ភ្នំពេញៈ​ ការ​ប្រឡង​ជ្រើសរើស​ស្នា​ដៃ​តែង​និពន្ធ​ផ្នែក​ប្រលោម​លោក​ខ្លី និង​កំណាព្យ​រឿងពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​២០២៣ ចាប់​ផ្តើម​ទទួល​បេក្ខ​ភាព​ប្រកួត​ប្រជែង​ខណៈ​ការទទួល​ពាក្យ​នឹង​ត្រូវ​ផុត​កំណត់រ​ហូត​ដល់​ថ្ងៃទី​៣០​ ខែមិថុនា ​ឆ្នាំ​ ២០២៣​ ជាមួយនឹ​ង​សំណេរ​មាន​ប្រធាន​បទ​សេរី​។​

​លោក​កុក រស់ ប្រធាន​នាយក​ដ្ឋាន​ការអាន​និង​សៀវ​ភៅនៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈបាន​ឱ្យដឹង​ថា​ការ​ប្រកួត​នេះ​ឈរ​លើ​គោល​ការណ៍​វិនិច្ឆ័យ​សំខាន់​៣​ គឺ​ទី​១ អត្ថ​ន័យ(​សច្ចធម៌ ​សីលធម៌ និង​គុណធម៌​)ទី​២អត្ថរូប(​វិធី​តែង រចនា​ប័ទ្ម និង​សិល្ប៍​សោ​ភ័ណ​)និង​ទី​៣អត្ថរ​ស(​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការអប់រំ ​ការ​អភិវឌ្ឍនិង​រក្សា​នូវ​តម្លៃ​អត្តស​ញ្ញាណ​ជាតិ​)​។

​ឯ​លក្ខខណ្ឌ​វិញ​មាន ៣ចំណុច​ដែរ ​គឺ​អក្ខរា​វិរុទ្ធ ត្រូវ​តាម​វចនានុ​ក្រម​ខ្មែរ(​សម្តេច​សង្ឃរាជ ​ជួន ណាត ជោ​ត​ញ្ញាណ​) អក្សរ​វាយ​កុំព្យូ​ទ័រ(Font យូ​នី​កូដ Khmer OS Siem Reap, ទំហំ១២ ឬ​សរសេរ​ដោយ​ដៃ​ក៏បាន​)និង​ខ្នាត​ក្រដាស A4 គឺ​ចន្លោះ​ពី ១៥ ​ទៅ​៣០​ទំព័រ ទាំង​លើ​ការ​តែង​និពន្ធ​ប្រលោម​លោក​ខ្លី និង​កំណាព្យ​រឿង​ខ្លី​។​

​លោក​កុក រស់ បញ្ជាក់​ថា​៖ «​ចំពោះ​វិធីសាស្ត្រ​នៃ​ការ​ចម្រាញ់​ជម្រុះ​ជ្រើស​យក​បេក្ខ​ភាព​នឹងធ្វើ​តាម៣​ដំណាក់​កាល​ដើម្បី​រើស​រកបាន​ជើង​ខ្លាំង​ចុង​ក្រោយ​សម្រាប់​ទទួល​ពាន​រង្វាន់​ប្រចាំឆ្នាំ​»​។​

​សម្រាប់​ជយ​លាភី​នឹង​ត្រូវ​ជ្រើស​យក​ពី​លេខ​១ ទៅដល់​លេខ៣ (​ប្រលោម​លោក​៣នាក់​និង​កំណាព្យ​៣នាក់​)ដែល​ត្រូវ​ទទួល​បាន​ពាន​រង្វាន់​១ អមដោយ​ទឹកប្រាក់​រង្វាន់​និង​ផ្តល់រ​ង្វាន់​លើក​ទឹក​ចិត្ត​ដែរ​គឺ​លេខ៤-៥ (​ប្រលោម​លោក ២នាក់​និង​កំណាព្យ​២​នាក់​) ដែល​ទទួល​បាន​បណ្ណសរ​សើរ១ អម​ដោយ​ទឹក​ប្រាក់​រង្វាន់​។​

​បេក្ខជន​អាច​ផ្ញើ​ស្នាដៃ​របស់​ខ្លួន​មក​កាន់​កម្មវិធី​ប្រកួត​ប្រជែង​តែង​និពន្ធ​ប្រលោម​លោក​រឿង​ខ្លី និង​កំណាព្យ ​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ២០២២ ​នេះ ​តាមរយៈ​លេខ​តេ​ឡេ​ក្រាម​នៃ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​លោក កុក រស់​ ០១១ ​៨៥០ ​០៩៤ កញ្ញា ​ញឹក ​ថា​រី ០១២ ៨០១ ១២២ និង​លោក ​សំអាត សិលា ​០៧៨​ ៦៦៨​ ៩៧៧​ ឬ​តាម​អា​សយ​ដ្ឋា​ន​ទំនាក់​ទំនង​នៃ​នាយក​ដ្ឋាន​សៀវ​ភៅនិង​ការ​អាន នៅ​អគារ​លេខ​៤៤​ ផ្លូវ​សម្តេច​ប៉ាន សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ ​រាជធានី​ភ្នំពេញ​។​

​ទោះបី​លទ្ធ​ផល​ពី១ឆ្នាំ ​ទៅ១​ឆ្នាំ មានការ​កើន​ចំនួន​បេក្ខជន​ប្រកួត​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​នេះ​យ៉ាង​ណាក្តី​ ក៏​ក្រុម​គណៈ​កម្មការ​រៀបចំ​និង​អនុគណៈ​កម្មការ​កំណែ​ទាំង​២​ផ្នែក​នៅតែ​ឃើញ​ចំណុច​ល្អនិង​ចំណុច​ខ្វះ​ខាត​របស់​បេក្ខជន​ជា​រឿយៗ​រាល់​លើក​។ ហេតុ​ដូច្នេះ​ក្រុម​គណៈ​កម្មការ​រៀបចំ​និង​អនុ​គណៈ​កម្មការ​កំណែ​ បាន​ផ្តល់​ជា​អនុ​សាសន៍​ខ្លះៗ សម្រាប់​ជា​គ្រឹះ​មូល​ដ្ឋាន​ដល់​បេក្ខជន​ជំនាន់​ក្រោយៗ ​ដើម្បី​ត្រៀម​ដាក់​ស្នាដៃ​ប្រកួត​នៅ​ឆ្នាំ​២០២៣ ​ខាង​មុខ​នេះ​។​

​សារ​ជា​អនុ​សាសន៍​ជុំវិញ​ស្នាដៃ​របស់​បេក្ខ​ជន​ មានការ​យល់​ឃើញ​ស្រប​គ្នា​ពី​សំណាក់​លោក ​កុក រស់ ​ប្រធាន​នាយក​ដ្ឋាន​សៀវ​ភៅ ​និង​ការ​អាន​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ លោក សេង សំអាន ប្រធាន​អនុ​គណៈ​កម្មការ​កំណែ​ផ្នែក​កំណាព្យ​រឿង និង​លោក យូ សុភា សមាជិក​អនុ​គណៈ​កម្មការ​កំណែ​ផ្នែក​ប្រលោម​លោក​ខ្នាត​ខ្លី ដើម្បី​ឱ្យ​ស្មេរ​ទាំង២​ផ្នែក ត្រៀម​ស្នាដៃ​ប្រកួត​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​លើក​ក្រោយៗ​គឺ​ត្រូវគោរព​គោល​ការណ៍​មូលដ្ឋាន​តែង​និពន្ធ​សំខាន់ ៣​ចំណុច គឺ​អត្ថន័យ អត្ថ​រូប និង​អត្ថ​រស ទើប​អាច​ឆក់​ចំណាប់​អារម្មណ៍​គណៈ​កម្មការ​រៀបចំ​ទាំង​អស់​បាន​។​

​លោក​យូ សុភា ស្នើ​ដោយ​ទទូច​ដល់​អ្នកនិពន្ធ​ប្រលោម​លោក​ថា​៖«​សូមអ្នក​និពន្ធ​ និង​កវី​ទាំង​អស់ ​តោង​យក​ការពិនិត្យ​មើល​ឡើង​វិញ​ម្តង​ហើយ​ ម្តង​ទៀត​អំពី​ស្នាដៃ​របស់​ខ្លួន​ឱ្យបាន​ច្បាស់លា​ស់ ​ក្រោយពី​បញ្ចប់​ស្នាដៃ​ខ្លួន ​និង​សួរ​ខ្លួន​ឯង​ថា តើ​ស្នាដៃ​នេះ បាន​គោរព​លក្ខខណ្ឌ​នៃ​ការ​កំណត់​របស់​គណៈ​កម្មកា​រ​រៀបចំ​ការប្រកួត​ហើយ​ឬ​នៅ​?​ ការ​ទម្លាប់​ធ្វើ​សកម្ម​ភាព​ទាំង​ប៉ុន្មាន​នេះ ខ្ញុំ​ជឿ​ជាក់​ថា​ស្នាដៃរ​បស់បងៗឬ​ប្អូនៗ​និស្សិត​ដែល​ត្រៀម​ស្នាដៃ​សម្រាប់​ការប្រកួត​លើក​ក្រោយ​នឹង​ទទួល​បាន​ជោគ​ជ័យ​ជាក់​ជាមិន​ខាន​»​។​

​ឯ​លោក ​សេង សំអាន បាន​លើក​ជា​សំណូមពរ​សម្រាប់​កវីនិពន្ធ​កំណាព្យ​ថា​៖«​កវីដែល​និយម​តែង​កំណាព្យ​រឿងឬ​ប្រលោម​កំណាព្យ ​គប្បី​គោរព​ច្បាប់​តែង​កាព្យ​ឱ្យបាន​ជាប់​លាប់​។ត្រូវ​ចេះ​ស្វែង​យល់​ពី​កាល​អាកាស​នៃ​ការ​តែង​និពន្ធ​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​ចៀស​វាង​ការ​ប្រើ​ពាក្យ​ពេចន៍​ថ្មី​ណា​ដែល​ខ្លួន​នៅ​មិនទាន់​យល់​ដឹង​ន័យ​បាន​ច្បាស់ឬ​ប្រើ​ប្រាស់​ពាក្យ​ប្រាស​ចាក​ន័យ​ដែល​នាំឱ្យ​តម្លៃ​ស្នាដៃ​ខ្លួន​មាន​ភាព​រឹងត្អឹង​»​។​

​ចំណែក​ម្ចាស់​ជយ​លាភី​លេខ១ ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ២០២២ លោក ​ហ៊ុយ សារ៉ាត់ មកពី​ខេត្តពោធិ៍​សាត់ ជាមួយ​ស្នាដៃ​ប្រលោម​លោក​ខ្លី​រឿង«​បណ្តឹង​សហ​គមន៍​»នោះ​ក៏​ស្នើសុំ​ឱ្យដល់​បេក្ខ​ជន​ជំនាន់​ក្រោយៗ​ឱ្យ​យក​គំរូ​ស្នាដៃ​របស់​កវី​និង​អ្នក​និពន្ធ​រៀមច្បង​សម្រាប់​ធ្វើជា​បទ​ពិសោធន៍​និង​គោរព​តាម​លក្ខខណ្ឌ​របស់​គណៈ​កម្ម​ការរៀបចំ​ការ​ប្រកួត រួម​ទាំង​រក្សា​ការ​តាំង​ចិត្ត​ខ្លួនឯង​ឱ្យបាន​ខ្ពស់ កុំ​មាន​ការ​បោះបង់​ចោល​ការ​ចូល​រួម​។​

​លោក ​សារ៉ាត់ ​បញ្ជាក់​ថា​៖ «​ទោះបី​ជា​រូបខ្ញុំ​ទទួល​បាន​ជយ​លាភី​លេខ​១​ ផ្នែក​ប្រលោម​លោក​ខ្លី​ឆ្នាំ២០២២ នេះ​មែន​ក្តី ក៏​រូបខ្ញុំ​ធ្លាប់​ទទួល​បរាជ័យ​ម្តង​ហើយ​កាលពី​១១​ឆ្នាំមុន​។ ឆ្នាំ​២០១១ ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកួត​លើក​ទី​១ ដោយ​លទ្ធផល​មិនបាន​ជាប់​រង្វាន់​អ្វី​ឡើយ​សូម្បីតែ​រង្វាន់​កិត្តិ​យស​។ឯការ​ឈ្នះ​ពាន​រង្វាន់​លេខ១ ឆ្នាំ២០២២​នេះ គឺជា​ការដាក់​ពាក្យ​ប្រកួត​លើក​ទី​២​របស់ខ្ញុំ​។ យ៉ាង​ណា​ស្នាដៃ​រឿង«​បណ្តឹង​សហ​គមន៍​»នេះ ខ្ញុំ​គិតថា​ ចំណុច​ខ្វះខាតឬ​ភាព​ឆកល្វែង​នៃ​ការ​តែង​និពន្ធ​នៅតែ​មាន​ដូច​ប្រសាសន៍​របស់​អនុ​គណៈក​ម្មការ​កំណែ​ទាំង២ លោក​បាន​លើក​ឡើង​មុននេះ​អ៊ីចឹង​ដែរ​»​។​

​ជយលា​ភី​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​២០២២ មាន​ចំនួន​១០​រូប គឺ​ផ្នែក​ប្រលោម​លោក​ខ្នាត​ខ្លី៥​រូប និង​ផ្នែក​កំណាព្យ​រឿង​៥​រូប​។

​ផ្នែក​ប្រលោម​លោក​ខ្នាត​ខ្លី​លេខ​១ បាន​ទៅ​លោក ​ហ៊ុយ សារ៉ាត់ មកពី​ខេត្ត​ពោធិ៍​សាត់​រឿង «​បណ្តឹង​សហ​គមន៍​» លេខ​២ បាន​ទៅ​លោក សុវណ្ណ សិរីវុឌ្ឍ ​មកពី​រាជធានី​ភ្នំពេញ ​រឿង «​សំនៀង​ប៊ិ​ឡា​នី​» លេខ៣ ​បាន​ទៅ​លោក ពៅ មករា មកពី​រាជ​ធានី​ភ្នំពេញ​រឿង «​ថ្ងៃ​រះ​ហើយ​ពុក​»​។ ឯ​លេខ៤ បាន​ទៅ​លោក តុ​ន ច័ន្ទ​រិ​ទ្ធ មកពី​ខេត្ត​បាត់​ដំបង​រឿង «​បាសាក់​» និង​លេខ៥ បាន​ទៅ​លោក​សៀង​ឈុន​លី​មកពី​ខេត្ត​កំព​ង់ស្ពឺ រឿង «​ក្រាំង​តា​ត្រាវ​»​។

​ផ្នែក​កំណាព្យ​រឿង​លេខ​១ បាន​ទៅ​លោក​ភិរម្យ ដា​រ៉ា មកពី​ខេត្ត​ស្ទឹង​ត្រែង និពន្ធ​រឿង «​គុណ​ការងារ​» លេខ​២ បាន​ទៅ​លោក​មឿ​ន សំណាង ​មកពី​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ និពន្ធ​រឿង «​អ្នកគ្រូ​ជាយដែន​» ឯ​លេខ​៣ បាន​ទៅលើ​លោក ​ជួន ខ្មៅ មកពី​ខេត្ត​ព្រះ​សីហនុ និពន្ធ​រឿង​«​មេស្រុក​»​។ លេខ​៤ បាន​ទៅ​លោក ​ចំរើន សុ​ភ័​ក្រ មកពី​ខេត្ត​កំពត និពន្ធ​រឿង «​ព្យុះ​ជីវិត​នាង​រស្មី​» និង​លេខ​៥ បាន​ទៅ​លោក ​សាម សុ​និ​ត មកពី​ខេត្ត​កំពង់​ចាម​និពន្ធ​រឿង «​សន្សើម​សន្តិភាព​»​។

​ការ​ប្រឡង​ប្រជែង​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​២០២២ មាន​បេក្ខជន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​សរុប​ចំនួន ​១០៤​ស្នាដៃ ដោយ​មាន​ប្រលោម​លោក​ខ្នាត​ខ្លី៧៦​ស្នាដៃ​និង​ផ្នែក​កំណាព្យ​រឿង២​៨​ស្នាដៃ។នេះ​បើ​យោង​ទៅតាម​ការបញ្ជាក់​ពី​លោក​កុក រស់ ប្រធាន​នាយក​ដ្ឋាន​សៀវ​ភៅ និង​ការ​អាន​៕