
ក្រុមតំណាងសហគមន៍សិល្បៈដែលគ្រោងតាំងពិព័រណ៍ដេញថ្លៃស្នាដៃសិល្បៈនៅថ្ងៃទី ៨ ធ្នូ ខាងមុខ ។ រូបថត សហការី
ភ្នំពេញ: សហគមន៍សិល្បករដែលបង្កើតឡើងរយៈពេល២ឆ្នាំជាសហករណ៍សិល្បៈមួយដោយមានការចូលរួមពីមនុស្សជុំវិញពិភពលោកដូចជា កម្ពុជា អាស៊ីអាគ្នេយ៍ និងបស្ចិមប្រទេសបានរៀបចំការតាំងពិព័រណ៍ និងដេញថ្លៃស្នាដៃសិល្បៈ ដោយចែករំលែកប្រាក់ចំណេញសម្រាប់សប្បុរសធម៌ដល់អង្គការក្រៅរដ្ឋាភិបាលមួយ។
ព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Waterside មានស្នាដៃរបស់សិល្បករ១១រូបផ្សេងៗគ្នាមកពីសហករណ៍សហគមន៍សិល្បករ។
អេមីលី ម៉ាគេស ជាអ្នករៀបចំកម្មវិធីម្នាក់ និងជាវិចិត្រករគំនូរបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖«ស្នាដៃសិល្បៈរបស់ពួកគេនឹងដាក់តាំងនៅភោជនីយដ្ឋាន The Waterside។ ១ភាគរយនៃការលក់ស្នាដៃទាំងអស់នឹងផ្តល់អត្ថប្រយោជន៍ដល់អង្គការសប្បុរសធម៌ក្នុងស្រុក Epic Arts»។
អេមីលី បានបន្ដថា សិល្បករល្បីៗដែលបង្ហាញស្នាដៃសិល្បៈហើយដាក់ដេញថ្លៃសិល្បៈនោះមានMirasolAguila,Dina Chhan, SheeryDancona ,Anita Keo, Emily Marques, DaroNout, Carlo Santoro, NouSary, SuosSodavy, ChhimSothy, និងArturKazimierzTomaszeski។
ជាវិចិត្រករម្នាក់នៅរាជធានីភ្នំពេញអេមីលី មានដើមកំណើតមកពីសហរដ្ឋអាមេរិកជក់ចិត្តនឹងការលេងផាត់ពណ៌ និងលាយពណ៌គំនូរតាំងពីក្មេង។ កញ្ញាមានបំណងស្វែងរកភាពស្រស់ស្អាតពីធម្មជាតិ។
ការបំផុសគំនិតបច្ចុប្បន្នរបស់ អេមីលី គឺធម្មជាតិផ្ការីក និងពន្លឺចែងចាំងដែលវត្ថុទាំង២យ៉ាងនេះ គឺជាដៃគូនៅក្នុងធម្មជាតិ។ មនុស្សគ្រប់រូបមិនអាចរស់នៅដោយគ្មានធម្មជាតិបានឡើយ។
អេមីលី និយាយថា៖ «យើងជឿជាក់ថា តាមរយៈការប្រមូលផ្តុំនូវសាវតារ និងបទពិសោធន៍ដ៏ធំទូលាយរបស់យើង ប្រទេសកម្ពុជានិងជនបរទេសយើង អាចគាំទ្រ និងរៀនពីគ្នាទៅវិញទៅមក ខណៈពេលដែលការផ្សព្វផ្សាយសិល្បៈរបស់យើងនៅទូទាំងប្រទេសនិងឈានទៅដល់តំបន់ទូលំទូលាយនៃអាស៊ីអាគ្នេយ៍»។
សហគមន៍សិល្បករគឺជាសហករណ៍ក្រៅផ្លូវការរបស់សិល្បករដែលមានជំនាញផ្សេងៗដោយមានការប្តេជ្ញាចិត្តក្នុងការបង្រួបបង្រួមនិងលើកស្ទួយសិល្បៈខ្មែរតាមរយៈការគាំទ្រគ្នាទៅវិញទៅមក និងភ្ជាប់បណ្តាញ។
បង្កើតឡើងក្នុងឆ្នាំ២០១៩ដោយសិល្បករសហសម័យក្នុងស្រុក ឆន ឌីណា សកម្មភាពរួមមាន ការរៀបចំពិព័រណ៍និងព្រឹត្តិការណ៍សិក្ខាសាលាក៏ដូចជាការចែករំលែកធនធាន និងចំណេះដឹង។
ការតាំងពិព័រណ៍សិល្បៈ និងការដេញថ្លៃស្នាដៃសិល្បៈលើកដំបូងនៃសហករណ៍របស់សហគមន៍សិល្បករត្រូវបានប្រារព្ធឡើងក្នុងឆ្នាំ២០២០ ក្រោមគម្រោង«ធម្មជាតិជុំវិញយើង»។
សិល្បករ ឌីណា បានឱ្យដឹងថា សហគមន៍សិល្បករត្រូវបានបង្កើតឡើងកាលពី២ឆ្នាំមុន ក្នុងបំណងចង់ឱ្យសិល្បករទាំងអស់ខំប្រឹងប្រែងធ្វើការងារប្រកបដោយទំនាក់ទំនងស្អិតល្មួតរវាង អ្នកសិល្បៈ ជាមួយនឹងអ្នកសិល្បៈក៏ដូចជាជាមួយអ្នកគាំទ្រសិល្បៈផងដែរ។
សិល្បករគំនូររូបនេះបាននិយាយថា៖ «សហគមន៍សិល្បករជាការលើកស្ទួយដល់វិស័យសិល្បៈ ហើយយើងសង្ឃឹមថានឹងមានព្រឹត្ដិការណ៍ដាក់លក់ដេញថ្លៃស្នាដៃសិល្បៈឱ្យបានរៀងរាល់ឆ្នាំ បើអាចទៅរួច»។
ស្ថាបនិកសហគមន៍សិល្បករ ឌីណា បានបន្ដថា អ្នកស្រីចង់បង្ហាញប្រជាពលរដ្ឋជាច្រើនទៀតឱ្យខំប្រឹងបង្កើតស្នាដៃហើយនៅពេលឃើញស្នាដៃទាំងនោះធ្វើឱ្យពួកគេចាប់អារម្មណ៍ទៅលើគំនូរ និងបង្កើនការយល់ដឹងច្រើនពីសិល្បៈ។
ឌីណា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖«ខ្ញុំឃើញថា សិល្បករកម្ពុជា និងសិល្បករមកពីក្រៅប្រទេស ចង់បានសេរីភាពធ្វើអ្វីដោយឯករាជ្យប្រកបដោយឆន្ទៈច្បាស់លាស់។សិល្បករក្មេងៗនៅមិនទាន់មានឆន្ទៈខ្ពស់ ហើយបើគាត់មានឆន្ទៈ គាត់នឹងបានឃើញថាគាត់ចង់បានអ្វីនៅពេលអនាគត»។
ឌីណា ដែលប្រសូតនៅក្នុងរាជធានីភ្នំពេញ និងចំណាយពេលកុមារភាពនៅជំរំជនភៀសខ្លួនក្បែរព្រំដែនថៃ បាននិយាយថា អេមីលីត្រូវបានលើកទឹកចិត្ដឱ្យក្លាយជាអ្នកដឹកនាំផ្នែកសិល្បៈ និងជួយលើសិល្បករចំណោមសិល្បករ២០នាក់។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំមើលឃើញថា អេមីលី ពិតជាមានឆន្ទៈ និងទឹកចិត្ដចង់ឱ្យកម្មវិធីលក់ដេញថ្លៃស្នាដៃសិល្បៈនេះ បើកបង្ហាញដល់ប្រជាពលរដ្ឋក្នុងស្រុក និងបរទេសបានយល់ និងគាំទ្រវិស័យសិល្បៈ»។
កម្មវិធីលក់ដេញថ្លៃស្នាដៃសិល្បៈ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយឆ្នាំនេះ អេមីលី ជ្រើសរើសយក Epic Arts ជាអង្គការទទួលយកមូលនិធិ១ផ្នែកពីការលក់ស្នាដៃសិល្បៈ។
Epic Arts ជាអង្គការសិល្បៈអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាហើយបានចុះឈ្មោះជាអង្គការសប្បុរសធម៌ក្នុងចក្រភពអង់គ្លេសធ្វើការ និងផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពឱ្យក្លាយជាផ្នែកសំខាន់មួយនៃសហគមន៍សិល្បៈ និងសម្តែង។
អ្នកស្រី ឌីណា បានរំឭកថា៖ «ឆ្នាំមុន យើងបានជួយដល់ប្រាក់ប្រមាណ ១ ០០០ដុល្លារ ទៅកាន់អង្គការមនុស្សធម៌។ វាមិនមែនជាទឹកប្រាក់អីនោះទេ តែវាជាការចូលរួមរបស់យើង ដែលជាកិច្ចការសំខាន់ក្នុងការជួយគ្នាទៅវិញទៅមក»។
វិចិត្រករដែលមានវិចិត្រសាលផ្ទាល់ខ្លួនរូបនេះ បានឱ្យដឹងថា ក្រៅពីការដាក់លក់ដេញថ្លៃស្នាដៃសិល្បៈ ក៏នឹងមានកម្មវិធីពិព័រណ៍សិល្បៈដែលមិនលក់សំបុត្រនោះទេ។ អ្នកចូលរួមនឹងអាចរីករាយជាមួយភេសជ្ជៈ និងអាហារដោយឥតគិតថ្លៃចាប់ពីម៉ោង៦ ដល់ម៉ោង៩យប់ខណៈការដាក់លក់ដេញថ្លៃគ្រោងចាប់ផ្ដើមនៅម៉ោង ៧ និង៣០នាទីយប់។
ឌីណា បានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគត យើងនឹងមានសហគមន៍អ្នកសិល្បៈដ៏ខ្លាំង រឹងមាំ ដោយធ្វើការជាមួយអ្នកសិល្បៈ និងសិល្បករក្មេងៗជាច្រើនទៀត ដែលពួកគាត់ស្រឡាញ់សិល្បៈគំនូរ ចម្លាក់ ថតរូប ភាពយន្ដជាដើម»៕