ភ្នំពេញៈ ​ជា​អ្នកនិពន្ធ រៀបរៀង​និង​ប្រែ​សម្រួល ហើយក៏​ជានា​យក​គ្រឹះស្ថាន​បណ្ដុះ​និស្ស័យ លោក ឌុំ ដា​វុ​យ កើត​នៅ​ភូមិ​ប្រាសាទ ឃុំ​ដារ ស្រុក​កំពង់លែង ខែ​ត្ត​កំពង់ឆ្នាំង​។ ថ្វីដ្បិតតែ​ជា​កូន​កសិករ​ក្រីក្រ​លំបាក​ក៏ពិតមែន ប៉ុន្តែ​លោក​បាន​តស៊ូ​សិក្សា​រៀន​រហូត​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ​នៃ​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​ផងដែរ​។

ក្រោយ​បញ្ចប់​ការសិក្សា​លោក ឌុំ ដា​វុ​យ បាន​ចូល​បម្រើ​ការងារ​ជា​អ្នកនិពន្ធ ជា​អ្នក​ប្រែ​សម្រួល​នៅក្នុង​គ្រឹះស្ថាន​បោះពុម្ព​ និង​ធ្វើការ​ជាមួយនឹង​ស​មាគម​ក្នុងស្រុក​មួយចំនួន​ដែរ​។ ដោយសារតែ​លោក​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​វិធីសាស្ត្រ​និពន្ធ​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ ទើប​ធ្វើឱ្យ​លោក​​ធ្វើ​កិច្ច​ការទាក់ទង​នឹង​ការនិពន្ធ​របស់លោក​បាន​កាន់តែ​ប្រសើរឡើង​។

​ក្រៅពី​ធ្វើ​ការឱ្យ​អង្គការ សមាគម លោក​ក៏​មិន​ភ្លេច​ការបង្កើត​ស្នាដៃ​សម្រាប់​ខ្លួន​លោក​នោះដែរ ដោយ​លោក​បានចាប់ផ្ដើម​ស្នាដៃ​ជា​សៀវភៅ​ដំបូង​មាន​ចំណងជើង​ថា «​ផ្ដើម​គិត ផ្ដើម​ជោគជ័យ​»​។

ចំពោះ​ស្នាដៃ​ដំបូង​នេះ លោក​បាន​ប្រាប់ថា «​ផល​លំបាក​ក្នុងការ​ចាប់ផ្ដើម​ស្នាដៃ​នេះ ខ្ញុំ​មិនសូវ​ជាមាន​ផល​លំបាក​ប៉ុន្មាន​ទេ ដ្បិតថា​បាន​ចូលរៀន​វគ្គ​តែង​និពន្ធ​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ ហើយក៏​បាន​ហ្វឹកហាត់​ការងារ​ជាមួយនឹង​សមាគម​ទ្រទ្រង់​ការបោះពុម្ព​និង​អប់រំ និង​បានធ្វើការ​នៅក្នុង​គ្រឹះស្ថាន​ផ្សេង​ផង ដូច្នេះ​មិនសូវ​ជា​ជួប​ផល​វិបាក​ខ្លាំង​ទេ​។ អ្វីដែល​លំបាក​ខ្លាំង​មិនមែន​លើ​ការសរសេរ​ទេ តែ​ជាការ​ស្វែងរក​ទិន្នន័យ​ជា​ឯកសារ ពិសេស​ឯកសារ​ក្នុង​បណ្ណាល័យ​តែម្ដង​»​។

ក្រោយពី​លោក​បាន​ឆ្លងកាត់​ការងារ​ជា​អ្នកនិពន្ធ ស្រាវជ្រាវ និង​ប្រែ​សម្រួល​បានជា​ច្រើន លោក​បានសម្រេច​ចិត្ត​បើក​គ្រឹះស្ថានបោះពុម្ពផ្សាយ​មួយ​ដែលមាន​ឈ្មោះថា «​គ្រឹះស្ថាន​បណ្ដុះ​និស្ស័យ​» ហើយ​ក្នុង​ពិព័រណ៍​សៀវភៅ​ចុងឆ្នាំ​ ២០២២ លោក​មាន​ស្នាដៃ​ចូលរួម​ប្រមាណ​ជាង ២០ ចំណង​ជើង។

ស្នាដៃ​ទាំងនោះ​លោក​បាន​សម្រិតសម្រាំង​ទាំង​ខ្លឹមសារ ទាំង​ការរៀបចំ​ទំព័រ​។ ស្នាដៃ​ទាំងនោះ​មានដូចជា សេចក្ដីសុខ​ហិរញ្ញវត្ថុ​, គម្ពីរ​សាង​ចលនទ្រព្យ​, លក់​បែប​អ្នកជំនាញ​, មហាសេដ្ឋី​ជោគជ័យ​, គតិ​ដោះស្រាយ​បញ្ហា​ជីវិត​, គំរូ​អ្នកដឹកនាំ ជាដើម ដែល​ស្នាដៃ​ទាំងនេះ​ជា​ស្នាដៃ​ដែល​ទើបនឹង​បោះពុម្ព​ថ្មីៗ​នេះ​តែម្ដង​។

ក្រៅពីនេះ​មាន វិធីសាស្ត្រ​មើល​មនុស្ស​, ចិត្តសាស្ត្រ​សាង​តម្លៃ​ខ្លួនឯង​, ផ្ដើម​គិត ផ្ដើម​ជោគជ័យ ជាដើម​ដែល​សុទ្ធសឹងតែ​ជា​សៀវភៅ​ល្អៗ​សម្រាប់​មិត្ត​អ្នកអាន​។

ចំពោះ​សៀវភៅ «​គម្ពីរ​សាង​អចលនទ្រព្យ​» ជា​សៀវភៅ​និយាយ​ពី​ប្រភេទ​អចលនទ្រព្យ​គ្រប់​ជ្រុងជ្រោយ និយាយ​ពី​ការវិនិយោគ និយាយ​ពី​ការទិញ​លក់​អចលនទ្រព្យ​។ ក្រៅពីនេះ សៀវភៅ​នេះ​ក៏​បង្ហាញ​ពី​ការមើល​ទីតាំង​នៃ​អចលនទ្រព្យ​ដល់​អ្នកអាន​ថា​ ទីតាំង​ណា​ដែល​ឡើង​តម្លៃ​ខ្ពស់​និង​លក់​វិញ​បាន​ផលចំណេញ​ច្រើន​។ ចំណុច​ពិសេស​មួយទៀត​នៃ​សៀវភៅ​នេះ​ គឺ​ប្រាប់ថា ​អចលនទ្រព្យ​បែបណា​គួរ​លក់ អចលនទ្រព្យ​ណា​គួរ​ជួល​។

ចំណែក​សៀវភៅ​ «​លក់​បែប​អ្នកជំនាញ​» ជា​សៀវភៅ​ប្រាប់​ពី​វិធីសាស្ត្រ​បែប​ឈ្លាសវៃ ដោយ​មិន​លក់​បែប​សម្រុក​។ ការចេះ​បង្កើត​ក្រុម​លក់ ការ​ហ្វឹកហាត់​ក្លាយជា​ប្រធាន​ក្រុម​លក់​។ ការលក់​បែប​ឈ្លាសវៃ​អាច​ប្រព្រឹត្តទៅបាន លុះត្រាតែ​អ្នក​គ្រប់​គ្រងមាន​ភាពឈ្លាសវៃ​។ ត្រូវ​ដឹងថា ការគ្រប់គ្រង​ក្រុមហ៊ុន​ឱ្យ​អាចឈរជើង​រឹងមាំ​បាន​គឺជា​ការកើត​ចេញពី​អ្នកលក់​ពូកែ ពិសេស​ប្រធាន ឬ​ម្ចាស់​ក្រុមហ៊ុន​នេះ​តែម្ដង​។

សៀវភៅ​ដែល​លក់ដាច់​ច្រើន​បំផុត​ក្នុង​គ្រឹះស្ថាន​លោក​គឺ «​ផ្ដើម​គិត ផ្ដើម​ជោគជ័យ​» ដែលជា​សៀវភៅ​មួយ​បង្ហាញ​ពី​ការគិត​ហើយ​អនុវត្ត​តែម្ដង​។ ផ្នែក​ដំបូង​នៃ​សៀវភៅ​នេះ​បង្ហាញ​ពី​រូបមន្ត​នៃ​ការគិត បន្ទាប់មក​បង្ហាញ​ពី​សកម្មភាព​បង្កើតជា​ទង្វើ​ដែលជា​ផល​នៃ​ការគិត​។ គំនិត​បូក​នឹង​សកម្មភាព កើត​បានជា​លទ្ធផល​។

លោក​ថា៖ «​ខ្ញុំ​មើលឃើញថា យុវជន​ជា​កម្លាំង​ស្នូល ហើយ​ជា​កាតាលី​ករ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​យើង​លើ​គ្រប់​វិស័យ ដូច្នេះ​មុននឹង​ឈានទៅរក​ការ​អភិ​ឌ្ឍ​សង្គម យុវជន​ត្រូវ​អភិវឌ្ឍ​ខ្លួនឯង​ជាមុនសិន​»​។

លោក​បាន​បន្តថា កត្តា​ចម្បង​នៃ​ការអភិវឌ្ឍ​ខ្លួន គឺ​ត្រូវ​បណ្ដុះ​ការអាន បណ្ដុះ​ទម្លាប់​អាន​ឱ្យបាន​ខ្លាំង ព្រោះ​លោក​យល់ឃើញថា ការអាន​គឺជា​ការធ្វើឱ្យ​មនុស្ស​មាន​លក្ខណៈ​ពេញលេញ​។ ការអាន​ គឺជា​ការបំពេញ​នូវ​ភាពខ្វះ​ចន្លោះ​របស់​មនុស្ស ការអាន​គឺជា​ការ​​បំពេញ​ចំណេះដឹង​និង​ជា​ប្រទីប​បំភ្លឺ​ផ្លូវ ការអាន​ជួយ​ឱ្យ​មនុស្ស​សម្លឹងមើល​បាន​វែងឆ្ងាយ​។

«​ដូច្នេះ​យុវជន​គប្បី​អាន​ឱ្យបាន​ច្រើន ត្រូវតែ​សិក្សា​ស្វែងយល់​និង​បង្កើត​ទម្លាប់​អាន​ឱ្យបាន​គ្រប់គ្នា ពីព្រោះ​វ័យ​យុវជន​ជា​វ័យ​ដែល​ត្រូវ​ស្វែងរក​ចំណេះដឹង​។ យុវជន​មិនត្រូវ​ចំណាយពេល​វេលា​ជាមួយនឹង​ល្បែង ពិសេស​មិនត្រូវ​ចំណាយពេល​ផឹកស៊ី ស្រី​ញី ហើយ​ត្រូវ​ចាកឱ្យ​ផុតពី​គ្រឿងញៀន ព្រោះ​ស្រី ស្រា ល្បែង និង​គ្រឿងញៀន​បាន​កាត់បន្ថយ​សក្ដានុពល​ភាពជា​យុវវ័យ​របស់​ពួកគេ​»​។​លោក ឌុំ ដា​វុ​យ បានបញ្ជាក់​បន្ថែម​៕