
លោកស្រីសូ ខេលី និងសហការី ពេលកំពុងដឹកនាំផលិតភាពយន្តខ្លីៗ។ រូបថត សហការី
ភ្នំពេញ: ការតស៊ូរបស់ឪពុកម្តាយ ដើម្បីនាំយកកូនស្រីចេញពីសមរភូមិខ្មែរក្រហមការព្រួយបារម្ភចំពោះកូនស្រីដែលបានចុះឈ្មោះក្នុងជួរកងទ័ពសហរដ្ឋអាមេរិក និងការភ័យខ្លាចដែលពួកគេបានដឹងថា កូនរបស់ខ្លួនមានបេសកកម្មនៅក្នុងតំបន់សង្គ្រាមនៃប្រទេសអ៊ីរ៉ាក់ ទាំងអស់នេះធ្វើឱ្យស្ត្រីខ្មែរ-អាមេរិកាំង ម្នាក់បានដឹងថា ខ្សែភាពយន្តគឺជាការលើកទឹកចិត្តដ៏ល្អបំផុតសម្រាប់លោកស្រី។
លោកស្រី សូ ខេលី បានចាប់ផ្តើមផលិត និងដឹកនាំរឿងខ្លីៗ និងរឿងភាគមួយចំនួនចាប់តាំងពីឆ្នាំ ២០១១ ហើយឥឡូវនេះគម្រោងចុងក្រោយរបស់លោកស្រីក្នុងនាមជាអ្នកដឹកនាំរឿង «The Harvest» ដែលនឹងចាក់បញ្ចាំងនៅឆ្នាំ ២០២៣ ខាងមុខនេះ។
លោកស្រី ខេលី បានឱ្យដឹងថា រឿង «The Harvest» គឺជាគម្រោងមួយដែលផលិតករកំពុងស្វែងរកអ្នកដឹកនាំរឿងម្នាក់ជាជនជាតិអាស៊ីអាគ្នេយ៍ ដើម្បីផ្ដិតយកទិដ្ឋភាពនៃរឿងរ៉ាវរបស់គ្រួសារជនជាតិអាមេរិកាំងមួយ។
លោកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «វាជារឿងល្ខោន ហើយសាច់រឿងស្ថិតនៅក្នុងសមត្ថភាពដែលខ្ញុំអាចធ្វើបាន។ ដូច្នេះពេលបានជួបផលិតករ វាមានអំណោយផលសម្រាប់ខ្ញុំ។ ខ្ញុំយល់សាច់រឿងដែលគេចង់បាន។ ដូច្នេះគេជួលខ្ញុំ»។
ក្នុងនាមជាកូនជនភៀសខ្លួននៅក្នុងជំរំប្រទេសថៃ ដែលឪពុកម្តាយរបស់លោកស្រី ខេលី បានរត់គេចខ្លួនពីសេចក្ដីស្លាប់ លោកស្រីបានធំធាត់ និងទទួលបានការអប់រំនៅទឹកដីទី៣ ហើយបានក្លាយជាពលរដ្ឋអាមេរិកាំង។ បន្ទាប់ពីការវាយប្រហារភេរវកម្មអត្តឃាតជាសោកនាដកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ លោកស្រី ខេលី បានចុះឈ្មោះចូលបម្រើក្នុងកងយោធាសហរដ្ឋអាមេរិក ខណៈលោកស្រីកំពុងរៀននៅវិទ្យាល័យដោយមិនបានប្រាប់ឪពុកម្តាយអំពីរឿងនេះឡើយ។
ឪពុកម្តាយរបស់លោកស្រីមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភជាខ្លាំងនៅពេលពួកគាត់ដឹងថា កូនស្រីជ្រើសរើសធ្វើជាទាហាន ខណៈពេលដែលពួកគាត់ មិនសូវឱ្យកូនស្រីដឹងពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាប៉ុន្មានឡើយ បើទោះបីជាសមាជិកគ្រួសារជាង ២០ នាក់ បានបាត់ខ្លួន និងត្រូវបានសម្លាប់ដោយខ្មែរក្រហមក៏ដោយ។
លោកស្រី ខេលី ត្រូវបានបញ្ជូនទៅបំពេញបេសកកម្មនៅអ៊ីរ៉ាក់ ជាកន្លែងដែលសង្គ្រាម និងបញ្ហាស្រុកទេសជួបប្រទះនឹងភាពវឹកវរជាច្រើនទសវត្សរ៍ក្រោយមក។ លោកស្រីមានបេសកកម្ម ២ លើក ទៅអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៥ និងឆ្នាំ ២០០៩។ អ៊ីរ៉ាក់ គឺជាបទពិសោធន៍ដ៏ស្មុគស្មាញមួយដែលញាំញីដោយបញ្ហានយោបាយ។ លោកស្រី ខេលី បាននិយាយថា ក្នុងនាមជាទាហាន អ្វីដែលលោកស្រីមានអារម្មណ៍នៅពេលនោះ គឺថាពួកគេទាំងអស់គ្នាស្ថិតនៅក្នុងប្រទេសដែលប្រជាជនចាត់ទុកខ្លួនជាអ្នកកាន់កាប់ទីក្រុងដោយបំពាន។
លោកស្រីថា៖ «យើងមិនមែនជាវីរបុរសទេ ប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំមកពីប្រទេសអ៊ីរ៉ាក់ ខ្ញុំបានទិញកាមេរ៉ាដោយខ្លួនឯងហើយចាប់អារម្មណ៍នឹងការចងក្រងឯកសារ និងការសរសេររឿង។ ដូច្នេះគ្រាប់ពូជនៃការក្លាយជាផលិតករបានចាប់ផ្តើមនៅទីនោះ»។
នៅក្នុងតំបន់សង្គ្រាមក្រៅពីមានមោទនភាពក្នុងការបម្រើប្រទេសជាតិលោកស្រីខេលីបានរកឃើញអ្វីដើម្បីកម្សាន្ត និងបំភ្លេចវេលាសោកសៅ ដែលលោកស្រីអាចឆ្លងទៅកាន់ពិភពមួយផ្សេងទៀតនៅក្នុងបន្ទប់ងងឹតដែលពោរពេញដោយទាហានក្នុងឯកសណ្ឋាន ពួកគេទាំងអស់ព្យាយាមមិននឹកនាដល់ការពិតរបស់ពួកគេរយៈពេល ២ ម៉ោង។
លោកស្រី ខេលី ថ្លែងថា៖ «បទពិសោធន៍នោះបានជំរុញឱ្យមានការចាប់អារម្មណ៍ទៅលើភាពយន្ត និងសមត្ថភាពក្នុងការទាញចំណាប់អារម្មណ៍មនុស្សឱ្យពួកគេបំភ្លេចពេលវេលាដ៏លំបាកមួយ។ ខ្ញុំមិនប្រាកដថារបៀបណានោះទេ ប៉ុន្តែខ្ញុំដឹងថា ភាពយន្តជាចំណែកសំខាន់ក្នុងជីវិតរបស់ខ្ញុំ»។
នៅចន្លោះបេសកកម្មទាំង ២ លើក លោកស្រី ខេលី បានផ្ទេរទៅសាកលវិទ្យាល័យ George Mason ហើយបានបន្ដរៀនផ្នែកអាជីវកម្មសម្រាប់សញ្ញាបត្រភាសាអង់គ្លេស (ការសរសេរប្រកបដោយភាពច្នៃប្រឌិត)។ក្នុងឆ្នាំ ២០០៩ បន្ទាប់ពីបានបញ្ចប់បេសកកម្មទី ២ នៅក្នុងប្រទេសអ៊ីរ៉ាក់ លោកស្រី បានសម្រេចចិត្តបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកដឹកនាំភាពយន្តនៅសាកលវិទ្យាល័យ Chapman''s Dodge College of Film and Media Arts ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
លោកស្រីបានផលិតភាពយន្ដខ្នាតវែង ចំណងជើងថា «The Ashes of Home» ដែលជាផ្នែកមួយនៃកម្មវិធីសម្រាប់បញ្ចប់ការសិក្សា។ រឿងនេះបានរៀបរាប់ពីកូនស្រីខ្មែរ-អាមេរិកាំងម្នាក់ ដែលសម្រេចចិត្តលួចធាតុម្តាយដែលបានស្លាប់ទៅពីប្អូនស្រីដើម្បីនាំមកកម្ពុជាវិញ។
ទោះបីជាសង្ឃឹមថា ឈ្មោះរបស់កូនស្រីមិនសំដៅលើឆាកជីវិតរបស់លោកស្រី ខេលី ក៏ដោយ ក៏វាជាការពិតដែលលោកស្រីក៏បានបាត់បង់ម្តាយជាទីស្រឡាញ់ដែលចង់ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែមិនអាចធ្វើដូច្នេះបានឡើយ ខណៈពេលដែលអ្នកម្ដាយនៅមានជីវិត។ សាច់រឿងនេះកើតឡើងប្រហាក់ប្រហែលគ្នាចំពោះជនជាតិខ្មែរ-អាមេរិកដទៃទៀតដែរ។
លោកស្រី អាចរំឭកបានថា ក្នុងឆ្នាំ ២០០២ ពេលអាយុ ២១ ឆ្នាំ កំពុងបំពេញតួនាទីជាទាហានក្រៅម៉ោង និងជានិស្សិតក្រៅម៉ោងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធុរកិច្ចនៅ Northern Virginia Community College លោកស្រីបានទទួលទូរស័ព្ទដោយត្រូវបានគេប្រាប់ថា ម្តាយអាយុ ៥០ ឆ្នាំដាច់សរសៃឈាមខួរក្បាល និងបានស្លាប់ ២-៣ ថ្ងៃក្រោយមក។
លោកស្រីនិយាយថា ភាពមមាញឹករបស់ខ្លួន កម្រមានពេលថតរូបជុំគ្នា និងជជែកគ្នាលេងជាមួយម្ដាយអំពីឆាកជីវិតតស៊ូរបស់អ្នកមានគុណនៅស្រុកខ្មែរណាស់។
លោកស្រី ខេលី ថា៖ «តាមទស្សនៈរបស់ខ្ញុំ ខ្ញុំជាជនជាតិអាមេរិកអត្តសញ្ញាណរបស់ខ្ញុំគឺអាមេរិក ហើយខ្ញុំមិនបានយកចិត្តទុកដាក់ច្រើនចំពោះកេរដំណែលដូនតាជាឈាមជ័រកម្ពុជាទេ»។
បន្ទាប់ពីម្តាយរបស់លោកស្រីបានទទួលមរណភាពលោកស្រី ខេលី ចាប់ផ្ដើមនឹកដល់ការចងចាំពីអតីតដោយរំឭកពីឈ្មោះពិតរបស់ម្តាយ ប្រភពកំណើតរបស់ម្ដាយ សាច់ញាតិរបស់គាត់ភាគច្រើនត្រូវបានសម្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនោះជាអ្វី? ហើយហេតុអ្វីបានជាឪពុកម្តាយរបស់លោកស្រីកម្រនិយាយអំពីហេតុការណ៍ទាំងនោះ?
លោកស្រីបន្ដថា៖ «ពេលនេះម្ដាយរបស់ខ្ញុំបានចាកលោកហើយ។ខ្ញុំមានអារម្មណ៍ថា គាត់បានលះបង់ច្រើនណាស់ចំពោះខ្ញុំ និងចង់វិលទៅពិភពអតីតកាលរបស់គាត់ដើម្បីស្វែងយល់ពីគាត់បន្ថែមទៀត»។
ដើម្បីសម្រេចក្តីសុបិនលោកស្រីខេលី បានបន្តការសិក្សា និងផលិតជាសាច់រឿងដើម្បីស្វែងរកភាពអាថ៌កំបាំងហើយលោកស្រីបានព្យាយាមសរសេររឿងផ្ទាល់ខ្លួនចេញមក។
លោកស្រី ខេលី ថ្លែងថា៖ «ខ្ញុំចូលចិត្តសិក្សាសិល្បៈនៃការថតកុន ប៉ុន្តែក្ដីរំភើបពិតប្រាកដបានចាប់ផ្តើមនៅពេលដែលខ្ញុំចាប់ផ្តើមផលិតខ្សែភាពយន្តរបស់ខ្ញុំ»។
ផ្ដើមពីរឿងដំបូង Testigo Illegal (2011) លោកស្រីទទួលបានពានរង្វាន់ Zonta''s Women in Film grant for Most Promising Young Filmmaker។ បន្ទាប់មករឿង «Rupture»ក្នុងឆ្នាំ ២០១២ និងរឿង «Paulina» ឆ្នាំ ២០១២ ដូចគ្នា។ រឿង «Paulina» ផ្ដោតលើបញ្ហារសើបដូចជាការលេងល្បែង និងការញៀនថ្នាំនៅក្នុងសហគមន៍ខ្មែរ-អាមេរិកាំងក៏ដូចជាទំនាក់ទំនងដ៏ស្មុគស្មាញរវាងឪពុកម្តាយជនភៀសខ្លួនកម្ពុជា និងកូនខ្មែរ-អាមេរិកាំងដែលចិញ្ចឹមនៅសហរដ្ឋអាមេរិក។
លោកស្រី ខេលី ថ្លែងថា ក្នុងអាយុ ៤១ ឆ្នាំ បានមើលភាពយន្ដឯកសារតន្ត្រីករក្នុងទសវត្សរ៍ឆ្នាំ ១៩៦៩ និងឆ្នាំ ១៩៧០ ហើយបានដឹងថា តន្ត្រីមានសារៈសំខាន់ប៉ុនណា ចំពោះពួកគេ និងរបៀបដែលតន្ត្រីករត្រូវបានសម្លាប់ និងកាសែតចម្រៀងត្រូវបានបំផ្លាញដោយខ្មែរក្រហមជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់កម្ពុជា។
លោកស្រីខេលី ថ្លែងថា៖ «បទចម្រៀងនិងតារាចម្រៀងស៊ីន ស៊ីសាមុត រស់ សេរីសុទ្ធា ប៉ែន រ៉ន និងអ្នកផ្សេងទៀតនៅក្នុងខ្សែភាពយន្តនេះបាននៅជាមួយខ្ញុំក្នុងបេះដូងរបស់ខ្ញុំ ហើយពួកគេបានតាមខ្ញុំនៅពេលខ្ញុំធ្វើដំណើរទៅប្រទេសកម្ពុជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
នោះគឺជារឿង «In the Life of Music» ជាខ្សែភាពយន្តដំបូងរបស់ ខេលី ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៨ ហើយវាមានសាច់រឿង ៣ វគ្គផ្សេងគ្នាផ្ដោតលើសម័យកាលជាង ៣ ទសវត្សរ៍ ដែលដឹកនាំដោយអ្នកដឹកនាំ ៣ នាក់ផ្សេងគ្នាតែសាច់រឿងពិតជាអស្ចារ្យណាស់។ដឹកនាំរឿងដោយលោកស្រីសូ ខេលី និងសុក វីសាល ភាពយន្តរយៈពេល ៩២ នាទី ស្វែងយល់ពីស្នេហា សង្គ្រាម និងទំនាក់ទំនងគ្រួសារជាង ៣ ជំនាន់ ដោយពណ៌នាអំពីជីវិតរបស់មនុស្សដែលពិភព-លោកត្រូវបានផ្លាស់ប្តូរដោយចៀសមិនរួចដោយសារការកើតឡើងនៃរបបខ្មែរក្រហម។
លោកស្រីកំពុងសម្លឹងរកក្រុមហ៊ុនផលិតក្នុងប្រទេសកម្ពុជាដូចជា AntiArchive ជាមួយ Davy Chou សម្រាប់ចម្លើយទាំងនោះ។ ផលិតករភាពយន្តទាំងនោះកំពុងធ្វើការងារដ៏អស្ចារ្យមួយចំនួនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិហើយពួកគេកំពុងផលិតមាតិកាជាបន្តបន្ទាប់ មិនថាជារបស់ខ្មែរ ឬអត់នោះទេ។ នេះបើតាមលោកស្រី ខេលី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឱ្យដឹងពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា៕