
លោក ហង់ សុឃឿន ពេលកំពុងបង្ហាញពីខ្សែក្រវាត់ និងកាបូប ដល់តំណាងផ្សព្វផ្សាយទូរទស្សន៍១ នាពេលកន្លងមក ។ រូបថត BTV
ភ្នំពេញៈនៅផ្នែកខាងឆ្វេងនៃកាបូបដាក់លុយ មានសរសេរពាក្យថា «ខ្មែរ» ឯនៅផ្នែកខាងស្តាំមានរូបប្រាសាទអង្គរវត្ត និងអមដោយពាក្យ Cambodia នៅពីក្រោម ខណៈនៅលើក្បាលខ្សែក្រវាត់ក៏មានពាក្យ Cambodia ដូចគ្នាដែលនោះគឺជាផលិតផលកែច្នៃពីស្បែកគោ និងស្បែកសត្វក្រពើដោយដៃរបស់អតីតពលករខ្មែរម្នាក់ធ្វើការនៅប្រទេសថៃ។
មានពលករខ្មែរប្រុសស្រីជាច្រើនម៉ឺននាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហើយបានចេះជំនាញ។
លុះពេលត្រឡប់មកមាតុប្រទេសវិញ មានអ្នកខ្លះបានយកជំនាញនិងបទពិសោធន៍ទាំងនោះមកប្រកបរបរផ្ទាល់ខ្លួនហើយមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងបានជួយបង្ហាត់បង្រៀនដល់យុវជននៅក្នុងសហគមន៍ទៀតផង។
ករណីដូចជា យុវជន ហង់ សុឃឿន ជាដើម គឺគាត់ជាអតីតពលករម្នាក់ដែលធ្លាប់ធ្វើការនៅប្រទេសថៃហើយពេលនេះត្រឡប់មកវិញបាននិងកំពុងកែច្នៃស្បែកគោស្បែកក្រពើធ្វើជាខ្សែក្រវាត់ និងកាបូបដាក់លុយមានទីតាំងនៅភូមិអូរកណ្តោលត្បូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលផលិតផលនេះក៏កំពុងទាក់ទាញពីខ្មែរនៅក្រៅប្រទេសផងដែរ។
ដោយសារតែជីវភាពក្រីក្រពឹងលើកម្លាំងឪពុកម្តាយធ្វើតែស្រែ ហើយម្យ៉ាងដោយសារតែខ្លួនមានបំណងជួយសម្រាលបន្ទុកម្តាយឪពុកផងនោះ ហង់ សុឃឿន បានចាកចេញពីភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ខេត្តព្រៃវែងតាំងពីឆ្នាំ ២០១២ ទៅធ្វើជាពលករនៅខេត្តឈុនប៊ុរីប្រទេសថៃតាមរយៈក្រុមហ៊ុនជ្រើសរើសពលករមួយក្នុងប្រទេសកម្ពុជា។ពេលទៅដល់ប្រទេសថៃ លោក ហង់ សុឃឿន ត្រូវចូលទៅធ្វើជាកម្មករក្នុងរោងចក្រផលិតកាបូបដែលក្នុងរោងចក្រនោះមានផលិតកាបូបធំៗគ្រប់ប្រភេទ។ បើទោះបីជាខ្លួនមិនធ្លាប់នឿយហត់នឹងការងារលំបាកៗយ៉ាងណាក្តី ក៏លោកហង់ សុឃឿន នៅតែព្យាយាមពុះពារនឹងការងារក្នុងរោងចក្រដើម្បីបំពេញក្តីស្រមៃរបស់គេចង់ក្លាយជាម្ចាស់សិប្បកម្មមួយ។
លោក សុឃឿន បានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលដែលលោកកំពុងធ្វើការឱ្យគេនៅក្នុងរោងចក្រផលិតកាបូបនោះលោកតែងតែគិតថានឹងយកចំណេះជំនាញនេះមកបង្កើតជាមុខរបរផ្ទាល់ខ្លួននៅថ្ងៃណាមួយនៅក្នុងប្រទេសកំណើត។ លោកធ្វើការបណ្តើរនិងស្វែងយល់ពីជំនាញធ្វើកាបូបបណ្តើរ ព្រោះនៅក្នុងរោងចក្រនោះគេផលិតកាបូបស្ពាយ កាបូបយួរដៃ និងកាបូបសម្រាប់ដាក់់អីវ៉ាន់ធ្វើដំណើរតាមយន្តហោះហើយផលិតដោយម៉ាស៊ីនទាំងអស់។ ចំពោះកាបូបដូចដែលលោកបានរៀបរាប់ខាងលើនេះគឺផលិតចេញពីស្បែកសត្វគោនិងសត្វក្រពើទាំងអស់។
លោកបានឱ្យដឹងថា ពេលកំពុងធ្វើការក្នុងរោងចក្រនោះលោកតែងតែរើសយកចំនៀរស្បែកដែលប្រើការមិនកើត មកកែច្នៃដេរធ្វើជាកាបូបដាក់លុយ។ លុះកែច្នៃដេរចេញជាកាបូបរួចហើយលោកក៏យកមកមើលខ្លួនឯង និងសួរមិត្តរួមការងារ ហើយមិត្តៗថាស្អាតអាចទទួលយកបាន។
លោក សុឃឿន ពោលថា៖ «ខ្ញុំនឹកក្នុងចិត្តថាបើយើងចេះដេរប៉ុនហ្នឹងដែរហើយយើងធ្វើការស្វែងយល់បន្ថែមទៀតទៅ ច្បាស់ជាធ្វើបានហើយ ពេលយើងត្រឡប់ទៅស្រុកខ្មែរវិញ បើយើងចេះដេរកាបូបដៃកើតហើយយើងទៅស្រុកខ្មែរវិញម៉េចក៏ធ្វើមិនកើត?» ។
លោកបន្តថា ដោយសារតែស្នាដៃរបស់ខ្លួនមានការទទួលស្គាល់ពីមិត្តរួមការងារបែបនេះ លោកគិតថា សម្រាប់អ្នកផ្សេងក៏ពេញចិត្តដូចគ្នាដែរ។ ម្យ៉ាងលោកគិតថា ពេលចេះជំនាញផលិតកាបូបនេះស្ទាត់ហើយនោះលោកត្រូវត្រឡប់មកស្រុកកំណើតវិញនៅដើមឆ្នាំ ២០២០ ដើម្បីប្រកបរបរធ្វើកាបូប។ ប៉ុន្តែជាអកុសលនៅពេលនោះប្រទេសជួបនឹងវិបត្តិជំងឺកូវីដរាតត្បាតខ្លាំងដែលមិនអាចឱ្យលោកប្រកបរបរផលិតកាបូបបានដែលទាមទារឱ្យលោកត្រូវរង់ចាំរហូតមានការបើកប្រទេសឡើងវិញ។ លោកបានរំឭកប្រាប់ថាពេលត្រឡប់មកដល់ស្រុកកំណើតមុនដំបូង (ឆ្នាំ ២០២០ ) លោកធ្លាប់បានចាប់ផ្តើមប្រកបមុខរបរកែច្នៃកាបូបដៃ និងខ្សែក្រវាត់ដោយធាតុដើមដែលលោកយកមកកែច្នៃនោះជាប្រភេទស្បែកក្រពើ ប៉ុន្តែត្រូវផ្អាកវិញដោយសារបញ្ហាកូវីដ។
លុះឈានដល់នៅដើមឆ្នាំ ២០២១ លោក សុឃឿន ក៏ចាប់ផ្តើមបើកកន្លែងកែច្នៃកាបូបដៃនិងកែច្នៃធ្វើខ្សែក្រវាត់ជាថ្មីដោយយកវត្ថធាតុដើមពីស្បែកសត្វគោ និងពីស្បែកសត្វក្រពើ ប៉ុន្តែផលិតផលទាំង ២ ប្រភេទនេះលោកធ្វើពីដៃសុទ្ធសាធ និងមានតែម៉ាស៊ីនដេរ១គ្រឿងប៉ុណ្ណោះ។
លោកបានឱ្យដឹងទៀតថា ក្រោយពេលផលិតរួចលោកបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមរហូតមានការសរសើរពីស្នាដៃរបស់លោកជាហូរហែ។ បច្ចុប្បន្ននេះលោកមានក្រុមការងារ ១២ នាក់ រីឯកាបូបដែលកំពុងផលិតមានដូចជា កាបូបបត់ កាបូបបញ្ឈរ ខ្សែក្រវាត់ធ្វើពីស្បែកគោ និងស្បែកក្រពើ។ចំពោះខ្សែក្រវាត់ និងកាបូបសម្រាប់ដាក់លុយគឺធ្វើចេញពីស្បែកសុទ្ធហើយជាប់បានយូរដែលអាចប្រើបានរហូត ៥ ឆ្នាំឯណោះ។រីឯតម្លៃវិញគឹក្នុងខ្សែក្រវាត់ ១ លោកលក់ក្នុងតម្លៃ ២៥ ដុល្លារ រីឯកាបូបលុយវិញគឺមានតម្លៃចាប់ពី ៥ ម៉ឺនទៅ ១០ ម៉ឺនរៀល។
លោក សុឃឿន លើកឡើងថា ចំពោះដំណើរការធ្វើកាបូបដាក់លុយគឺលោកត្រូវចំណាយតែម្នាក់ឯងក្នុង១ថ្ងៃសម្រេចបានកាបូប២ តែបើមានគ្នា ១០ នាក់ ហើយប្រើរយៈពេល ២ ថ្ងៃអាចធ្វើបាន ៥០ កាបូប។ ចំពោះខ្សែក្រវាត់វិញ បើម្នាក់ឯងអាចផលិតបានពី ១០ ទៅ ២០ ខ្សែដែរ។
ចំពោះស្លាកសម្គាល់វិញគឺនៅខាងចុងខ្សែក្រវាត់របស់លោកមានរំលេចចេញជាពាក្យថា «ខ្មែរ»។ ទាក់ទងនឹងការកុម្ម៉ង់ទិញវិញគឺភាគច្រើនមានខ្មែរនៅក្រៅប្រទេសដូចជានៅកាណាដា អាមេរិក អូស្ត្រាលី បារាំង ថៃ ជប៉ុន និងប្រទេសអាមេរិកជាដើម។ ចំណែកការផ្ញើទំនិញវិញគឺផ្ញើតាមប្អូនរបស់ពួកគាត់ដែលរស់នៅក្នុងស្រុកខ្មែរ។
ដោយឡែកពាក់ព័ន្ធនឹងវត្ថុធាតុដើមដូចជាស្បែកគោ ស្បែកក្រពើវិញ គឺលោកបញ្ជាទិញពីប្រទេសថៃ ប៉ុន្តែបច្ចុប្បន្ននេះភាគច្រើនលោកទិញនៅក្នុងស្រុក ព្រោះខ្មែរយើងមានកន្លែងកែច្នៃស្បែកគោស្បែកក្របីដែរ។
ចំពោះផលិតផលកាបូបនិងខ្សែក្រវាត់ធ្វើពីស្បែកសត្វ បើប្រៀបធៀបនឹងកាបូបជ័រគឺគេមានសោភណភាពជាងព្រោះចេញពីរោងចក្រផលិតដោយម៉ាស៊ីនតែបើឱ្យគុណភាពវិញគឺកាបូបស្បែកមានគុណភាពជាង។
លោក សំ ផារី អតិថិជន ១ រូប ដែលរស់នៅរាជធានីភ្នំពេញបាននិយាយថា លោកបានបញ្ជាទិញកាបូបដាក់លុយ១និងខ្សែក្រវាត់មួយតាមរយៈហ្វេសប៊ុកដែលមានឈ្មោះថា Fang Tong។ ការបញ្ជាទិញនេះដោយសារតែលោកមើលឃើញការដាក់បង្ហាញជារូបភាពតាមហ្វេសប៊ុក និងការនិយាយរៀបរាប់ពីអ្នកផលិតហាក់ធ្វើឱ្យលោកប្រាកដក្នុងចិត្តថាជាផលិតផលមួយល្អដែលធ្វើពីស្បែកសត្វសុទ្ធតែម្តង។ មួយវិញទៀតលោកក៏ចង់ជួយរួមចំណែកគាំទ្រផលិតផលក្នុងស្រុកផង។
លោក ផារី បានថ្លែងថា៖ «ខ្ញុំជួយទិញគាត់ជាការលើកទឹកចិត្តគាត់ហើយខ្ញុំសូមឱ្យប្រជាពលរដ្ឋខ្មែរយើងជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុកយើង។ គាត់ជាពលករធ្វើការនៅស្រុកគេតែបាននាំយកជំនាញមកបង្កើតរបរខ្លួនឯងខ្ញុំចូលចិត្តគាត់»៕