តាកែវ: ពេលរៀនចប់ពីសាកលវិទ្យាល័យនិងបំពេញការងារជាមន្ដ្រីរាជការកញ្ញា ខៀវ ស៊ីណា ឆ្លៀតពេលទំនេរបន្ដិចបន្ដួចបង្កើតមុខរបរតាមក្ដីស្រឡាញ់របស់ខ្លួន នោះគឺការនាំយកផលិតផលតម្បាញហូលបន្ទាយស្រីមកចែកចាយបន្ដក្នុងរាជធានីភ្នំពេញ។
ហូលបន្ទាយស្រីជាឈ្មោះសម្គាល់គុណភាពហូលលេខ ១ ដែលត្រូវបានប្រៀបធៀបទៅនឹងភាពស្រស់ស្អាតបំផុតនៃក្បាច់រចនានៅប្រាង្គប្រាសាទបន្ទាយស្រី។
កញ្ញា ស៊ីណា អាយុ ២៣ ឆ្នាំ បានបង្កើតហាងអនឡាញសម្រស់តម្បាញ ដោយផ្ដោតលើការលក់ហូលប្រណីត បំណងជួយផ្សព្វផ្សាយផលិតផលហូលខ្មែរឱ្យមានតម្លៃជួយរកទីផ្សារនិងផ្ដល់ឱកាសដល់អ្នកតម្បាញចាស់ៗមានការងារធ្វើ។
តាមការស្រាវជ្រាវរបស់កញ្ញាផ្ទាល់បានឱ្យដឹងថា តម្បាញហូលខ្មែរមានឈ្មោះល្បី និងគុណភាពខ្ពស់មាននៅខេត្ដតាកែវនៃស្រុកព្រៃកប្បាស។
អ្នកមកពីស្រុកបាភ្នំខេត្ដព្រៃវែងរូបនេះបាននិយាយថា៖ «ខ្ញុំសហការជាមួយប្រជាសហគមន៍ក្នុងស្រុកព្រៃកប្បាស និងភូមិឋានក្បែរខាងស្រុកនេះនៃខេត្ដតាកែវ ដោយបានចុះទៅដល់ផ្ទះ និងពិភាក្សាជាមួយពួកគាត់ផ្ទាល់។ការចាប់ផ្ដើមពីស្រុកព្រៃកប្បាសនេះដោយសារស្រុកនេះមានអ្នកតម្បាញច្រើន និងមានស្នាដៃស្អាតជាងគេ»។
កញ្ញា ស៊ីណា ដែលរមែងពោលពាក្យពីរោះពិសា តែងតែបង្ហោះរូបភាពឈុតហូលទៅតាមម៉ូដប្លែកទាំងគ្រងនៅលើរូបម៉ាណឺកាំង និងកាយរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាទីដែលផលិតផលស្នាដៃសិប្បកម្មខ្មែររបស់កញ្ញាទទួលបានការចាប់អារម្មណ៍ជាច្រើន។
នៅលើផ្ទៃក្រោយស្រដៀងគ្នា ដែលរំលេចនូវអក្សរឡាតាំង និងខ្មែរនៅខាងលើផ្នែកខាងឆ្វេងដោយសរសេរថា «Somros Tombanhសម្រស់តម្បាញនិងផ្នែកខាងស្ដាំហូលបន្ទាយស្រី ១០០ ភាគរយ ខណៈផ្នែកខាងក្រោមសរសេរពាក្យផលិតផលតម្បាញខ្មែរ និងសញ្ញាឆ្នូតកាត់ទទឹងរូបជាមួយឈ្មោះហាងអនឡាញ និងលេខទូរស័ព្ទ។
កញ្ញាបានឱ្យដឹងថា ចំពោះម៉ូដហូល ភ្ញៀវជាអ្នកកុម្ម៉ង់ ជាពិសេសភ្ញៀវពិសេសៗដែលពួកគេចូលចិត្ដកុម្ម៉ង់គោមល្អិតគោមបែបស្រាលៗ ហើយកញ្ញាក៏បានទិញចូលហូលរចនាដោយអ្នកតម្បាញខ្លះៗដែរ។
អតិថិជនដែលគាំទ្រផលិតផលខ្មែរតាមរយៈអ្នកលក់ប្រកបដោយសម្ដីសំដៅទន់ភ្លន់នេះ មានចាប់ពីអតិថិជនទូទៅហាងសម្អាងកាយ ដែលទិញផលិតផលហូលខ្មែរគុណភាពខ្ពស់សម្រាប់រៀបចំជូនកូនក្រមុំកូនកំលោះ រហូតដល់ភ្ញៀវពិសេស (VIP) ដែលមានឋានៈយសស័ក្ដិក្នុងសង្គម។
កញ្ញា ស៊ីណា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មូលហេតុដែលអតិថិជនកុម្ម៉ង់ហូលពីខ្ញុំ ខ្ញុំគិតថាវាដោយសារទំនាក់ទំនង រូបភាពបង្ហោះនៅលើបណ្ដាញសង្គមមានរបៀបរបបស្អាតម៉ូដហូលមិនឆើតឆាយស្គុសស្គាយជាពិសេសហូលប្រកបដោយគុណភាព ក៏ដូចជាការយល់ដឹងអំពីតម្រូវការរបស់ភ្ញៀវ» បច្ចុប្បន្ននេះកញ្ញាបានសហការជាមួយអ្នកតម្បាញនៅក្នុងស្រុកព្រៃកប្បាសនិងតំបន់ក្បែរខាង។ ការទទួលទិញចូលពីប្រជាពលរដ្ឋក៏មានកំណត់ តែក្នុងចំនួនច្រើន ដោយសារកញ្ញាក៏ជាឈ្មួញកណ្ដាលក្នុងការចែកចាយទៅកាន់អ្នកលក់ដុំបន្ដទៀត។
ក្រៅពីស្រុកព្រៃកប្បាសស្រុកដែលមានការផលិតហូលច្រើនក៏មាននៅស្រុកព្រែកចង្ក្រានដោយផ្ដោតលើគុណភាពលេខ ២ និងលេខ ៣ ដែរ ប៉ុន្ដែកញ្ញាអះអាងថា កញ្ញាទទួលទិញពីសហគមន៍ដែលផលិតហូលគុណភាពលេខ ១ ប៉ុណ្ណោះ។
កញ្ញាបានលើកឡើងពីការលំបាកចំពោះការផលិតហូលរបស់ប្រជាពលរដ្ឋថា៖ «ពេលយើងនៅមើលគាត់ផ្ទាល់អ៊ីចឹងយើងអាណិតគាត់ខ្លាំងណាស់។ ការផលិតរយៈពេលពីកន្លះខែទៅ ១ ខែយើងអាចចំណេញបានតែ ១៥ ដុល្លារសម្រាប់ ១ ឈុត។ ក្នុងការផលិតជាហូលមួយត្រូវមានការផ្សំផ្គុំសមាសធាតុជាច្រើន ដោយមានក្រុមជ្រលក់ពណ៌និងអ្នកត្បាញសូត្រទៅតាមក្បួនខ្នាតរហូតដល់កន្លះខែទើបចេញជាផលិតផលហូល»។
ជាអ្នកតម្បាញហូលតត្រកូល ៣ ជំនាន់ ស្ថិតភូមិពៃ ឃុំត្នោត ស្រុកបាទីដែលនៅក្បែរស្រុកព្រៃកប្បាស អ្នកស្រីព្រំចាន់ធូអាយុ ៣៤ ឆ្នាំ ជាអ្នកផ្គត់ផ្គង់ហូលដល់កញ្ញា ខៀវ ស៊ីណា ម្នាក់ផងដែរបន្ទាប់ពីកន្លងមកអ្នកស្រីផលិតហូលបោះឱ្យម៉ូយយកបន្ដទៅលក់នៅរាជធានីភ្នំពេញ។
ស្ដ្រីដែលមានបងប្អូន ៥ នាក់ សុទ្ធតែជាតម្បាញហូលបានឱ្យដឹងថា គិតតាំងពីការចងកៀបជ្រលក់ពណ៌ទាំងហាល និងទង បើសិនចំណាយពេលតែម្នាក់ឯងអ្នកស្រីត្រូវចំណាយពេល ១ ខែ។ បើមានគាធស្រាប់ដាក់ពណ៌រួច និងគ្រាន់តែត្បាញ អ្នកតម្បាញត្រូវការពេល ១ សប្ដាហ៍សម្រាប់ការងារម្នាក់ឯង។
អ្នកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «តំណតទៅមុខប្រហែលជាលែងមានអ្នកធ្វើហើយដោយសារក្មេងៗទៅរៀននៅសល់តែចាស់ៗ។ ការងារនេះ វាលំបាក ហើយ ១ ក្បិន យើងរកចំណូលបានតែ ៥ ម៉ឺន ទៅ ៦ ម៉ឺនរៀល ពីព្រោះអ្នកធ្វើការរោងចក្រ គេបានកម្រៃច្រើនជាង»។
ការរៀបចំប្រកបដោយរបៀបរៀបរយចំពោះការបង្ហាញនីមួយៗនៅលើហ្វេសប៊ុកប្រកបដោយវិជ្ជាជីវៈ កញ្ញា ស៊ីណា បានឱ្យដឹងថា ការតាំងលក់លើអនឡាញមិនត្រឹមតែចង់ទាក់ទាញអតិថិជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអតិថិជនជុំវិញពិភពលោកទៀតផង។
កញ្ញាបាននិយាយពីក្ដីបំណងថា៖ «នៅថ្ងៃអនាគតខ្ញុំមានគម្រោងនាំហូលខ្មែរយើងទៅក្រៅប្រទេសដែលជាប្រភេទសេដ្ឋកិច្ចការទូតដោយមានការលើកស្ទួយវប្បធម៌ខ្មែរយើងឱ្យក្មេងស្រីៗយល់ដឹងច្បាស់អំពីហូលខ្មែរ។
ជាក់ស្ដែងខ្ញុំខ្លួនឯងក៏មិនស្គាល់ច្បាស់អំពីផលិតផលហូលខ្មែរយ៉ាងដូចម្ដេចដែរមុនពេលខ្ញុំចាប់ផ្ដើមលក់ផលិតផលនេះ»។
បុគ្គលិកមន្ដ្រីរាជការបម្រើការងារនៅក្រសួងសេដ្ឋកិច្ចរូបនេះបានឱ្យដឹងថា ជាទូទៅអ្នកតម្បាញនៅស្រុកព្រៃកប្បាសមានទេពកោសល្យនិងស្នាដៃត្បាញរបស់ពួកគេស្រាប់ តែយោងទៅតាមការកុម្ម៉ង់របស់អតិថិជនកញ្ញាគ្រាន់តែបន្ថែមការណែនាំបន្ដិចបន្ដួច វាជាការស្រេច។
កន្លងមកការស្លៀកហូល ស្ដ្រីតែងតែបារម្ភពីការប្រឡាក់ដែលមិនអាចបោកទឹកបាន។ប៉ុន្ដែបច្ចុប្បន្ននេះអ្នកគ្រងហូលមិនបាច់បារម្ភពីការបោកគក់នោះទេ ដោយសារការជ្រលក់ពណ៌បច្ចុប្បន្នត្រូវបានធ្វើឡើងជាមួយល័ក្តខ្មែរសុទ្ធសាធ។
កញ្ញា ស៊ីណា បានបន្ដថាចំណោមប្រភេទហូលជាច្រើនហូលផូសមានតម្លៃថ្លៃជាងគេដែលរំលេចនូវក្បាច់ផូសពេលគ្រងលើខ្លួន ហើយចំពោះហូលដែលមានផ្ទៃធម្មតាតម្លៃរបស់វាគឺអាស្រ័យទៅលើហូលគោមនីមួយៗ។
ដោយចាប់ផ្ដើមបើកហាងអនឡាញលក់ជិត៤ខែការលក់ដំបូងៗនៅមានកម្រិតទាប ដែលអាចមកពីមិនទាន់មានមហាជនបានឃើញច្រើន។
យុវតីរូបនេះបានឱ្យដឹងថា៖ «១ខែដំបូងនៃការបើកអាជីវកម្ម ខ្ញុំអាចលក់ហូលត្រឹមចន្លោះពី៥០ទៅ៦០ឈុត ហើយដល់បច្ចុប្បន្ននេះខ្ញុំអាចលក់បានដល់ប្រហែល១០០ហូលក្នុង១ខែ»។
មន្ដ្រីរាជការរូបនេះក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់អតិថិជន ដែលមានការរង់ចាំការឆ្លើយតបយូរដោយសារកញ្ញាបាននិយាយថា កញ្ញាឆ្លៀតពីការងារមកបង្កើតមុខរបរតូចមួយបន្ទាប់បន្សំនិងការស្រឡាញ់។
ជាទូទៅ កញ្ញាអាចធ្វើអាជីវកម្មលក់ដូរតែថ្ងៃចុងសប្ដាហ៍ដែលបានផ្ដល់សេវាកម្មដោយយកចិត្ដទុកដាក់ខ្លាំងចំពោះភ្ញៀវ ខណៈថ្ងៃធ្វើការ កញ្ញាមិនមានពេលវេលាឆ្លើយតបសារជាអតិថិជនដិតដល់ទេ។
ចេញពីបំពេញការងារម្ចាស់ហាងផលិតផលហូលខ្មែររូបនេះ ក៏ឆ្លៀតធ្វើដំណើរទៅមើលកីតម្បាញដល់ស្រុកព្រៃកប្បាស ដើម្បីពិនិត្យផលិតផល ដែលធ្វើឱ្យកញ្ញាមានភាពមមាញឹកលើសពីការរំពឹងទុក។
នៅពេលដែលការលក់ដំណើរការល្អយុវតីរូបនេះបានអះអាងថា កញ្ញានឹងបន្ដទៅគាំទ្រផលិតផលហូលនៅតាមបណ្ដាសហគមន៍ផ្សេងៗទៀត និងចង់នាំយកផលិតផលខ្មែរចេញទៅក្រៅប្រទេសដើម្បីឱ្យបរទេសបានស្គាល់ពីខ្មែរកាន់តែច្រើន។
ថ្វីដ្បិតតែការលក់ផលិតផលហូលខ្មែរនេះកើតចេញពីស្រឡាញ់ក៏ពិតមែនកញ្ញា ស៊ីណា បានសារភាពថាពីដំបូងឡើយ កញ្ញាអត់ស្គាល់ពីហូលអ្វីទាំងអស់ជាពិសេស មិនដឹងមួយណាជាប្រភេទហូលតង្ករ ៤ តង្ករ ១២ ហូលផូសផ្ទៃស្រកាលីង។
យុវតី ដែលរមែងគ្រង ឈុតហូលប្លែកៗលើបណ្ដាញសង្គមរូបនេះបានបន្ថែមថា៖ «ខ្ញុំចាប់ផ្ដើមស្គាល់កាន់តែច្បាស់នៅពេលខ្ញុំចាប់ផ្ដើមលក់ផលិតផលហូលខ្មែរទាំងនេះ។ពេលលក់ដំបូងខ្ញុំពិតជាស្មុគស្មាញណាស់រួមទាំងការអត់ចេះបត់ហូល អត់ចេះធ្វើអ្វីទាំងអស់ទាក់ទងនឹងហូល»។
មួយវិញទៀត កញ្ញាអត់ទាន់ចេះរៀបពាក្យពេចន៍និយាយជាមួយភ្ញៀវដោយភ្ញៀវខ្លះខឹងនិងអន់ចិត្ដ ដែលអាចឱ្យភ្ញៀវមានការក្នក់ចិត្ដ។ពេលនេះភ្ញៀវចង់មកជួប និងពិនិត្យមើលហូលភ្លាមៗចំពេលមន្ដ្រីរាជការនេះកំពុងធ្វើការ។នេះជាមូលហេតុដែលភ្ញៀវមិនចង់រង់ចាំ និងមានការអាក់អន់ចិត្ដជាដើម។
កញ្ញាបានរំឭកថា ដំបូងឡើយកញ្ញាចាប់ផ្ដើមពីការលក់ស៊ឹងខ្មែររួចក៏ប្ដូរមកចាប់របរហូលខ្មែរវិញ ដោយសារកញ្ញាមិនស្គាល់ច្បាស់អំពីទីតាំងផលិតប្រកបដោយគុណភាព។
កញ្ញាបានឱ្យដឹងថា៖ «ចំណោមស៊ឹងហូលនិងផាមួងហូលមានតម្លៃខ្ពស់ជាង។កាលពីដើមក្នុងភូមិមួយ បើមាននារីណាស្លៀកហូលគាត់ច្បាស់ជាអ្នកមានទ្រព្យធនធានហើយ។ប៉ុន្ដែឥឡូវមានប្រជាពលរដ្ឋស្លៀកហូលច្រើន រួមទាំងហូលដែលហូរចូលពីក្រៅប្រទេសច្រើន»។
យ៉ាងណាមិញ កញ្ញាបានលើកឡើងថា បច្ចុប្បន្ននេះមានផលិតផលហូលនាំចូលច្រើនពីបរទេសដែលពលរដ្ឋជាច្រើនមិនចេះបែងចែករវាងផលិតផលខ្មែរនិងផលិតផលបរទេស ឬចង់ប្រើផលិតផលបរទេសដោយសារមានតម្លៃថោកជាង។
កញ្ញាបានបញ្ជាក់ថា ពេលខ្លះប្រជាជនចាប់ច្រឡំគ្នាតែម្ដងសម្រាប់ហូលនាំចូលពីក្រៅប្រទេសនិងហូលផលិតក្នុងស្រុក ហើយពេលក្រឡេកមើលមួយភ្លែតហូលបរទេសមានលក្ខណៈស្រស់ស្អាតជាងដោយសារភាពរលោងរបស់វា។ប៉ុន្ដែសម្រាប់ហូលខ្មែរ អ្នកតម្បាញត្បាញដោយដៃ ខុសពីហូលបរទេសត្បាញដោយម៉ាស៊ីន។ដូច្នេះផលិតផលត្បាញដោយដៃមានតម្លៃជាង។
កញ្ញា ស៊ីណា បាននិយាយថា ហូលនាំចូលពីបរទេសមានតម្លៃចន្លោះពី២០ទៅ១០០ដុល្លារ ខណៈផលិតផលហូលខ្មែរដែលត្បាញដោយដៃមានតម្លៃចាប់ពី១០០ដុល្លារទៅដល់៣០០ដុល្លារក្នុង១ឈុតគឺអាវ១ សំពត់១។
ដោយមើលឃើញគម្លាតតម្លៃនេះបានធ្វើឱ្យសិប្បកម្មតម្បាញខ្មែរមានការធ្លាក់ចុះជាលំដាប់រហូតដល់ពលរដ្ឋក្នុងសហគមន៍តម្បាញស្រុកព្រៃកប្បាសនិងស្រុកក្បែរខាងចាប់យករបរកាត់ដេរតាមរោងចក្រវិញ។
អ្នកស្រី ចាន់ធូ បានឱ្យដឹងថាអ្នកតម្បាញនៅតំបន់អ្នកស្រីរស់នៅមានចំនួនកាន់តែខើចតិចទៅ ហើយណាមួយហូលនាំចូលពីបរទេសមានចំនួនច្រើននិងមានតម្លៃថោកដែលជាពាណិជ្ជកម្មបំបាក់ទឹកចិត្ដផលិតផលតម្បាញដោយដៃរបស់ខ្មែរ។
អ្នកស្រី សំណូមពរដល់សមត្ថកិច្ចនិងក្រសួងពាក់ព័ន្ធឱ្យជួយធ្វើយ៉ាងណាលើកស្ទួយផលិតផលក្នុងស្រុក ដោយកាត់បន្ថយការនាំចូលហូលពីបរទេស។
លោកអ៊ំ សារឿន ប្រធានផ្នែកវប្បធម៌នៃរដ្ឋបាលស្រុកព្រៃកប្បាសបានឯកភាពថាវាអាស្រ័យទៅលើតម្លៃទីផ្សារ ប្រសិនបើហូលបានតម្លៃថ្លៃ មានអ្នកផលិតច្រើន តែបើមានតម្លៃធ្លាក់ចុះអ្នកផលិតក៏ថយចុះដែរ។
លោក សារឿន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នេះជាហេតុដែលនាំឱ្យប្រជាពលរដ្ឋមួយចំនួនចេញទៅធ្វើការនៅរោងចក្រកាត់ដេរ ហើយណាមួយវត្ថុធាតុដើមក៏អត់សុទ្ធនិងតម្លៃទីផ្សារធ្លាក់ចុះទៀត។ ភាគច្រើន រាល់ថ្ងៃនេះនៅសល់តែចាស់ៗនោះទេដែលនៅបន្ដអាជីពតម្បាញហូលនេះ។ពួកគាត់នៅផ្ទះមើលចៅអីខ្លះនិងផលិតហូលអីខ្លះទៅ»។
លោកបានឱ្យដឹងថា កាលពីសម័យមិនទាន់សម្បូររោងចក្រកីតម្បាញនៅស្រុកព្រៃកប្បាសនេះមានចំនួនប្រហែលជាង ៥ ០០០កី ហើយដល់ពេលអ្នកភូមិខ្លះក៏បោះបង់ដោយសារជួបការលំបាកច្រើន។បច្ចុប្បន្ន ចំនួនកីតម្បាញទូទាំងស្រុកនៅសល់តែក្រោម ៣ ០០០ ប៉ុណ្ណោះ។
លោកបានទទួលស្គាល់ថា ដោយសារតែការនាំចូលផលិតផលហូលពីបរទេសច្រើនតម្លៃថោកជាង ទើបធ្វើឱ្យផលិតផលតម្បាញដោយដៃរបស់ខ្មែរលែងសូវមានការចាប់អារម្មណ៍។
លោកសារឿនបានបន្ថែមថា៖ «កន្លងមកខាងថៃបាននាំយកគ្រូខាងខ្មែរយើងដែលចេះស្ទាត់ៗឱ្យទៅបណ្ដុះបណ្ដាលពលរដ្ឋនៅស្រុកគេហើយគេយកគោម ក្បូរក្បាច់ពីគ្រូយើងទៅចម្លងវ៉ៃពុម្ពបោះចេញជាម៉ាស៊ីនតែម្ដង»។
ចំពោះចំណាត់ការថែរក្សាទំនៀមទម្លាប់ប្រពៃណីនេះប្រធានវប្បធម៌នៃរដ្ឋបាលស្រុកព្រៃកប្បាសបានបន្ដថា៖ «ខាងក្រសួងនិងមន្ទីរ[វប្បធម៌និងវិចិត្រសិល្បៈ] ក៏ចុះមកណែនាំនិងត្រួតពិនិត្យ ក៏ដូចជាបណ្ដុះបណ្ដាលបន្ថែមផងដែរប៉ុន្ដែកន្លងមកដោយសារទីផ្សារមិនសូវផុលផុស កីតម្បាញជាច្រើនត្រូវបានទុកចោល»។
ទោះជាយ៉ាងណាកញ្ញា ខៀវ ស៊ីណា លើកទឹកចិត្ដឱ្យប្រជាពលរដ្ឋខ្មែរគាំទ្រផលិតតម្បាញដោយដៃដ៏ប្រសប់របស់ខ្មែរដែលពួកគេពិតជាខិតខំយ៉ាងខ្លាំងទម្រាំចេញជាលទ្ធផលសម្រេចនីមួយៗ។
កញ្ញាបានប្រាប់ថា៖ «អតិថិជននឹងហ៊ានផ្ដល់តម្លៃជូនអ្នកតម្បាញដោយដៃនៅពេលពួកគេបានទៅមើលផ្ទាល់ពីការផលិតរបស់អ្នកតម្បាញយើង។
អ្នកតម្បាញពិតជាខិតខំប្រឹងប្រែងផលិតហូលដោយការចង់ថែរក្សាទំនៀមទម្លាប់ប្រពៃណីផងនិងមានឱកាសធ្វើការនៅតាមផ្ទះជុំគ្រួសារ ដោយមិនចាំបាច់ធ្វើការចំណាកស្រុក៕