
ផ្ទាំងរូបភាពអបអរបុណ្យណូអែល។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ពិធីបុណ្យណូអែល ឬគ្រិស្តស្មាស់(Christmas) ជាពិធីបុណ្យមួយដែលអ្នកកាន់សាសនាគ្រិស្តប្រារព្ធឡើង ដើម្បីរំឭកដល់ថ្ងៃប្រសូតនៃព្រះយេស៊ូគ្រិស្ត។ ជាថ្ងៃឈប់សម្រាកមួយ ដែលសមាជិកគ្រួសារវិលត្រឡប់ទៅជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យនេះរួមគ្នា។
បុណ្យណូអែលច្រើនតែធ្វើឡើងនៅប្រទេសលោកខាងលិច ដែលភាគច្រើននៃពួកគេ ជាអ្នកកាន់សាសនាគ្រិស្ត ដូច្នេះហើយថ្ងៃទី២៥ ខែធ្នូ ត្រូវបានកំណត់ជាថ្ងៃរំឭកការដឹងគុណរបស់ព្រះយេស៊ូ ដែលប្រៀបបានទៅនឹងការប្រារព្ធពិធីបុណ្យពិសាខបូជា ដើម្បីរំឭកដល់ថ្ងៃប្រសូតរបស់ព្រះពុទ្ធដូច្នោះដែរ។
សម្រាប់អ្នកកាន់សាសនាគ្រិស្ត នៅរៀងរាល់ថ្ងៃនៃបុណ្យណូអែល តាមផ្ទះនីមួយៗ នឹងរៀបចំដើមគ្រិស្តស្មាស់ ដោយមានប្រអប់កាដូដាក់តម្រៀបត្រៀបត្រានៅក្រោមដើមនោះ។ រីឯអត្ថន័យនៃការទិញរបស់ ឬកាដូជូនគ្នា គឺសំដៅលើការបង្ហាញសេចក្ដីស្រឡាញ់ ការអត់ឱនឱ្យគ្នា ការអត់ទោសនូវអំពើបាបទាំងឡាយ ដែលពួកគេបានធ្វើដាក់គ្នា ក៏ជានិមិត្តសញ្ញានៃការរស់នៅដោយសន្តិភាព ដែលជាការប្រៀនប្រដៅរបស់ព្រះយេស៊ូផងដែរ។
ពី១ឆ្នាំ ទៅ១ឆ្នាំ វប្បធម៌នៃការប្រារព្ធពិធីបុណ្យណូអែលនេះបានសាយភាយពាសពេញពិភពលោក ដែលក្នុងនោះមានអាស៊ីផងដែរ។ ដោយឡែក កម្ពុជាដែលមានសាសនាព្រះពុទ្ធ ជាសាសនារដ្ឋនោះ ក៏និយមធ្វើពិធីបុណ្យនេះផងដែរ ប៉ុន្តែច្រើនតែចេញពីស្រទាប់យុវវ័យប៉ុណ្ណោះ។
នៅតាមផ្សារទំនើប សួនច្បារសាធារណៈ ហាងលក់ទំនិញ និងតាមដងផ្លូវធ្វើដំណើរក្នុងក្រុងភ្នំពេញ មានការរៀបចំដាក់ដើមឈើតុបតែងអមដោយអំពូលភ្លើង LED តូចៗព័ទ្ធជុំវិញ។ ទិដ្ឋភាពទាំងនេះ នឹងលេចឡើងជារៀងរាល់ឆ្នាំ នៅពេលប្រារព្ធបុណ្យណូអែលម្ដងៗ។
នៅតាមសាលារៀនវិញ ជាពិសេស សាលាឯកជន ក្មេងៗនាំគ្នាពាក់អាវពណ៌ក្រហមក្រាស់ៗ ដោយមានទាំងមួកពាក់ផង ដែលជាតំណាងឱ្យសាន់តា(The Santa Clause) ដែលជាតួអង្គ ក្នុងពិធីបុណ្យគ្រិស្តស្មាស់។ មួយផ្នែកទៀត ជាយុវជន នាំគ្នាជួបជុំ ដូរកាដូគ្នា ឬសរសេរពាក្យជូនពរផ្សេងៗនៅក្នុងថ្ងៃនេះផងដែរ។
ប៉ុន្តែការជូនកាដូ ប្ដូរកាដូ ឬសរសេរពាក្យជូនពរគ្នារបស់យុវជនកម្ពុជានេះ ទំនងជាមិនមែនក្នុងគោលបំណងដូចគ្នាទៅនឹងគ្រីស្តសាសនិកនោះឡើយ ប៉ុន្តែបែរជាក្នុងន័យកម្សាន្ដសប្បាយទៅវិញ។
យុវតីចាន់ ពិសី ដែលជានិស្សិតកំពុងសិក្សា រៀបរាប់ថា ខ្លួនប្រារព្ធពិធីនេះតាំងតែពីនៅរៀនវិទ្យាល័យមកម្ល៉េះ ដោយកាលនោះសាលាឯកជនជាអ្នករៀបចំស្រាប់។ ម្យ៉ាងទៀត នៅក្នុងថ្នាក់រៀន មិត្តភក្តិឯទៀតរបស់យុវតីរូបនេះ ក៏មូលមតិគ្នាដើម្បីជួបជុំ និងទិញម្ហូបអាហារមកញុំាជុំគ្នាជាដើម។
មកដល់បច្ចុប្បន្ន ចូលដល់សាកលវិទ្យាល័យ ក៏ពិតមែន តែមិត្តភក្តិផ្សេងទៀត ក៏នៅតែបង្កើតការជួបជុំផ្សេងៗដូចជាការលេងដូរកាដូគ្នាទៅវិញទៅមក។ ប៉ុន្តែ សម្រាប់កញ្ញាចាន់ ពិសី កម្មវិធីនេះ មិនមែនជាពិធីបុណ្យសាសនា ដែលប្រជាជនកម្ពុជាត្រូវតែប្រារព្ធនោះទេ។
កញ្ញាចាន់ ពិសី រៀបរាប់ថា៖«ខ្ញុំមិនដែលប្រារព្ធពិធីបុណ្យនេះជាមួយគ្រួសារទេ ព្រោះគ្រួសារខ្ញុំកាន់សាសនាព្រះពុទ្ធ។ ម្យ៉ាងទៀត វាមិនមែនជាបុណ្យជាតិ ដែលយើងត្រូវតែប្រារព្ធដាច់ខាតនោះទេ»។
យុវតីរូបនេះបានបន្តថា កញ្ញាច្រើនតែធ្វើជាមួយមិត្តភក្តិស្ទើរតែរាល់ឆ្នាំ តែក៏មិនមែនមានន័យថា ត្រូវតែធ្វើនោះដែរ ពោលគឺខ្លួន និងមិត្តភក្តិ ធ្វើឡើងក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយតែប៉ុណ្ណោះ។
លោកសំ ដារ៉ា ដែលជានិស្សិតទើបបញ្ចប់ការសិក្សាឯណោះវិញ ក៏រៀបរាប់ស្រដៀងគ្នានេះដែរថា ខ្លួនភាគច្រើនប្រារព្ធឡើងជាមួយមិត្តភក្តិច្រើនជាងក្រុមគ្រួសារ។
លោក សំ ដារ៉ា បញ្ជាក់ថា៖«ការប្រារព្ធពិធីបុណ្យណូអែលភាគច្រើន គឺយើងធ្វើវាដើម្បីភាពសប្បាយរីករាយ និងបង្កើតពេលវេលាល្អៗជាមួយគ្នា ហើយសកម្មភាពដែលយើងធ្វើភាគច្រើន គឺការជួបជុំញុំាអាហារជាមួយគ្នា ក៏ដូចជាមានការប្ដូរកាដូឱ្យគ្នាទៅវិញទៅមក»។
លោកបន្តថា៖«ខ្ញុំសង្កេតឃើញថា មានការកើនឡើងច្រើននៃអ្នកប្រារព្ធពិធីនេះ ដោយសារតែវាជាពិធីបុណ្យពេញនិយមមួយបច្ចុប្បន្ន ហើយវាជាឱកាសមួយដែលអាចផ្ដល់ឱកាសឱ្យមនុស្សមានពេលវេលាបានជួយជុំគ្នា ហើយម្យ៉ាងទៀតក៏អាចនិយាយបានថា វាជាការល្បីពេញនិយមតាមគ្នាផងដែរ»។
ជារួម មិនថា ការប្រារព្ធត្រូវបានធ្វើឡើងក្នុងរូបភាពណាមួយឡើយ នរណាក៏មានសិទ្ធិសេរីភាពក្នុងការធ្វើបានដែរ តែអ្វីដែលសំខាន់ គឺនៅត្រង់ថា កុំជ្រុលនិយមហួសហេតុ កុំបៀតបៀនសិទ្ធិអ្នកដទៃ ដោយការសប្បាយរបស់ខ្លួន និងកុំភ្លេចនូវអត្តសញ្ញាណខ្លួនក្នុងនាមជាយុវជនខ្មែរ១រូបផងដែរ៕