ភ្នំពេញៈ លោក​ ចាន់ សោភ័ន វិចិត្រ​ករ ដែល​មាន​គំនិត​ច្នៃប្រ​ឌិត​ខ្ពស់​ផ្នែក​សិល្បៈ​ទម្រង់​បុរាណ ​បង្ហើប​ពី​គម្រោង​ការ​ខ្លួន​ថា ចង់​ស្រាវ​ជ្រាវនិង​ចងក្រង​សៀវ​ភៅ​ក្រឡា​ក្បាច់​គោម​ហូល​ខ្មែរនៅ​ខេត្ត​ក្នុង​ប្រទេស​ខ្មែរ និង​ក្រៅ​ប្រទេស​ សរុប​ចំនួន ៦​ កន្លែង ​ប្រសិន​បើ​ទទួល​បាន​ការគាំទ្រ​និង​ឧបត្ថម្ភ​ពី​សំណាក់​មហា​ជន​តាម​ចិត្ត​សទ្ធា​យ៉ាង​ហោច​ម្នាក់​ចំនួន​ ៤ ០០០​ រៀល​។

​វិចិត្រករ ​ចាន់ សោ​ភ័ន ដែល​កើត​ក្នុង​គ្រួសារ​កសិករ​ រស់នៅ​ស្រុក​កំពង់​ត្របែក ​ខេត្ត​ព្រៃវែង បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញា​បត្រ​ផ្នែក​សូន​រូប ​និង​វិចិត្រ​កម្មនៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ឆ្នាំ​ ២០១០ និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប​ត្រ​ជាន់​ខ្ពស់​ផ្នែក​សិល្បៈ​នៅ​សាកល​វិទ្យា​ល័យ ​Sang Myung ប្រទេស​កូរ៉េ​ខាង​ត្បូង ឆ្នាំ​ ២០១៤​។

​លោក ចាន់ សោភ័ន ដែល​បច្ចុប្បន្ន​ជា​សាស្ត្រា​ចារ្យ​បង្រៀន​សិល្បៈ​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​បាន​ឱ្យដឹង​ថា ដោយ​មើល​ឃើញ​ថា ទម្រង់​សិល្បៈ​ប្រពៃ​ណី​ខ្មែរ​ ១ ប្រភេទ​ គឺ​សិប្បកម្ម​ចាក់​ក្រឡា​ក្បាច់​ហូល​ខ្មែរ មិន​ទាន់​មាន​សំណៅ​ឯកសារ​ច្បាស់​លាស់​ណា​មួយ​ស្តីពី​រូប​មន្ត​សិល្បៈ​វប្បធម៌​នេះ ​ទើប​ជំរុញ​ចិត្ត​លោក​ចង់​ចង​ក្រង​រៀបចំ​ជា​សៀវភៅ ដើម្បី​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​សិក្សា​ស្វែង​យល់​បន្ត​។​

​លោក​បញ្ជាក់​ថា​៖ «​នាពេល​អនា​គត​ដ៏​ខ្លី​ខាង​មុខ​នេះ ខ្ញុំ​សង្កេត​ឃើញ​ហានិ​ភ័យ​នៃ​ក្បាច់​ក្រឡា​គោម​ហូល​ខ្មែរ​ទាំងអ​ស់​របស់​ខ្មែរ​យើង បើ​មិន​មាន​ការ​ជួយ​គាំពារ ​និង​ឧបត្ថម្ភ​​ទេ វា​នឹងត្រូវ​ស្លាប់​ម្តង​ទៀត​ជាមិន​ខាន​។ ដូច្នេះ​ ជា​ក្តីបារម្ភ​របស់​ខ្ញុំ ក្នុង​នាម​ជា​កូន​ខ្មែរ ​កើត​លើ​ដែន​ដី​ខ្មែរ​មួយ​នេះ ចង់​ចង​ក្រង​វា​ទុកជា​កេរ​មរតក​អមតៈ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យបាន​ស្គាល់ ​និង​បាន​យល់​អ្វី​ជា​របស់​ដូនតា​ខ្លួន​ដែល​មាន​រាប់​ពាន់​ឆ្នាំ​។ចង់​បណ្តុះ​គំនិត​ដល់​ពួក​គាត់​ឱ្យ​ចេះ​ស្រឡាញ់​និង​ជួយ​គាំទ្រ​បន្តទៀត​កុំឱ្យ​បាត់​បង់​»​។

​ចំពោះ​ទីកន្លែង​ដែល​នឹងត្រូវ​ស្រាវ​ជ្រាវ​សាក​សួរ​រក​ទិន្ន​ន័យ​បន្ថែម​សម្រាប់​ចង​ក្រង​សៀវភៅ​នោះ​លោក ​ចាន់​ សោ​ភ័ន ឱ្យដឹង​ថា​៖ «​ចំពោះ​តំបន់​ត្រូវ​ចុះទៅ​ស្រង់​រក​ទិន្ន​ន័យ​ទី​១​ នៅ​ខេត្ត​តាកែវ ទី​២​ នៅ​ខេត្ត​សៀម​រាប ទី​៣​ នៅ​ខេត្ត​ព្រៃវែ​ង ទី​៤​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ទី​៥ ​នៅ​តំបន់​កោះ​ដាច់ និង​ទី​៦​ នៅ​ខេត្ត​សុរិន្ទ និង​ខេត្ត​ប៊ូរី​រ៉ាំ នៃ​ប្រទេស​ថៃ​»​។​

​ដោយ​សារ​គម្រោង​ចង​ក្រង​សៀវ​ភៅ​នេះ ​មិនមែន​ជា​កិច្ច​ការ​មាន​ទ្រង់​ទ្រាយ​តូច ហើយក៏​មិន​ងាយ​ស្រួល​ដូចជា​ការគិត​ស្រមៃ​នោះ ​ទើប​ទាម​ទារ​ឱ្យមាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ឬ​សហ​គមន៍​នានា ​ដែលមាន​ចិត្ត​ស្រឡាញ់​មរតក​វប្បធម៌​នេះ ជា​ពិសេស​រឿង​កញ្ចប់​ថ​វិកា ដើម្បី​ផ្គត់​ផ្គង់​ការ​សិក្សា​ស្រាវ​ជ្រាវ ​និង​ចង​ក្រង ខណៈ​លោក ​ចាន់ សោភ័ន ពុំ​អាច​មាន​លទ្ធភាព​គ្រប់​គ្រាន់​ធ្វើ​តែ​ម្នាក់​ឯង​នៅ​ឡើយ​។

​លោក​ ចាន់ ​សោភ័ន​ បាន​ព្រលយ​ជាការ​ស្នើសុំ​ការ​ឧបត្ថម្ភ​ពី​មហា​ជន​តាម​ចិត្ត​សទ្ធា​ថា​៖ «​ខ្ញុំ​អាច​សុំ​អ្នក​ក្នុង​ម្នាក់ ​៤ ០០០ ​រៀល បាន​ទេ សម្រាប់​គម្រោង​រៀបចំ​សៀវ​ភៅ​ក្រឡា​ក្បាច់​គោម​ហូល​ខ្មែរ​!»​។​

​លោក ​ចាន់ សោភ័ន ក៏​រំឭក​ដែរ​ថា កាល​លោក​ទើបតែ​បញ្ចប់​ការ​សិក្សា​កម្រិត​អនុ​បណ្ឌិត ​នៅ​កូរ៉េ ​ដែល​ខាង​សាលា​បាន​ស្នើឱ្យ​លោក​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ទីនោះ​ជា​មួយ​ប្រាក់​ខែ​ជាង ​៣ ពាន់​ដុល្លារ​ឯណោះ តែ​លោក​នៅតែ​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ ដើម្បី​នាំ​យក​ជំនាញ និង​ចំណេះ​មក​បណ្តុះ​បណ្តាល​បន្ត​ដល់​កូន​ខ្មែរ​។​

​វិចិត្រ​ករ​ ចាន់ សោភ័ន ដែល​មាន​វ័យ ៤០ ​ឆ្នាំ​រូបនេះ ក៏​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​រៀបចំ​ចង​ក្រង​សៀវភៅ​នេះ​ថា ជា​ក្តី​ប្រាថ្នា​មួយ​ដែល​មាន​ក្នុង​ចិត្ត​យូរ​ណាស់​មកហើយ​។ លោក​អះ​អាង​ថា តាំងពី​បុរាណ​មក ឬ​អាច​និយាយ​បាន​ថា ​តាំង​ពីមុន​ ស​.​វ ទី១ មុន​គ្រិស្ត​សករាជ ​ដែល​ប្រជា​ជន​ខ្មែរ​ចេះ​ត្បាញ​រវៃ​រួច​ទៅហើ​យ តែ​គ្មាន​ឯកសារ​សោះ​ គឺ​គេ​បា​នរក​ឃើញតែ​សំណៅ​អាចម៍​អំបោះ និង​ត្រល់​ខ្លះៗ​ប៉ុណ្ណោះ​។

​លោក សោភ័ន រៀប​រាប់​ថា​៖ «​រៀបចំ​សៀវ​ភៅ​ក្រឡា​ក្បាច់​គោមហូ​ល​ខ្មែរជា​សេចក្តី​ប្រាថ្នា​យូរ​មក​ហើយ​របស់ខ្ញុំ​។ ជាង​នេះ​ទៅ​ទៀត អ្វីដែល​ជំរុញ​ទឹក​ចិត្ត​របស់ខ្ញុំ​បំផុត​គឺ​ពណ៌​ក្បាច់​នៃ​សំពត់​ហូល​ទាំងនោះ​ធ្វើឱ្យ​ទឹក​ចិត្ត​របស់ខ្ញុំ​ចង់ដឹង​បន្ថែម​នូវ​អ្វីៗជា​របស់​ដូនតា​ខ្មែរ​មាន​និង​នៅ​សម័យ​ខ្មែរ​ក្រហម សង្គ្រាម​ចុង​ក្រោយ​បាន​ធ្វើឱ្យ​ឯកសារ​ និង​វត្ថុ​មាន​តម្លៃ​ទាំង​អស់​នេះ​រលាយ​ស្ទើរ​ទាំង​ស្រុង​។ លុះដល់​សព្វ​ថ្ងៃ ស្រុកទេស​មាន​ឯករាជ្យ ​សុខ​សន្តិភាព​ ប្រទេស​ខ្មែរ ​មាន​ការ​រីក​ចម្រើន​គ្រប់​វិស័យ ​សំពត់ហូល​ខ្មែរ បាន​រស់​រាន​ចាប់​កំណើត​ឡើង​មក​វិញ និង​សម្បូរ​បែប​»​។​

​លោក​បន្ថែម​ថា​៖ «​តែ​គួរឱ្យ​ស្តាយ​ជា​ពន់ពេក​ណាស់ ​នៅ​សម័យ​ចុង​ក្រោយ​នេះ ទីផ្សារ​សេរី​ ត្រូវបាន​បើ​កចំហ ​ក្រណាត់​សូត្រ និង​សំពត់​ហូល​បរទេស ​ត្រូវបាន​នាំចូល​យ៉ាង​គំហុក ​និង​មាន​តម្លៃ​ថោក​ជាង​របស់​នៅក្នុង​ស្រុក​ផលិត​ដោយ​ដៃ ដែល​បង្ខំ​ឱ្យ​អ្នក​តម្បាញ​ជាច្រើន​បោះ​បង់​អាជីព​ពី​ដូនតា​ចោល​ ដោយ​រត់​មក​ធ្វើ​ការងារ​នៅតាម​រោងចក្រ​ និង​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​»​។​

​សម្រាប់​បង​ប្អូន​ខ្មែរដែល​មាន​ក្តី​ស្រឡាញ់​ចំពោះ​សិល្បៈ​ទម្រង់​បុរាណ​ និង​ចង់​ឃើញ​ការ​ចង​ក្រង​សៀវភៅ​ក្រឡា​ក្បាច់​គោម​ហូល​ខ្មែរ​លេច​ចេញ​ជា​រូបរាង​បាន​ឆាប់​នោះ ​អាច​ចូលរួម​ឧបត្ថម្ភ​តាម​ចិត្ត​សទ្ធា​ជា​មួយ​វិចិត្រ​ករ ចាន់ ​សោភ័ន តាម​រយៈ​គណនី​ធនាគារ​ ABA 001 388 306-​Chan Sophorn​៕