិញ​ជា​រូប​ពណ៌ ដើម្បី​ឱ្យឃើញ​នូវ​ភាព​លម្អិត​ទាំងអស់​។ រូបថត​ចាស់​បំផុត​ដែល​លោក Coffill ប្រមូល​បាន​ត្រូវបាន​ថត​ដោយ Emile Gsell នៅ​ប្រហែល​ឆ្នាំ​ ១៨៦៦ ​។ រូបថត​នេះ​បង្ហាញ​ពី​ផ្លូវ​សំខាន់​នៅ​អង្គរ​ដែលមាន​កំពូល​ប្រាសាទ​។ គាត់​ជា​អ្នក​ថតរូប​ជនជាតិ​បារាំង​ដំបូង​គេ​ដែល​បាន​ថតរូប​នៅ​កម្ពុជា ហើយ​គាត់​បានធ្វើ​ដំណើរ​ជាមួយ​បេសកកម្ម​មេគង្គ​បារាំង​ ដើម្បី​ទៅដល់​ប្រាសាទ​នានា​ក្នុង​ឆ្នាំ​នោះ​។

លោក Coffill ប្រាប់​ភ្នំពេញ- ប៉ុស្តិ៍​ថា​៖ «​រូបថត​ចាស់​បំផុត​ដែល​បង្ហាញ​ក្នុង​ទស្សនាវដ្ដី​ពី​សម័យ​សង្គមរាស្ត្រនិយម ខ្ញុំ​អាច​យក​រូបភាព​ពី​ក្នុង​ទស្សនាវដ្ដី​ដើម​មក​ផ្ទះ​នៅ​បណ្ណាល័យ​មជ្ឈមណ្ឌល​សិក្សា​ខ្មែរ​ដ៏ស្រស់ស្អាត​ក្នុង​ខេត្តសៀមរាប​»​។ លោក​ថា​៖ «​សម្រាប់​រូបថត​ពិសេស​នេះ​យើង​មាន​សំណាង​ណាស់​។ នៅពេល​អ្នកប្រមូល​រូបភាព​បាន​ស្លាប់​នៅ​ឆ្នាំ ​១៨៩៩ ​កម្រង​រូប​ត្រូវបាន​លក់ ឬ​ចែកចាយ​ទៅឱ្យ​អ្នក​ថតរូប​ផ្សេងទៀត​។ ខ្ញុំ​ទទួល​បាន​ថា រូបភាព​ជាច្រើន​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​ជា​កន្លែង​ដែល​រូបភាព​ខ្លះ​ត្រូវបាន​គេ​ប្រគល់​ទៅ​សារមន្ទីរ​សំខាន់ៗ​ ហើយ​ពួកគេ​ត្រូវបាន​រក្សាទុក​នៅ​ទីនោះ​ហើយ​មាន​សភាព​នៅ​ល្អ​ស្អាត​»​។

លោក​ថា រូបថត​ពិសេស​នេះ​ពីមុន​ជា​កម្មសិទ្ធិ​របស់​អ្នកថែរក្សា​នៅ​វិចិត្រសាល​ជាតិ​អូស្ត្រាលី ដោយ​លោក​បាន​ទិញ​ពី​ហាង​លក់​សៀវភៅ​បុរាណ​មួយ​ក្នុង​ទីក្រុង​- កង់​បេ​រ៉ា​។ លោក​ថា​៖ «​សំណាង​ហើយ​ដែល​យើង​មាន​អ្នក​ផលិត​ស៊ុម​រូបភាព​ជំនាញ​នៅ​ខេត្ត​សៀមរាប​ហើយ​ស្ត្រី​ម្នាក់នេះ​ឈ្មោះ សោ ម៉ាត បាន​ធ្វើការ​អភិរក្ស​បាន​យ៉ាង​ល្អ​ សម្រាប់​រូបថត​ដ៏​សំខាន់​នេះ​»​។

លោក ហ៊ាន រង្ស៊ី ជា​អ្នក​ថតរូប​អាជីព​ក្នុង​ស្ថាប័ន​ព័ត៌មាន ដែល​ធ្លាប់មាន​ស្នាដៃ​ថតរូប​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នានា​ក៏មាន​ចំណាប់​អារម្មណ៍​កោតសរសើរ​ចំពោះ​លទ្ធភាព​រក្សាទុក​រូបថត​ដ៏វ័យ​ចំណាស់​ទាំងនេះ​។ «​ខ្ញុំ​ពិតជា​មានការ​ចាប់អារម្មណ៍ និង​ស្ញើច​សរសើរ​មែនទែន ដែល​ពិព័រណ៍​នេះ​បាន​យក​ស្នាដៃ​រូបថត​អាយុកាល​រាប់រយឆ្នាំ​ទាំងនេះ​មក​បង្ហាញ​»​។

នៅក្នុង​ការតាំងពិព័រណ៍​នេះ មាន​រូបថត​របស់​អ្នក​ថតរូប​ជំនាន់​ថ្មី​ប្រហែល ៨​សន្លឹក​។ លោក Coffill ដែល​ចូលចិត្ត​ប្រមូល​រូបថត​ថ្លែងថា​៖ «​រូប​ចំណូល​ចិត្ដ​របស់​ខ្ញុំ​គឺ​រូបថត​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៨៩០ នៅ​ភ្នំពេញ​។ អ្នកណា​ថតរូប​ហ្នឹង​អត់​ដឹង​ទេ​។ វា​បង្ហាញ​ពី​បណ្តុំ​នៃ​អ្នកលក់​អាហារ​ដែល​កំពុង​កិន​ជុំវិញ​ព្រះ​ពន្លា នៅ​ខាងក្នុង​ព្រះបរមរាជវាំង​»​។ អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​ចំពោះ​ថតរូប​នេះ​គឺ​អ្នក​រាល់គ្នា​ស្ថិតក្នុង​សភាព​ធម្មតា ហើយ​មនុស្ស​ជាច្រើន​មិន​អើពើ​នឹង​វត្ដមាន​អ្នក​ថតរូប​នោះឡើយ​។ អ្នក​ដែល​កំពុង​សម្លឹងមើល​កាមេរ៉ា​ច្បាស់​ជា​ស្គាល់​អ្នកថតរូប ​ព្រោះ​ពួកគេ​លើក​ចាន​នំបញ្ចុក និង​កែវ​តែ​ជាការ​គួរសម​ដាក់​អ្នក​ថតរូប​។ វា​បង្ហាញ​ពី​ការរស់នៅ​របស់​ប្រជាជន​ក្រីក្រ​បំផុត​ក្នុង​បរិវេណ​ព្រះបរមរាជវាំង​។ គ្មាន​អ្នកណា​ហ៊ាន​ណែនាំ​ថា​ពួកគេ​ជាប់សែ​ស្រឡាយ​អ្វី​ជាមួយ​ព្រះបរមរាជវាំង​ ឬ​មន្ត្រី​អ្វី​ឡើយ​។ នេះ​ជា​ជីវិត​ប្រចាំថ្ងៃ​ក្នុង​រាជវាំង និង​ជា​ការយល់ដឹង​ដ៏អស្ចារ្យ​មួយ​ក្នុង​ជីវិត​ខ្មែរ​ចុង​សតវត្សរ៍​ទី​ ១៩​ ។ ដោយសារ​កន្លែង​មានកំណត់​នៅ​វិចិត្រសាល រូបថត​​ ៤០ ​សន្លឹក​ត្រូវបាន​ជ្រើសរើស​ ដើម្បី​បង្ហាញ ប៉ុន្តែ​រូបថត​នីមួយៗ​តំណាងឱ្យ​អ្នក​ថតរូប​រៀងៗ​ខ្លួន​។ រូបថត​ភាគច្រើន​ត្រូវ​បាន​បោះពុម្ព​នៅក្នុង​សៀវភៅ​។

លោក យ៉ន សូវៀត ជា​អ្នកថតរូប​សារព័ត៌មាន​អាជីព​ក៏បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ពិព័រណ៍​រូបថត​ចាស់ៗ​ជាង​ ១​ សតវត្សរ៍​នេះដែរ​ថា​៖ «​ការបង្ហាញ​រូបថត​ដែលមាន​វ័យ​ចំណាស់​កាន់តែ​យូរ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​ខ្ញុំ​។ តាំងពី​សម័យ​បារាំង​ចូល​ដំបូង យើង​ចង់​មើល​ពី​គុណភាព​រូបគេ​ថត​របៀប​ម៉េច កាមេរ៉ា​ជំនាន់​មុនគេ​ប្រើ​របៀប​ម៉េច​»​។ លោក​ថា​៖ «​វា​មិន​ខុសពី​វត្ថុ​បុរាណ​អ៊ីចឹង ថតរូប​កាន់តែ​យូរ កាន់តែ​មានតម្លៃ​។ ស្នាដៃ​អ្នក​ថតរូប​ដែល​បាន​បន្សល់​តាមរយៈ​រូបថត​ទាំងនេះ​ពិតជា​អស្ចារ្យ​ណាស់​»​។

លោក Mesterharm ឱ្យ​ដឹងថា​៖ «​យុវជន​ខ្មែរ​សម័យនេះ​ជាច្រើន​ចាប់អារម្មណ៍​លើ​ការថតរូប​ជា​ចំណង់​ចំណូលចិត្ត​។ នៅទីនេះ​ពួកគេ​អាច​រៀន​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​ពួកគេ​ផង​ និង​ប្រវត្តិ​នៃ​ការថតរូប​ផងដែរ​»​។

ការតាំងពិព័រណ៍​នេះ​មាន​រយៈពេល ​៥ ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​ ១១​ ខែតុលា​ដល់​ថ្ងៃទី​ ១៣ ​វិច្ឆិកា​។ បន្ទាប់​មកវា​នឹងធ្វើ​ដំណើរ​ទៅ​ខេត្ត​បាត់ដំបង​ សម្រាប់​មហោស្រព​សិល្បៈ​ជំនោរ​នៅ​ចុងខែ​វិច្ឆិកា​នៅ​សណ្ឋាគារ Bamboo៕