
លោក ប៊ីន យ៉ាន ជនជាតិដើមភាគតិចគួយ ដែលវិវឌ្ឍខ្លួនពីក្មេងតែលតោល ទៅជាបុគ្គលស្ថិតក្នុងការអប់រំខ្ពស់កម្រិតអនុបណ្ឌិត។ រូបថត ប៊ីន យ៉ាន
ភ្នំពេញៈ ចាប់តាំងពីវ័យ ២ ឆ្នាំ ក្មេងប្រុស ប៊ីន យ៉ាន និងបងប្អូនរបស់គេ ៤ នាក់ទៀត ដែលជាជនជាតិដើមភាគតិចកួយ មិនមានសំណាងដូចក្មេងដទៃឡើយ ដោយត្រូវបានឪពុកបោះបង់ ហើយម្តាយក៏ត្រូវស្លាប់ចោលទៀត។ ពួកគេរស់នៅតែលតោលគ្មានទីពឹងដើរស៊ីឈ្នួលគេចិញ្ចឹមជីវិតរៀងៗខ្លួន។ ពេលឈានមកដល់វ័យ ៧ ឆ្នាំ ប៊ិន យ៉ាន ត្រូវបង្ខំចិត្តសុំអ្នកភូមិរស់នៅ និងជួយធ្វើកិច្ចការផ្ទះឱ្យគេ ស៊ីឈ្នួលឃ្វាលគោឱ្យគេ ដែលពេលខ្លះមិនបានហូបបាយឆ្អែតផង។
ថ្វីដ្បិតតែរឿងរ៉ាវទាំងនោះជាស្រមោលអតីតកាលទៅហើយក្តី ក៏បច្ចុប្បន្ន ប៊ីន យ៉ាន បានវិវឌ្ឍខ្លួនទៅជាមនុស្សម្នាក់មានចំណេះវិជ្ជាខ្ពង់ខ្ពស់ រហូតទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងបរិញ្ញាបត្រផ្នែកច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ទោះយ៉ាងណា ប៊ីន យ៉ាន នៅតែមានអារម្មណ៍ដក់ជាប់ជានិច្ចនូវភាពកម្សត់វេទនា និងក្តីឈឺចាប់ពីអតីតកាលរបស់ខ្លួន។
អង្គុយនៅពីមុខគំនរសៀវភៅដែលមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស ហ៊ុមព័ទ្ធទៅដោយពន្លឺភ្លើងពណ៌ស និងនៅក្នុងដៃក្តាប់ប៊ិក ១ ដើម ដែលយូរៗងើបមុខម្តង បុរសសម្បុរស្រអែមមាឌស្តើងរូបនេះ បានរៀបរាប់ពីអតីតកាលរបស់ខ្លួនថា រូបគេឈ្មោះ ប៊ីន យ៉ាន អាយុ ៣០ ឆ្នាំ និងមានដើមកំណើតជាជនជាតិដើមភាគតិចរស់នៅភូមិអន្លង់ស្វាយ ឃុំអូររ៉ែ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ រូបគេរស់នៅក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយ ដែលម្តាយបានស្លាប់ចោល តាំងពីឆ្នាំ ១៩៩៣ នៅពេលគេមានអាយុ ២ ខួបមកម្ល៉េះ មិនតែប៉ុណ្ណោះត្រូវឪពុកបោះបង់ចោលទៀតផង។
លោកប៊ីន យ៉ាន បន្តថា ពេលនោះ រូបគេក៏ដូចជាបងប្អូនប្រុសស្រីរបស់គេ ៤ នាក់ រស់យ៉ាងវេទនាបំផុត ព្រោះគ្មានអ្នកមើលបីបាច់ថែរក្សា ដោយចែកផ្លូវដើរសុំគេនៅ ស៊ីឈ្នួលឱ្យគេ ដោយម្នាក់ៗសុំតែបាយ ១ ចម្អែតក្រពះប៉ុណ្ណោះ។ លុះបានអាយុ ៧ ឆ្នាំ ប៊ីន យ៉ាន ស៊ីឈ្នួលឃ្វាលគោឱ្យគេ ហើយក៏មិនទាន់បានចូលសាលារៀនដែរ។ ចៃដន្យនៅថ្ងៃមួយ រូបគេបានឃើញក្មេងៗក្នុងភូមិកំពុងជុំគ្នារៀននៅសាលាឆទាន ហើយក៏មានចិត្តអន្ទះសាចង់រៀននឹងគេ ប៉ុន្តែគ្មានឱកាសចូលរៀន។ ទើបក្រោយមកក៏ត្រូវបានយាយបង្កើតរបស់គេ ឱ្យចូលរៀនថ្នាក់ទី១ ដែលសូម្បីតែសម្លៀកបំពាក់រៀន ក៏រហែកដែរ។
ប៊ីន យ៉ាន រំឭកថា៖ «ផ្ទះខ្ញុំនៅឆ្ងាយពីសាលារៀន ដូច្នេះខ្ញុំត្រូវដើរទៅសាលារៀនប្រហែល ៥ គីឡូម៉ែត្រ ខ្ញុំដើរកាត់ព្រៃកាត់អី។ ដល់ខែទឹកឡើងយើងត្រូវហែលទឹកឆ្លងអូរជិត ១០ អូរឯណោះទម្រាំដល់សាលារៀន ប៉ុន្តែដោយសារចិត្តចង់រៀនត្រូវតែតស៊ូ។ ពេលចេញពីសាលារៀនមកវិញ ក៏ត្រូវដើរស៊ីឈ្នួលស្ទូងស្រូវឱ្យគេ។ និយាយរួមទៅ ការងារអីក៏ដោយ ឱ្យតែខ្ញុំធ្វើបាន គឺខ្ញុំធ្វើទាំងអស់»។
បើតាម លោក ប៊ីន យ៉ាន កាលនោះលោកដើរទៅសាលារៀនជាមួយមិត្តភក្តិ ២-៣ នាក់ដែរ ប៉ុន្តែមិត្តភក្តិរបស់លោករៀនបានតែ ២-៣ ខែប៉ុណ្ណោះ ក៏នាំគ្នាឈប់អស់ ព្រោះពិបាកពេក ណាមួយត្រូវឆ្លងអូរហែលទឹក និងដើរកាត់ព្រៃទៅសាលា។ ចំពោះអ្នកជាបុគ្គលគំរូដំបូង ដែលជំរុញទឹកចិត្តលោកឱ្យមានចិត្តចង់រៀនសូត្រនោះ គឺមានបងប្រុសម្នាក់ ឈ្មោះវេនដែលគាត់រៀនបានត្រឹមថ្នាក់ទី១០។ គាត់បានចូលធ្វើការជាមួយអង្គការ ដែលលោកយល់ថា ជីវិតអ្នកធ្វើការប្រើចំណេះហាក់ប្រសើរជាងអ្នកធ្វើស្រែចម្ការ។
ដោយសារលោកមើលឃើញគំរូបែបនេះ ទើបជំរុញទឹកចិត្តរបស់លោកឱ្យកាន់តែចង់សិក្សារៀនសូត្រខ្លាំងឡើង។ ស្របពេលនោះដែរ មានថ្ងៃមួយ លោកបានឃើញក្រុមនិស្សិតនាំជនបរទេសទៅទស្សនកិច្ចក្នុងសហគមន៍របស់លោក ហើយពួកគេនិយាយភាសាអង់គ្លេសជាមួយគ្នា ក៏ជំរុញទឹកចិត្តលោកឱ្យចង់ចេះភាសាអង់គ្លេសដែរ។ ក្រោយមក លោកចេះតែហាត់និយាយតាមគេ រហូតអ្នកភូមិខ្លះថា លោកជាមនុស្សឆ្កួតទៀតផង។
លោក ប៊ិន យ៉ាន បញ្ជាក់ថា នៅពេលលោករៀនដល់អនុវិទ្យាល័យ ក៏ត្រូវផ្លាស់សាលា ដែលមានចម្ងាយផ្លូវជាង ១០ គីឡូម៉ែត្រ កាន់តែឆ្ងាយជាងនៅសាលាបឋមសិក្សាទៅទៀត។ អំឡុងពេលនោះ លោកគ្មានលុយ១រៀលចាយនឹងគេផង។ នៅថ្ងៃខ្លះ ដោយសារតែចម្ងាយផ្លូវពីសាលារៀនមកផ្ទះឆ្ងាយ លោកមានការហេវហត់ ក៏ឈប់កាច់ផ្លែចេកគេហូប ក៏ត្រូវម្ចាស់គេចាប់វាយទាត់ធាក់ក៏មានដែរ។ លុះមកដល់ផ្ទះ ឃើញមើមក្តួច ដែលបងស្រីរបស់លោកទើបជីកបានពីព្រៃ ស្មានតែស្ងោរឆ្អិនលោកក៏ហូបធ្វើឱ្យពុលស្ទើរស្លាប់ស្ទើររស់ក៏មាន។
ដោយសារតែជីវភាពក្រពេក ពេលលោករៀនដល់ថ្នាក់ទី៧ ក៏ផ្អាករៀន ១ គ្រា ទៅធ្វើជាកម្មករលីសែងអីវ៉ាន់ឱ្យគេចុះពីទន្លេឡើងទៅផ្សារស្ទឹងត្រែង ក្រោយមកក៏សុំលោកនាយកសាលាចូលរៀនថ្នាក់ទី៧ វិញ។ លោក ប៊ីន យ៉ាន បន្ថែមថា ពេលដែលលោកទៅសុំនាយកសាលាចូលរៀនថ្នាក់ទី៧ វិញនោះ តាមពិតខាងសាលាមិនចង់ឱ្យចូលរៀនទេ ប៉ុន្តែដោយសារលោកជាសិស្សពូកែក៏ត្រូវបានលោកនាយកសាលាឱ្យផ្លោះចូលរៀនថ្នាក់ទី៩ តែម្តង។ នៅពេលនោះ លោកបានសុំព្រះសង្ឃស្នាក់នៅវត្តដើម្បីរៀនសូត្រ ព្រោះទីតាំងវត្តនៅជិតសាលារៀន ហើយត្រូវងើបពីព្រលឹមបោសទីធ្លាវត្ត និងដាំទឹកតែប្រគេនព្រះសង្ឃ។
ក្នុងអំឡុងពេលស្នាក់នៅវត្ត លោកខិតខំទន្ទេញធម៌ សូត្ររៀនច្បាប់លោកតាក្រមង៉ុយ អានសៀវភៅរហូតចេះចាំស្ទាត់ធ្វើឱ្យព្រះសង្ឃក្នុងវត្តស្រឡាញ់ពេញចិត្ត។ ពេលនោះលោកក៏គ្មានលុយសម្រាប់ជិះទូកដទៅសាលារៀនដែរ ប៉ុន្តែដើម្បីបានជិះទូកដ លោកត្រូវសុំម្ចាស់ទូកស្តារទឹកក្នុងទូកទាំងទៅ ទាំងមក ហើយត្រូវដើរទៅសាលារៀនប្រហែលជា ២ គីឡូម៉ែត្រទៀត។
លោកបន្តថា ក្រោយមក លោកដឹងថា មានសាលា ១ ឈ្មោះវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែង ដែលជាសាលា ១ ល្អជាងសាលាដែលលោកកំពុងរៀន ក៏ផ្ទេរទៅរៀននៅវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែងនោះ ហើយលោកក៏ផ្លាស់ប្តូរការស្នាក់នៅក្នុងវត្តដែរ ដោយមកសុំព្រះចៅអធិការវត្តកណ្តាល ស្នាក់នៅ រៀនសូត្រម្តង។ ពេលនោះលោក ប៊ីន យ៉ាន បានសុំព្រះសង្ឃរៀនភាសាអង់គ្លេស ហើយក៏បានក្លាយជាគ្រូដើរបង្រៀនភាសាអង់គ្លេស រហូតបានបញ្ចប់ថ្នាក់ទី១២ ក្នុងឆ្នាំ ២០១២។ ក្រោយបញ្ចប់ថ្នាក់ទី១២ លោកមានបំណងមករៀននៅរាជធានីភ្នំពេញ ដើម្បីបានចូលរៀនសាកលវិទ្យាល័យ ព្រោះលោកឃើញមិត្តភក្តិមករៀននៅរាជធានីភ្នំពេញអស់ ហើយម្យ៉ាងទៀតលោកក៏ធ្លាប់ឃើញអគារខ្ពស់ៗក្នុងរូបភាពផង។
លោក ប៊ីន យ៉ាន និយាយថា៖ «អ៊ីចឹង ខ្ញុំសម្រេចចិត្តត្រូវតែទៅភ្នំពេញឱ្យបាន ទោះជួបបញ្ហាអ្វីក៏ដោយ ខ្ញុំរៀបចំអីវ៉ាន់ ដែលភាគច្រើនមានតែសៀវភៅទេ។ ពេលនោះខ្ញុំមានលុយ ៦ ម៉ឺនរៀលទេ ម្ចាស់ឡានតាក់ស៊ីយកពីខ្ញុំ ៤ ម៉ឺនរៀល ហើយអីវ៉ាន់គេយក ៣ ម៉ឺនរៀល។ ខ្ញុំអង្វរគេយ៉ាងម៉េច ក៏គេមិនព្រម ហើយទាញអីវ៉ាន់ខ្ញុំទម្លាក់មកដី គាត់ថា ឡាន [គាត់] មិនមែនចាក់ទឹកទេ ដែលពេលនោះខ្ញុំក៏ត្រឡប់ទៅវត្តវិញ»។
លោកបន្តថា ពេលត្រឡប់មកវត្តវិញ ក៏គិតរកមធ្យោបាយ ធ្វើយ៉ាងណា ដើម្បីបានលុយមកភ្នំពេញ លោកក៏នឹកឃើញវិធី ១ គឺបង្កើតកន្លែងហាត់ប្រាណ ដើម្បីបង្ហាត់គេឱ្យចេះរាំ ប៉ុន្តែត្រូវតែបើកក្លិបហាត់រាំខ្លួនឯងសិន។ ពេលនោះលោកបានខ្ចីធុងបាស់មិត្តភក្តិ មកចាក់រាំនៅមាត់ទន្លេទីរួមខេត្តស្ទឹងត្រែង ដល់តែដាក់រាំលេងៗទៅ ស្រាប់តែមានមនុស្សប្រុសស្រីមកហាត់ប្រាណមែនរហូតសន្សំបានលុយប្រហែល ២០ ម៉ឺនរៀលក៏ឡើងឡានតាក់ស៊ីមកទីក្រុងភ្នំពេញ។
បើតាមការរៀបរាប់របស់លោក ពេលមកដល់ទីក្រុងភ្នំពេញដំបូង លោកហាក់ប្លែកភ្នែកយ៉ាងខ្លាំង ព្រោះឃើញមានផ្ទះថ្មខ្ពស់ៗ រីឯអ្នករស់នៅទីក្រុងក៏ស្លៀកពាក់ស្អាតបាត ដែលខុសពីអ្នករស់នៅតំបន់ជនបទ។ ដោយឆ្លងកាត់រមណីយដ្ឋានវត្តភ្នំ ឃើញទិដ្ឋភាពប្លែកភ្នែកផងនោះ លោក ប៊ីន យ៉ាន បានចតកង់ និងបង្វេចសៀវភៅចោល រួចដើរមើលទេសភាព ១ ជុំវត្តភ្នំ។
ត្រង់ចំណុចនេះលោកបានបន្លឺសំឡេងយ៉ាងភ្ញាក់ផ្អើលថា៖ «ខ្ញុំធ្លាប់តែនៅស្រុកខ្ញុំគេដាក់កង់ ឬរបស់ទ្រព្យអី ចោរមិនលួចដែរ ហើយខ្ញុំនឹកថា កង់កញ្ចាស់របស់ខ្ញុំចោរមិនលួចទេ តែដឹងអី ពេលខ្ញុំត្រឡប់មកវិញ ចោរលួចកង់ខ្ញុំបាត់។ តែសំណាងដែរចោរចេះទុកបង្វេចសៀវភៅឱ្យខ្ញុំ»។
សម្រាប់លោក ប៊ីន យ៉ាន ពេលនោះទុក្ខជាន់លើទុក្ខតែម្តង ព្រោះលុយនៅជាប់ខ្លួនសល់តែលុយប្រហែល ១០ ម៉ឺនរៀលផងហើយត្រូវចោរលួចកង់បាត់ថែមទៀត ម្យ៉ាងមិនដឹងថា នឹងទៅដេកពួននៅកន្លែងណាផងទេ។ ដើរលីបង្វេចសៀវភៅបណ្តើរគិតបណ្តើរ លោកក៏បាននឹកឃើញពីការធ្លាប់អានសៀវភៅ ដឹងថា បុគ្គលល្បីៗនៅស្រុកខ្មែរមួយចំនួន គឺមានប្រភពចេញពីវត្តឧណ្ណាលោម។ ដោយគិតឃើញដូច្នោះ លោកក៏សម្រេចចិត្តទៅសុំព្រះសង្ឃស្នាក់នៅ ក្នុងវត្តឧណ្ណាលោម តែត្រូវព្រះសង្ឃបដិសេធ ហើយលោកសម្រេចចិត្តស្នាក់នៅតាមសំយាបផ្ទះគេបណ្តោះអាសន្ន ១ យប់នៅថ្ងៃនោះ។
ទោះយ៉ាងណា នៅជាប់នឹងខ្លួនលោក ក៏នៅមានទូរស័ព្ទប្រភេទចាស់ ១ គ្រឿង ដែលគេនិយមហៅលេងថា «អិនចុចពិល» ហើយលោកបានស្រាវជ្រាវរកឃើញលេខទូរស័ព្ទមិត្តភក្តិ ក៏ទាក់ទងសុំបន្ទប់ស្នាក់នៅបណ្តោះអាសន្ន២-៣ យប់។ បន្ទាប់មកលោកក៏ទៅស៊ីឈ្នួលលីអីវ៉ាន់ឱ្យគេនៅផ្សារអូរឫស្សី (២០១២) និងសន្សំបានលុយខ្លះជួលបន្ទប់គេស្នាក់នៅ ដែលក្នុង ១ ខែថ្លៃ ១៥ ដុល្លារ។
លោកបន្តថា ដោយការងារលីសែងនេះពិបាកពេក លោកក៏សម្រេចចិត្តទៅសុំថៅកែភោជនីយដ្ឋាន ១ ឈ្មោះប៉ោយប៉ែតនៅម្តុំរោងកុនគិរីរម្យលាងចានឱ្យគេ ដើម្បីយកប្រាក់បង់ថ្លៃជួលបន្ទប់ និងចំណាយបង់ថ្លៃសិក្សា។ លុះចូលដល់ដើមឆ្នាំ ២០១៣ លោកទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលអាហារូបករណ៍នេះ លោកបានសុំតាំងពីទើបបញ្ចប់ថ្នាក់ទី១២ នៅខេត្តស្ទឹងត្រែងមកម្ល៉េះ។
និយាយពីការចូលរៀននៅសាកលវិទ្យាល័យវិញ នៅពេលនោះសាលាបានចាប់ផ្តើមឱ្យសិស្សចូលរៀន ប៉ុន្តែដោយសារលោកគ្មានលុយទិញសៀវភៅសិក្សា ក៏បង្ខំចិត្តផ្អាកការសិក្សាមួយរយៈ។ ពេលនោះ លោកក៏សម្រេចចិត្តដើរស៊ីឈ្នួលគេបន្តទៀត ទម្រាំសន្សំលុយទិញកង់បាន១គ្រឿង និងទិញសៀវភៅបានចូលរៀននឹងគេនៅពាក់កណ្តាលឆ្នាំ ២០១២។
បើតាមលោក ប៊ីន យ៉ាន ដំបូងឡើយសាលាតម្រូវឱ្យសិស្សទាំងអស់រៀនភាសាអង់គ្លេស ១ ឆ្នាំ ដែលក្នុងអំឡុងពេលនោះលោកបានហាត់និយាយភាសាអង់គ្លេសម្នាក់ឯង សូម្បីតែពេលជិះកង់ក៏លោកនិយាយតែម្នាក់ឯងដែរ រហូតដល់ថ្នាក់អ្នកធ្វើដំណើរនៅតាមផ្លូវ គេលាន់មាត់ថា លោកជាមនុស្សវិកលចរិតទៀតផង។ ដោយសារតែលោកខំសិក្សាពេញ ១ ឆ្នាំ បានធ្វើឱ្យចំណេះដឹងផ្នែកភាសាអង់គ្លេស មានការរីកចម្រើន ធ្វើឱ្យលោកចេះនិយាយ ចេះសរសេរបានច្រើន។ ដោយការងារចេះតែផ្លាស់ប្តូរពី ១ កន្លែងទៅ ១ កន្លែង លោកក៏បានទៅរត់តុការ ហើយចៃដន្យនៅថ្ងៃមួយ លោកបានឃើញគេឡើងនិយាយក្នុងពិធីមង្គលការ លោកក៏ចង់ក្លាយខ្លួនជាពិធីករដែរ។ ក្រោយមក លោកក៏ហាត់និយាយដោយខ្លួនឯង មិនថា នៅកន្លែងណាឡើយសូម្បីតែនៅក្នុងបន្ទប់ជួល ក៏ហាត់និយាយតែម្នាក់ឯងដែរ។
លោកបញ្ជាក់ថា ទោះជាត្រូវបរាជ័យម្តងជា ២ ដង យ៉ាងណាក៏ដោយ ក៏លោកនៅតែចិញ្ចឹមចិត្ត និងហាត់រៀននិយាយម្នាក់ឯងដែរ ប៉ុន្តែចៃដន្យនៅហាងអាហារ ១ គេខ្វះពិធីករ លោកបានសុំម្ចាស់ហាង ឡើងធ្វើពិធីករជំនួសគេបាន។
បន្ទាប់មកលោកថៅកែហាងបានឱ្យលោកធ្វើជាពិធីករជាប់រហូត ទាល់តែលោកបានក្លាយជាពិធីករ នៅតាមក្រុនហ៊ុនធំៗ ហើយក្នុងអាជីពជាពិធីករនេះដែរ លោកក៏ធ្លាប់បានឡើងនិយាយនៅសាលារាជធានីភ្នំពេញទៀតផង។ ជាបន្តបន្ទាប់ លោកត្រូវបានម្ចាស់វិទ្យុទន្លេ ហៅឱ្យចូលធ្វើពិធីករ ដែលគ្រានោះ លោកទទួលបានប្រាក់ខែក្នុង ១ ខែ ១០ ម៉ឺនរៀល។
ដោយសារតែប្រាក់ចំណូលចេះតែកើនឡើងបន្តិចម្តងៗដែលអាចផ្គត់ផ្គង់ខ្លួនឯងបាន និងសល់ពីការសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាទៀតនោះ លោកក៏ចូលរៀនបង់ថ្លៃនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ១ កន្លែងទៀត។
លោកបន្ថែមថា ដោយសារមានមហិច្ឆតាចង់បានចំណេះដឹងខ្ពង់ខ្ពស់បន្ថែមទៀតនោះ ទើបនៅពេលលោកទំនេរពីការសិក្សាថ្ងៃណា គឺលោកទៅធ្វើពិធីករនៅតាមក្រុមហ៊ុនធំៗ ក្នុង ១ ថ្ងៃ លោកអាចរកបានពី ១០០-១៥០ ដុល្លារ ដែលលោកគិតថា អាចរស់ដោយខ្លួនឯង និងអាចបង់ថ្លៃរៀនសូត្របានទៀតផង។ ដោយសារការព្យាយាមតស៊ូ មកដល់បច្ចុប្បន្ន លោកបានក្លាយជាអ្នកនិពន្ធសៀវភៅជាភាសាខ្មែរ និងអង់គ្លេស ដែលមានចំណងជើងថា «និស្សិតបេះដូងមាស» និង «បុប្ផារាជធានី» «Win Fate Create Miracle», «Right Choice Right Time»។ សៀវភៅទាំង ៤ ក្បាលនេះ កំពុងដាក់លក់នៅតាមបណ្ណាគារធំៗក្នុងរាជធានីភ្នំពេញ។ ក្រៅពីការងារនិពន្ធសៀវភៅ លោក ប៊ីន យ៉ាន ក៏មានក្រុមហ៊ុនដឹកជញ្ជូន ១ ទៀត យីហោ(កូនមាន់)។
លោករៀបរាប់ថា បច្ចុប្បន្នលោកក៏ចិញ្ចឹមយុវជន និងយុវតីក្រីក្រ ពិសេសយុវជន ជនជាតិដើមភាគតិច មកពីតាមបណ្តាខេត្តជាង ១០ នាក់ ដែលមានអាយុ ចន្លោះពី ១៥ ឆ្នាំ ដល់ អាយុជាង ២០ ឆ្នាំ ដែលពួកគេខ្លះចេះខ្លាំងជាងលោកទៅទៀត។ លោកត្រូវចំណាយ ទាំងការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ទាំងបន្ទប់ស្នាក់នៅ ទាំងការហូបចុកទៀតផង។ ក្រៅពីនេះលោកសំណូមពរយុវវ័យនៅតាមខេត្ត តំបន់ដាច់ស្រយាល ឬទីក្រុង ត្រូវតែតស៊ូរៀនសូត្រ កុំឈប់ កុំពឹងលើបងប្អូន ម្តាយឪពុកពេក ត្រូវតែរៀនរស់ដោយខ្លួនឯង។ ទៅថ្ងៃមុខ លោកមានបំណងអាចបង្កើតជាសមាគម ឬអង្គការ និងបង្កើតជាកន្លែងស្នាក់នៅរបស់និស្សិត ដើម្បីជួយសិស្ស និស្សិតក្រីក្រ៕