ភ្នំពេញៈ ក្រាន់​តែ​​ពិធិករ​ប្រកាស​បើក​​​​សម្ពោធ​សៀវ​ភៅ​ ប្រលោមលោក​ឆាក​រូបភាព ​​មាន​ចំណង​ជើង​ថា «​រាជិនី​​សំឡេង​មាស​» ដែល​បរិយាយ​ពី​ជីវិត និង​អាជីព​របស់​កំពូល​​អ្នក​​​​ចម្រៀង​ស្រី ​ដ៏​ល្បី​​​​ល្បាញ ១​រូប​​គឺ​លោកស្រី រស់ សេរី​សុទ្ធា ចេញផ្សាយ​ជា​ភាសា​​ខ្មែរ​ភ្លាម​​នោះ សម្ទុះ​​នៃ​វត្តមាន​អ្នក​ចូល​រួម​​​​​​​​មាន​​​​​យ៉ាង​ច្រើន​កុះករ​រាប់រយ​នាក់​​ ឃើញ​​​​ភាគ​ច្រើនគឺ​ជា​ស្រទាប់​យុវវ័យ​។​

កម្មវិធី​សម្ពោធ​សៀវ​ភៅប្រលោមលោក​ឆាក​រូបភាព ​​មាន​ចំណង​ជើង​ថា «​រាជិនី​​សំឡេង​មាស​» បាន​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈ​មណ្ឌល​បុប្ផាណា កាលពី​ល្ងាច​​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​​២០២២​ ដោយ​មាន​វត្ត​មាន​ភ្ញៀវ​​កិត្តិយស​​អ្នក​ស្រី រស់ សាបឿន (ROS SABOEUN) ជាបង​ស្រី​បង្កើត​លោក​ស្រី រស់ សេរី​សុទ្ធា លោក​​​​ស្រី ឌី សាវេត (DY SAVETH)​ តារា​សម្តែង​​ជើង​ចាស់ និង​ជាតារា​ផ្ការីក​គ្រប់​រដូវ។​ កញ្ញា ស៊ីន សេដ្ឋ​​សុជ្ឈតា (SIN SETSOCHHATA)​​ ជា​ចៅ​ស្រី​​តារា​ចម្រៀង​​​អធិរាជ​​សំឡេង​មាស ​លោក​តា ស៊ីន ស៊ី​សា​មុត (SIN SISAMUTH)​​។ ​

សៀវភៅ​ប្រលោមលោក​ឆាក​រូបភាព​កម្រាស់​ ២០០ ​ទំព័រ មាន​ចំណងជើង​ថា «​រាជិនី​សំឡេង​មាស​» ដែលជា​ការបរិយាយ​អំពី​ជីវិត និង​អាជីព​របស់​កំពូល​អ្នក​ចម្រៀង​ស្រី​ដ៏​ល្បីល្បាញ ​១ ​រូប កាលពី​សម័យ​​​ទសវត្សរ៍​ទី​៦០-៧០ លោកស្រី រស់ សេរី​សុទ្ធា បាន​ចេញផ្សាយ​ជា​ភាសា​​ខ្មែរ​ និង​បើក​សម្ពោធ​​​កាលពី​ល្ងាច​​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​​២០២២​ ដោយ​​គ្រឹះស្ថានបោះពុម្ពផ្សាយ​ខ្មែរ​មាន​ឈ្មោះថា​ «​អវតារ​-Avatar» បាន​ទិញ​សិទ្ធិ​បកប្រែ​ជា​ភាសា​ខ្មែរ​ពី​អ្នកនិពន្ធ​ជា​ផលិតករ​ល្បី​ជនជាតិ​អាមេរិក​។​

សៀវភៅ​​ប្រលោមលោក​រូបភាព​នេះ និពន្ធ​ដោយ​ផលិតករ កម្មវិធី​ទូរទស្សន៍​អាមេរិក លោក ហ្គ្រី​ហ្គូ​រី ខា​ហ៊ីល (Gregory Calhill) និង​រចនា​រូបភាព​ ដោយ​វិចិត្រករ​ស្រី​អាមេរិក ខេ​ត បូ​ម៉ាន (Kat Baumann)​។

ជាមួយ​ការ​បកប្រែ​ជា​ភាសាខ្មែរ​ សៀវ​​ភៅ​ «រាជិនី​​សំឡេង​មាស» គឺ​ជា​រឿង​រ៉ាវជីវិត​មួយ ​ដែល​មាន​​បញ្ចូល​ទេព​កោសល្យ​ដ៏​កម្រ​ សេច​ក្តី​​​ក្លាហាន​ ការឈឺចាប់​ ភាពជូរចត់​ រឿង​ខក​ចិត្ត​ និង​ការ​​​តាំង​​ចិត្ត​ ម្ចាស់​បទ​ចម្រៀង​នៃពិភព​យុគ​សម័យ​​មាស​​នៃតន្រ្តី​ក្នុង​ប្រទេស​កម្ពុជា​ មាន​កម្រង​ចម្រៀង​​ចំនួន​ ៤៧បទ អម​ដោយ​ឯកសារ​ពន្យល់​មាន​​ទំហំ ២៤ X ១៧ សង់ទីម៉េត្រ ពណ៌ធម្មជាតិ និង​មាន​ក្រប​​​ទន់​​បត់​​សង​ខាង។ ​​

សៀវ​ភៅ​ «រាជិនី​​សំឡេង​​មាស» ជា​ភាសាខ្មែរ​​​លក់​ ១​ក្បាល ​តម្លៃ ១២ ដុល្លារ​ ខណៈ​ការ​បោះពុម្ព​លើក​ទី​១ នេះ​មាន​ចំនួន​ ២ ៥០០​ក្បាល។​

លោក​ស្រី ហួត សុជាតា (Huot Socheata) ស្ថាបនិក​គ្រឹះស្ថាន​អវតារ (Avatar) បង្ហើប​ឱ្យ​ដឹង​ថា៖ «ចំណូល​១​ផ្នែក​បាន​​​ពី​ការ​លក់​សៀវ​ភៅ​នេះ​ នឹង​ត្រូវ​​ជូន​ដល់​គ្រួសារ​អ្នកស្រី រស់ សាបឿន ដែល​ជាបងស្រី​បង្កើត​របស់​លោក​ស្រី រស់​ សេរី​​សុទ្ធា»​។

លោក​ស្រី ហួត សុជាតា​ បន្ត​ថា៖ «​ថ្ងៃ​បើក​សម្ពោធនា​ល្ងាច​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ២០២២ នេះ​ យើង​លក់​បាន​​ចំ​នួន​ប្រមាណ​១០ ភាគ​រយ ហើយ​ក៏​មាន​ការ​បញ្ជាទិញ​តាម​អនឡាញ ដែលពួកគាត់​មិន​ទាន់​​បាន​​​យក​សៀវភៅ​ក៏​ច្រើន​ផង​ដែរ»។​​​​

​នាល្ងាច​​ថ្ងៃបើក​សម្ពោធ​សៀវភៅ «​រាជិនី​សំឡេង​មាស» ក្នុង​ទសវត្សរ៍​ទី​៦០ -៧០ អ្នកស្រី រស់ សេរី​សុទ្ធា នោះ​​លោក​ស្រី ឌី​ សាវេត​ តារា​សម្តែ​ង​ជើង​ចាស់​ ឬ​ផ្ការីក​គ្រប់​រដូវ​ ​មាន​វ័យ ៧៨ឆ្នាំ​ ធ្លាប់​បាន​សម្តែង​​​បទ​ចម្រៀង​​របស់​លោក​ស្រី​ រស់ សេរីសុទ្ធា​​​ ជាច្រើន​បទ​នោះ​ សម្តែង​នូវ​ក្តី​រំភើបចិត្ត​ខ្លាំង​​​​ នា​ពេល​អញ្ជើញ​ចូល​រួមជាភ្ញៀវ​កិត្តិយស​នៃ​ការ​បើក​សម្ពោធសៀវភៅ​។

​លោក​ស្រី ឌី​ សាវេត លើក​ឡើង​​ថា៖ «ចំពោះ​ខ្ញុំ​ កាលពី​សម្តែង​ ក្នុង​បទ​​ចម្រៀង​របស់​​​គាត់ [រស់ សេរីសុទ្ធា] នោះ​ មិន​ត្រឹម​តែ​​ហាត់​សម្តែង​ឱ្យ​ត្រូវ​សាច់​រឿង​នៃ​បទ​ចម្រៀង​ទេ ថែម​ទាំង​​​រៀនច្រៀង​ ​សម្រាប់​បទ​​ខ្លះទៀតផង​»។​ ​

​អ្នក​ស្រី រស់​ សាបឿន​ ​បងស្រី​បង្កើតអ្នកស្រី រស់ សេរី​សុទ្ធា ថ្លែង​ពី​អារម្មណ៍​ដ៏​រំភើប​​​​​ថា៖ «ខ្ញុំ​ពិត​​ជា​​សប្បា​យ​​​ចិត្ត​ខ្លាំង​ណាស់ រក​អ្វី​មក​ប្រៀប​ផ្ទឹមពុំ​បាន​​ទេ​​ ដោយសារ​​មាន​​​ការ​រៀបចំ​បោះ​ពុម្ព​ជា​សៀវ​ភៅ​​ស្តី​​​​​ពី​ប្អូ​នស្រី​របស់​ខ្ញុំ»។

លោក ជា សុភាព (Chea Sopheap) នាយក​ប្រតិបត្តិ​​មជ្ឈមណ្ឌល​បុប្ផាណា សម្តែង​នូវ​ការ​ភ្ញាក់​ផ្អើល​​​ខ្លាំង​​ ពេល​​ឃើញ​សម្ទុះ​​នៃ​ការ​ចូលរួម​របស់​យុវជន​ខ្មែរ​ និង​បានជាវ​សៀវភៅ​ «​រាជិនី​សំឡេង​​មាស​» យក​​​ទៅ​អានផង​​ដែរ​​នោះ​។​

លោក​​ ជា សុភាព បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ​ត្រេកអរ​ក្នុង​​ចិត្ត​ នៅ​​ពេល​​​​ឃើញ​​យុវវ័យ​ជំនាន់​ក្រោយ​​​យើង​ចាប់​អារម្មណ៍​លើ​សៀវភៅ​បែប​នេះ។ នេះ​មាន​ន័យ​ថា​​ ជា​សញ្ញា​​ដ៏​ល្អ​មួ​យបង្ហាញ​ពី​ជម្រៅ​​​ទឹក​​ចិត្តរបស់​​​​កូន​​ខ្មែរ ហាក់​មាន​ទំនោរ​ងាក​មក​ចូល​ចិត្ត​អាន​សៀវ​ភៅ​​ខ្មែរ​ ស្តី​​ពីសិល្បៈ​​​​វប្ប​ធម៌​​ខ្មែរ​ជា​​អត្ត​សញ្ញាណ​របស់​ជាតិខ្មែរ​​»។​

ក្នុង​នាមជា​តារា​ចម្រៀងសម័យ​ថ្មី​កញ្ញា ស៊ីន សេដ្ឋ​សុជ្ឈតា​ សម្តែង​ពី​អារម្មណ៍​ខ្លួន​ថា​ មាន​សេច​ក្តី​ត្រេក​អរ​​ខ្លាំង​ណាស់​ នៅ​ពេល​​ឃើញ​​សៀវភៅ ​«​រាជិនី​សំឡេង​​មាស​» បាន​បោះពុម្ព​ផ្សាយ​ចេញ​​ជា​រូប​រាង​​នៅ​ថ្ងៃនេះ។ កញ្ញា ស៊ីន សេដ្ឋ​សុជ្ឈតា​ លើក​ឡើង​ថា៖ «ទោះបីជា ខ្ញុំ​ជាមនុស្ស​ជំនាន់​ក្រោយ​មែន​ក្តី ក៏​នាង​ខ្ញុំ​ នៅ​តែ​មានការ​គាំទ្រ​មរតក​ដើម​ ដែល​ចម្រៀង​ជំនាន់​​​លោក​យាយ រស់ សេរីសុទ្ធា​ ដែល​ជា​​ដៃគូ​ចម្រៀង​​របស់​លោក​តា​នាង​ខ្ញុំ​ រហូត​មក»។​

​ទឹកដម​សំឡេង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ​របស់​លោកស្រី រស់ សេរី​សុទ្ធា ក្នុង​បទ​​ចម្រៀង​រាប់រយ​បទ ​នៅ​ចន្លោះ​​​ឆ្នាំ១៩៦៧ និង​ឆ្នាំ​១៩៧៥ បានធ្វើឱ្យ​លោកស្រី ​រស់ សេរីសុទ្ធា ទទួលបាន​នូវ​គោរមងារ​ពី​សម្ដេច​​ព្រះ​នរោត្តម សីហនុ នោះ​ថា​ជា «​រាជិនី​សំឡេង​មាស​»​ នៃ​កម្ពុជា​ដូច​សិល្បករ​រួម​ជំនាន់​​​ជា​ច្រើន​នាក់​ទៀត​ដែរ ក្រោយ​លោក​ស្រី​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។​

​លោកស្រី រស់ សេរី​សុទ្ធា កើត​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧ នៅ​ភូមិ​ដំណាក់​ហ្លួង​ ឃុំ​វត្ត​គរ ស្រុក​សង្កែ​ ខេត្តបាត់​ដំបង​។ លោកស្រី រស់ សេរី​សុទ្ធា បាន​បាត់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​១៩៧៧ នៅ​ភូមិ​សំបួរ[ ត្រពាំងខ្លុង] ឃុំ​ដំបូក​រូង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។

ចំពោះ​បទ​ចម្រៀង​របស់​លោកស្រី រស់ សេរី​សុទ្ធា​ ច្រៀង​នោះ​មាន​​ជា​ចង្វាក់គ្រប់​ប្រភេទ​មិន​ថា​​បទ​​​មនោសញ្ចេតនាទន់​ភ្លន់​ ឬ​​ញាក់​កន្រ្តាក់​អារម្មណ៍​ ដែល​​រួម​មាន​ដូចជា​បទ​បូឡេរ៉ូ អាហ្គោហ្គោ និង​រ៉ុកខេនរ៉ូល​ជាដើម នៅ​ទសវត្សរ៍​ទី​៦០-៧០ មាន​ចំនួន​សរុប​មាន​ប្រមាណ ៥០០​បទ។

លោកស្រី សុជាតា ក៏ធ្លាប់​​រៀបរាប់​ពី​ដំណើរ​ដើមទងនៃ​ការទិញ​សិទ្ធិ​បក​​ប្រែ​សៀវភៅ ប្រលោមលោក​ឆាក​រូប​​ភាព​នេះ ប្រាប់ភ្នំពេញ​ប៉ុស្តិ៍ តាម​ឆាត​ហ្វេ​ស​ប៊ុ​កថា​៖ «​ទាក់ទង​នឹង​គម្រោង​បកប្រែ​សៀវភៅ​នេះ ដំបូង​ឡើយបង​ឃើញ​ការផ្សព្វ​ផ្សាយ តាម​បណ្ដាញ​សង្គម​របស់​សៀវភៅ «The Golden Voice» បង​​ក៏​ទាក់ទង​សួរនាំ​គេ​ថា តើ​មាន​គ្រឹះស្ថាន​បោះពុម្ព​សម្រាប់​ភាសា​​ខ្មែរ​ហើយ​ឬ​នៅ ហើយ​ចម្លើយ​គឺ​នៅ​ទេ​។ ម្ល៉ោះ​ហើយ ទើប​មានការ​ណាត់​​ជជែក ជាមួយ​អ្នកនិពន្ធ ​២-៣​ ដង ពី​ការទិញ​សិទ្ធិ​បកប្រែ​។ យើង​ក៏​រកបាន​ការព្រមព្រៀង​គ្នា​ដោយ​មិន​ពិបាក​»​។

​គ្រឹះ​ស្ថាន​អវតារ ទើបនឹង​បង្កើត​នៅ​ឆ្នាំ​ ២០២២ ​នេះ ហើយ​គ្រោង​បោះពុម្ព​សៀវភៅ​អក្សរសិល្ប៍​ខ្មែរ និង​​អន្តរ​ជាតិ​គឺ​ប្រភេទ​ប្រលោមលោក ដែលមាន​ប្រជាប្រិយ និង​គ្រប់​រសជាតិ ដូចជា​រឿង​បែប​ស៊ើបអង្កេត​បែប​ផ្សង​ព្រេង និង​សៀវភៅ​ឆាក​រូបភាព (Comic ឬ Graphic Novel) ព្រម​ទាំង​សៀវភៅ​ម៉​ង់​ហ្កា (Manga) ផងដែរ​៕​