ភ្នំពេញៈវេទិកា​ជំនាន់​នៃ​ភាព​ច្នៃ​ប្រឌិត​សហការ​ជាមួយ​អង្គការ​មិត្ត​សំឡាញ់​អន្តរជាតិ​ គ្រោង​នឹង​រៀបចំ​ពិ​ព័រ​ណ៍ និង​កិច្ច​ពិភាក្សា​អំពី​ស្ថា​បត្យ​កម្ម​រយៈ​ពេល​ប្រមាណ ​២០ ​ថ្ងៃ ​ក្រោម​គម្រោង​នៅ​ក្រោម​ម្លប់​ ដើម្បី​គាំទ្រ​ដល់​ការច្នៃ​ប្រឌិត​របស់យុ​វជន​ខ្មែរ និង​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​បាន​សិក្សា និង​អភិវឌ្ឍ​ជំនាញ​នៅ​ក្នុង​វិស័យ​ឌី​សាញ និង​សិល្បៈ។

នៅ​ក្រោម​ម្លប់គឺជា​គម្រោង​ថ្មី​ដ៏​រំភើប​មួយ​របស់​ជំនាន់​នៃ​ភាព​ច្នៃប្រ​ឌិតដែល​បង្ហាញ​ការ​ឌី​សាញ​ចីរភាព​របស់​ស្ថា​បត្យ​ករ​វ័យ​ក្មេង នួន សង់​ទី ក្រោម​ការ​ដឹកនាំ​របស់​ដេវីដ ខូ​ល ដោយ​បាន​រ៉ាប់រង​ក្នុងការ​ឌី​សាញ និង​ដំឡើង​ស្ថាបត្យ​កម្ម​នេះ​នៅ​ក្នុង​ទីធ្លា​របស់​ F3 ​(Friends Futures Factory) រាជ​ធានី​ភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌​មាន​ស្តីពី​គម្រោង​នៅ​ក្រោម​ម្លប់​បាន​ឱ្យដឹងថា​ កម្មវិធី​ពិ​ព័រ​ណ៍ និង​កិច្ច​ពិភាក្សា​អំពី​ស្ថាបត្យ​កម្ម​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​រាត្រី​ថ្ងៃទី ​១០ ដល់​ថ្ងៃទី​ ៣០ ខែធ្នូ ២០២២ ដោយ​មាន​កម្មវិធី​ជា​បន្ត​បន្ទាប់ និង​មាន​សិក្ខា​សាលា​បង្ហាញ​ពី​ក្រដាស​គ្រាប់​ពូជ​កែច្នៃ រួមទាំង​កិច្ច​សន្ទនា​ជាមួយ​អ្នក​ឌី​សាញ នួន សង់​ទី ព្រម​ទាំង​កិច្ច​ពិភាក្សា​ជា​ក្រុម ​«គំនិត​តូចៗ ឥទ្ធិ​ពល​​ធំ» ផង​ដែរ​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា «នួន សង់​ទី ត្រូវ​បាន​ស្នើសុំ​ឱ្យ​ឌី​សាញ​ទី​ដែល​ផ្តល់​ជា​ម្លប់​ដ៏រ​មនា​មួយ ដោយ​ប្រើ​សម្ភារ​ធម្មជាតិ និង​មាន​លក្ខណៈ​ចីរភាព។ ដើម្បី​បំពេញ​តាម​លក្ខ​ខណ្ឌ​នេះ សង់​ទី ត្រូវបាន​បំផុស​គំនិត​ដោយ​ប្រពៃណី​នៃ​ការ​ផលិត​កញ្ច្រែង​បុរាណ​ និង​ដ៏​សម្បូរ​បែប​របស់​កម្ពុជា។ គាត់​ជ្រើស​រើស​បង្កើត​ទីនេះ​ជា​រាង​ទ្រុង​មាន់​ធ្វើ​ពី​ឫស្សី​យ៉ាង​សា​មញ្ញ​មួយ ហើយ​ដាក់​ស៊ុម​មាន់​ចំនួន​ ៥០០​ បញ្ចូល​គ្នា ដើម្បី​បង្កើត​ចេញ​ជា​រូប​រាង​ទំនើប​មួយ»។

លោក​ស្រី Dana Langlois សហ​ស្ថាប​និក និង​ជា​នាយក​វេទិកា​ជំនាន់​នៃ​ភាព​ច្នៃប្រឌិត ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២០ វិច្ឆិកា​ថា នៅ​ក្រោម​ម្លប់ ជា​ផ្នែក​មួយ​នៃ​វេទិកា​ជំនាន់​នៃ​ភាព​ច្នៃ​ប្រឌិត ​ដើម្បី​គាំទ្រ​ដល់​ការច្នៃ​ប្រឌិត​របស់​យុវជន​ខ្មែរ និង​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​បាន​សិក្សា និង​អភិវឌ្ឍ​ជំនាញ​នៅ​ក្នុង​វិស័យ​ឌី​សាញ និង​សិល្បៈ។

លោក​ស្រីបាន​បន្តថា ពិព័រណ៍​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សហ​ការ​ជា​ដៃគូ​ជាមួយ​អង្គការ​មិត្ត​សំឡាញ់​ និង F​3 (Friends Futures Factory) ដើម្បី​បង្ហាញ​ពី​ស្នាដៃ​នៃ​ស្ថាបត្យ​កម្ម​របស់​យុវជន​ខ្មែរ​ម្នាក់ ដែល​មាន​ការ​បង្កើត​ថ្មី ដ៏​គួរ​ឱ្យ​ទាក់​ទាញ។

លោក​ស្រី​បាន​បញ្ជាក់​ថា៖ «ទី​ដែល​ផ្តល់​ម្លប់​នេះ នឹង​ត្រូវ​ដាក់​បង្ហាញ​ចាប់ពី​ខែធ្នូ ២០២២ រហូត​ដល់​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ នៅ​ពេល​រើចេញ​វិញ ស៊ុម​មាន់​ទាំង​អស់​នឹង​ត្រូវ​ប្រគល់​ទៅឱ្យ​កសិករ​នៅ​តាម​សហ​គមន៍ តាម​រយៈ​កម្មវិធី​របស់​អង្គការ​មិត្ត​សំឡាញ់​អន្តរ​ជាតិ។ ទី​ដែល​បង្កើត​ឡើង​នេះ​នឹង​ផ្តល់​ជា​លម្ហ​សហ​សម័យ​មួយ​សម្រាប់​ឱ្យ​សា​ធារណ​ជន​ចូល​រួម​រីករាយ​ក្នុង​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ និង​ជួប​ជុំគ្នា​នៅ​ក្រោម​ម្លប់​ដ៏​ស្រទន់ និង​ការ​ឌី​សាញ​ដ៏​ថ្មី​សន្លាង​របស់​វា»។

ចំពោះ​សិក្ខា​សាលា​ក្រដាស​គ្រាប់​ពូជ​កែ​ច្នៃ លោកស្រី Dana បាន​ឱ្យដឹង​ថា គឺជា​សិក្ខា​សាលា​មួយ​ដែល​ផ្តល់​ដល់​ក្រុម​សិស្ស​សាលា គ្រួសារ និង​មនុស្ស​មិន​ប្រកាន់​អាយុ ដើម្បី​រៀន​ទាញ​យក​ប្រយោ​ជន៍​ពី​ក្រដាស​ដែល​គេ​ប្រើ​រួច​ហើយ ​និង​ប្រែ​ក្លាយ​វា​ទៅជា​ក្រដាស​គ្រាប់​ពូជ ដែល​អាច​យក​ទៅ​ដាំ​ផ្កា ផ្លែ​ឈើ និង​បន្លែ។

លោក​ស្រី បាន​បញ្ជាក់​ថា៖ «ចំពោះ​កិច្ច​ពិភាក្សា​ក្រុម​អំពី​គំនិត​តូចៗ តែមាន​ឥទ្ធិពល​ធំ គឺ​នឹងមាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​មកពី​វិស័យ​ផ្សេងៗ ដែល​នឹង​ផ្តល់​គំនិត​ជាច្រើន ដែល​អាច​ជួយ​ចូល​រួម​ក្នុង​ការ​រៀបចំ​អនា​គត​កាន់​តែ​មាន​ចីរភាព​ឡើង ខណៈ​កម្ម​វិធី​នោះ​ក៏មាន​បង្ហាញ​ពី​ផ្សារ​បៃ​តង និង​ព្រឹត្តិ​ការណ៍​សហ​គមន៍​ផ្សេងៗ​ទៀត​ផង​ដែរ»​។

យុវជន ​នួន សង់​ទី បាន​ចាប់​ផ្តើម​អាជីព​ក្នុង​ផ្នែក​ស្ថាបត្យ​កម្ម​ដោយ​ធ្វើជា​អ្នក​ហាត់​ការងារ​នៅ​ក្រុម​ហ៊ុន COLE ហើយ​បន្ទាប់​មក​លោក​ក៏​ក្លាយ​ជា​ស្ថា​បត្យ​ករ​វ័យ​ក្មេង​នៅ​ទីនោះ​ និង​បាន​ចូលរួម​ក្នុង​ការ​គូររូប​បំ​ព្រួញ​និង​ព្រាង​គំនិត​ឌី​សាញ គម្រោង​ផ្សេងៗ​ដូចជា​ផ្ទះ​លម្ហែ​ ការិយា​ល័យ ជា​ពិសេស​គម្រោង​នគរូប​នីយ​កម្ម​។

បន្ទាប់​ពី​ឆ្លង​កាត់​បទ​ពិសោធន៍​ទាំង​នេះ យុវជន​នួន សង់​ទី ក៏​ទទួល​បាន​បរិញ្ញា​បត្រ​ផ្នែក​នគរូបនីយ​កម្ម និង​ស្ថាបត្យ​កម្ម​ពី​មហា​វិទ្យា​ល័យ​ន័​រ​តុ​ន ខណៈ​រូបគេ​មាន​ចំណាប់​អារម្មណ៍​ផ្នែក​ស្ថាបត្យ​កម្ម​ដែល​គិត​គូរ​ដល់​បរិស្ថាន​ វប្បធម៌ និង​សហ​គមន៍​អ្នក​ស្រុក​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​យុវជន នួន សង់​ទី គឺ​តែង​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​ការ​រចនា​បែប​លី​នេ​អ៊ែរ (ការ​រចនា​ដោយ​ប្រើ​គំនូស​បន្ទាត់) ​ដើម្បី​បង្កើត​ជា​រូបរាង​ផ្សេងៗ ហើយ​ដាក់​វា​បញ្ចូល​ទៅក្នុង​បរិស្ថាន​ជុំវិញ​បាន​យ៉ាង​ល្អ​។

លោក​ស្រី Dana បាន​សង្កត់​ធ្ងន់​ថា ចំពោះ​គម្រោង​នេះ សង់​ទី ទទួល​បាន​ការណែ​នាំ​បង្ហាញ​ពី ដេវីដ ទូល ដែលជា​នាយក​នៃ​ក្រុម​ហ៊ុន​ Cole and Partners និង​ជា​ស្ថាប​និក​អង្គការ​មិន​យក​ប្រាក់​កម្រៃ The Build Environment Trust។

លោក​ស្រី​បាន​បញ្ជាក់​ថា៖​ «ក្នុង​តួនាទី​ទាំង​២​នេះ ដេវីដ បាន​គ្រប់​គ្រង​ក្រុម​អ្នក​ឌី​សាញ ​អ្នក​បង្កើត​គំនិត​ អ្នក​ធ្វើ​ និង​អ្នក​ច្នៃ​ប្រឌិត ដើម្បី​ផ្តល់​គំនូរ​ឌី​សាញ​ដែល​មាន​លក្ខណ​ពិសេស និង​មាន​គោល​បំណង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​បរិស្ថាន​ និង​សង្គម។​ ដោយ​ធ្វើការ​ងារ​លើ​គម្រោង​អន្តរ​ជាតិ​ជា​ច្រើន ដេវីដ​បាន​មក​កម្ពុ​ជា​ដំបូង ​ដើម្បី​ធ្វើ​ផ្ទះ​ដែល​ធន់​នឹង​ទឹក​ជំនន់​កាល​ពី​ឆ្នាំ ​២០១៣ »​។

វេទិកា​ជំនាន់​នៃ​ភាព​ច្នៃ​ប្រឌិត ជា​វេទិកា​សម្រាប់​បង្ហាញ​ទេព​កោ​សល្យ​របស់​សិល្បក​រថ្មីៗតាម​រយៈ​ការរៀប​ចំ​បង្ហាញ ស្នា​ដៃ ការ​ណែនាំ​បង្ហាញ និង​ការ​បំផុស​គំនិត​ច្នៃ​ប្រឌិត​ដល់​សិល្ប​ករ​ដើម្បី​បណ្ដុះ​ទស្សនៈ​សិល្បៈ​ដ៏​រឹងមាំ និង​ជំនាញ​វិជ្ជាជីវៈ​ដល់​ពួក​គេ។ ចំណែក​អង្គការ​មិត្ត​សំឡាញ់​អន្តរ​ជាតិ​ជា​សហ​គ្រាស​សង្គម​នាំមុខ​គេ​ដែល​ជួយ​ដល់​ជីវិត​ជា​ច្រើន​ និង​កសាង​អនា​គត​ក្មេងៗ​និង​យុវជន​ក្រីក្រ​ ក្រុម​គ្រួសារ​ពួកគេ ​និង​សហ​គមន៍​ពួក​គេ​ នៅ​អាស៊ី​អាគ្នេយ៍​ និង​ទូទាំង​ពិភព​លោក​៕