
ស្រាដែលផលិតពីផ្លែចេកសម្រាប់នាំចេញ ថ្មីៗកន្លងមកនេះ។ ហេង ជីវ័ន
កំពង់ចាមៈផ្លែចេកក្រៅពីគេយកមកហូបឆៅហើយ គេអាចយកទៅធ្វើនំអន្សមចេក ធ្វើជាចេកចៀន ចេកឆាប ធ្វើជាចេកឆឹងស្ករ ឬធ្វើជាចំណីអាហារផ្សេងៗទៀត ដែលខ្មែរយើងចាត់ទុកថា ជាអាហារប្រពៃណី(តាមទម្លាប់)ផងដែរ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះផ្លែចេកត្រូវបានសហគ្រាសមួយស្ថិតក្នុងភូមិតាអុង ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម យកមកកែច្នៃទៅជាស្ករចេកស្រាចេកយ៉ាងមានប្រយោជន៍បំផុតនិងជាពិសេសស្រាចេកត្រូវបាននាំចេញទៅលក់នៅប្រទេសកូរ៉េខាងត្បូង ចិន និងប្រទេសអាល្លឺម៉ង់ទៀតផង។
សំឡេងអ៊ូអរពីក្រុមមនុស្សប្រុស-ស្រីក្មេង-ចាស់ហាក់បង្ហាញពីភាពសប្បាយរីករាយលាយឡំនឹងភ្លើងចម្រុះពណ៌លេចចេញពីទីធ្លាក្នុងបន្ទប់ដ៏ធំមួយនិងមានតូបរៀងគ្នាជាជួរៗនោះគឺជាស្តង់ដាក់បង្ហាញនិងលក់ផលិតផលចំណីអាហារកែច្នៃពីកសិផលកសិកម្ម។ក្នុងនោះក៏មានស្ដង់មួយដាក់តាំងបង្ហាញនិងលក់ផលិតផលចេកណាំវ៉ា កែច្នៃជាស្រាចេក ដំណាប់ស្ករចេក រួមនឹងចំណីអាហារក្រៀមកែច្នៃពីផ្លែចេកណាំវ៉ាជាច្រើនមុខទៀត។
ផ្តល់សម្ភាសជាមួយភ្នំពេញប៉ុស្តិ៍បណ្តើរខណៈភ្នែករំពៃមើលអតិថិជនបណ្តើរអ្នកស្រី យន់ ផល្លី ម្ចាស់សហគ្រាសកែច្នៃស្រាចេកណាំវ៉ា បានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា មូលហេតុដែលធ្វើឱ្យអ្នកស្រីមានចំណាប់អារម្មណ៍រហូតយកផ្លែចេកមកកែច្នៃជាផលិតផលខ្មែរនេះគឺមិនមែនអ្នកស្រីចេះតែនឹកឃើញនោះទេតែវាអ្នកស្រីផុសគំនិតនឹកឃើញពីអតីតកាល។
អ្នកស្រីអាចនិយាយបានថា កាលនោះក៏ជាពេលវេលាដ៏ឈឺចាប់មួយដែរក្នុងរបបខ្មែរក្រហមដែលជីដូនរបស់លោកឪពុកអ្នកស្រីមានទម្លាប់ហូបបង្អែម តែមិនអាចធ្វើបង្អែមហូបបាន ក្រៅតែពីផ្លែចេក ព្រោះនៅស្រុកចម្ការលើខេត្តកំពង់ចាមសម្បូរផ្លែចេក។ ដោយស្រេកឃ្លានខ្លាំងពេកជីដូនអ្នកស្រីក៏បានយកផ្លែចេកណាំវ៉ាទុំមកបិតពូតចេញជាទឹកស្ករដែលមានរសជាតិផ្អែមៗហូបជារៀងរាល់ថ្ងៃ។
អ្នកស្រីបានរំឭកបន្តថា ក្រោយឆ្នាំ១៩៧៩ ឪពុក-ម្តាយរបស់អ្នកស្រីក្លាយជាឈ្មួញកណ្តាលនៃជំនួញលក់ចេកហើយរបររបស់ពួកគាត់បានបន្តរហូតដល់ឆ្នាំ២០១០ដែលនៅពេលនោះទីផ្សារផ្លែចេកបានធ្លាក់ថ្លៃ។លុះដល់ឆ្នាំ២០១៣ ឪពុករបស់អ្នកស្រីបាននឹកឃើញឡើងវិញកាលពីម្តាយរបស់គាត់យកផ្លែចេកមកច្នៃបានជាទឹកផ្អែមៗ។នៅពេលនោះហើយ ដែលឪពុករបស់អ្នកស្រីមានគំនិតមួយគិតថាបើផ្លែចេកនៅជន់លក់មិនដាច់បែបនេះនឹងខាតបង់លុយច្រើនមិនខាន។ដូច្នេះហើយឪពុករបស់អ្នកស្រីគិតយកចេកដែលទុំចោលមកកែច្នៃឱ្យកើតទៅជាផលិតផលសម្រេចដែលអាចទុកបានយូរហើយអាចលក់ចែកចាយនៅលើទីផ្សារបាន។
អ្នកស្រីថ្លែងថា៖ «បន្ទាប់ពីគិតឃើញដូច្នេះហើយប៉ាខ្ញុំក៏នឹកឃើញវិធីផលិតស្ករចេកមុនគេនៅក្នុងឆ្នាំ២០១៣។ក្រោយមកប៉ាខ្ញុំបានកែច្នៃជាស្រាចេក ស្ករគ្រាប់ចេក។ ផលិតផលកែច្នៃពីចេកណាំវ៉ានៅសហគ្រាសរបស់ខ្ញុំមានការគាំទ្រនៅលើទីផ្សារជាបន្តបន្ទាប់»។
បើតាមអ្នកស្រី យន់ ផល្លី ផលិតផលរបស់អ្នកស្រីពិសេសគឺស្រាចេកណាំវ៉ា ដោយសហគ្រាសរបស់អ្នកស្រីមានផលិតច្រើនរសជាតិ មានអាយុកាលខុសៗគ្នា និងមានឈ្មោះយីហោលើដបស្រាខុសៗគ្នាទៀតផង។ផលិតផលទាំងនេះមានដូចជា ស្រាចេក ស្រាចេកតាអុងដែលជាអត្តសញ្ញាណសម្គាល់ឈ្មោះភូមិតាអុងដែលស្ថិតនៅក្នុងឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលជាទីតាំងសហគ្រាសរបស់អ្នកស្រីតែម្តង។ចំពោះស្រាចេកដែលកើតចេញពីស្នាដៃកែច្នៃពីផ្លែចេកមានចំនួន៧មុខនិងមានរសជាតិខុសៗគ្នាហើយអាយុកាលរបស់វាមានចាប់ពី៦ខែរហូតដល់៤ឆ្នាំ និងមានតម្លៃ១១ដុល្លារគ្រប់ទាំង៧មុខ បើទោះជាស្រាខ្លះមានអាយុកាល៣ទៅ៤ឆ្នាំក៏ដោយ។
អ្នកស្រីផល្លី បានឱ្យដឹងបន្តថា បច្ចុប្បន្នផលិតផលកែច្នៃពីចេកណាំវ៉ារបស់សហគ្រាសអ្នកស្រីមានចរាចរលក់នៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា និងមានលក់នៅតាមផ្សារទំនើបនានាដូចជាផ្សារឡាក់គី ផ្សារអ៊ីអន និងនៅតាមព្រលានយន្តហោះក្នុងប្រទេសកម្ពុជា។ផលិតផលទាំងនេះមិនត្រឹមតែចរាចរលក់នៅក្នុងប្រទេសប៉ុណ្ណោះទេតែក៏មាននាំចេញទៅលក់នៅប្រទេសកូរ៉ខាងត្បូង ប្រទេសអាល្លឺម៉ង់និងប្រទេសចិន ហើយក៏កំពុងមានការគាំទ្រកាន់តែច្រើនឡើងៗពីសំណាក់អតិថិជននៃបណ្តាប្រទេសទាំង៣នោះទៀតផង។
អ្នកស្រីបាននិយាយថា បច្ចុប្បន្ននេះមានផលិតផលជាច្រើនដែលជាផលិតផលកែច្នៃពីស្នាដៃកូនខ្មែរទាំងផលិតផលជាសម្ភារប្រើប្រាស់ និងផលិតផលជាអាហារ ហើយប្រជាពលរដ្ឋមួយចំនួនក៏មានការគាំទ្រជាបណ្តើរៗហើយដែរក៏ប៉ុន្តែដើម្បីឱ្យមានការគាំទ្រកាន់តែទូលំទូលាយជាងនេះទៀតនោះអ្នកស្រីយន់ផល្លី ក្នុងនាមជាម្ចាស់សហគ្រាសផលិតចំណីអាហារ ១រូបសំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យជួយគ្រប់មធ្យោបាយក្នុងការផ្សព្វផ្សាយពីផលិតផលខ្មែរផង។ចំពោះអាជ្ញាធរស្រុកខេត្តនៅតែគាំទ្រនូវផលិតផលដែលជាស្នាដៃខ្មែរនៅក្នុងមូលដ្ឋានរបស់គាត់ជានិច្ច។
អ្នកស្រី ផល្លី បានថ្លែងថា៖«ខ្ញុំសូមស្នើសុំដល់ក្រសួងពាក់ព័ន្ធទាំងអស់ដែលអាចផ្សព្វផ្សាយបាន ធ្វើម៉េចលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជួយគាំទ្រផលិតផលខ្មែរឱ្យបានខ្លាំង។មិនថាពីមុនឬពេលឥឡូវនេះទេ ពលរដ្ឋយើងឱ្យតម្លៃផលិតផលបរទេសខ្លាំង ហើយខ្មែរមិនទាន់ទុកចិត្តលើផលិតផលខ្មែរទេ»។

អ្នកស្រី យន់ ផល្លី ពេលបង្ហាញស្រាដែលផលិតពីផ្លែចេកសម្រាប់នាំចេញ ថ្មីៗកន្លងមកនេះ ។ហេង ជីវ័ន
អ្នកស្រីបានលើកឡើងទៀតថា ផលិតផលបរទេសដែលចរាចរលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាទាំងអស់យើងមើលឃើញថា វាស្អាតវាល្អ តែយើងមិនបានដឹងពីប្រភពច្បាស់លាស់ទេប៉ុន្តែបើផលិតផលខ្មែរគឺមានប្រភពច្បាស់លាស់ទាំងទីតាំង ទាំងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង និងឈ្មោះក្រុមហ៊ុន ហើយបើមានបញ្ហាយ៉ាងណាមួយគឺអាជ្ញាធរឬស្ថាប័ននឹងចុះទៅដល់ទីតាំងក្រុមហ៊ុននោះភ្លាមៗតែម្តង តែបើទំនិញនាំចូលពីបរទេសបើមានបញ្ហាអ្វីមួយគឺគ្មានអ្នកទទួលខុសត្រូវឡើយ ។ ចំណុចនេះអាចពិបាកដែរ ហើយអ្នកផលិតក្នុងស្រុករាល់ថ្ងៃគឺមានការយកចិត្តទុកដាក់មែនទែនក្នុងការផលិត មិនថាតែអ្នកស្រីឬក៏អ្នកផ្សេងទៀតទេ តែងតែខំប្រឹងព្យាយាមដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរទុកចិត្ត និងគាំទ្រផលិតផលដែលផលិតចេញពីស្នាដៃខ្មែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ឆេង បូរិន្ទ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ផលិតផលស្រាចេក និងស្ករចេកនេះ បានផលិតដោយអ្នកស្រី យន់ ផល្លី ដែលជាប្រធានសហគ្រាសស្ថិតនៅភូមិតាអុង ឃុំតាអុង ខេត្តកំពង់ចាម ដោយបានដំណើរការជាច្រើនឆ្នាំមកហើយ។ចំពោះផលិតផលស្រា និងស្ករកែច្នៃពីចេកណាំវ៉ានេះក៏មានការគាំទ្រមកជាយូរឆ្នាំហើយដែរ ហើយក៏មានចរាចរលក់នៅលើទីផ្សារនៅតាមបណ្តាខេត្តក្រុងផងដែរ។
លោកបានបន្តថា មន្ទីរពាណិជ្ជកម្មខេត្ត តែងតែជួយជ្រោមជ្រែងដល់សហគ្រាសមួយនេះដោយខាងមន្ទីរជួយស្វែងរកទីផ្សារឱ្យគាត់ជួយការងារផ្សព្វផ្សាយឱ្យគាត់តាមរយៈការចូលរួមតាំងពិព័រណ៍ទាំងនៅក្នុងប្រទេសហើយខាងមន្ទីរពាណិជ្ជកម្មខេត្តក៏ធ្លាប់បានអញ្ជើញគាត់ទៅចូលរួមតាំងពិព័រណ៍នៅប្រទេសចិន កូរ៉េ ជាហូរហែមកដែរ។
លោកបន្តទៀតថា ករណីនេះមិនថាតែលោកជាប្រធានមន្ទីរពាណិជ្ជកម្មទេដែលមានការសាទរនឹងផលិតផលស្រាចេកនេះ សូម្បីតែលោកអភិបាលខេត្តកំពង់ចាមក៏ដូចជាថ្នាក់ក្រសួងពាណិជ្ជកម្មក៏ចូលរួមសាទរនិងគាំទ្រដល់ផលិតផលដែលជាស្នាដៃរបស់ខ្មែរនេះដែរ ពិសេសពលរដ្ឋនៅក្នុងខេត្តកំពង់ចាមដែលមានគំនិតចេះកែច្នៃផលកសិកម្មឱ្យទៅជាផលិតផលសម្រេច។នេះជាភូមិ១ផលិតផល១ដែលមានការគាំទ្រពីគណៈកម្មាធិការខេត្តកំពង់ចាមក៏ដូចជាមន្ទីរពាណិជ្ជកម្មក្នុងការស្វែងរកទីផ្សារលក់ស្ករចេករបស់អ្នកស្រីផល្លីគឺធ្លាប់បានដើរជាមួយមន្ទីរពាណិជ្ជកម្មខេត្តតាំងពីដើមរៀងមកម្ល៉េះ។
លោកថ្លែងថា៖«យើងចង់ឃើញផលិតផលយើងនៅក្នុងខេត្តកំពង់ចាមទាំងអស់ដែលគាត់ផលិតបានមានភាពរីកចម្រើនដែលជាសិប្បកម្មបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗដូចជា ស្រាចេក ស្ករចេកអីជាដើម»។
លោកបញ្ជាក់ថាក្នុងនាមលោកជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកផលិតមិនថាជាផលិតផលកែច្នៃពីកសិផលកសិកម្មទេ សូម្បីតែសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ និងសិប្បកម្មផ្សេងៗទៀតគឺលោកគាំទ្រទាំងអស់។
លោកបានថ្លែងទៀតថា កាលណាគាត់ផលិតបានគឺមានអ្នកគាំទ្រដែលមានអ្នកពាក់ព័ន្ធជួយគាត់ ហើយក៏មានគណៈកម្មការជំរុញភូមិ១ផលិត១ដែលចាំជួយគាំទ្រពួកគាត់ដែរ។ បើគ្មានការចូលរួមពីបងប្អូនអ្នកផលិតទេអ៊ីចឹងអាជីវកម្មរបស់គាត់ក៏ពិបាកនឹងដំណើរការដែរ។បានន័យថាគាត់ជាអ្នកផលិត តែត្រូវមានការគាំទ្រពីវិស័យសាធារណៈ តួយ៉ាងដូចជា រដ្ឋហ្នឹងហើយ អ៊ីចឹងតួអង្គសំខាន់របស់វិស័យសាធារណៈគឺសំខាន់។
លោកបានសង្កត់ធ្ងន់ថា៖«មានតែជំរុញលើកទឹកចិត្តទេ បើផលិតបានហើយកុំមានការភ័យខ្លាចថាធ្វើបានហើយមិនហ៊ានអភិវឌ្ឍខ្លួនតទៅមុខទៀត។អ៊ីចឹងការអភិវឌ្ឍខ្លួននេះយើងមានអ្នកពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រពួកគាត់ក្នុងការជួយដើររកទីផ្សារ»៕