សៀមរាបៈ​ ជា​ធម្មតា​រុក្ខជាតិ​កំប្លោក​ហាក់​មិនត្រូវ​បាន​គេ​ចាត់​ទុកជា​រុក្ខជាតិ​មាន​ប្រយោជន៍​សម្រាប់​ជីវ​ភាព​រស់នៅ​ក៏ដូច​ជា​អាច​យក​មក​កែច្នៃ​ធ្វើជា​សម្ភារ​ប្រើ​ប្រាស់​បាន​ច្រើន​ឡើយ​​ ក៏ប៉ុន្តែ​បច្ចុប្បន្ន​រុក្ខជាតិ​ប្រភេទ​នេះ​ត្រូវបាន​គេ​យក​មក​ច្នៃ​ធ្វើជា​កាបូប​យួរដៃ​សម្រាប់​ស្ត្រី ​មួក​មាន​ហាម​របស់​ស្ត្រី កន្ត្រក​និង​សម្ភារ​ប្រើប្រា​ស់​ផ្សេងៗ​ទៀត​ដោយ​មាន​រចនា​ជា​ពណ៌​ក្បាច់​យ៉ាង​ល្អ​ប្រណីត​ទៀត​ផង​។

កា​រកែ​ច្នៃជារ​បស់ប្រើ​ប្រាស់ក្នុ​ងសម័យ​ថ្មីពី​រុក្ខជាតិ​កំប្លោ​កនេះ ​គេសង្កេ​តឃើញមា​ននៅសិ​ប្បកម្ម​កែច្នៃ​មួយ​ដែល​បង្ហាញ​ពី​គុណ​តម្លៃ​ធម្ម​ជាតិ​យ៉ាង​ល្អ​ឯក​ ផ្សារ​ភ្ជាប់​នឹង​ជីវិត​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ភ្នំ​ក្រោម សង្កាត់​-​ក្រុង​-ខេត្ត​សៀមរា​ប​។​

​អង្គុយ​នៅលើ​ឥដ្ឋការ៉ូ​ពណ៌​ស្លែ​ក្រោម​ដំបូល​ប្រក់​ស័ង្កសី​ពណ៌​ខៀវ ដែល​នៅ​ត្រង់​ប្រអប់ដៃ​ទាំង​គូមាន​ពាក់​ស្រោមដៃ​យ៉ាង​ណែន​កាន់​សរសៃ​កំប្លោក​ទទឹង​ទំហំ​១​តឹក​ ស្ត្រី​វ័យ​ជំទង់​ម្នាក់​ឈ្មោះ ​សូ សម្បត្តិ ជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​ដើម​កំប្លោក​កំពុង​ត្បាញ​រុក្ខជាតិ​ចេញ​ជា​ក្រឡា​ចត្រង្គ​ទៅ​តាម​ប្រភេទឧ​បរណ៍​ប្រើប្រាស់​នីមួយៗ​ដែល​ចង់បា​ន​។​

យូរៗ​ម្តង​ខ្យល់​កម្ដៅ​បក់​មក​ប៉ះ​នឹង​ហាម​មួក​ស្ត្រី​រូបនេះ​ម្តង​គ្រប​មុខ​ម្តង​បើក​មុខ​ជា​មួយ​នឹង​ការ​និយាយ​រំឭក​ពី​ប្រវត្តិ​របស់​នាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុនដំ​បូង​នៅ​អំឡុង​ឆ្នាំ​២០០៨ ​កញ្ញា​មិន​ទាន់​ចេះ​ធ្វើ​កាបូប​យួរ ធ្វើ​កន្ត្រក​អី​ទេ តែ​នៅ​ពេល​នោះ​មាន​អង្គការ​របស់​ប្រទេស​ជប៉ុន​មួយ​បាន​មើល​ឃើញ​ថា នៅ​តំបន់ភ្នំ​ក្រោម​ជា​តំបន់​ដាច់​ស្រ​យា​ល​មួយ​ហើយ​ក៏​សម្បូរ​បឹង​ដែល​មាន​រុក្ខ​ជាតិ​កំប្លោក​ដុះ​ក្នុង​ទឹក​ច្រើន​ដែរ​។

ដោយ​សារ​សិក្សា​ឃើញ​បែប​នេះ​ហើយ​ទើប​អង្គការ​ជប៉ុន​មួយ​នោះ​បាន​សម្រេច​បើក​បង្រៀន​ដល់​ក្មេងៗ​កុមារកំព្រា​និង​ស្ត្រី​មេម៉ាយ​ពី​របៀប​កែច្នៃ​ដើម​កំប្លោក​ធ្វើជា​កាបូប​យួរ មួក​ស្ត្រី ​រួម​នឹង​សម្ភារ​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត​។​

​កញ្ញា​បានប​ន្តថា សម្រាប់​ខ្លួន​នាង​ផ្ទាល់ ​មិនបាន​ចូលរៀន​ឬក៏​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​អំពី​ជំនាញ​កែច្នៃ​ដើម​កំប្លោក​ពី​អង្គការ​ជប៉ុន​មួយ​នោះ​ទេ ប៉ុន្តែដោ​យសា​រ​តែ​ចង់​ចេះ​ជំនាញ​នេះខ្លាំ​ងពេក ​កញ្ញា​តែងតែ​សាក​សួរ​អ្នក​ដែល​បាន​រៀន​អំពី​របៀប​កែច្នៃ​ដើម​កំប្លោក​រហូត​បាន​យល់​ខ្លះ​ៗ។ ក្រោយពី​កញ្ញា​សាកសួរ​គេ​បាន​យល់​ខ្លះៗ​ហើយ​នោះ​ក៏​ដើរ​រក​ដើម​កំប្លោក​មក​កែ​ច្នៃ​ចេញ​ជា​រូប​រាង ​កាបូប ជា​កម្រាល​តុ ​និង​មួក។

លុះក្រោយ​មក​ក៏ស្រាប់​តែ​ខាង​អង្គ​ការ​មក​សួរ​កញ្ញា​ថា តើ​កញ្ញា​រៀន​ពី​ណា​មក​ទើប​ចេះ​ធ្វើ​សម្ភារ​ទាំងនេះ​បាន​ស្អាត?​ពេល​នោះ​កញ្ញា​បាន​ប្រាប់​ថា នាង​មិន​ធ្លាប់​រៀន​អ្វី​ពីមុន​មកទេ​ ហើយ​អ្វីដែល​នាង​ចេះ​ធ្វើ​បែបនេះ​ ក៏​ដោយ​សារ​នាង​សាក​សួរ​អ្នក​ដែល​ធ្លាប់​រៀន​ជា​មួយ​អង្គ​ការ​។​

ដោយ​សារតែ​មើល​ឃើញ​ពី​ថ្វីដៃ​ និង​ទេ​ពកោ​សល្យ​ឈ្លាស​វៃ ប៉ិន​ប្រសប់​នោះ​ហើយ ទើប​បាន​ខាង​អង្គ​ការហៅ​ឱ្យ​កញ្ញា​ចូលរួម​ជាមួយ​គេ​។ ខាង​អង្គកា​រគាត់​យក​នាង​ទៅ​បង្រៀន​គេ​មិន​មែន​ទៅ​រៀន​ខ្លួន​ឯង​ទេ ​គាត់​មាន​បង្រៀន​ធ្វើ​តែ​ក្រឡា​ផ្កាដូង​ ក្រឡា​ស្រប និង​ក្បាច់​ផ្កា​ច​ន្ទន៍ ក្រង​ខ្ទាស់ ហើយ​នាង​ជា​អ្នក​ឌី​ហ្សា​ញ​ម៉ូដ​ឱ្យគេ​ធ្វើ​តាម​។​«ចំពោះ​ម៉ូដ​គឺ​ខ្ញុំ​មើល​តាម​ប្រេនដ៍ៗ​របស់គេ​តែ​មិន​ចម្លង​តាម​ទេ​ គ្រាន់តែ​លួចគំនិត​ហើយ​ខ្ញុំ​យក​មក​បំបែក​ខ្លួន​ឯង»​។​

កញ្ញា​សម្បត្តិ​ បា​នបន្ថែមថា​​៖«​ជំនាញ​នេះ​ទាល់តែ​យើង​ព្យា​យាម​អត់​ធ្មត់​ណាស់​ទើប​ធ្វើ​កើត​ ហើយ​មាន​សោ​ភណ​ភាព​ស្រស់​ល្អ​។​បើ​គ្រាន់តែ​ធ្វើ​ឱ្យតែ​រួចពីដៃ​គឺ​របស់​ទាំង​នោះ​ធ្វើ​ចេញ​មក​អត់​ស្អាត​ទេ ​ពោល​គឺគ្មាន​ភាព​ទាក់​ទាញ​ឡើយ»​។​

បើ​តាម​ កញ្ញា សម្បត្តិ ដើម​កំប្លោក​ពីមុន​នាង​ដើរ​ប្រមូល​ពី​ក្នុង​បឹង​ត្រពាំង​នៅ​តំបន់​ក្បែរៗ​ផ្ទះ​របស់​នាង ​ប៉ុន្តែ​​បច្ចុប្បន្ន​នេះ​នាង​រក​មិន​បាន​ដូច​មុន​ទៀត​ទេ​ លុះ​ត្រាតែដើ​រ​ប្រមូល​នៅ​បឹង​ត្រពាំង​តំបន់​ឆ្ងាយៗ​ទើប​បាន។​ដើម្បី​យក​ដើម​កំប្លោក​មក​កែច្នៃ​ចេញ​ជា​សម្ភារ​ប្រើ​ប្រាស់​បាន​ មុន​ដំបូង​យើង​ត្រូវដាក់​ហាលថ្ងៃ​ឱ្យ​ស្អួ​ត​រយៈ​ពេល​១៥​ថ្ងៃ​(​រដូវវស្សា​ ហាល១​ខែ​កន្លះ​)​បន្ទាប់​ពី​ហាល​ស្ងួត​ហើយ​គេ​យក​វា​ទៅ​លាង​ជា​មួយ​នឹង​ទឹកសាប៊ូ​ហើយប​​ន្ទាប់ម​ក​គេ​យក​វា​ទៅ​ឆ្ពុង​រយៈពេល​១​ម៉ោង​ដើម្បី​សម្លាប់​មេរោគ​ហើយ​យក​ទៅ​ស្ងោរ​ជាមួយ​ល័ក្ត​ដើម្បី​ឱ្យ​កើត​ជា​ពណ៌​ផ្សេងៗ​។​

កញ្ញា​ចេះ​កែច្នៃ​ម៉ូដ​ផ្សេងៗ​ប្រហែល​ជា​១០០​ម៉ូដ​ទៅ​តាម​ការ​បញ្ជាទិ​ញ​ឬ​តាម​តម្រូវការ​របស់​អតិថិ​ជន​ ហើយ​ផលិត​ផល​កាបូប​ដៃ និង​កាបូប​យួរ ​តម្លៃ​ចាប់ពី​១០​ ទៅ​៤៥​ដុល្លារ​។​

យុវតី សម្បត្តិ បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៨​ សិប្បកម្ម​កំប្លោក​សៀម​រាប​ភ្នំ​ក្រោម​របស់​នាង​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​១​នៅ​កោះ​ពេជ្រ​ក្នុង​ពេល​មក​ចូល​រួមប្រកួត​ប្រជែង​ក្នុង​កម្មវិធី​អាជី​វកម្ម​ខ្នាត​តូច ​និង​មធ្យម​(​ពាន​រង្វាន់​ផ្លូវ​ទៅ​ស្រុក​)​ដែល​មាន​ការ​ទទួល​ស្គាល់​ស្នាដៃ​ពី​ស្ថា​ប័ន​ក្រសួង​របស់​រដ្ឋ​ផង​ដែរ​។

ចំពោះ​សម្ភារ​ដែល​នាង​កែច្នៃ​ចេញ​ជា​ផលិត​ផល​សម្រេច​មាន​ដូចជា​​ កន្ទេល​កំប្លោក ​ទ្រនាប់​សម្រាប់​ទ្រចាន ​ទ្រ​កែវ​ប្រអប់​សម្រាប់​ដាក់​ប៊ិក ​កាបូប​យួរដៃ​ កាបូប​ជ្រុង​ ប្រអប់​ដាក់​​ក្រដាស​ជូត​មាត់​ ជាដើម​។​ស្នាដៃ​របស់​នាង​ត្រូវបាន​អតិថិ​ជន​និយម​គាំទ្រ​ច្រើន​គ្រប់​ខេត្ត​ក្រុង​រាជ​ធានី ជាពិសេស​ផលិត​ផល​កាបូប​របស់​នាង​ឈាន​មុខ​គេ​ក្នុង​ចំណោម​ផលិត​ផល​ផ្សេងៗ​ទៀត​ដែល​បា​ននាំ​ចេញ​ទៅ​ប្រទេស​កូរ៉េខាង​ត្បូង ប្រទេស​ជប៉ុន និង​សហ​រដ្ឋ​អាមេ​រិក អូស្ត្រាលី ឥណ្ឌូ​នេ​ស៊ី ​និង​ម៉ាឡេ​ស៊ី​ជាដើ​ម​៕