​ភ្នំពេញៈ​ ​បណ្ណាល័យ​ជាតិ​កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ​នានា គ្រោង​នឹង​រៀបចំ​ពិ​ព័រណ៍សៀវភៅ​កម្ពុជា​លើក​ទី​៩ ក្រោម​ប្រធានបទ «​មួយថ្ងៃ​អាន មួយថ្ងៃ​ដឹង​» ដែល​ប្រារព្ធ​ធ្វើ​រយៈពេល ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​៩ ដល់ទី​ ១១ ខែធ្នូ ឆ្នាំ​ ២០២២ នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​។​

លោកស្រី ខ្លូត វិបុល​ឡា ប្រធាន​បណ្ណាល័យ​ជាតិ​កម្ពុជា ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​ ២៨ ខែ​វិ​ច្ឆិកា ឆ្នាំ​ ២០២២ ថា ពិ​ព័រណ៍នេះ នឹងដាក់​តាំង​បង្ហាញ​សៀវភៅ​ចំនួន​ ១៩៧ ​ស្តង់ បើ​ធៀប​កាលពី​ឆ្នាំ​ ២០១៩ មាន​ជាង ១៤០ ​ស្តង់​។​

លោកស្រីថ្លែងថា ពិព័រណ៍​សៀវភៅ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ប្រកបដោយ​ភាពជោគជ័យ​ចំនួន ៨​ លើក​មកហើយ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញ​ទំ​ហឹ​ងពី​សំណាក់​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ ខណៈ​អ្នករៀបចំ​ពិព័រណ៍​នៅ​ឆ្នាំ​ ២០២២ មានការ​រំពឹងទុក​ថា នឹងមាន​ចំនួន​អ្នកចូលរួម​ប្រមាណ ១០​ ម៉ឺន​នាក់ នៅក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​កម្មវិធី​នេះ​។

លោកស្រី​ថា ដោយសារតែ​ជួប​វិបត្តិ​កូ​វីដ ១៩ ពិព័រណ៍​សៀវភៅ​កម្ពុជា ត្រូវបាន​ផ្អាក​ចំនួន ២​ ឆ្នាំ គឺ​ក្នុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ ​២០២១ តែ​នៅ​ឆ្នាំ​ ២០២២ នេះ​បញ្ហា​កូ​វីដ​ ១៩ ហាក់​មាន​សភាព​ធូរស្រាល​ច្រើន​នោះ ទើប​គណៈកម្មការ បានសម្រេច​បន្ត​ការរៀបចំ​ឡើងវិញ ដោយមាន​សកម្ម​ភាពជា​ច្រើន​ក្នុង​រយៈពេល ៣ ​ថ្ងៃ នៅ​ដើមខែ​ធ្នូ​ខាងមុខនេះ​។​

លោក ​គីម ពេជ្រ​ពី​ន​ន់ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះដែរ​ថា គោលបំណង​នៃ​ការបង្កើត​ពិព័រណ៍​សៀវភៅ​កម្ពុជា​ឡើង​ គឺ​ចង់​ផ្សព្វផ្សាយ​ពី​ការបោះ​ពុ​ម្ព​ផ្សាយ​ស្នាដៃ​ទាំងចាស់ និង​ថ្មី​ដើម្បី​លើកស្ទួយ​ការអាន និង​ការសរសេរ ការបណ្តុះ​ស្មារតី​ប្រជាជន​ខ្មែរ​ឱ្យមាន​ទម្លាប់ និង​បាន​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​ការអាន​សៀវភៅ ដែលជា​ចំណេះដឹង​ដ៏​សម្បូរបែប​។

លោក ពេជ្រ​ពី​ន​ន់ ថ្លែងថា​៖ «​ការបង្កើន​នូវ​វិធី​និទានរឿង និង​គូរគំនូរ​ជា​រូបភាព​ផ្សេងៗ​ដល់​កុមារ​ដើម្បី​ទាក់ទាញ ឬ​បណ្តុះ​ទឹកចិត្ត​កុមារ​ឱ្យមាន​ទម្លាប់​អាន ឬ​មើលសៀវភៅ​តាំងពី​តូច​ទៅ​។ ម្យ៉ាងទៀត​ការតាំងពិព័រណ៍ ចង់បង្ហាញ​ពី​ការគាំទ្រ​ដល់​វិស័យ​បោះ​ពុ​ម្ពផ្សាយ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​អន្តរជាតិ និង​ចង់បង្ហាញ​ពី​ការលើកទឹកចិត្ត​ដល់​កវី អ្នកនិពន្ធ អ្នក​ស្រាវ​ជ្រាវ វិចិត្រករ ឱ្យ​បង្កើន​ការខិតខំ​តាក់តែង​ស្នាដៃ​របស់ខ្លួន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មីៗ​បន្ថែមទៀត​»​។​

លោកស្រី ខ្លូត វិបុល​ឡា បញ្ជាក់​បន្ថែមថា ការរៀបចំ​គឺ​នៅតែមាន​របៀបវារៈ​ខ្លះ​ដូចជា​ឆ្នាំមុនៗ​ដដែល​ទេ តែ​អ្វីដែល​ប្រែប្រួល​គឺ​សកម្មភាព​រៀបចំ​។ នៅ​ឆ្នាំនេះ មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយសារ​មាន​បណ្តា​គ្រឹះស្ថាន​បោះពុម្ព​ជាច្រើន​មាន​ចំនួន​ជិត ១ ០០០ ​នៃ​គ្រឹះស្ថាន​បោះ​ពុ​ម្ព ឬ​ក្រុមហ៊ុន បាន​ទំនាក់ទំនង​មក​ដើម្បី​ដាក់​ស្តង់ (Booth)​។​

លោកស្រីថ្លែងថា​៖ «​យើង​បានស្នើ​ទៅកាន់​សាលាក្រុង​រាជធានី​ភ្នំពេញ​រួចហើយ ដើម្បី​សុំ​ទីតាំងនៅ​ខាងក្រៅ​បន្ថែម សម្រាប់​ការរៀបចំ​ចំនួន​ស្តង់​ប្រមាណ ១៩៧​ ស្តង់ ព្រោះថា​បរិវេណ​បណ្ណាល័យ​ជាតិ​មាន​ទំហំ​តូច​»​។

លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារ​វិទូ​កម្ពុជា និង​ជានា​យក​អង្គការ​ស៊ី​ប៉ា (Sipar)​ បាន​ថ្លែង ដោយ​សង្កេតឃើញថា មាន​សៀវភៅ​ចំនួន ២ ​ប្រភេទ មាន​ភាពលេច​ធ្លោ​ជាងគេ សម្រាប់​អ្នក​ចូល​រួ​មក្នុងចំណោម​ចំនួន​រាប់ម៉ឺន​នាក់​នា​ឆ្នាំកន្លងមក បាន​ជាវ​សៀវភៅ​ប្រភេទ​រឿង​ប្រលោមលោក (Novel books) និង​សៀវភៅ​ប្រភេទ​ដែលជា​ការណែនាំ​សម្រាប់​ការគ្រប់គ្រង​ខ្លួនឯង​ឱ្យក្លាយ​ជា​បុគ្គល​ជោគជ័យ (Personal Management books)»​។​

ពិព័រណ៍​សៀវភៅ​កម្ពុជា ក៏​ជា​សកម្មភាព​សង្គម​វប្បធម៌ ដែល​ត្រូវ​បានរៀបចំ​ប្រចាំឆ្នាំ​នៅ​បណ្ណាល័យ​ជាតិ ដោយ​គណៈកម្មការ​ពិព័រណ៍​សៀវភៅ​កម្ពុជា មានការ​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ព័ត៌មាន រួមទាំង​មាន​សមាគម​បណ្ណាល័យ​កម្ពុជា​សមាគម​អ្នក​បោះពុម្ពផ្សាយ​សៀវភៅ​នៅ​កម្ពុជា អង្គការ និង​ស្ថាប័ន​ដៃគូ​ជាច្រើន​ទៀត​។​

លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការអាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹង​ថា​៖ «​ដោយសារ​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការអាន​សៀវភៅ និង​ការរៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា និង​មានការ​សហការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ នាពេល​កន្លងមក សម្ទុះ​នៃ​ក្រុមសិស្ស និស្សិត ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ បាន​ចូលរួម​ច្រើន​។

​លោក កុក រស់ ថ្លែងថា​៖ «​យើង​តែងតែ​ប្តូរ​ប្រធានបទ​នោះ គឺ​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកចូលរួម ឬ​អ្នកទស្សនា​គាំទ្រ​តែប៉ុណ្ណោះ​»៕