ជា​សាស្ត្រាចារ្យ​ដេ​ប៉ា​តឺ​ម៉​ង់​អក្សរសាស្ត្រ​ខ្មែរ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក គេន រង្សី កើត​នៅ​ថ្ងៃទី ៣ ខែ​មេសា ឆ្នាំ ១៩៨៤ នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ និង​បាន​បញ្ចប់​ការសិក្សា​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ទន្លាប់ ក្នុង​ឆ្នាំ ២០០២។

​ក្រោយពី​បានបញ្ចប់​ថ្នាក់មធ្យមសិក្សា លោក​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ ហើយ​ក្នុង​ឆ្នាំ ២០០៧ លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ឯកទេស​អក្សរសាស្ត្រ​ខ្មែរ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ការសិក្សា​ចេះតែ​ទទួលបាន​ផល​ល្អប្រសើរ លោក​ក៏បន្ត​បញ្ចប់​ការសិក្សា​គរុកោសល្យ គ្រូបង្រៀន​កម្រិត​ឧត្តម ឯកទេស​អក្សរសាស្ត្រ​ខ្មែរ​ប្រវត្តិ​សិល្បៈ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​ឆ្នាំ ២០០៨ បន្ថែមទៀត។

​នេះ​ជា​ជោគជ័យ​មួយ​ដែល​បាន​ពី​ការខិតខំ​ដោយ​មិន​បោះបង់ ឬ​ងាក​ទៅ​ចាប់​ជំនាញ​អ្វី​ផ្សេង ថ្វីបើ​មាន​ការងារ​ក៏ពិតមែន លោក​នៅតែ​បន្ត​សិក្សា ពោល​ក្នុង​ឆ្នាំ ២០០៩ លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ភាសាវិទ្យា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ។

​លោក​សាស្ត្រា​បាន​ប្រាប់​ឱ្យដឹងថា​៖ «​ការសិក្សា​ដែល​មិន​ងាករេ គឺអាច​នាំឱ្យ​យើង​ទទួល​បាន​ផល​ជាទី​គាប់ចិត្ត ការចាប់​យក​ជំនាញ​តែមួយ​មិន​ផ្លាស់ប្ដូរ ធ្វើឱ្យ​ចំណេះដឹង​ស្រួច​មិន​ទាល ដែល​ធ្វើឱ្យ​យើង​ឆ្ពោះ​ទៅដល់​គោលដៅ​ដែល​ចង់បាន»។

​ក្រៅពី​ការសិក្សា និង​ការងារ លោក​សាស្ត្រាចារ្យ គេ​ន រង្សី បាន​សរសេរ​រៀបរៀង​សៀវភៅ​សិក្សា​បានជា​ច្រើន​ចំណងជើង​ផងដែរ​។ ស្នាដៃ​ទាំងនោះ​មាន​ដូចជា សៀវភៅ «​សទ្ទានុក្រម​សំនួន​វោហារសព្ទ​ខ្មែរ​» បោះពុម្ព​ផ្សាយ ក្នុង ២០១៤ សៀវភៅ «​សទ្ទានុក្រម​ស្ថាននាម​ខ្មែរ ភាគ​១» បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ ២០១៧ សៀវភៅ «​សទ្ទានុក្រម​ស្ថាននាម​ខ្មែរ ភាគ​២» បោះពុម្ព​ផ្សាយ ឆ្នាំ ២០១៨ សៀវភៅ «​វចនវិទ្យា និង​សទ្ទានុក្រម​ស្ថាននាម​ខ្មែរ ភាគ ៣» បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ ២០១៩។

​ក្នុង​ឆ្នាំ ២០២១ លោក​បាន​បោះពុម្ពផ្សាយ​សៀវភៅ «​សទ្ទានុក្រម​ស្ថាននាម​ខ្មែរ ភាគ​៤» ចំណែកឯ​សៀវភៅ​ដែល​លោក​ស្រាវជ្រាវ និង​ចក្រង​ហើយ​បោះពុម្ព​ដោយ​សាកល​វិទ្យាមាន​សៀវភៅ «​សទ្ទានុក្រម​គុណនាម​និង​គុណកិរិយា​» (​សហ​អ្នកនិពន្ធ​) ហើយ​នៅ​ឆ្នាំ ២០២២ នេះ លោក​បោះពុម្ព​ផ្សាយ​សៀវភៅ «​សទ្ទានុក្រម​ពាក្យ​ន័យដូច (​សហ​អ្នកនិពន្ធ​)»។​

​ទាក់ទិន​នឹង​ការ​ចងក្រង និង​បោះពុម្ពផ្សាយ​សៀវភៅ​សិក្សា​ទាំងនេះ លោក គេន រង្សី មាន​ប្រសាសន៍​ថា​៖ «​កន្លង​មក​មាន​សន្ទានុក្រម​ហើយ ប៉ុន្តែ​អ្នក​មុន​គាត់​ធ្វើ​តាមបែប​ប្រពៃណី អត់​ឃើញ​មាន​អ្វីថ្មី គឺ​ឃើញ​ធ្វើ​តៗ​គ្នា​ដោយ​មិនបាន​បញ្ចូល​អ្វី​ថ្មី ហើយក៏​មិនបាន​សិក្សា​លម្អិត​ស៊ីជម្រៅ​ដែរ​។ ដូច្នេះ​ធ្វើឱ្យ​ការ​ប្រមូល​ទិន្នន័យ​មានការ​ភាន់ច្រឡំ ហើយ​ការកំណត់​អត្តសញ្ញាណ​នៃ​ពាក្យ​ក៏អាច​ថា​មិន​ច្បាស់​ពី​ថ្នាក់​ពាក្យ»។

​លោក​បាន​បន្តទៀតថា​៖ «​ពី​មុនគេ​គ្រាន់តែ​ដាក់​ន័យ ហើយ​មាន​ឧទាហរណ៍​ខ្លះ​ក៏ចប់​ទៅ មិនបាន​ពន្យល់​ឱ្យបាន​ច្បាស់​ពី​បម្រើបម្រាស់​ពាក្យ​ទាំងនោះ ឯ​ក្រុម​ខ្ញុំ​ធ្វើ គឺ​ទ្រឹស្ដី​នៅ​ខាងដើម​បាន​បង្ហាញ​ច្រើនជាង​មុន គឺមាន​ច្រើនជាង​ឯកសារ​ផ្សេង​ដែល​មាន​ពីមុន ច្បាស់​ជាង​មុន និង​សេចក្ដី​ពន្យល់​ក្នុង​មេពាក្យ​នីមួយៗ​ក៏​មិន​ដូចគ្នា​នឹង​សៀវភៅ​ពីមុន»។​

​សូម​រំឭកថា លោក​សាស្ត្រាចារ្យ គេ​ន រង្សី ពី​ឆ្នាំ ២០១៥-២០១៨ បាន​បំពេញ​បេសកកម្ម​បង្រៀន​ភាសា​ខ្មែរ​នៅ​សាកល​វិទ្យាល័យ Yunnan Minzu University ខេត្ត​យូណាន។ ឆ្នាំ ២០២០-២០២២ បំពេញ​បេសកកម្ម​បង្រៀន​ភាសា​ខ្មែរ​នៅ​សាកល​វិទ្យាល័យ Guangdong University of Foreign Studies ហើយ​ទទួល​បណ្ណ​កិត្តិយស​ជា «​គ្រូបង្រៀន​បរទេស​ឆ្នើម​» ប្រចាំឆ្នាំ ២០១៦ ពី​សាកល​វិទ្យាល័យ Yunnan Minzu University និង​ទទួលបាន​មេដាយ​មាស​ការងារ​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ឆ្នាំ ២០១៩៕​