
លោក សុគន្ធ សុខា ពេលធ្វើជាគណៈកម្មការផ្ដល់ពិន្ទុកន្លងមក ។ រូបថត សហការី
ភ្នំពេញៈ យុវអ្នកនិពន្ធបានបង្ហាញពីការយល់ឃើញចំពោះវិស័យតែងនិពន្ធនៅកម្ពុជាថាបើមានកំណើននៃអ្នកអាននាំឱ្យមានកំណើនកវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ រៀបរៀងចងក្រង ដែលជាហេតុធ្វើឱ្យកម្ពុជាសម្បូរទៅដោយឯកសារ ឬស្នាដៃមានគុណភាពខ្ពស់ជាច្រើនប្រភេទខុសៗគ្នានៅក្នុងទីផ្សារដែលបម្រើដល់ប្រយោជន៍អំណាន។
លោក សុគន្ធ សុខា ជាគ្រូឧទ្ទេសជំនាញនិយាយជាសាធារណៈ និងជជែកដេញដោលមតិនៃវិទ្យាស្ថានCEO ដែលជាស្ថាបនិក និងជានាយកសាលាបង្រៀនគួរយុវគុណវុឌ្ឍិបានលើកឡើងថា ទន្ទឹមនឹងនេះក៏មានជនឱកាសនិយមមួយចំនួនបានលួចថតចម្លងស្នាដៃម្ចាស់ដើមយកទៅលក់បន្តដោយគ្មានការអនុញ្ញាត។
មួយវិញទៀតស្នាដៃខ្លះដែលបានលក់សិទ្ធិឱ្យរោងពុម្ពឬគ្រឹះស្ថានបោះពុម្ពផ្សាយនិងចែកផ្សាយនានា គឺទទួលបានកម្រៃទាបមិនសមាមាត្រនឹងគុណតម្លៃនៃស្នាដៃទាំងនោះ។
លោកបានបន្ថែមថា ៖ «ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងវប្បធម៌ ក៏ដូចជាស្ថាប័ននានា ឬសមាគមមួយចំនួនកំពុងបំផុស និងបង្កើតឱ្យមានការប្រកួតប្រជែងស្នាដៃតែងនិពន្ធជាច្រើនរូបភាព មានដូចជា ប្រលោមលោក កំណាព្យ រឿងខ្លី ភាពយន្តជាដើម ដែលជាសញ្ញាណវិជ្ជមានមួយក្នុងការផលិតបាននូវធនធានអ្នកបន្តវេននិពន្ធថ្មីៗគួរជាទីសង្ឃឹមរបស់កម្ពុជា»។
លោកសុគន្ធ សុខា បានអះអាងថា កត្តាជំរុញឱ្យលោកក្លាយជាគ្រូបណ្តុះបណ្តាល និងជាអ្នកដឹកនាំវ័យក្មេងដោយសារកត្តាជាច្រើន ដូចជា ឧបនិស្ស័យការអប់រំបែបថ្មី និងបេសកកម្មជីវិតជាដើម។
លោកបានថ្លែងថា៖ «ទាក់ទងនឹងឧបនិស្ស័យ ខ្ញុំចូលចិត្តការបង្ហាត់បង្រៀនតាំងពីតូច ធ្លាប់បានបង្រៀនក្មេងៗជិតផ្ទះរកប្រាក់កម្រៃបានតាំងពីនៅរៀនថ្នាក់បឋមសិក្សា(រៀនទី៦ បង្រៀនគេថ្នាក់តូចជាងខ្លួនបាន)។
បង្រៀនចេញពីទឹកចិត្តស្រឡាញ់ គឺមិនសូវហត់ទេ។ ខ្ញុំពេញចិត្តនឹងការសិក្សាស្វែងយល់ ខំស្រាវជ្រាវ ខំមើលមេរៀនមុន ខំធ្វើប្លង់មេរៀនជាមុន ទើបអាចបង្រៀនគេកើត»។
ចំណែក ការអប់រំបែបថ្មី លោក សុគន្ធ សុខា ចង់បណ្តុះវប្បធម៌បង្រៀន និងរៀនបែបថ្មី។ ទោះបីមានកិច្ចការសំខាន់ៗជាច្រើនដែលត្រូវធ្វើជាបន្ត តែការបង្រៀននៅតែជាចំណង់ចំណូលចិត្តដែលពុំអាចមើលរំលងបាន។
លោកបានពន្យល់ថា៖«បង្រៀនបែបថ្មីគឺទុកសេរីភាពឱ្យសិស្ស ផ្តល់លទ្ធភាពឱ្យពួកគេអាចបញ្ចេញយោបល់ ហ៊ានឆ្ងល់ ហ៊ានសួរ ហ៊ានតវ៉ា មិនផ្តល់សម្ពាធ បង្កបរិយាកាសរីករាយក្នុងការសិក្សា បង្រៀនឱ្យចំចំណុចសំខាន់ ដើម្បីឱ្យសិស្សចេះពិតប្រាកដ ហើយយកទៅប្រើការបាន មិនចំពោះតែការប្រឡងមួយមុខទេ»។
ដោយមានគំនិតបែបនេះហើយទើបលោកបានបង្កើតជាសាលាបង្រៀនគួរយុវគុណវុឌ្ឍិដែលផ្តល់សេវាអប់រំបែបថ្មីសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ដល់ទី១២ ដោយមានពាក្យស្លោកជាអត្តសញ្ញាណគឺ «សប្បាយរៀន ឆាប់ចេះ ប្រើចំណេះត្រូវ»។
រិឯបេសកកម្មជីវិត គឺលោក សុគន្ធ សុខា ចង់ចូលរួមកសាងជាតិកម្ពុជាឱ្យក្លាយជាសង្គមពុទ្ធិដែលឱ្យតម្លៃខ្ពស់លើការបណ្តុះបណ្តាលពន្លកអ្នកបន្តវេនជំនាន់ក្រោយ និងចេះប្រើប្រាស់កម្លាំងថ្មីឱ្យអស់លទ្ធភាព។
លោកបានបញ្ជាក់ថា៖«យើងជាអ្នកត្រួសត្រាយស្រាស់បន្លាឆ្ការឧបសគ្គ សាងគុណតម្លៃជីវិតដោយខ្លួនឯង។ ជីវិតផ្លាស់ប្តូរត្រូវផ្តើមចេញពីចិត្តក្លាហាន ហ៊ានស្រមៃ ហ៊ានរស់។ នៅពេលដែលយើងក្លាយជាបុគ្គលឆ្នើម ឬជាមនុស្សលេចធ្លោ ទើបយើងមានឱកាស មានលទ្ធភាព មានជម្រើសច្រើន ទាំងអស់នេះនឹងនាំទៅភាពសុខចម្រើន ព្រមទាំងអាចជួយគ្រួសារ សង្គមជាតិ និងមនុស្សជាតិបានថែមទៀត»។
លោក សុគន្ធ សុខា បានចូលរួមបណ្តុះបណ្តាលបំណិននិយាយជាសាធារណៈ និងបំណិនជជែកដេញដោលមតិទៅដល់សិស្ស និស្សិតរាប់រយនាក់រួចមកហើយ ដើម្បីផ្លាស់ប្រែពី ខ្លាច ទៅហ៊ាន ពោលគឺហ៊ានគិត ហ៊ាននិយាយ ហ៊ានទទួលខុសត្រូវលើសម្តីដែលបានបញ្ចេញមកប្រកបដោយវិជ្ជាជីវៈ។
បំណិនទាំង២នេះ ជាបំណិនទន់មួយដ៏ពិសេសដែលយុវជនមួយចំនួនតូចពុំសូវចាប់អារម្មណ៍ តែយ៉ាងណាក៏បានជំរុញឱ្យពួកគេចាប់ផ្តើមឱ្យតម្លៃលើការនិយាយ ជាពិសេសការបង្កើតឱ្យបាននូវ«វប្បធម៌សន្ទនា» ទោះស្ថិតក្នុងការជជែកខ្វែងគំនិតគ្នាមែនពិត តែពុំមែនក្នុងរូបភាពជម្លោះទាស់ទែងនោះទេ បែរទៅជាទម្រង់មួយផ្សេងដោយធម៌ត្រជាក់ យកការដោះស្រាយល្អជាគោល អនុវត្តគោលការណ៍ «សន្តិសហវិជ្ជមាន» ឈានទៅរកការអភិវឌ្ឍឱ្យប្រសើរជាងមុន។ លោកក៏បានចូលរួមកិច្ចការងារស្ម័គ្រចិត្ត ការងារសប្បុរសធម៌ជាច្រើនទៀតផងដែរ។
លោកសុគន្ធ សុខា មានទីកំណើតក្នុងរាជធានីភ្នំពេញ ហើយលោកកំពុងសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ជំនាញនីតិឯកជននៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ពីឆ្នាំ២០១៧-២០១៩ លោកជាជំនួយការព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្ននេះ លោក សុគន្ធ សុខា ជាអ្នកនិពន្ធ ស្រាវជ្រាវ និងរៀបរៀង បង្កើតស្នាដៃបានជាង១០ស្នាដៃ មានជាប្រភេទអត្ថបទសិក្សា បទវិចារណកថា តែងសេចក្តី កំណាព្យ រឿងខ្លីជាដើម។ ក្រៅពីនេះលោកក៏ជាគ្រូឧទ្ទេសជំនាញនិយាយជាសាធារណៈនិងជជែកដេញដោលមតិនៃវិទ្យាស្ថានCEO ហើយជាស្ថាបនិក និងជានាយកសាលាបង្រៀនគួរយុវគុណវុឌ្ឍិផងដែរ។
លោក សុគន្ធ សុខា បានចូលរួមចំណែកក្នុងការបង្កើតស្នាដៃបោះពុម្ពផ្សាយសៀវភៅដូចជា តែងសេចក្តីខ្មែរ ៨ចំណងជើង សម្រាប់ថ្នាក់បឋមភូមិ និងទុតិយភូមិ ដែលត្រូវបានរក្សាសិទ្ធិបោះពុម្ពផ្សាយដោយបាក់ទូកថតចម្លង។ កំណាព្យ គួរចេះរិះរស់, ច្នៃជីវិត, រឿងខ្លីក្នុងសៀវភៅមន្តទឹកខ្មៅ រឿងសណ្តែកដីលីង, បទវិចារណកថា អក្ខរក្រមជីវិត៖ ហ៊ានអាច ខ្លាចអត់,សិក្សាកថា ល្បងសិក្សាការអប់រំតាមរយៈច្បាប់ល្បើកថ្មី ដែលទាំងអស់ជាស្នាដៃសហនិពន្ធ និងអត្ថបទច្បាប់ស្តីពីគោលការណ៍នៃការកំណត់ចរិតលក្ខណៈនៃលក្ខខណ្ឌស្នាដៃជាដើម៕