ភ្នំពេញៈ​ ថ្វីបើ​មានការ​​ប្រកាស​និង​ប្រគល់​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​ ២០២២​ ដល់​ម្ចាស់​ជយ​លាភី​ចំនួន​ ២​ ផ្នែក (កំណាព្យ​រឿង និង​ប្រលោម​លោក​ខ្នាត​ខ្លី​) រួច​ហើយ​ក្ដីក៏ក្រុម​គណៈ​កម្មការ​រៀបចំ និង​អនុ​គណៈកម្មការ​កំណែ​នៅតែ​អាច​រក​ឃើញ​ចំណុច​ខ្វះ​ខាត និង​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​សម្រាប់​បេក្ខជន​លើក​ក្រោយ​បាន​យក​ទៅកែ​លម្អឱ្យរឹត​តែ​ប្រសើរ​ជាង​មុន​។

កាល​ពីថ្ងៃទី ​២៥ ​វិច្ឆិកា នាយក​ដ្ឋាន​សៀវ​ភៅនិង​ការ​អាន​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈបាន​រៀបចំ​ប្រកាស ​និង​ប្រគល់​ពាន​រង្វាន់​ដល់​ម្ចាស់​ជយ​លាភី​ទាំង​ ២ ផ្នែក (​កំណាព្យ​រឿងនិង​ប្រលោម​លោក​ខ្នាត​ខ្លី​) ដែល​មាន​ចំនួន​ ១០​ រូប សម្រាប់​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​លើក​ទី​២២ ក្នុង​ឆ្នាំ​ ២០២២ ​ក្រោម​អធិបតី​ភាព​លោក​ស្រី​ នេត្រ ភូ​ម៉ា​រី រដ្ឋ​លេខាធិ​ការជា​តំណាង​លោក​ស្រី​ ភឿង ស​កុ​ណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ព្រម​ទាំង​វត្តមាន​​កវី​ អ្នក​និពន្ធ ​និង​ភ្ញៀវ​កិត្តិ​យស​ចូល​រួម​ប្រមាណ​ ១៥០​ នាក់ទៀត​។

​បើ​យោង​តាម​របាយ​ការណ៍រ​បស់​លោក ​កុក រស់ ​ប្រធាន​នាយក​ដ្ឋាន​សៀវភៅ​ និង​ការ​អាន​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រឡង​ប្រជែង​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​ ២០២២​ នេះ ​មាន​បេក្ខជន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​សរុប​ចំនួន ១០៤ ​ស្នាដៃ ដោយ​ប្រលោម​លោក​ខ្នាត​ខ្លី​មាន ​៧៦ ​ស្នាដៃ និង​ផ្នែក​កំណាព្យ​រឿង​មាន ​២៨ ​ស្នាដៃ​។​

​ទោះ​បីជា​លទ្ធផល​ពី​ ១ ​ឆ្នាំ ​ទៅ​ ១ ឆ្នាំ​មានការ​កើន​ឡើង​នូវ​ចំនួន​បេក្ខជន​ដែ​លជា​កវី និង​អ្នក​និពន្ធ​ពី​គ្រប់​មជ្ឈដ្ឋា​ននៅក្នុង​ការ​ប្រឡង​យក​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​យ៉ាង​ណាក្តី ​ក៏​ក្រុម​គណៈ​កម្មការ​រៀបចំ​ និង​អនុ​គណៈ​កម្មការ​កំណែ​ទាំង ២ ​ផ្នែក​ នៅ​តែ​អាច​រកឃើញ​នូវ​ចំណុច​ល្អនិង​ចំណុច​ខ្វះខាត​របស់​បេក្ខ​ជន​ជារឿយ​ៗរៀងរាល់​លើក​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រុម​គណៈ​កម្មការ​រៀបចំ​ និង​អនុ​គណៈ​កម្មការ​កំណែ​ បានផ្តល់​ជា​អនុ​សាសន៍​ខ្លះៗក៏​ដូចជា ផ្ដល់​មតិ​ដាស់​តឿន​សម្រាប់​ជា​គ្រឹះ​មូល​ដ្ឋាន​ដល់​បេក្ខ​ជន​ជំនាន់​ក្រោយៗ​ដែល​នឹង​ត្រៀម​ដាក់​ស្នាដៃ​ចូលរួម​ប្រឡង​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​​។​

​សារ​ជា​អនុ​សាសន៍​ជុំវិញ​ស្នាដៃ​របស់​បេក្ខ​ជន​ទាំង​នេះ មានការ​យល់ឃើញ​ស្របគ្នា​ពី​សំណាក់​លោក​ កុក រស់ ​ប្រធាន​នាយក​ដ្ឋាន​សៀវ​ភៅ និង​ការ​អាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ​សេង សំអាន ​ប្រធាន​អនុគណៈ​កម្មការ​កំណែ​ផ្នែក​កំណាព្យ​រឿង និង​លោក ​យូ សុភា សមាជិក​អនុ​គណៈ​កម្មការ​កំណែ​ផ្នែក​ប្រលោម​លោក​ខ្នាត​ខ្លី​ ដើម្បី​ឱ្យ​ស្មេរ​ទាំង ​២ ​ផ្នែក ​ត្រៀម​ស្នាដៃ​ប្រកួត​​ពានរ​ង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​លើក​ក្រោយៗ​ ដោយ​ត្រូវធ្វើ​យ៉ាង​ណា​គោរព​គោល​ការណ៍​មូល​ដ្ឋាន​តែង​និពន្ធ​សំខាន់​ ៣​ ចំណុច​ គឺ​អត្ថ​ន័យ ​អត្ថរូប ​និង​អត្ត​រស ទើប​អាច​ឆក់​យក​ចំណាប់​អារម្មណ៍​ពី​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​ទាំង​អស់បាន​។

​លោក​ យូ សុភា ស្នើ​ដោយ​ទ​ទូ​ច​ដល់​អ្នក​និពន្ធ​ប្រលោមលោក​ថា​៖ «​សូម​អ្នក​និពន្ធនិង​កវី​ទាំង​អស់ តោង​យក​ការ​ពិនិត្យ​មើល​ឡើង​វិញ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ស្នាដៃ​របស់ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់ ​ក្រោយពី​​បញ្ចប់​ស្នាដៃ​ខ្លួន​និង​សួរ​ខ្លួន​ឯង​ថា​ តើ​ស្នាដៃ​នេះបាន​គោរព​គោល​ការណ៍​ឬ​លក្ខ​ខណ្ឌ​នៃ​ការ​កំណត់​របស់​គណៈ​កម្មកា​រ​រៀបចំ​ការ​ប្រកួត​ហើយ​ឬ​នៅ?​។ ការ​ទម្លាប់​ធ្វើ​សកម្ម​ភាពទាំង​ប៉ុន្មាន​នេះ ខ្ញុំ​ជឿ​ជាក់​ថា ស្នាដៃ​របស់​បង​ៗ ​ឬ​ប្អូនៗ​និស្សិតដែល​ត្រៀម​ស្នាដៃ​ខ្លួន​សម្រាប់​ការ​ប្រកួត​លើក​ក្រោយ នឹង​ទទួល​បាន​ជោគ​ជ័យ​ជាក់​ជា​មិន​ខាន​»​។​

​រីឯ​លោក​ សេង សំអាន បាន​លើក​ជា​សំណូម​ពរ​សម្រាប់​កវីនិពន្ធ​កំណាព្យ​ថា​៖ «​កវី ដែល​និយម​តែង​កំណាព្យ​រឿងឬ​ប្រលោម​កំណាព្យ​គប្បី​គោរព​នូវ​ច្បាប់​តែង​កាព្យ​ឱ្យបាន​ជាប់​លាប់​។ ត្រូវ​ចេះ​ស្វែង​យល់​ពី​កាល​អាកាស​នៃ​ការ​តែងនិពន្ធ​ឱ្យបាន​ត្រឹម​ត្រូវ និង​ចៀស​វាង​ការប្រើ​ពាក្យ​ពេចន៍​ថ្មី​ណា​ដែល​ខ្លួន​នៅ​មិនទាន់​យល់​ដឹង​ន័យ​បាន​ច្បាស់ ឬ​ប្រើប្រាស់​ពាក្យ​ប្រាស​ចាក​ន័យ ដែល​នាំឱ្យ​តម្លៃ​ស្នា​ដៃ​ខ្លួន​មាន​ភាព​រឹង​ត្អឹង​»​។

​ចំណែក​ម្ចាស់​ជយ​លាភី​លេខ​ ១ ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវីឆ្នាំ​ ២០២២ លោក​ ហ៊ុយ សារ៉ាត់ មកពី​ខេត្ត​ពោធិ៍សាត់ តាម​រយៈ​ស្នាដៃ​ប្រលោម​លោក​ខ្លី​រឿង «​បណ្តឹង​សហ​គមន៍​» នោះ​ក៏​ស្នើ​សុំ​ឱ្យដល់​បេក្ខជន​ជំនាន់​ក្រោយៗ​ឱ្យ​យក​គំរូ​ស្នាដៃ​របស់​កវីនិងអ្នក​និពន្ធ​រៀម​ច្បង​សម្រាប់​ធ្វើជា​បទពិសោធន៍​និង​គោរព​តាម​លក្ខ​ខណ្ឌ​របស់​គណៈ​កម្ម​ការ​រៀបចំ​ការ​ប្រកួត រួម​ទាំង​រក្សា​ការ​តាំង​ចិត្ត​ខ្លួន​ឯង​ឱ្យ​បាន​ខ្ពស់ កុំ​មាន​ការបោះ​បង់​ចោល​ការ​ចូល​រួម​។​

​លោក​ សារ៉ាត់​ បាន​បញ្ជាក់​ថា​៖ «​ទោះ​បីជា​រូបខ្ញុំ​ទទួល​បាន​ជយ​លាភី​លេខ​ ១ ផ្នែក​ប្រលោម​លោក​ខ្លី​ឆ្នាំ​ ២០២២​ នេះ​មែន​ក្តី ក៏​រូបខ្ញុំ​ធ្លាប់​ទទួល​បរាជ័យ​ម្តង​ហើយ​កាលពី ​១១ ​ឆ្នាំមុន​។ ឆ្នាំ​ ២០១១ ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកួត​លើក​ទី​១ ដោយ​លទ្ធផល​មិន​បាន​ជាប់​រង្វាន់​អ្វី​ឡើយសូ​ម្បីតែ​រង្វាន់​កិត្តិ​យស​។ឯការ​ឈ្នះ​ពានរង្វាន់​លេខ​ ១ ឆ្នាំ​ ២០២២​ នេះ ​គឺជា​ការ​ដាក់​ពាក្យ​ប្រកួត​លើក​ទី​២​របស់​ខ្ញុំ​»​។

​ម្ចាស់​ជយ​លាភីលេខ​ ១ រូបនេះ​បន្ត​ថា​៖ «​យ៉ាង​ណា​ស្នាដៃ​រឿង«​បណ្តឹង​សហគ​មន៍​» នេះ ខ្ញុំ​គិត​ថា ​នៅតែ​មាន​ចំណុច​ខ្វះ​ខាត ឬ​ភាព​ឆក​ល្វែង​នៃ​ការ​តែង​និពន្ធ​នៅតែ​មាន​ដូចដែល​ប្រសា​សន៍​របស់​អនុ​គណៈ​កម្មការ​កំណែ​ទាំង​ ២ លោក​បាន​លើកឡើង​មុន​នេះ​អ៊ីចឹង​ដែរ​»​។​

​ស្នាដៃ​រឿង «​បណ្តឹង​សហ​គមន៍​» ត្រូវបាន​អ្នក​និពន្ធ​លាត​ត្រដាង​ឱ្យដឹង​ថា​ ជាការ​លើក​យក​បញ្ហា​មួយ​ចំនួន​ខាងក្រោយ​​អាជីពជា​គ្រូ​បង្រៀនដូចជា​ការ​គ្រប់​គ្រង​គ្រួសារ ​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន ភាព​ខ្វះ​មុខ​ខ្វះក្រោយ​នៃ​ជីវភាព​គ្រូ​បង្រៀន រហូត​ដល់​កើត​គំនិត​លួច​ធ្វើ​អាជី​វកម្ម​ក្នុង​ថ្នាក់​រៀន ដូចជា​ការលក់​នំ​នៅក្នុង​ថ្នាក់​រៀន បង្រៀន​គួរ​នៅ​ក្នុង​ម៉ោង​បង្រៀន​របស់​រដ្ឋនិង​សកម្ម​ភាព​បង្រៀន​បណ្តើរ​មើល​កូន​បណ្តើរដែល​ទាំង​នេះសុទ្ធ​សឹងតែ​ជា​ភាព​ឆក​ល្វែង​នៃ​ការ​បំពេញ​ការងារ ជាហេតុ​ធ្វើឱ្យ​មាន​ការ​ខឹង​ស​ម្បា​ពី​សំណាក់​ឪពុ​កម្តាយ​សិស្ស​ និង​សហ​គមន៍​ទាំង​មូល​និង​ត្រូវបាន​គេ​រាយ​ការណ៍ ហើយ​ដាក់​ពាក្យ​ប្តឹង​ទៅ​ដល់​មន្ត្រី​អប់រំ​ថ្នាក់​លើ​ទៀត​ផង​។

​លោក​ ហ៊ុយ សារ៉ាត់ បាន​បន្ថែមថា​៖ «​លើស​ពីនេះ សាច់រឿ​ង​ក៏​បង្ហាញ​ពី​តួនាទី​គ្រូ​បង្រៀន​ជា​ស្ត្រី​មេម៉ាយ​ទាំង​វ័យ​ក្មេង ដែល​ដើរ​តួនាទី​ជា​ម្តាយ​ផង​និង​ឪពុក​ផង​ក្នុង​ការ​មើល​ថែទាំ​កូន​។ ការ​បង្ហាញ​ពី​កត្តា​ប្រឈម​និង​ការតស៊ូ​របស់​ស្ត្រី​ជា​គ្រូ​បង្រៀន​នាពេល​ចេញ​ទៅ​បំពេញ​ការងារ​នៅ​តំបន់​ឬ​ខេត្ត​ឆ្ងាយ​ពី​ស្រុក​កំណើត​។ ការ​បង្ហាញ​ពី​ឥទ្ធិ​ពល​នៃ​អំពើ​អបាយមុខ ​មាន​ស្រី ​ស្រា ថ្នាំ​ញៀន ល្បែង​និង​ការ​សេព​គប់​បាប​មិត្ត​និង​បញ្ហា​ប្រឈម​នានា​សម្រាប់​សង្គម​ក្នុង​គ្រា​ជួប​វិបត្តិ​កូ​វីដ​ ១៩ ​ផង​ដែរ​»​។​

​លោក​ស្រី នេត្រ ភូ​ម៉ា​រី រដ្ឋ​លេខាធិ​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បានស​ម្តែង​នូវ​កា​រកោត​សរសើរ​ខ្លាំង​ចំពោះ​នាយ​កដ្ឋាន​សៀវ​ភៅ និង​ការអាន​ដែល​បាន​ខិត​ខំ​រៀបចំ​កា​រប្រកួ​តក៏ដូចជា​សម្រាប់​បេក្ខជន​ជំនាន់​ក្រោយៗ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ក្នុង​ការ​បន្ត​លើក​ស្ទួយ​តម្លៃ​វប្ប​ធម៌ អក្សរ​សាស្ត្រ និង​អក្សរ​សិល្ប៍​ខ្មែរ តាម​រយៈ​ការចំ​ណាយ​ពេល​វេលា​តាក់​តែង​និពន្ធ​ស្នាដៃ​មក​ចូល​រួម ទាំង​រឿង​ប្រលោ​មលោក​ខ្នាត​ខ្លី និង​កំណាព្យ​រឿង​។

​លោក​ស្រី នេត្រ ភូ​ម៉ា​រី បានផ្តល់នូវ​អនុ​សាសន៍​ជា​ទស្សន​ទាន​ថា ដើម្បី​ទទួល​បាន​ងារ​ជា​អ្នក​និពន្ធ និង​កវី​ ត្រូវ​តែ​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​យល់​ពី​បុគ្គល​ការណ៍​និង​សង្គម​ការណ៍​ឱ្យបាន​ច្បាស់​លាស់​ហើយ​ចេះ​រាវរក​​សេច​ក្តី​ពិត​ក្នុង​ប្រវត្តិ​សាស្ត្រ សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោ​ជន៍​ដសល់សង្គម​ជាតិ​។​

​លោក​ស្រី​បាន​បន្ត​ថា​៖ «​អ្នក​និពន្ធ ឬ​កវី ត្រូវ​គិត​ខ្លួន​ឯង​ថា ​អ្នក​និពន្ធ ១ ត្រូវ​មាន​អត្ត​សញ្ញាណ​ ១ ឬ​មាន​វិសេស​ភាព​ ១ ក្នុង​ស្នាដៃ​របស់ខ្លួន​។ដោយ​អ្នក​និពន្ធ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​មុខងារ​តែង​និពន្ធ​គឺ​ផ្តល់​ពុទ្ធិ ​អប់រំ​ និង​សីល​សោ​ភ័ណ​។

អ្នក​និពន្ធ​ គឺជា​វិស្វករ​ព្រលឹង​ដែល​មាន​អានុភាព​ឆាប​ឆក់​សោ​តិ​ន្ទ្រី​យារ​ម្មណ៍​អ្នក​អាន​ អ្នក​ស្តាប់ និង​អ្នក​ទស្សនា​ឱ្យ​លង់​អារម្មណ៍​។ ម្យ៉ាង​ទៀត​សម្រាប់ ​កវី ឬ​អ្នក​និពន្ធ ប្រៀបដូ​ចនឹង​ទិព្វ​មន្ត ដែល​អាច​យកទៅ​ប្រោះព្រំ​ដល់​អ្នក​អាន​ ដែល​មាន​ការគិត​អវិជ្ជ​មាន​ទៅជា​វិជ្ជមាន​ពី​អ្នកមាន​ភាព​ល្ងិត​ល្ងង់​ទៅជា​មាន​ភាព​ភ្លឺស្វាងពី​មាន​ការគិត​ក្នុង​ក្តី​សុបិន​ទៅ​ជា​ការ​ពិត​បាន​»​។​

​ឆ្នាំ​ ២០២២​ នេះ ​គឺជា​ឆ្នាំ​ទី​២២ នៃ​ការរៀបចំ​ឱ្យមាន​ការប្រឡង​ស្នាដៃ​ពានរង្វាន់​អក្សរសិល្ប៍​ផ្នែក​ប្រលោមលោក​ខ្នាត​ខ្លីនិងផ្នែក​កំណាព្យ​រឿង​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​និង​ជា​ឆ្នាំ​ទី​៨ នៃ​ការប្រគល់​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវីដែល​ជា​ពាន​មាន​វ័យ​ចំណាស់​ជាង​គេ​ និង​មាន​តាំងពី​សម័យ​សង្គម​រាស្ត្រនិ​យម​​ដែល​បង្កើត​នៅ​ឆ្នាំ​ ១៩៦០ ​ដោយ​បាន​រៀប​ចំ​ឡើង​ចំនួន ៣​ លើក​។

​លោក​ កុក រស់ បញ្ជាក់​ថា​៖ «​ការ​ប្រគល់​ពាន​រង្វាន់​លើក​ទី​១ នៅ​ឆ្នាំ​ ១៩៦០-​៦១​ ដោយ​ជយ​លាភី​លេខ ​១ ប្រលោម​លោក​រឿង «​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ចាស់​» របស់លោ​ក សួន សុរិន្ទ​។ លើក​ទី​២ ឆ្នាំ​ ១៩៦៣ ​ជយ​លាភី​លេខ ​១​ ប្រលោម​លោក​រឿង «​ជាតិ​ស្ត្រី​»របស់​លោក ​ឡឹ​ក រ៉ាវី ​ខណៈ​លើក​ទី​៣ ឆ្នាំ​ ១៩៦៧ មិន​មាន​ចំណាត់​ថ្នាក់​ជយ​លាភី​លេខ​ ១ ​ទេ​»​។

​ចំពោះ​ព្រះរា​ជា​ណាច​ក្រ​កម្ពុជា​បច្ចុប្បន្ន​លោក​​កុក រស់ ឱ្យ​ដឹង​ថា បាន​រៀប​ចំ​ប្រគល់​ពាន​រង្វាន់​ចំនួន​ ៥ ​លើក​មកហើយ។​លើក​ទី​១ ​ឆ្នាំ​ ២០០២ ជយ​លាភី​លេខ​ ១ ​ប្រលោម​លោក​រឿង «​ស្ត្រី​ដែនដី​អង្គរ​» របស់​លោក ​សេង សំអាន​។

លើក​ទី​២ ​ឆ្នាំ​ ២០១៩​ ជយ​លាភី​លេខ​១​ប្រលោម​លោ​ក​រឿង «​សិរី​បី​ពណ៌​» របស់លោក ​ប៊ុន​ ចន្ទន៍​ប្រុស​ពៅ​។ លើក​ទី​៣​ ឆ្នាំ​ ២០២០ ជយ​លាភី​លេខ​ ១ ​ប្រលោម​លោក​រឿង «​ឧ​ត្ត​មគតិ​» របស់លោក​កែវ សេង​រដ្ឋា​។ លើក​ទី​៤​ ឆ្នាំ​ ២០២១ ជយ​លាភី​លេខ ​១ ​ប្រលោម​លោ​ក​រឿង «​គែន​ព្យួរ​ជញ្ជាំង​» របស់​លោក​ លឹម ដា​រ៉ា​។ លើក​ទី​៥ ​ឆ្នាំ​ ២០២២ នេះ​ជយ​លាភី​លេខ​ ១​ ប្រលោម​លោក​​រឿង «​បណ្តឹង​សហ​គមន៍​» របស់​លោក ​ហ៊ុយ សារ៉ាត់​។​

​ជយ​លាភី​ទាំង ១០ ​រូប នៃ​ការ​ប្រកួត​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​ ២០២២ នេះ ​ផ្នែក​កំណាព្យ​រឿង ឬ​ប្រលោម​កំណាព្យ​លេខ ​១ ​បាន​ទៅ​លោក​ភិរម្យ ដា​រ៉ា ​មកពី​ខេត្ត​ស្ទឹង​ត្រែង​ និពន្ធ​រឿង «​គុណ​ការងារ​» លេខ​ ២​ បាន​ទៅ​លោក​មឿ​ន​ សំណាង មកពី​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ និពន្ធ​រឿង​ «​អ្នកគ្រូ​ជាយ​ដែន​» ឯ​លេខ​៣ បាន​ទៅ​លើ​លោក ​ជួន ខ្មៅ មកពី​ខេត្ត​ព្រះសីហនុ និពន្ធ​រឿង​«​មេស្រុក​»​។

លេខ​ ៤ បាន​ទៅ​លោក ​ចំរើន សុ​ភ័​ក្រ មកពី​ខេត្ត​កំពត និពន្ធរឿង «​ព្យុះ​ជីវិត​នាង​រស្មី​»និង​លេខ​៥បាន​ទៅ​លោក​សាម សុនិត មកពី​ខេត្ត​កំពង់​ចាម​និពន្ធ​រឿង ​«​សន្សើម​សន្តិភាព​»​។ សូម​បញ្ជាក់​ផងដែរ​ថា លោក​ សាម សុ​និ​ត បាន​ទទួល​មរណ​ភាព​កាលពី​ខែតុលា ​ឆ្នាំ​ ២០២២ កន្លងមកនេះ ដោយសារ​ជំងឺ​គាំង​បេះដូង​។​

​ឯ​ជយ​លាភី​ប្រលោម​លោក​ខ្នាត​ខ្លីលេខ​ ១ បាន​ទៅ​លោក​ ហ៊ុយ សារ៉ាត់ មកពី​ខេត្ត​ពោធិ៍​សាត់រឿង «​បណ្តឹង​សហគមន៍​» លេខ ​២ បាន​ទៅ​លោក​ សុវណ្ណ សិរីវុឌ្ឍ មកពី​រាជធានី​ភ្នំពេញ រឿង «​សំនៀង​ប៊ិ​ឡា​នី​» លេខ​ ៣ បាន​ទៅ​លោក​ ពៅ មករា មកពី​រាជធានី​ភ្នំពេញ​រឿង «​ថ្ងៃ​រះ​ហើយ​ពុក​»​។ ឯ​លេខ ​៤ បាន​ទៅ​លោក ​តុ​ន ច័ន្ទ​រិ​ទ្ធ មកពី​ខេត្ត​បាត់​ដំបង​រឿង «​បាសាក់​» និង​លេខ​ ៥​ បាន​ទៅ​លោក​សៀង​ឈុនលី​មកពី​ខេត្ត​កំពង់​ស្ពឺ រឿង «​ក្រាំង​តា​ត្រាវ​»៕