
ដើមទ្រាំង (ឆ្វេង) និងអ្នកភូមិនៅខេត្តេព្រះវិហារ ពេលកំពុងច្នៃធាងទ្រាំងធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗ។ រូបថត Traing Processing Group
ព្រះវិហារៈ កាលពីពេលមុនៗមកធាងទ្រាំងមិនត្រូវបានប្រជាពលរដ្ឋខ្មែរចេះយកមកកែច្នៃធ្វើជាសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយឡើយ តែអ្វីដែលគេឧស្សាហ៍ឃើញគឺនៅតំបន់ខ្លះ ប្រជាពលរដ្ឋគ្រាន់តែយកធាងទ្រាំងមកធ្វើជាស្នា ធ្វើឆ្អឹងទ្រូ ឆ្អឹងលបដងសន្ទូចស្ទូចត្រីតែប៉ុណ្ណោះ។
ក៏ប៉ុន្តែនៅប៉ុន្មានឆ្នាំមកនេះគេឃើញមានពលរដ្ឋមួយចំនួនចេះកែច្នៃធាងទ្រាំងដែលកាប់ចេញពីដើមយកមកធ្វើជាវត្ថុប្រើប្រាស់បម្រើក្នុងជីវភាពប្រចាំថ្ងៃដូចជាចង្កឹះ ស្លាបព្រា វែកបាយ វែកសម្ល និងវត្ថុផ្សេងៗទៀតដែលសម្ភារកែច្នៃពីរុក្ខជាតិដើមទ្រាំងនេះបានបង្ហាញពីគុណតម្លៃធម្មជាតិយ៉ាងមានប្រយោជន៍ផ្សារភ្ជាប់នឹងជីវិតមនុស្សដ៏វិសេសវិសាលក្រែលែង។
ក្នុងកាយវិការដៃឆ្វេងចាប់បន្ទះធាងទ្រាំងស្តើងទំហំ ២ ធ្នាប់ដៃ ប្រវែងជាង ១ ម៉ែត្រទាញទៅទាញមក ខណៈអ្នកខ្លះទៀតកំពុងកាន់កាំបិតបន្ទោះពុះច្រៀកធាងរុក្ខជាតិនេះដែលនោះ គឺជាសកម្មភាពប្រជាសហគមន៍មានគ្នាប្រមាណ ៣០ គ្រួសារ កំពុងកែច្នៃដោយដៃធ្វើសម្ភារប្រើប្រាស់ចេញពីដើមទ្រាំងមានដូចជាស្លាបព្រា ចង្កឹះ វែកបាយដាវ ព្រះខ័ន ផ្លែលំពែង និងសម្ភារផ្សេងៗទៀតនៅក្នុងភូមិសង្កែ ឃុំសង្កែ ស្រុកឆែបខេត្តព្រះវិហារ។
លោក មាស ហឿ អាយុ ៦៤ ឆ្នាំ ជាអ្នកកែច្នៃធាងទ្រាំងហើយក៏ជាប្រធានសហគមន៍ដែរនោះបានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោករួមជាមួយអ្នកដែលរស់នៅក្នុងភូមិ-ឃុំសង្កែ ស្រុកឆែបប្រមាណជា ៣០ គ្រួសារកំពុងផលិតកែច្នៃធាងទ្រាំងដោយដៃផ្ទាល់ហើយការផលិតនេះពួកលោកបានធ្វើចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។
ចំពោះសម្ភារដែលលោកកែច្នៃនេះមានដូចជា ចង្កឹះ សម ស្លាបព្រា វែកបាយ វែកសម្ល វែកឆា ដាវ ព្រះខ័ន ផ្លែលំពែងជាដើម តែនៅពេលនោះទាំងរូបលោកទាំងអ្នកផលិតផ្សេងទៀតនៅមិនទាន់អាចផលិតឱ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាតនៅឡើយទេ ពោលគឺនៅវែងខ្លីមិនអាចចរាចរលក់ដូរនៅលើទីផ្សារបានទូលំទូលាយឡើយ។
លោកបន្តថា លុះដល់ដើមឆ្នាំ ២០១៩ ទើបមានអង្គការក្នុងស្រុកមួយឈ្មោះថា កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើ (NTFPEP) (Non-Timber Forest Products Exchang Program) ដែលទទួលជំនួយពីប្រទេសស្វ៊ីសបានមកជួយ។ ចាប់ពីពេលនោះមកអង្គការនេះបានជួយបង្ហាត់បង្រៀនដល់អ្នកកែច្នៃផលិតផលទាំងនោះឱ្យចេះធ្វើទៅតាមក្បួនខ្នាតត្រឹមត្រូវ ហើយក្រុមលោកក៏ត្រូវបានប្រមូលចូលគ្នាបង្កើតបានជាសហគមន៍មួយមានឈ្មោះថា សហគមន៍កែច្នៃដើមទ្រាំង។
បន្ទាប់ពីសហការជាមួយអង្គការនេះរយៈពេល ១ ឆ្នាំមក បានធ្វើឱ្យសហគមន៍របស់លោកចេះតែមានគំនិតអភិវឌ្ឍន៍ពី ១ ថ្ងៃ ទៅ ១ ថ្ងៃ រហូតធ្វើឱ្យផលិតផលធ្វើពីធាងទ្រាំងរបស់សហគមន៍ទទួលបានការចាប់អារម្មណ៍ទាំងក្នុងខេត្តព្រះវិហារទាំងនៅខេត្តសៀមរាប ពិសេសនៅរាជធានីភ្នំពេញតែម្តង។
លោកបានប្រាប់ថា៖ «កាលពីមិនទាន់មានអង្គការចូលមកជួយបង្ហាត់បង្រៀនយើងចេះតែធ្វើទៅតាមទម្លាប់មិនធ្វើតាមក្បួនខ្នាតអីទេ មានវែងមានខ្លីអ៊ីចឹងទៅហើយទីផ្សារក៏ទៅតាមហ្នឹងដែរ គឺយើងលក់ផលិតផលរបស់យើងអត់សូវដាច់ទេ។ ដល់តែយើងទទួលបានការបង្ហាត់បង្រៀនឱ្យដឹងពីខ្នាតពីរបៀបច្នៃប្រឌិតពីអង្គការ (NTFPEP) ហើយយើងយករបស់គេមកសិក្សាគឺសហគមន៍យើងក៏មានការរីកចម្រើនច្រើនទាំងផ្នែកផលិត ទាំងការរចនារូបរាងផលិតផលរបស់យើង»។
បើតាមលោក មាស ហឿ ក្រោយពីអង្គការ (NTFPEP) បញ្ចប់គម្រោងក៏មានអង្គការ USAID ចូលមកជួយសហគមន៍វិញម្ដងនៅដើមឆ្នាំ ២០២២ ដោយបានជួយបង្ហាត់បង្រៀនពីវិធីប្រមូលយកអនុផលព្រៃឈើឱ្យមាននិរន្តរភាព។ មានន័យថា ធ្វើយ៉ាងណាចេះកាប់យកដើមរុក្ខជាតិទាំងនេះទៅតាមលក្ខណៈបច្ចេកទេសដោយមិនឱ្យរេចរឹល។ ជាមួយគ្នានេះគេថែមទាំងបានជួយស្វែងរកទីផ្សារលក់ផលិតផលក៏ដូចជាជួយបង្ហាត់បង្រៀនពីរបៀបផលិតដែលមានខ្នាតរង្វាស់ និងមានគុណភាពល្អត្រឹមត្រូវទៀតផង។
លោក មាស ហឿ បានឱ្យដឹងទៀតថា សហគមន៍របស់លោកធ្លាប់បាននាំយកសម្ភារធ្វើពីធាងទ្រាំងកែច្នៃដោយដៃសុទ្ធសាធនេះទៅតាំងពិព័រណ៍នៅខេត្តសៀមរាប នៅអំឡុងឆ្នាំ ២០២២ នេះ ហើយត្រូវបានអ្នកចូលទស្សនាក្នុងពិធីនោះកោតសរសើរ និងបានទិញផលិតផលពីសហគមន៍របស់លោកអស់ៗពីស្ដង់លក់តែម្តង។ ក្រៅពីនេះសហគមន៍របស់លោកក៏បាននាំយកផលិតផលកែច្នៃពីធាងទ្រាំងនេះមកតាំងពិព័រណ៍នៅរាជធានីភ្នំពេញ និងមានអតិថិជនជួយទិញជាច្រើនផងដែរ។
លោក មាស ហឿ ឱ្យដឹងថា ដើមទ្រាំងគេមិនអាចយកមកកែច្នៃធ្វើអ្វីបានទេ តែធាងរបស់វាមានខ្លឹម ហើយគេអាចយកមកកែច្នៃធ្វើជាសម្ភារផ្សេងៗបានច្រើនប្រភេទណាស់។ ធាងទ្រាំងមានប្រវែងចាប់ពី ៣ ម៉ែត្រ ដល់ជាង ៥ ម៉ែត្រហើយក្នុង ១ ធាង គេអាចយកមកកែច្នៃធ្វើជាចង្កឹះបាន ១០ គូ និងអាចកែច្នៃជាវែកបាយ វែកឆា សម ស្លាបព្រា ព្រះខ័ន ដាវ ផ្លែលំពែង និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបានច្រើនទៀតដូចជា កញ្ជើ ចង្អេរ ជាដើម។ រីឯស្លឹករបស់វាគេយកមកធ្វើជាកន្ទេលដេកបានទៀតផង។
បើទាក់ទងនឹងអបិយជំនឿវិញ លោក មាស ហឿ ប្រាប់ថា គេអាចយកមកធ្វើជាដាវ ព្រះខ័ន សម្រាប់ដាក់តាំងក្នុងផ្ទះ ដើម្បីបណ្តេញខ្មោចព្រាយបិសាចបានទៀតផង។ ដើមទ្រាំងមានរូបរាងស្រដៀងដើមត្នោតដែរ និងមានអាយុពី៧០ ទៅ ៨០ ឆ្នាំ វានឹងងាប់ទៅវិញ ប៉ុន្តែគេអាចយកផ្លែវាមកបណ្តុះកូនបាន។
លោកពោលថា៖ «ផលិតផលមានប្រមាណ ៧០ ភាគរយ ត្រូវបានគេនិយមប្រើប្រាស់ពិសេសនៅរាជធានីភ្នំពេញតែម្តង ព្រោះខ្ញុំមានម៉ូយនៅទីក្រុងភ្នំពេញចាំទទួលយកទៅលក់បន្ត។ ក្នុង ១ ឆ្នាំ អាចរកចំណូលបានពី ១០ ទៅ១៥ លានរៀល តែយើងត្រូវបែងចែកភាគរយឱ្យអ្នកផលិត ១ ផ្នែក។ បើនិយាយពីចំណូលមិនបានច្រើនទេតែអាចជួយបន្ថែមលើមុខរបរផ្សេងទៀត ប៉ុន្តែក៏មានការប្រកួតប្រជែងលើទីផ្សារដែរ ដូច្នេះយើងត្រូវតែខំកែច្នៃឱ្យមានគុណភាពល្អជាងមុន»។
លោកបានបញ្ជាក់ថា ទោះជាយ៉ាងណា ប្រាក់ដែលសហគមន៍របស់លោកលក់បានត្រូវដក ១ ចំណែក ជូនទៅមន្ត្រីសហគមន៍ព្រៃឈើដើម្បីឱ្យគាត់យកទៅប្រើការក្នុងការមើលថែរក្សាព្រៃឈើព្រោះពួកគាត់ត្រូវបញ្ចេញកម្លាំងក្នុងការដើរល្បាតព្រៃ។ អនុផលព្រៃឈើដើមទ្រាំងដែលសហគមន៍របស់លោកទាញយកមកប្រើប្រាស់នោះស្ថិតនៅក្នុងព្រៃសហគមន៍ដែលខាងរដ្ឋបាលព្រៃឈើមើលថែរក្សាលើផ្ទៃដីសរុបចំនួន ២ ៧១៨ ហិកតា ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។
លោកថា ព្រៃសហគមន៍នោះមានចម្ងាយតែជាង ១ គីឡូម៉ែត្រប៉ុណ្ណោះពីភូមិសង្កែ ឃុំសង្កែ ហើយលោកអាចដឹកធាងទ្រាំងតាមគោយន្តបានដោយមិនចំណាយពេលយូរឡើយ។« សម្រាប់អនាគតសហគមន៍ខ្ញុំមានគម្រោងបង្រៀនដល់ក្មេងៗជំនាន់ក្រោយឱ្យពួកគេចេះថែរក្សា និងដាំដុះដើមទ្រាំងឱ្យបានច្រើនព្រោះដើមទ្រាំងមានប្រយោជន៍ណាស់»។
ពាក់ព័ន្ធនឹងការលក់ផលិតផលសម្ភារផ្ទះបាយច្នៃពីដើមទ្រាំងនេះត្រូវបានយុវតីម្នាក់រស់នៅរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយសុំមិនឱ្យបញ្ចេញឈ្មោះថា នាងជាឈ្មួញកណ្តាលដែលទទួលទិញផលិតផលរបស់សហគមន៍នេះមកលក់បន្តនៅរាជធានីភ្នំពេញ ហើយផលិតផលកែច្នៃដោយដៃផ្ទាល់នេះ កំពុងតែមានការពេញនិយមពីសំណាក់អតិថិជនជាខ្លាំង។
កញ្ញាបានបញ្ជាក់ថា៖ «ផលិតផលរបស់គាត់ជាសម្ភារផ្ទះបាយហើយឥឡូវនេះមានអតិថិជនស្គាល់ច្រើន។ យើងលក់ក្នុង ១ ថ្ងៃ មិនសូវដាច់ទេ តែយើងលក់ដាច់ពេលចេញទៅតាំងពិព័រណ៍ព្រោះភ្ញៀវគាត់ឃើញ ហើយគាត់ស្គាល់ ព្រោះសម្ភារនោះកែច្នៃពីដើមរុក្ខជាតិពិតៗ បើយើងប្រើទៅវាលើកគុណតម្លៃឱ្យជីវិតយើង»។
លោក សាត់ ជីម ជាប្រធានភូមិសង្កែ ក្នុងឃុំសង្កែបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងភូមិរបស់លោកមានសហគមន៍កែច្នៃផលិតផលសម្ភារប្រើប្រាស់ក្នុងផ្ទះបាយធ្វើពីដើមទ្រាំង ហើយផលិតផលទាំងនោះលោកសង្កេតឃើញថា មានសេវាកម្មលក់ល្អ។ មានន័យថា ផលិតផលរបស់សហគមន៍មួយនេះកំពុងមានការទទួលស្គាល់នៅលើទីផ្សារជាបណ្តើរៗហើយ។ ក្នុង ១ ឆ្នាំៗ ពួកគាត់អាចរកចំណូលបានពី ៦០ ទៅ ៧០ ភាគរយ នៃផលិតផលកែច្នៃនេះរួមផ្សំពីការងារធ្វើស្រែចម្ការរបស់ពួកគាត់។
ផលិតផលទាំងនោះ ត្រូវបានសហគមន៍ផ្ទាល់នាំយកទៅលក់នៅខេត្តសៀមរាប ទីរួមខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងនៅរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «ពួកគាត់ធ្វើនៅតាមផ្ទះនិងជាក្រុមហើយគាត់មានក្រុមការងាររបស់គាត់យកទៅលក់។ បើនរណាធ្វើបានតិចក៏ទទួលប្រាក់បានតិចទៅតាមហ្នឹងទៅ។ ខ្ញុំមើលឃើញថា មុខរបរមួយនេះបានជួយដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតដែរ»៕