
អ្នកនិពន្ធ លោក សេង ហ៊ាង និងស្នាដៃសៀវភៅដែលបាននិពន្ធ។ រូបថត សហការី
ភ្នំពេញៈ យុវអ្នកនិពន្ធម្នាក់អះអាងថា យុវជនដែលអានសៀវភៅជាយុវជនគំរូដែលអាចបន្តវេនដឹកនាំទៅថ្ងៃអនាគតបាន។ នេះបើតាមការបញ្ជាក់របស់លោកជាន សេងហ៊ាង ដែលជាអ្នកនិពន្ធជំនាន់ថ្មី។
លោក សេង ហ៊ាង បានឱ្យតម្លៃយ៉ាងខ្ពស់ទៅលើអំណាន និងសំណេរ។ លោកបានអះអាងថា៖«ខ្ញុំយល់ថា ល្អ ព្រោះការតែងនិពន្ធគឺជាចលនាមួយដែលជំរុញ និងលើកទឹកចិត្តដល់វិស័យអក្សរសាស្ត្រជាតិ និងការអាននៅកម្ពុជា។ ការតែងនិពន្ធបានបញ្ជាក់យ៉ាងច្បាស់អំពីការរីកលូតលាស់នៃចិត្តគំនិត និងអាចធ្វើឱ្យអ្នកអាចវិវឌ្ឍទៅរកគំនិតជឿនលឿនឈានដល់ទិសដៅ ៤.០ នៃបច្ចេកវិទ្យាថ្មីតាមសម័យកាលនាពេលបច្ចុប្បន្ននេះ»។
លោកបន្តថា៖«សូមយុវជនទាំងអស់មេត្តាចូលរួមស្នេហាវិស័យតែងនិពន្ធ ការអានសៀវភៅប្រកបទៅដោយឆន្ទៈ មនសិការ ក្នុងការចូលរួមលើកស្ទួយអក្សរជាតិ ភាសាជាតិ វប្បធម៌ជាតិ ព្រមទាំងឱ្យតម្លៃនូវអ្វីដែលខ្លួនមាន។ សូមប្អូនៗយុវជននៃជាតិខ្មែរដែលជាសសរទ្រូងបន្តវេនគ្រប់រូប ងាកមកចាប់កាន់សៀវភៅ ស្វះស្វែងសិក្សាអំពីខ្លួនឱ្យច្បាស់ និងរូតរះតម្រង់ទិសសិក្សារបស់ខ្លួនឱ្យជាក់លាក់ កុំមានការធ្វេសប្រហែស ដើម្បីឱ្យជាតិកម្ពុជាយើងមានការរីកចម្រើនលូតលាស់កាន់តែខ្លាំង»។
លោកបានបញ្ជាក់ថា ប្រទេសដែលខ្លាំងគឺមានប្រជាជនខ្លាំង ប្រជាជនដែលខ្លាំងគឺជាប្រជាជនដែលមានចំណេះដឹងខ្លាំង ហើយយុវជនដែលអានសៀវភៅ ជាយុវជនគំរូដែលអាចដឹកនាំបន្តវេនបាន។
លោក សេងហ៊ាង បានបង្កើតស្នាដៃតែងនិពន្ធក្នុងឆ្នាំ២០១៨។ លោកបាននិពន្ធ និងបោះពុម្ពសៀវភៅកំណាព្យមានចំណងជើងថា “ម៉ែខុសពីកូន” ដែលសៀវភៅម៉ែខុសពីកូននេះ បាននិយាយរៀបរាប់ពីទុក្ខលំបាករបស់ម៉ែប្រឹងប្រែងចិញ្ចឹមកូនឱ្យបានធំធាត់ បានសិក្សារៀនសូត្រ និងមានការងារល្អ តែកូនវិញបែរជាមិនសូវខ្វល់ខ្វាយចិញ្ចឹមម្ដាយ។
ក្រោយពីបានបញ្ចប់បរិញ្ញាបត្រក្នុងឆ្នាំ២០២០ លោកបាននិពន្ធ និងបោះពុម្ពសៀវភៅជាសំណេរពាក្យរាយ១ក្បាលទៀតដែលមានចំណងជើងថា“ខួរក្បាលច្រែះចាប់” ហើយអត្ថន័យសំខាន់នៃសៀវភៅនេះគឺចង់បង្ហាញថា ខួរក្បាលរបស់មនុស្សម្នាក់ៗប្រៀបដូចជាឧបករណ៍ធ្វើពីលោហៈមួយចំនួនដែលបានទុកចោលហើយមិនប្រើ វាមានការខូចខាតបង្កទៅជាច្រែះចាស់គំរឹល ខួរក្បាលប្រសិនបើធ្វើអ្វីដែលមិនបានគិតក៏មានសភាពដូចដែកច្រែះអ៊ីចឹងដែរ ។
លោកបានបន្ថែមថា ប៉ុន្តែបើយើងចំណាយពេលគិត គឺយើងកំពុងតែសម្អាតខួរក្បាលដែលច្រែះចាប់។ ក្នុងឆ្នាំ២០២១ លោកបានចងក្រង និងរៀបរៀងសៀវភៅសំណេរ កំណាព្យ វេយ្យាករណ៍ ហើយក្នុងឆ្នាំ២០២២នេះ លោកកំពុងរៀបចំបោះពុម្ពសៀវភៅក្រោមចំណងជើងថា “វាចាចិត្តគ្រូ និងភ្លេងខ្មែរ”។
បច្ចុប្បន្ន សេងហ៊ាង កំពុងបំពេញការងារជាប្រធានក្រុមប្រឹក្សាភិបាល និងជាគ្រូបង្គោលបង្រៀនផ្នែកតែងនិពន្ធ និងសូត្រកំណាព្យក្នុងសមាគមកំណាព្យកូនខ្មែរ ព្រមទាំងជាគ្រូបង្រៀនកម្រិតឧត្តមសិក្សា បរិញ្ញាបត្រ បង្រៀននៅវិទ្យាល័យ ហ៊ុន សែន ប៉េងហួតស្វាយតានាន់ ឯកទេសអក្សរសាស្ត្រខ្មែរ។ សេងហ៊ាង ជាគ្រូបង្រៀន និងជាអ្នកនិពន្ធវ័យក្មេង។ លោកកើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៧ មានទីកំណើតនៅភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
កាលពីបឋមសិក្សា ឆ្នាំ២០០៣-២០០៧ សិក្សានៅសាលាបឋមសិក្សាហ៊ុនសែន ស្វាយសាច់ភ្នំ ហើយឆ្នាំ២០០៧-២០០៩ បានផ្លាស់មកសិក្សានៅសាលាបឋមសិក្សាព្រែកដំបូក។ ឆ្នាំ២០០៩-២០១៥ លោកបានសិក្សានៅវិទ្យាល័យ ព្រែកដំបូក រហូតបញ្ចប់មធ្យមសិក្សាទុតិយភូមិ។
ក្រោយពីប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ២០១៥ លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអក្សរសាស្ត្រខ្មែរ និងក្នុងឆ្នាំដដែលបានសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញគំនូរវិចិត្រកម្ម ហើយបានបញ្ចប់បរិញ្ញាបត្រក្នុងឆ្នាំ២០១៩។ បន្ទាប់មក ឆ្នាំ២០២០ លោកបានប្រឡងជាប់ជាគ្រូបង្រៀនកម្រិតឧត្តមសិក្សាបរិញ្ញាបត្របង្រៀននៅវិទ្យាល័យ។
លោកបានបង្កើតក្លិបកំណាព្យដែលមានឈ្មោះថា ក្លិបកំណាព្យកូនខ្មែរ និងមានតួនាទីជាប្រធានក្លិប។ ដោយសេចក្ដីស្រឡាញ់ពេញចិត្តលើកំណាព្យខ្មែរ និងចង់ពង្រឹកក្លិបកំណាព្យកូនខ្មែរឱ្យកាន់តែធំជាងមុន ក្នុងឆ្នាំ២០១៩ លោកបានបង្កើតសមាគមដែលមានឈ្មោះថា សមាគមកំណាព្យកូនខ្មែរ ហើយលោកមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល គ្រប់គ្រងរួម និងជាគ្រូបង្គោលផ្នែកតែងនិពន្ធ និងសូត្រកំណាព្យក្នុងសមាគម៕