
អាជ្ញាធរខេត្តបាត់ដំបងពិនិត្យការវេចខ្ចប់ស្រាដែលផលិតនៅក្នុងខេត្ត។ រូបថត សហការី
បាត់ដំបងៈ ឃុំតាសែនស្រុកកំរៀងខេត្តបាត់ដំបងជាអតីតទីលានសង្គ្រាមដែលផ្ទៃដីភាគច្រើនបង្កប់ដោយគ្រាប់មីន និងសម្បូរជនរងគ្រោះដោយគ្រាប់មីន ប៉ុន្តែទឹកដីនិងប្រជាពលរដ្ឋដែលធ្លាប់តែរងគ្រោះដោយគ្រាប់មីននេះ បានក្លាយទៅជាទីតាំងផលិតស្រាខ្មែរដ៏ល្បីមួយផ្តួចផ្តើមគំនិតដោយបុរសជនជាតិខ្មែរអ្នកបកប្រែភាសាជប៉ុនម្នាក់ និងបុរសជនជាតិជប៉ុនម្នាក់ជាអតីតអ្នកជំនាញការដោះមីននៅតំបន់នោះ។ ស្លាកសញ្ញាជាក្រឡាហូលរំលេចដោយពណ៌មាសនិងមានរូបសញ្ញាប្រសាទអង្គរវត្តផុសចេញពីផ្ទៃក្រឡាហូលនៅលើប្រអប់ដបស្រាគឺជាស្លាកសម្គាល់ផលិតផលកែច្នៃស្រាធ្វើពីអង្ករ ពីដំឡូងមី ពីអំពៅ ស្រាខ្នុរ ស្រាស្វាយ ដែលផលិតចេញពីដំណាំកសិកម្មរបស់ខ្មែរពិតៗ។
លោក សុខមាន ជាអតីតអ្នកបកប្រែភាសាជប៉ុនឱ្យលោក TakayamaRyoji ជាអតីតអ្នកជំនាញការផ្នែកដោះមីននៃអង្គការមួយរបស់ប្រទេសជប៉ុនបានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឃុំតាសែន គឺជាឃុំមួយសម្បូរដោយគ្រាប់មីនបង្កប់នៅក្នុងដីច្រើនជាងគេក្នុងចំណោម៦ឃុំនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ គម្រោងការងាររបស់លោកមានឈ្មោះថា «ការបោសសម្អាតមីនផ្អែកលើសហគមន៍» សហការជាមួយស៊ីម៉ាក់បានចុះទៅប្រតិបត្តិការដោះមីននៅក្នុងឆ្នាំ ២០០៥ ក្នុងគម្រោងសាកល្បង។ ស្របពេលកំពុងបំពេញការងារបោសសម្អាតគ្រាប់មីនលោក TakayamaRyoji បានសង្កេតឃើញថា ប្រជាកសិករនៅតំបន់នោះនាំគ្នាដាំដំណាំហូបផ្លែបានល្អហើយពួកគាត់បានពង្រីកការដាំដុះដំណាំកសិកម្មបន្ថែមទៀតនៅលើផ្ទៃដីដែលបានបោសសម្អាតមីនរួចនិងទទួលផលបានកាន់តែច្រើនជាងមុនទៀតផង។
លោកបន្តថាជនជាតិជប៉ុនម្នាក់នេះមើលឃើញថាប្រជាកសិករនៅក្នុងតំបន់នោះដាំដំណាំបានច្រើនមែនតែពួកគាត់យកផលដំណាំទៅលក់នៅប្រទេសថៃបានតម្លៃថោកហើយជួនកាលបើរដូវភ្លៀងវិញធ្វើឱ្យកសិផលរបស់ពួកគាត់ត្រូវខូចខាតធ្លាក់តម្លៃកាន់តែខ្លាំងដូចជាដំឡូងមី ពោត និងគ្រាប់សណ្តែកជាដើមដែលធ្វើឱ្យពួកគាត់ជួបប្រទះនូវហានិភ័យយ៉ាងខ្លាំង។ ដោយសារតែមានបំណងជួយប្រជាកសិករ ដើម្បីទិញកសិផលរបស់ពួកគាត់ក្នុងតម្លៃមួយសមរម្យផងនោះលោក TakayamaRyoji រួមនឹងរូបលោកផ្ទាល់ បានគិតថានឹងធ្វើការកែច្នៃផលិតផលដំណាំកសិកម្មទាំងនេះឱ្យទៅជាស្រាវិញ។
បើតាមលោក សុខ មាន នៅអំឡុងឆ្នាំ ២០០៨ ក្រុមការងាររបស់លោកបានចាប់ផ្តើមជ្រើសរើសយកមើមដំឡូងមីមុនគេ ក្នុងការកែច្នៃជាស្រាដំឡូងមីទាំងខ្លួនលោកនៅមិនទាន់មានជំនាញផ្នែកបិទស្រានៅឡើយផង ប៉ុន្តែលោកបានសិក្សាស្វែងយល់ពីការផលិតស្រាជាបណ្តើរៗហើយបានរើសយកអ្នកភូមិម្នាក់ដែលមានជំនាញចេះបិទស្រាអង្ករឱ្យគាត់មកបិទស្រាដំឡូងមីតែមិនទទួលបានជោគជ័យឡើយ។ ព្រោះស្រាដែលបិទនោះគ្មានរសជាតិឈ្ងុយឆ្ងាញ់ដែលមិនអាចយកទៅប្រកួតប្រជែងជាមួយផលិតផលស្រានៅបរទេសបានឡើយ។បន្ទាប់មកលោក TakayamaRyoji បានត្រឡប់ទៅប្រទេសជប៉ុនហើយបាននាំយកមេស្រាពីប្រទេសជប៉ុនយកមកឱ្យលោកបិត ផ្សំជាមួយមើមដំឡូងមី ហើយក៏ទទួលបានស្រាដែលមានរសជាតិល្អឈ្ងុយឆ្ងាញ់និងបាននាំចេញទៅប្រទេសជប៉ុនទៀតផង។
លោក សុខមាន បានរៀបរាប់ទៀតថា ស្រាដំឡូងមីរបស់លោកត្រូវបានទទួលការសរសើរពីអ្នកជំនាញផលិតស្រានៅប្រទេសជប៉ុនហើយអ្នកជំនាញជប៉ុនគេពិនិត្យគុណភាពបញ្ជាក់ថាស្រាមានគុណភាពល្អ។ នៅពេលនោះក្នុងអំឡុងឆ្នាំ ២០១៣ ក្រុមការងាររបស់លោកបានបង្កើតទៅជាសហគ្រាសឈ្មោះថា «សុរាខ្មែរ» ហើយក៏មានអ្នកបញ្ជាទិញពីប្រទេសជប៉ុនជាបណ្តើរៗដែរ។ ដោយសារអាជីវកម្មផលិតស្រាពីដំណាំកសិកម្មមានការគាំទ្រទាំងក្នុង និងក្រៅប្រទេសជាពិសេសប្រទេសជប៉ុនផងនោះ លោកក៏ចាប់ផ្តើមរុះរើរោងបិទស្រាតូចមួយនោះ ពង្រីកទៅជារោងធំល្មម១ជាទីតាំងសម្រាប់ផលិតស្រានិងស្រាវជ្រាវបន្តទៀត។ ចំពោះផលិតផលបច្ចុប្បន្នមានដូចជា ស្រាអង្ករ ស្រាអំពៅ ស្រាខ្នុរ និងស្រាស្វាយជាដើម។
លោកថ្លែងថា៖ «ដើម្បីឱ្យយល់ដឹងពីបច្ចេកទេសផលិតស្រាខ្ញុំបានទៅសិក្សាស្វែងយល់ខ្លះៗតាមរយៈការទៅធ្វើទស្សនកិច្ចនៅជប៉ុននៅកន្លែងរោងចក្រផលិតស្រាជប៉ុនផ្ទាល់។ មានឯកសារមករៀនបន្ថែមទៀតរហូតខ្ញុំយល់បានច្រើន និងចេះជំនាញនេះរហូតដល់បច្ចុប្បន្ន និងធ្វើឱ្យគុណភាពស្រាកាន់តែប្រសើរឡើង»។
លោកបន្ថែមថាចាប់តាំងពីពង្រីកខ្លួនទៅជាសហគ្រាសមកលោកបានសំណូមពរដល់ប្រជាកសិករឱ្យដាំដំណាំដែលជាវត្ថុធាតុដើមសម្រាប់ផលិតស្រា។ ជាមួយគ្នានេះដែរលោកក៏មានចម្ការផ្ទាល់ខ្លួនខ្លះដែរដើម្បីដាំដំណាំកសិកម្មទុកបម្រុងដើម្បីបម្រើដល់ការផលិតស្រា។ ចំពោះផលិតផលស្រាធ្វើពីដំណាំកសិកម្មនេះក៏មានការទទួលស្គាល់ស្នាដៃពីប្រជាពលរដ្ឋនៅក្នុងប្រទេសបានមួយចំនួនធំដែរ។ លើសពីនេះមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេសដែលមកទេសចរនៅក្នុងប្រទេសកម្ពុជាយើង។ នៅពេលភ្ញៀវទេសចរបរទេសមកដល់ប្រទេសកម្ពុជាយើងគេចង់ភ្លក្សផលិតផលរបស់ខ្មែរដែលមានស្រាខ្មែរជាដើម។ ពេលពួកគេត្រឡប់ទៅប្រទេសវិញគេទិញផលិតផលពីស្រុកខ្មែរ។ ដូច្នេះហើយផលិតផលស្រារបស់លោកក៏ទទួលបានការគាំទ្រពីភ្ញៀវបរទេសច្រើន។
លោក សុខមាន លើកឡើងថា ការផលិតស្រារបស់លោកមានលក់នៅលើទីផ្សារក្នុងស្រុកដែរ មានដូចជាផ្សារទំនើប ផ្សារទំនើបបាយ័ន ផ្សារទំនើបអ៊ីអននិងតាមហាងលក់ទំនិញក្នុងព្រលានយន្តហោះភ្នំពេញ ព្រលានយន្តហោះខេត្តសៀមរាប ព្រលានយន្តហោះខេត្តព្រះសីហនុ និងតាមហ្វេសប៊ុកជាដើម។អ្វីដែលសំខាន់នោះគឺ ផលិតផលរបស់លោកត្រូវបានផ្តោតទៅលើគុណភាព អត្ថប្រយោជន៍ដល់សុខភាព ហើយលោកព្យាយាមផលិតស្រាតាមលក្ខណៈសរីរាង្គ ដើម្បីជួយលើកតម្កើងសុខភាពអ្នកប្រើប្រាស់។ ចំពោះមេស្រាគឺលោកបានធ្វើមេស្រា (ដំបែ) ដោយខ្លួនឯង ហើយលោកនាំចូលពូជដំបែពីជប៉ុនមកបង្កាត់ទៅជាដំបែរបស់ខ្លួនឯង។
លោក សុខមាន បញ្ជាក់ថា៖ «មិនថាស្ថាប័នឯកជន ស្ថាប័នរដ្ឋ ឬក៏ស្ថាប័នអង្គការផ្សេងៗទេមានការគាំទ្រស្រាផលិតពីដំណាំកសិកម្មនេះកាន់តែច្រើន។ ចំពោះទីផ្សារក្នុងស្រុកលក់ដាច់មធ្យមដែរហើយឥឡូវនេះអ្នកបញ្ជាទិញនៅប្រទេសជប៉ុនកំពុងធ្វើអាជ្ញាប័ណ្ណនៅប្រទេសជប៉ុនទើបអាចទិញស្រាពីយើងបាន។ខ្ញុំ កំពុងកែច្នៃផលិតស្រាទៅតាមអ្នកទិញហើយខាងអ្នកទិញជប៉ុនគេកុម្ម៉ង់ឱ្យឌីហ្សាញដប ប្រអប់សម្រាប់ដាក់ដប និងគ្រោងនាំទៅពេលឆាប់ៗនេះ»៕