
ការតាំងពិព័រណ៍ឧបករណ៍ប្រើប្រាស់ដែលច្នៃដោយក្រុមសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនចាំយាមកន្លងមក ។ រូបថត សហការី
កោះកុងៈ ជាទូទៅផ្លៃដូងទុំក្រៅពីគេកោសសាច់ពូតយកខ្ទិះឬហូបរួចគេកម្រនឹងយកត្រឡោកវាមកកែច្នៃធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗទៀតណាស់។ផ្ទុយទៅវិញគេគ្រាន់តែដុតចោលឬដុតចម្អិនអាហារតែប៉ុណ្ណោះ ប៉ុន្តែមានសិស្ស ១ ក្រុមនៃវិទ្យាល័យហ៊ុនសែនចាំយាមដែលស្ថិតនៅក្នុងភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានកែច្នៃក្រឡោកដូងធ្វើជាគោមសម្រាប់ដាក់អំពូលភ្លើងប្រដាប់ដាក់ប៊ិកសរសេរ ប្រដាប់ដាក់ក្រដាសជូតមាត់ ថូផ្កា រួមទាំងសម្ភារគ្រឿងសង្ហារិមផ្សេងៗទៀតបានយ៉ាងល្អប្រណីត។
សំឡេងអ៊ូអរ និងស្នូរទះដៃយ៉ាងកងរំពងហាក់នៅតែដក់ដិតដាមជាប់ក្នុងអារម្មណ៍របស់យុវតី ដឿន ស្រីវីត នៅឡើយក្នុងចំណោមគ្នីគ្នាគេ៤នាក់(ប្រុស២នាក់)បើទោះជាវាបានកើតឡើងលើក្រុមការងាររបស់នាងតាំងពីប៉ុន្មានខែកន្លងមកហើយក្តី។លើសពីនេះទៅទៀតវាជាមោទនភាពនិងជាកិត្តិយសមួយដល់វិទ្យាល័យហ៊ុន សែន ចាំយាម ពិសេសក្រុមការងាររបស់នាងផ្ទាល់បន្ទាប់ពីទទួលបានមេដាយមាស១ បណ្ណសរសើរ១ និងទឹកប្រាក់ចំនួន៦០ម៉ឺនរៀល។
វាជារង្វាន់ដែលដណ្តើមបានពីកម្មវិធីប្រកួតប្រជែងសហគ្រិនលើប្រធានបទ[សម្ភារកែច្នៃកើតចេញពីទេពកោសល្យ]នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងចំណោម១០ក្រុម មកពីតាមបណ្តារាជធានី-ខេត្តដែលបានចូលរួមប្រកួតប្រជែង។ នេះជាការរំឭកឡើងវិញរបស់យុវតី ដឿន ស្រីវីត។
កញ្ញា ដឿន ស្រីវីត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាងជាសិស្សរៀននៅថ្នាក់ទី១០នៃវិទ្យាល័យហ៊ុន សែន ចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។នាងគឺជាប្រធានក្រុមក្នុងចំណោមសមាជិក៤នាក់ដែលបានធ្វើវត្ថុអនុស្សាវរីយ៍ និងសម្ភារប្រើប្រាស់ផ្សេងៗកែច្នៃពីត្រឡោកដូងដោយដៃ។
កញ្ញាបានបន្ដថា ចំពោះស្នាដៃដែលកើតចេញពីគំនិតច្នៃប្រឌិតនេះមុនដំបូងក្រុមនាងគ្រាន់តែនាំគ្នាគិតលេងៗសិនទេដោយជ្រើសរើសយកត្រឡោកដូង។ព្រោះក្រុមរបស់នាងបានគិតថានៅក្នុងភូមិដែលពួកនាងរស់នៅសព្វថ្ងៃមានអ្វីខ្លះដែលបង្កជាបញ្ហាដល់បរិស្ថាន?ហើយកាកសំណល់ពីរុក្ខជាតិអ្វីខ្លះដែលអាចទាញយកមកកែច្នៃធ្វើជារបស់ប្រើប្រាស់បាន?
ស្រីវីត បានរៀបរាប់ទៀតថា ស្របពេលដែលកំពុងតែគិតនេះ ស្រាប់តែខាងសាលារបស់នាងបានប្រកាសប្រាប់ដល់សិស្សគ្រប់ថ្នាក់ថា នៅវិទ្យាល័យហ៊ុន សែន ចាំយាមនឹងមានការប្រកួតប្រជែងទេពកោសល្យកែច្នៃពីកាកសំណល់សំរាម។នៅពេលនោះក្រុមនាងបានស្រុះស្រួលគ្នាថា យកត្រឡោកដូងមកកែច្នៃព្រោះថា នៅក្នុងភូមិ-ឃុំ របស់នាងសម្បូរទៅដោយដើមដូងដែលជ្រុះផ្លែចោល។ក្រោយពីបានគំនិតរួមមក ក្រុមនាងក៏នាំគ្នាទៅតាមផ្សារសុំត្រឡោកដូងពីអ្នកកោសដូង និងនាំគ្នាដើររើសផ្លែដូងដែលទុំជ្រុះនៅតាមឆ្នេរសមុទ្រ និងដើររើសនៅតាមភូមិ។
បន្ទាប់ពីពួកនាងប្រមូលបានផ្លែនិងត្រឡោកមកក៏ប្រជុំគ្នាគិតថា តើត្រឡោកដូងហ្នឹងនឹងអាចយកមកកែច្នៃជាសម្ភារប្រើប្រាស់អ្វីបានខ្លះ?លុះគិតរួចហើយ ពួកនាងក៏ចាប់ផ្តើមធ្វើដោយដៃគឺកែច្នៃជាគោមភ្លើង ជាថូផ្កាដាក់តាំងលើតុ។ពួកនាងធ្វើបណ្តើរ និងមានការជំរុញទឹកចិត្តបណ្តើរពីលោកនាយកសាលា និងក្រុមគ្រួសារ។
ស្រីវីត បានថ្លែងថា៖ «ដំបូងឡើយពួកខ្ញុំធ្វើបានតែថូផ្កាដាក់តាំងលើតុនិងថូផ្កាព្យួរតាំងនៅមុខផ្ទះទេ ហើយយើងចេះតែនាំគ្នាធ្វើការស្រាវជ្រាវតាមអ៊ីនធឺណិត និងមានគំនិតចង់ធ្វើអ្វីដែលប្លែកដែលគេមិនទាន់មាន។ពេលនោះក៏ចាប់ផ្តើមធ្វើគោមភ្លើងសម្រាប់ព្យួរនៅមុខផ្ទះឬតាមតូបកាហ្វេដែលពួកខ្ញុំធ្លាប់បានឃើញតែគេធ្វើពីប្លាស្ទិកទេ។យើងក៏មានគំនិតកែច្នៃពីគោមភ្លើងព្យួរមុខផ្ទះមកជាគោមភ្លើងដាក់លើតុសម្រាប់បំភ្លឺពេលរៀន»។
បើតាម យុវតី ស្រីវីត ក្រោយពីក្រុមនាងបង្កើតបានជាគោមភ្លើងបានសម្រេចមកក៏គិតថា ប្រសិនបើគោមទទេបែបនេះមើលទៅមិនសមទេ ហើយប្រសិនបើដាក់នៅលើតុវិញទាល់តែមានដងទើបអាចប្រើប្រាស់បាន។ពេលនោះក្រុមនាងបានយកដើមឫស្សីប៉ុនមេជើងមកពត់រាងកោងរហូតធ្វើបានជោគជ័យ និងមើលទៅវាមានសោភណភាពស្អាតជាលក្ខណៈធម្មជាតិពិតៗ។ចំពោះត្រឡោកដែលជ្រើសធ្វើជាគោមភ្លើងត្រូវ
យកត្រឡោកណាដែលវាមានរាងមូលល្អទើបមើលទៅស្អាតហើយត្រឡោកដូងទាំងនោះត្រូវបានក្រុមការងារនាងដើររើសនៅតាមឆ្នេរសមុទ្រខ្លះ និងដើរទិញតាមផ្សារខ្លះយកមកកែច្នៃ។
ស្រីវីត ឱ្យដឹងថា សម្ភារត្រឡោកដូងដែលក្រុមរបស់នាងកែច្នៃដោយដៃនេះ ត្រូវបានវិទ្យាល័យរបស់នាងនាំយកមកប្រកួតប្រជែងកាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងកម្មវិធីសហគ្រិន។ក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃនោះ ក្រុមនាងបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោម១០ក្រុម និងទទួលបានមេដាយមាស១ បណ្ណសរសើរ១ និងទឹកប្រាក់ចំនួន៦០ម៉ឺនរៀល។
ស្របពេលជាមួយគ្នានេះក៏មានការកោតសរសើរនិងគាំទ្រពីលោកស្រី មិថុនា ភូថង អភិបាលអភិបាលខេត្តកោះកុងដោយលោកស្រីបានផ្តល់រង្វាន់លើកទឹកចិត្តជាប្រាក់៨០០ដុល្លារដល់ក្រុមនាងទៀតផង។ចំពោះសម្ភារត្រឡោកដូងកែច្នៃដោយដៃនេះនាងបានយកទៅដាក់តាំងពិព័រណ៍នៅក្នុងពិធីបុណ្យអុំទូក ក្នុងខេត្តកោះកុង ហើយក៏មានការគាំទ្រពីសំណាក់ភ្ញៀវជាច្រើនទៀតផង។
យុវតីរូបនេះ បានពោលថា៖ «ភាគច្រើនពួកខ្ញុំលក់ដាច់សម្រាប់មីងៗពូៗដែលពួកគាត់ចូលចិត្តភាពច្នៃប្រឌិតពីធម្មជាតិ។ម្យ៉ាងពួកគាត់គិតថា បើគាំទ្រសម្ភារកែច្នៃពីត្រឡោកដូងបែបនេះក៏មានន័យថាពួកគាត់បានជួយកាត់បន្ថយកាកសំណល់បរិស្ថានដែរ។ពួកខ្ញុំមានគំនិតត្រង់ហ្នឹងមួយដែរគឺចង់រួមចំណែកជួយកាត់បន្ថយកាកសំណល់បរិស្ថាននិងជួយឱ្យសង្គមជាតិយើងងាកមកចាប់អារម្មណ៍សម្ភារកែច្នៃពីធម្មជាតិ។បុគ្គលខ្លះតែងតែគិតថាត្រឡោកដូងមិនអាចយកមកធ្វើអ្វីបាន ដោយគិតថាជារបស់គ្មានប្រយោជន៍»។
បើតាមយុវតី ស្រីវីត បច្ចុប្បន្នក្រុមនាងក្រៅពីលក់នៅតាមពិធីតាំងពិព័រណ៍ហើយ នៅបានបង្កើតទីផ្សារលក់នៅតាមអនឡាញទៀតផងដោយដាក់ឈ្មោះថា ត្រឡោកទាន់សម័យអនឡាញហើយក៏មានការបញ្ជាទិញពីអតិថិជនច្រើនដែរ។
ជំនាញកែច្នៃត្រឡោកដូងនេះក្រុមនាងក៏គ្រោងនឹងបង្ហាត់បង្រៀនដល់សិស្សក្នុងវិទ្យាល័យហ៊ុនសែន ចាំយាម បន្តទៀតដើម្បីបន្តវេនទៅថ្ងៃខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហាច្នៃប្រឌិតនេះ លោក អ៊ុំ សាវន នាយកវិទ្យាល័យហ៊ុន សែន ចាំយាម ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការងារកែច្នៃត្រឡោកដូងដោយដៃធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗនេះក្រុមសិស្សទើបតែមានគំនិតកែច្នៃនៅដើមឆ្នាំ២០២២នេះទេ។ការងារដំបូងៗឡើយគឺពួកគាត់ដើររើសផ្លែដូងពីតាមឆ្នេរសមុទ្រ នៅតាមភូមិ និងតាមផ្សារដែលអ្នកកោសដូងគេកោសយកសាច់អស់ហើយពួកគាត់ទៅសុំយកមកឬពេលខ្លះក៏ទិញពីគេដែរ។
ការកែច្នៃត្រឡោកដូងដំបូងមិនទាន់មានការចាប់អារម្មណ៍ពីភ្ញៀវជាអតិថិជនប៉ុន្មានទេ ប៉ុន្តែក្រោយពីមានគំនិតកែច្នៃរចនារូបរាងស្អាតជាងមុនក៏ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗពិសេសទទួលបានការកោតសរសើរពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងតែម្ដង។
លោកបន្តថា៖ «បើនិយាយពីបរិស្ថានវិញគឺពួកគាត់បានរួមចំណែកកាត់បន្ថយការពង្រាយគ្មានសណ្តាប់ធ្នាប់។ផ្លែដូងយើងតែងតែហូបសាច់វាហើយយើងបោះចោលអ៊ីចឹងបើសិស្សគាត់មានគំនិតច្នៃប្រឌិតពីវត្ថុគ្មានតម្លៃមកធ្វើឱ្យវាក្លាយទៅជាវត្ថុមានតម្លៃគឺប្រសើរខ្លាំងណាស់។ភាពឆ្លាតវៃនេះជាគំរូនិងធ្វើឱ្យក្មេងជំនាន់ក្រោយយកចិត្តទុកដាក់បន្តទៀតដោយសារឃើញគេគាំទ្រសមិទ្ធផលរបស់ប្អូនៗជំនាន់នេះ»៕