ភ្នំពេញៈអ្នកនិពន្ធជាស្ត្រីកញ្ញា ស្រុង ចាន់រតនា បាននិពន្ធសៀវភៅ៥ចំណងជើងរួចមកហើយ។កញ្ញា ចាន់រតនា អះអាងថា សេចក្ដីស្រឡាញ់ក្នុងការអភិវឌ្ឍគំនិតរៀនគូរ រៀនគិត រៀនសរសេរ តាំងពីក្មេងវ័យ បានជំរុញទឹកចិត្តឱ្យកញ្ញាក្លាយជាអ្នកនិពន្ធ អ្នកសរសេរសៀវភៅម្នាក់ដែលកំពុងដណ្ដើមការគាំទ្រពីអ្នកអាន ខណៈសៀវភៅរបស់កញ្ញា មានសៀវភៅរឿងខ្លី សៀវភៅកំណត់ត្រាល្អៗក្នុងជីវិត សៀវភៅលើកទឹកចិត្តមនុស្សឱ្យជម្នះការលំបាក និងសៀវភៅប្រលោមលោកជាដើម។
អ្នកនិពន្ធ ចាន់រតនា បានប្រាប់ឱ្យដឹងថា៖«ខ្ញុំចាប់ផ្តើមប្រឡូកក្នុងវិស័យនិពន្ធ ដំបូងឡើយគ្រាន់តែសាកល្បងបង្ហោះអត្ថបទលើកទឹកចិត្ត និងដឹកនាំមនុស្សឱ្យគិតលើផ្លូវវិជ្ជមាន លុះក្រោយមកបានបោះពុម្ពស្នាដៃទី១ជាប្រភេទប្រលោមលោកចំណងជើងថា វិថីជីវិត។គ្រាដំបូងគ្រាន់តែចង់ឃើញប្រលោមលោកវិថីជីវិតចេញជាសៀវភៅ ប៉ុន្តែក្រោយទទួលបានការគាំទ្រពីអ្នកអានក៏មានកម្លាំងចិត្តដើរលើផ្លូវនេះបន្តរហូតចេញបានស្នាដៃជាបន្តបន្ទាប់សរុប៥ស្នាដៃ»។
សៀវភៅដែលមានចំណងជើងថា “វិថីជីវិត” មានកម្រាស់ ៣០០ទំព័រ ជាប្រភេទសៀវភៅប្រលោមលោក។ អត្ថន័យអប់រំក្នុងសៀវភៅនេះ បានបង្ហាញពីការតស៊ូប្រឹងប្រែងដើរទៅរកក្ដីស្រមៃដោយមិនបោះបង់។ ការអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបាន អ្នកនិពន្ធបានបង្ហាញថា គួរទុកសេចក្ដីស្រឡាញ់ឬស្នេហាមួយឡែកសិន កុំបណ្ដោយខ្លួនឱ្យលង់លក់ក្នុងស្នេហា ទើបអាចសម្រេចគោលបំណង ឬសេចក្ដីស្រមៃរបស់ខ្លួនបាន។
អ្នកនិពន្ធ ចាន់រតនា បានបញ្ជាក់ទៀតថា៖«រាល់ស្នាដៃនីមួយៗដែលខ្ញុំបានសរសេរគឺសុទ្ធសឹងតែមានលាក់បង្កប់នូវអនុស្សាវរីយ៍រៀងៗខ្លួន ហើយខ្ញុំបានផ្តល់ក្តីស្រឡាញ់ទៅលើស្នាដៃទាំងនេះស្មើៗគ្នា»។
អ្នកនិពន្ធស្ត្រីវ័យកណ្ដាលរូបនេះបន្តទៀតថា៖«ចំណែកសៀវភៅជាអ្នកធ្វើការ ជាដៃគូដ៏ល្អសម្រាប់អ្នកធ្វើការឱ្យគេដូចពួកយើង។ វាមានចម្លើយជាច្រើនសម្រាប់បុគ្គលិកដែលជួបបញ្ហាដូចខ្ញុំ។មិនចុះសម្រុងជាមួយនឹងថ្នាក់លើ មិនចូលចិត្តចរិតអ្នករួមការងារ ចេញយោបល់អីក៏គេកប់ចោល។ តាមពិតខ្ញុំជាពេជ្រនៅកន្លែងងងឹតសោះ។ ខ្ញុំមិនធ្វើអំពូលភ្លើងឱ្យកន្លែងងងឹតនោះទេ ខ្ញុំត្រូវធ្វើគ្រាប់ពេជ្រ។ ខ្ញុំក៏មិនទៅធ្វើការដើម្បីឈ្នះពួកអែបអបមេ និយាយតែដើមគេនោះដែរ ខ្ញុំមានគោលការណ៍របស់ខ្ញុំ។ បើគេថាខ្ញុំចេញពីកន្លែងកខ្វក់នោះព្រោះតែចាញ់គេ ខ្ញុំនឹងឱ្យពេលវេលាប្រាប់ពួកគេថា អ្នកណាឈ្នះឱ្យប្រាកដ។ខ្ញុំនឹងបង្ហាញពន្លឺគ្រាប់ពេជ្រនៅថ្ងៃខាងមុខ»។
ចំណែកឯសៀវភៅដែលមានចំណងជើងថា“ជាអ្នកធ្វើការ”សៀវភៅនេះមានកម្រាស់៤០០ទំព័រគឺជាប្រភេទសៀវភៅទស្សនៈ។ សៀវភៅនេះបានផ្ដល់អត្ថន័យអប់រំ ដាស់តឿនមនុស្សទៅធ្វើការដើម្បីអ្វី? គន្លឹះដើម្បីធ្វើការសម្រេចចិត្ត និងដោះស្រាយបញ្ហានៅកន្លែងធ្វើការ។ ក្រៅពីនេះនៅមានសៀវភៅ៣ផ្សេងទៀតដូចជា សៀវភៅ“បេះដូងស”មានកម្រាស់៣៦២ទំព័រ គឺជាប្រភេទសៀវភៅប្រលោមលោកខ្លីមានចំនួន៦រឿង។សៀវភៅមានចំណងជើងថា“សំណោកអនុស្សាវរីយ៍”មានកម្រាស់ ២៣១ទំព័រគឺជាប្រភេទសៀវភៅប្រលោមលោកដែលផ្ដល់អត្ថន័យអប់រំក្នុងការគិតឱ្យច្បាស់លាស់មុនសម្រេចចិត្តដើរចេញពីអតីតកាល។ចំពោះសៀវភៅដែលមានចំណងជើងថា“អនុស្សាវរីយ៍៣៤ឆ្នាំ”មានកម្រាស់៩៦ទំព័រគឺជាប្រភេទសៀវភៅមួយបែបដែលអ្នកនិពន្ធកត់ត្រាទុកគ្រប់រឿងរ៉ាវល្អៗក្នុងជីវិតរស់់នៅប្រចាំថ្ងៃតាំងពីក្មេងរហូតដល់បច្ចុប្បន្ន។
កញ្ញា ចាន់រតនា មានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម។ កញ្ញាជាកូនទី៣ក្នុងចំណោមបងប្អូនចំនួន៤នាក់(ស្រី ២នាក់) នៅក្នុងគ្រួសារដែលមានឪពុកម្ដាយជាអាជីវករ។ អ្នកនិពន្ធចាន់រតនា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសពីសាកលវិទ្យាវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នជាអ្នកនិពន្ធ និងមានអាជីវកម្មផ្ទាល់ខ្លួន និងរស់នៅក្នុងទីក្រុងភ្នំពេញ៕