ភ្នំពេញៈ ជីវិត​ដែលមាន​ពិការភាព​ផ្នែក​កាយសម្បទា​ពិតជា​ជួប​ការលំបាក​ច្រើន​ទាំង​កម្លាំងកាយ​ និង​កម្លាំងចិត្ត ​ប៉ុន្តែ​ទោះបីជា ​ជួប​ការលំបាក ​និង​ការរើសអើង​ខ្លះៗ​ពី​សង្គម​ក្ដី ​សម្រាប់​យុវជន ​មាន ​វិបុលរតនៈ ​មិនដែល​គិតថា ​នឹង​បោះបង់​ក្តី​ប្រាថ្នា​របស់​ខ្លួន​ឡើយ ​ផ្ទុយទៅវិញ ​លោក​ព្យាយាម​តស៊ូ ​និង​ជម្នះ​បញ្ហា ​នៃ​ឆាកជីវិត​ដោយ​មិន​រួញរា។

​លោក​ មាន​ វិបុលរតនៈ ​មា​នទី​កំណើត​នៅ​រាជធានី​ភ្នំពេញ ​លោក​ជា​កូនពៅ ​ក្នុងចំណោម​បងប្អូន ៤​នាក់​។ ក្រោយពី​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​៩ ​នៅ​អនុវិទ្យាល័យ​ជម្ពូវ័ន ​លោក​បាន​ផ្លាស់​ទៅ​សិក្សា​នៅ​វិទ្យាល័យ​បាក់​ទូក​។ ទោះបី​ជាមាន​ពិការភាព​ផ្នែក​កាយសម្បទា​(ប្រើ​រទេះរុញ)​ក៏ពិតមែន ​ប៉ុន្តែ​លោក​មិន​បណ្តោយឱ្យ​ពិការភាព​នេះ​មក​បំបាក់​ទឹកចិត្ត​ឡើយ​។ ដោយ​មាន​ការជ្រោមជ្រែង​លើក​ទឹកចិត្ត​ពី​គ្រួសារ​ផង ​លោក​បាន​ខិតខំ​សិក្សា​ដោយ​មិន​ខ្ជិល​ច្រអូស​ទេ។

លោក​ប្រាប់ថា​៖«ខ្ញុំ​មាន​ពិការភាព​ពី​កំណើត ​ដោយ​ខ្ញុំ​កើត​ចំពេល​មាន​ជំងឺ ​Poliyo ​(គ្រុន​ស្វិត​ដៃជើង) ​ទើប​បណ្ដាល​ឱ្យជើង​របស់​ខ្ញុំ​ទាំង​២​ពិការ»។

ជីវិត​ជា​ជន​មាន​ពិការ ​ពិតជា​មាន​ផល​វិបាក ​ដោយ​លោក​មិន​ទទួលបាន​ភាពចុះ​សម្រុង​នឹង​សង្គម​ប៉ុន្មាន​ទេ ​លោក​បានឱ្យ​ដឹងថា​៖«ចំពោះ​បទពិសោធន៍​ខ្ញុំ​ផ្ទាល់ ​ខ្ញុំ​ជួប​បញ្ហា ​និង​ឱកាស​ជាច្រើន ​ទាំង​ការទទួលបាន​ការអប់រំ ​ការរើសអើង​ពី​មិត្ត​រួម​ថ្នាក់​ អ្នក​ភូមិ​ផង​មិនសូវ​រាប់អាន​និង​ចូលចិត្ត​ខ្ញុំ ​ជាដើម​។ នេះ​ជា​បញ្ហា​ដែល​ខ្ញុំ​ជួបប្រទះ​អំឡុង​ពេល​សិក្សា»។

លោក​បាន​បន្តថា ​ការធ្លាក់​ទឹកចិត្ត ​មិន​ថា ​តែ​ជន​មាន​ពិការភាព​ទេ ​ដែល​ជួបប្រទះ ​សូម្បីតែ​អ្នក​ដែល​មិន​ពិការ​ក៏​ធ្លាប់​ឆ្លងកាត់​ដែរ​ទោះ​តិច ​ឬ​ច្រើន​។ ប៉ុន្តែ​ក្រឡេក​មក​មើល​ជន​មាន​ពិការភាព​វិញ ​គឺ​ទទួលបាន​បញ្ហា​នេះ​ទ្វេដង ​ដូចជា​បញ្ហា​ជីវភាព​ ការរើសអើង​ពី​គ្រួសារ ​និង​សហគមន៍ ​ព្រមទាំង​មាន​ចំណុច​ជាច្រើន​ទៀត។

​លោក​មាន ​វិបុលរតនៈ​ និយាយថា​៖«​តែ​ចំពោះ​ខ្ញុំ ​មិនបាន​ជួប​បញ្ហា​ទាំងនេះ​ច្រើន​ទេ ​ព្រោះ​ខ្ញុំ​ទទួលបាន​ការលើក​ទឹកចិត្ត​ខ្ពស់​ពី​គ្រួសារ​របស់​ខ្ញុំ ​ពិសេស​ឪពុកម្ដាយ ​និង​បងប្អូន​របស់​ខ្ញុំ»។

ថ្វីបើ​មាន​ការលើក​ទឹកចិត្ត​ពី​គ្រួសារ​ក៏​ពិតមែន ​ប៉ុន្តែ​លោក​ក៏​ជួប​បញ្ហា​តូចចិត្ត​ខ្លះ​ដែរ ​គឺ​ដោយសារ​ការរើសអើង​។ នេះ​ជា​កត្តា​ធំ​១ ​ដែល​ធ្វើឱ្យ​លោក​ខូចចិត្ត ​ដោយសារ​ពេល​ដែល​លោក​ទៅ​សាលា ​គ្រួសារ​ក៏​មិនបាន​ដឹងថា ​លោក​ជួប​បញ្ហា​អ្វីខ្លះ​នោះទេ​។ បញ្ហា​ទាំងនោះ​ក៏​លោក​មិនបាន​លើកយក​មក​និយាយ​ឱ្យ​ឪពុកម្ដាយ ​បងប្អូន​លោក​បានដឹង​ដែរ ​ដោយហេតុ​ថា ​លោក​មិន​ចង់​បន្ថែម​បន្ទុក​ឱ្យ​គ្រួសារ​លោក​ឡើយ ​ព្រោះ​លោក​គិតថា ​លោក​ជា​បន្ទុក​ស្រាប់​ទៅហើយ​។ មកដល់​បច្ចុប្បន្ន ​លោក​ វិបុល​រតនៈ ​អាចធ្វើ​អ្វីៗ​ស្ទើរតែ​គ្រប់យ៉ាង​បាន​ដោយ​ខ្លួន​ឯង​។ នេះ​បើតាម​លោក​មាន ​វិបុលរតនៈ។​

លោក​បន្តថា​៖«ពីមុន​មក ​ខ្ញុំ​គិតថា ​ខ្ញុំ​ជា​បន្ទុក​សម្រាប់​គ្រួសារ​រួចហើយ ​ទាំង​ការសិក្សា ​ការហូបចុក ​ការស្លៀកពាក់​ជាដើម​។ បច្ចុប្បន្ន​ខ្ញុំ​មិនត្រូវការ​ជំនួយ​ពី​គ្រួសារ​ទៀត​ទេ ​ដោយសារតែ​កាលពី​ខ្ញុំ​នៅ​តូច ​គ្រួសារ​តែងតែ​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ធ្វើ​អ្វី ​ដោយ​ខ្លួនឯង ​ទាំង​ការស្លៀកពាក់ ​ការធ្វើដំណើរ ​ការចូល​បន្ទប់​។ អ្វី​ទាំងអស់​គាត់​ឱ្យ​ខ្ញុំ​រៀន​ធ្វើ​ខ្លួនឯង ​ទោះបី​មើលទៅ​លំបាក ​ប៉ុន្តែ​គាត់​នៅតែ​ឱ្យធ្វើ ​ព្រោះ​គាត់​ប្រាប់ថា ​ពេល​អត់​ពី​ពួកគាត់​ទៅ ​កូន​គាត់​ម្នាក់នេះ​អាច​រស់នៅ​ដោយ​ឯករាជ្យ​ខ្លួន​ឯង​បាន»។

លោក​ក៏បាន​ផ្ដាំផ្ញើ ​សូមឱ្យ​ឪពុកម្ដាយ​ដែល​មានកូន​ពិការ​រាងកាយ​ណាមួយ ​ទោះបីជា​ជីវភាព​ក្រីក្រ​លំបាក​យ៉ាងណាក្ដី ​សូម​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​កូន​ចេះ​តស៊ូ​ក្នុង​ការសិក្សា​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ ព្រោះ​បើ​គ្មាន​ការសិក្សា​ទេ ​នឹង​កាន់តែ​ពិបាក​ក្នុង​ការរស់នៅ។

ម្យ៉ាង​ទៀត ​ទោះ​បីកូន​មិនបាន​រៀន​ខ្ពង់ខ្ពស់ ​សូម​លើក​ទឹកចិត្ត​ឱ្យ​កូន​ចាប់យក​ជំនាញ​ផ្សេង ​ដោយ​ធ្វើ​យ៉ាងណា ​ឱ្យ​គាត់​អាច​មាន​ចំណេះ​ជំនាញ ​ដែល​អាចបង្កើត​មុខរបរ ​អាច​ស្វែងរក​ការងារ​ដោយ​ស្រប​ច្បាប់​។

លោក​វិបុល​រតនៈ ​បញ្ជាក់ថា​៖«សូម​មើលឃើញ​សមត្ថភាព ​ជាជាង​ឃើញ​ពិការភាព​។ នេះ​ជា​អ្វី ​ដែល​ខ្ញុំ​ចង់ឱ្យ​បងប្អូន​ដែល​ពិការ​ដូច​ខ្ញុំ ​ក៏ដូចជា​មនុស្ស​ទូទៅ​បាន​ដឹង​។ មួយ​ទៀត ​សូម​ផ្ដល់​ឱកាស ​និង​លើក​ទឹកចិត្ត​ដល់​ជន​ដែល​មាន​ពិការភាព​ដើម្បីឱ្យ​គាត់​បាន​បញ្ចេញ​សមត្ថភាព ​និង​លុប​បាត់​ឧបសគ្គ​រារាំង ​និង​គោរព​សិទ្ធិ​ស្មើភាព​របស់​ជន​មាន​ពិការភាព​ក្នុង​សង្គម»។​

សូម​បញ្ជាក់ថា ​បច្ចុប្បន្ន ​លោក​មាន ​វិបុល​រតនៈ ​ជា​បុគ្គលិក​បម្រើការ ​ក្នុង​អង្គការ​ជនពិការ​កម្ពុជា ​នៅ​រាជធានី​ភ្នំពេញ​។ លោក​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ​ឯកទេស​ផ្នែក​ច្បាប់ ​ពី​សាកលវិទ្យាល័យ​មួយ ​នៅ​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ​ការរើសអើង​សម្រាប់​លោក ​មិនមាន​ទៀត​ទេ ​ព្រោះ​រាជរដ្ឋាភិបាល ​បាន​យកចិត្ត​ទុកដាក់​ចំពោះ​ជន​មាន​ពិការភាព ​រួមទាំង​បានការ​គាំទ្រ​ពី​គ្រួសារ ​និង​មិត្តភក្តិ​នៅ​កន្លែង​ការងារ​ផង​ដែរ៕