
អ្នកភូមិនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងពេលកំពុងច្នៃឧបករណ៍ប្រើប្រាស់ពីឫស្សីកាលពីខែកុម្ភៈ ឆ្នាំនេះ ។ រូបថត សហការី
កំពង់ឆ្នាំងៈ ដើមឫស្សីត្រូវបានគេយកមកកែច្នៃធ្វើជារបស់របរប្រើប្រាស់ជាប្រយោជន៍បានច្រើនយ៉ាងដូចជាកញ្ច្រែង ចង្អេរ កញ្ជើ ល្អីនិងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតតាមទម្លាប់ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះដើមឫស្សីត្រូវបានគេកែច្នៃរចនាក្បាច់ និងពណ៌ធ្វើជាវត្ថុប្រើប្រាស់ផ្សេងៗបានយ៉ាងល្អប្រណីតគួរឱ្យចាប់អារម្មណ៍និងទាក់ទាញបំផុត។
«ខ្ញុំមានមោទនភាពណាស់ដែលខ្ញុំចាប់យកអាជីពនេះបាន ហើយខ្ញុំមានអារម្មណ៍សរសើរខ្លួនឯងដែរ បើខ្ញុំនៅធ្វើកញ្ច្រែង កញ្ជើ បែបបុរាណៗទៀត ប្រហែលជាខ្ញុំរកលុយចិញ្ចឹមកូន៤នាក់មិនរស់ទេ។សព្វថ្ងៃខ្ញុំអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានដោយសារខ្ញុំចេះកែច្នៃដើមឫស្សីធ្វើជាម៉ូដផ្សេងៗបានច្រើន»។នេះជាសម្តីរបស់ស្ត្រីឈ្មោះ ម៉ាំង សាឡិន ជាសមាជិកម្នាក់របស់សមាគមសិប្បករឫស្សីកំពង់ឆ្នាំង។
អ្នកស្រី ម៉ាំង សាឡិន បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អ្នកស្រីចេះចំណេះជំនាញធ្វើកញ្ជើ កញ្ច្រែង ចង្អេរ នេះតាំងពីនៅក្មេងៗមកម្ល៉េះពោលគឺចេះតាមឪពុកម្តាយរបស់អ្នកស្រីដែលជារបរតំណពីដូនតាមកហើយអ្នករស់នៅក្នុងភូមិរនាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ស្ទើរតែទាំងអស់គឺគ្រួសារណាក៏ចេះធ្វើកញ្ជើ កញ្ច្រែង ចង្អេរ ដែរ។
ចំពោះអ្នកស្រីបានចាប់អាជីពធ្វើ កញ្ជើ កញ្ច្រែង ចង្អេរតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែគ្រាន់តែធ្វើទៅតាមទម្លាប់ប៉ុណ្ណោះមិនមានរចនាម៉ូដអីប្លែកទេ។ដោយសារតែធ្វើរបៀបបុរាណនេះហើយទើបផលិតផលដែលអ្នកស្រីធ្វើបានម៉ូយទិញក្នុងតម្លៃថោកៗ។
ស្ត្រីវ័យ ៤៣ ឆ្នាំ ដែលមានកូនចំនួន ៤ នាក់ (ប្រុសម្នាក់) រូបនេះបាននិយាយថា ដោយសារតែធ្វើតាមគ្នាមិនមានការកែច្នៃម៉ូដនេះហើយទើបនាងត្រូវចំណាយពេលវេលាធ្វើយូរទម្រាំតែធ្វើបានកញ្ច្រែង ចង្អេរមួយៗ គឺប្រើឫស្សីដល់១ដើមទៅ២ដើមក៏មាន។
ហេតុដូច្នេះហើយទើបបានគ្រួសារមួយចំនួនដែលមានអាជីពធ្វើកញ្ច្រែង កញ្ជើ ចង្អេរ នេះ មើលឃើញថា ផលិតផលដែលខ្លួនធ្វើលក់មិនបានថ្លៃមិនសក្ដិសមនឹងកម្លាំងពលកម្ម។ហេតុដូច្នេះហើយក៏នាំគ្នាចងក្រងជាសមាគមដើម្បីរិះរកវិធីច្នៃប្រឌិតផលិតផលរបស់ខ្លួនធ្វើយ៉ាងណាឱ្យប្លែកខុសពីមុន និងមានការបង្ហាត់បង្រៀនពីសមាគមនារីផង។
ស្ត្រីរូបនេះបាននិយាយបន្តថាក្រោយពីនាំគ្នាចងក្រងបានជាសមាគមនិងផ្តល់ជាគំនិតដល់គ្នា និងនាំគ្នាស្រាវជ្រាវសង្កេតមើលផលិតផលរបស់អ្នកខេត្តផ្សេងហើយក៏យកម៉ូដរបស់គេមកកែច្នៃបន្ថែមរហូតទទួលបានជោគជ័យ។ កាលពីមិនទាន់ចេះកែច្នៃម៉ូដគឺឫស្សី ១ ដើមធ្វើស្មុគសម្រាប់ដាក់បាយឬដាក់ម្ហូបបានតែ ២ ទៅ ៣ ស្មុគយ៉ាងច្រើន។លុះដល់ពេលយើងចេះកែច្នៃម៉ូដគឺយើងអាចធ្វើស្មុគបានពី ៣ ទៅ ៥ ស្មុគ។ការកែច្នៃម៉ូដថ្មីនេះយើងអាចកាត់បន្ថយការប្រើដើមឫស្សីហើយយើងចំណេញទាំងពេលវេលា និងបានប្រាក់កម្រៃគ្រាន់បើជាងមុន។
ស្ត្រី ម៉ាំង សាឡិន លើកឡើងថា៖ «ពីមុនខ្ញុំធ្វើកញ្ច្រែងដែរតែកញ្ច្រែងធម្មតាដាក់ត្រីហើយត្រូវចំណាយពេលវេលាយូរ ហើយម្យ៉ាងវាខាតវត្ថុធាតុដើមឫស្សីអស់ច្រើន តែលក់បានថោក។ពេលខ្ញុំឈប់ធ្វើកញ្ច្រែង កញ្ជើ ចង្អេរ មកកែច្នៃធ្វើជាម៉ូដផ្សេងគឺចំណេញគ្រប់យ៉ាង»។
បើតាមអ្នកស្រី សាឡិន ពីមុនអ្នកស្រីកាប់ឫស្សី១គោយន្តយកមកធ្វើកញ្ច្រែងបានប្រហែលជា ១ ពាន់កញ្ច្រែងទេហើយបើគិតជាប្រាក់បានតែ ១ លានរៀលទេ តែពេលនេះអ្នកស្រីមិននិយាយដល់គោយន្តទេនិយាយតែត្រឹមឫស្សី ១ ដើមអ្នកស្រីអាចរកប្រាក់បានពី ១០ ម៉ឺនទៅ ២០ ម៉ឺនរៀលដែលវាប្រសើរជាងមុនច្រើន។
អ្នកស្រីបានប្រាប់ថា ការដែលអាចលក់បានប្រាក់ច្រើនជាងមុននេះ គឺដោយសារតែអ្នកស្រីរចនាជាម៉ូដលើផលិតផលទៅតាមអតិថិជនបញ្ជាឱ្យច្នៃគឺអ្នកស្រីធ្វើបានទាំងអស់។ ចំពោះផលិតផលកែច្នៃជាម៉ូដប្លែកៗដែលអ្នកស្រីច្នៃពីដើមឫស្សីនោះមានដូចជាវត្ថុអនុស្សាវរីយ៍ ស្រាក់បាយ ប្រអប់ដាក់បាយ ប្រអប់ដាក់ប៊ិច ស្មុគ កន្ត្រកសម្រាប់ដាក់ផ្លែឈើ (ជូនកាដូ) ជាដើម។
អ្នកស្រីថ្លែងថា៖ «ចាប់តាំងពីខ្ញុំចេះរបៀបកែច្នៃម៉ូដនេះមក ខ្ញុំអាចរកប្រាក់ផ្គត់ផ្គង់គ្រួសារឱ្យកូនខ្ញុំរៀនសូត្របានហើយខ្ញុំនឹងចាប់យកអាជីពនេះរហូតហើយ។ចំណែកប្តីខ្ញុំធ្វើសំណង់យើងរកចំណូលផ្គួបគ្នាទៅអាចចិញ្ចឹមកូនបានរស់ហើយ ហើយដល់រដូវធ្វើស្រែយើងក៏ធ្វើស្រែទៅ»។
បើតាមអ្នកស្រី សាឡិន ការកែច្នៃដើមឫស្សីដោយដៃឱ្យកើតទៅជាផលិតផលផ្សេងៗគឺមុនដំបូងគេយកឫស្សីមកស្ងោរសិន ដោយមានបង់អំបិល និងអម្ពិលទុំដើម្បីឱ្យអស់ជាតិផ្អែម និងកុំឱ្យសត្វខ្មូតស៊ី។ បន្ទាប់ពីស្ងោររួច គេ
យកវាមកពុះដោយយកតែខ្នងឫស្សីក្នុងកម្រាស់ល្មមដែលមិនឱ្យស្តើងពេកឬក្រាស់ពេកទេ ហើយយកទៅជ្រលក់ពណ៌ដើម្បីច្នៃជាម៉ូដផ្សេងៗ។ ចំពោះអតិថិជនវិញមានទាំងបរទេសនិងខ្មែរហើយបើជាអតិថិជនបរទេសវិញ ច្រើនតែយកពណ៌សាមញ្ញៗមិនយកពណ៌ឆើតទេ តែបើភ្ញៀវក្នុងស្រុកវិញឱ្យតែពណ៌ឆើតៗ គឺលក់ដាច់តែម្តង។
ពាក់ព័ន្ធនឹងការកែច្នៃផលិតផលពីដើមឫស្សីនេះ លោកប៉ាង សុភាព ប្រធានសិប្បករឫស្សីកំពង់ឆ្នាំងបានឱ្យដឹងថា សមាគមសិប្បករឫស្សីកំពង់ឆ្នាំងនេះបានកកើតឡើងក្រោយឆ្នាំ២០១៥ ដែលមានសមាជិកប្រមាណជា៥០នាក់ ក្នុងនោះមានស្ត្រីភាគច្រើនដែលមានកូនច្រើនក្នុងបន្ទុក និងឆ្លៀតពីការសិក្សាកូនៗរបស់គាត់ក៏ជួយធ្វើដែរ។
សមាជិកនៅក្នុងសមាគមសិប្បករឫស្សីកំពង់ឆ្នាំងត្រូវបានខាងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីចុះមកសម្របសម្រួល និងបង្រៀនពីបច្ចេកទេសកែច្នៃម៉ូដ។បច្ចុប្បន្នសមាគមរបស់លោកកែច្នៃផលិតផលចេញពីដើមឫស្សីបានប្រមាណពី២០ទៅ៣០ម៉ូដហើយសម្ភារឧបរណ៍ផលិតមានតែកាំបិត រណារ ម៉ែត្រ តែប៉ុណ្ណោះពោលគឺធ្វើដោយដៃទាំងអស់។
លោកបានបន្តថា សមាជិកក្នុងសមាគមរបស់លោកអាចផលិតវត្ថុសម្ភារប្រើប្រាស់ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗបានទាំងអស់ទៅតាមតម្រូវការបញ្ជាទិញពីអតិថិជន។ក្នុងសមាជិក១គ្រួសារៗគាត់ធ្វើវត្ថុសម្ភារទៅតាមការកំណត់ពីសមាគមហើយពេលលក់បានលុយគឺខាងសមាគមផ្តល់ជូនគាត់ទៅតាមតម្លៃទីផ្សារតែសមាគមដកភាគរយតិចតួចដើម្បីសន្សំក្នុងសមាគម។
បើតាមលោក ប៉ាង សុភាព ផលិតផលឫស្សីកែច្នៃម៉ូដពីដៃផ្ទាល់នេះកំពុងពេញនិយមពីអតិថិជនដែលបញ្ជាទិញតាមអនឡាញ។ចំពោះទីផ្សារបច្ចុប្បន្នដែលមានអតិថិជនច្រើនជាងគេគឺនៅរាជធានីភ្នំពេញ ចំណែកនៅតាមបណ្តាខេត្តគឺមានអតិថិជនមិនសូវច្រើនប៉ុន្មានទេ និងទោះយ៉ាងណាលោកក៏សំណូមពរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យជួយគាំទ្រផលិតផលក្នុងស្រុកដែលជាស្នាដៃរបស់ខ្មែរផង។
លោកថ្លែងថា៖«នៅក្នុងសមាគមខ្ញុំមានតែស្ត្រីវ័យចាប់ពី៤០ឆ្នាំឡើងទៅទើបពួកគាត់តស៊ូនៅបានតែបើក្មេងៗជំទង់ៗគាត់ទៅរោងចក្រកាត់ដេរអស់ហើយ ព្រោះក្មេងៗមិនសូវចេះព្យាយាមអត់ធ្មត់ដូចចាស់ៗទេ។មុខរបរនេះទាល់តែផ្ចិតផ្ចង់ណាស់ទើបផលិតទៅល្អ បើមិនផ្ចិតផ្ចង់ទេធ្វើមិនល្អទេ»។
លោកថាវ ធឿន មេឃុំជើងគ្រាវ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សមាគមសិប្បករឫស្សីកំពង់ឆ្នាំងនេះកំពុងតែមានទីផ្សារជាបណ្តើរៗហើយ ហើយការកែច្នៃផលិតផលពីដើមឫស្សីនេះកំពុងជួយបង្កើនជីវភាពពលរដ្ឋមួយចំនួនរស់នៅក្នុងឃុំជើងគ្រាវ ក្នុងស្រុករលាប្អៀរ ឱ្យមានជីវភាពរស់នៅសមរម្យផង។ក្រៅពីរបរផលិតកែច្នៃឫស្សីនេះពួកគាត់ក៏ធ្វើស្រែចម្ការ និងដាំដំណាំរួមផ្សំផងដែរ។ចំពោះប្រជាពលរដ្ឋដែលចូលធ្វើក្នុងសមាគមមានភូមិរនាមទទឹងក្នុងឃុំទឹកហូត និងពលរដ្ឋមួយចំនួននៅភូមិទឹកចេញ ក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ។
លោកថ្លែងថា៖«របរនេះបានជួយផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋយើងបានគ្រាន់បើដែរ ហើយរបរនេះជារបរតាំងពីដូនតាមកម្ល៉េះពីមុនគាត់ធ្វើកញ្ច្រែង កញ្ជើ ចង្អេរ តាមបែបបុរាណ តែឥឡូវគាត់ចេះច្នៃប្រឌិតទៅជាម៉ូដប្លែកៗដែលយើងមិននឹកស្មានថាឫស្សីអាចផលិតកែច្នៃទៅជាសម្ភារប្រើប្រាស់បានយ៉ាងល្អប្រណីតដូច្នេះសោះ»៕