ភ្នំពេញៈ ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ចំណាត់ថ្នាក់​លេខ ​១ ​លើ​វិញ្ញាសា​ប្រលោមលោក​ខ្នាត​ខ្លី​បាន​ទៅលើ​៖«​រឿង​បណ្តឹង​សហគមន៍​» ជា​ស្នាដៃ​របស់​អ្នកនិពន្ធ​លោក ហ៊ុយ សារ៉ាត់ ​គ្រូបង្រៀន​ភាសា​ខ្មែរ​នៅ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់។​

លោក​ ហ៊ុយ សារ៉ាត់​បាន​ប្រាប់​ពីបទ​ពិសោធន៍​ដែល​ឈានដល់​ការដណ្ដើម​បាន​ជយលាភី​ដូច្នេះ​ថា “​ចំពោះ​វិធីសាស្ត្រ​ដែល​ទទួលបាន​ពាន​នេះ​គឺ សរសេរ​ដោយ​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​ក្នុងសង្គម​។​ លោក​ថា ការសរសេរ​ក៏មាន​គ្រោងឆ្អឹង​ឱ្យបាន​ត្រឹមត្រូវ ទើប​មិន​ចាកប្រធាន​រឿង​។ ក្រៅពីនេះ​ខ្ញុំ​យល់​ពី​អត្តចរិត​សង្គម​បាន​ច្រើន ហើយ​តួ​អង្គជា​គំរូដល់​សង្គម​”​។

លោក​បន្តថា៖ «​ការសរសេរ​រឿងនេះ​ជាការ​ផ្តល់​ជា​ទស្សន​ទាន​ដល់​អ្នកអាន អ្នក​ស្តាប់​ការបង្កើត​បញ្ហា​និង​ដោះស្រាយបាន​សមរម្យ ពោលគឺ​ប្រើ​សិល្ប៍​វិធី​សរសេរ​បាន​ក្បោះក្បាយ​»​។

លោក​ក៏បាន​ផ្ដាំ​ផ្ញើជូន​អ្នក​ដែលមាន​បំណង​ចង់​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​ពានរង្វាន់​ផ្នែក​និពន្ធ​យ៉ាងនេះ​ថា៖ «​ខ្ញុំ​សូម​ផ្តាំ​ដល់​អ្នក​ដែល​ចង់​ដាក់​ស្នាដៃ​ប្រកួតប្រជែង​ដណ្តើមពាន​នានា ត្រូវ​ប្រឹង​អាន​សៀវភៅ​ឱ្យបាន​ច្រើន ជាពិសេស​រឿង​ប្រលោមលោក​ចាស់ៗ​ពីមុន ព្រោះ​វា​ជា​ទុន​ដ៏​ស្រសើរ​។ ព្យាយាម​ស្វែងយល់​ពី​ស្នាដៃ​ជយលាភី​ចាស់ៗ ហើយ​សាកសួរ​ពួកគាត់​ពីបទ​ពិសោធ​ន៍បន្ថែមទៀត​»​។​

លោក​បាន​ប្រាប់ថា​ សម្រាប់​ឆ្នាំ​ថ្មី​នេះ លោក​មិនទាន់​ប្រាកដថា​នឹងចូលរួម​ប្រកួត​ប្រ​ប្រជែង​ម្ដងទៀត​នោះទេ​៖ «​ខ្ញុំ​មិន​ប្រាកដ​ចិត្ត​ថា​នឹងដាក់​ស្នាដៃ​ប្រកួតប្រជែង​ដែរ​ឬ​អត់​ទេ ព្រោះ​ចង់​ផ្តោតលើ​ការសរសេរ​អត្ថបទ​ស្គ្រី​ប​រឿង​និង​សរសេរ​ទំនុកច្រៀង​សិន តែ​ក៏​គិតថា ចង់​ចូលរួម​ប្រកួត​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​ផងដែរ​»​។​

សូម​រំឭកថា លោក ហ៊ុយ សារ៉ាត់​ ​បានបញ្ចប់​ការសិក្សា​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាកលវិទ្យាល័យ នៅ​ខេត្តបាត់ដំបង​។ លោក​ក៏​ធ្លាប់​ប្រកួត​ចំនួន ​២ ស្ថាប័ន​រួចមកហើយ​ដែរ ទី​១​ គឺ ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី នៅ​ឆ្នាំ​ ២០២១ តែ​មិន​ទទួលបាន​ជោគជ័យ​នោះទេ​។ នៅ​ឆ្នាំ​ ២០២២ លោក​បានដាក់​ស្នាដៃ​ទៅក្នុង​កម្មវិធី មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​៥ ក៏​មិន​ទទួលបាន​ជោគជ័យ​ដូចគ្នា​៕