
លោកស្រី ប៉ុល ពិសី កវីនិពន្ធ ដែលមានបទពិសោធន៍ច្រើនឆ្នាំ ផ្នែកនិពន្ធកំណាព្យ និងប្រលោមលោក។ រូបថត សហការី
ភ្នំពេញៈ ឆ្លងកាត់បទពិសោធន៍ច្រើនឆ្នាំក្នុងការសរសេរកំណាព្យរឿង កន្លងមក កវីនិពន្ធ ប៉ុល ពិសី បានផ្ដល់យុទ្ធសាស្ត្រដណ្ដើមជយលាភីឱ្យបានជោគជ័យក្នុងការប្រឡងពានរង្វាន់នានា។
លោកស្រីប្រាប់ថា ដើម្បីសរសេរកំណាព្យបានល្អ អ្នកនិពន្ធគប្បីយល់ដឹងឱ្យបានច្បាស់ពីការបង្កើតសាច់រឿងជាពាក្យរាយ និងសិក្សាឱ្យបានស៊ីជម្រៅពីក្បួនតែងកំណាព្យខ្មែរស្គាល់ពីទម្រង់បទ ការចាប់ចុងចួន និងត្រូវគិតឱ្យបានត្រឹមត្រូវក្នុងការប្រើព្យាង្គតាមការកំណត់របស់បទនីមួយៗ។
លោកស្រីបន្តថា ចំណុចសំខាន់មួយទៀតក្នុងលក្ខណពិសេស អ្នកនិពន្ធត្រូវតែស្វែងយល់ឱ្យច្បាស់លាស់ពីការប្រើបទឱ្យត្រូវកាលវេលានៃសាច់រឿង។ ឧទាហរណ៍ តើឆាកឈុតដែលកម្សត់ ត្រូវប្រើបទអ្វី? សប្បាយប្រើបទអ្វី? ធ្វើដំណើរតាមផ្លូវទឹកប្រើបទអ្វី? ជាដើម។
ស្ត្រីកវីនិពន្ធរូបនេះបន្តថា៖«ចំពោះចំណុចទី១ នៅពេលដែលបានបង្កើតសាច់រឿងរួចហើយ ត្រូវត្រួតពិនិត្យសាច់រឿងជាពាក្យរាយដែលបានបង្កើតឡើងហើយជាច្រើនដង ដើម្បីឱ្យច្បាស់ថា តើនៅមានសល់ខ្វះចន្លោះត្រង់ណាមិនទាន់ពេញលេញ គឺត្រូវតែគិតគូរបន្ថែមបន្ថយសាច់រឿងបញ្ចូលឱ្យបានល្អគ្រប់គ្រាន់»។
បន្ទាប់មក ត្រូវតែចេះច្នៃប្រឌិតប្រើគំនិតថា ត្រូវសរសេរសាច់រឿងផ្តើមពីឆាកឈុតណាមុននៃសាច់រឿង ដើម្បីឱ្យមានភាពទាក់ទាញដល់អ្នកអាន។ ចៀសវាងកុំផ្តើមសាច់រឿងដែលធម្មតាៗសាមញ្ញពេក នោះមិនទទួលបានចំណាប់អារម្មណ៍ពីអ្នកអានឡើយ។ នេះជាការបញ្ជាក់ពីលោកស្រីប៉ុល ពិសី។
ទាក់ទងនឹងការសិក្សាឱ្យបានស៊ីជម្រៅវិញ កវីនិពន្ធរូបនេះថ្លែងថា ចំណុចនេះមានលក្ខណៈសំខាន់ណាស់ ព្រោះថា បើកំណាព្យរឿងសរសេរមិនបានត្រឹមត្រូវតាមក្បួនខ្នាតទេ គឺពិតជាមិនបានទទួលលទ្ធផលល្អឡើយ។ ជាបទពិសោធន៍កន្លងមករបស់លោកស្រី ពេលផ្តើមរឿង គឺត្រូវតែមានឆាកឈុត រន្ធត់ ភ្ញាក់ផ្អើល បង្កើតចម្ងល់ បង្កើតអាថ៌កំបាំង ធ្វើជាធ្នាក់ទាក់ទាញឱ្យអ្នកអានលង់អារម្មណ៍ចង់តាមដានទៅបន្តទៀត។
លោកស្រីរៀបរាប់ថា៖«ដើម្បីងាយស្រួលក្នុងការសរសេរកំណាព្យរឿង គប្បីប្រើទម្រង់បទងាយៗសិន ដូចជាទម្រង់បទកាកគតិ និងបទប្រាំពីរព្យាង្គជាដើម ព្រោះបទទាំង២នេះអាចប្រើបានគ្រប់កាលវេលាទាំងអស់ មិនថាយប់ ថ្ងៃ សប្បាយ ឬក៏កើតទុក្ខជាដើម។ ពិសេសគួរតែប្រើប្រាស់ព្យាង្គ ឬក៏ភាសាងាយៗសិន ដើម្បីឱ្យអ្នកអានអាចចាប់យកបានលឿន»។
បើតាមលោស្រីប៉ុល ពិសី ជាបទពិសោធន៍កន្លងមក លោកស្រីបានសិក្សាយូរឆ្នាំលើទម្រង់បទក្នុងក្បួនខ្នាតកំណាព្យខ្មែរ ទើបហ៊ានសរសេរដាក់បញ្ចូលក្នុងសាច់រឿងនូវបទភុជង្គលីលា និងបទព្រហ្មគីតិជាដើមបន្ថែមលើបទចាស់ ដែលមានរួចហើយ គឺបទកាកគតិ និងបទប្រាំពីរព្យាង្គ ដែលមានក្នុងរឿងអប្សរាម្ចាស់ស្នេហ៍ និងក្លិនផ្កាស្រូវជាដើម។
ក្រៅពីចំណេះដឹងទូទៅក្នុងសង្គម និងការចេះប្រើជើងកាព្យឱ្យបានល្អ មិនល្អៀងសូរ និងលើសព្យាង្គនោះ ត្មែងគ្រប់ៗរូបត្រូវតែមានទេពកោសល្យចេះច្នៃប្រឌិតសាច់រឿងឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។
លោកស្រីប៉ុល ពិសី ថ្លែងថា៖«ត្រូវតែចេះប្រើអារម្មណ៍ សង្កេត កត់ត្រា មើលជុំវិញខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ ដែលខ្ញុំឧស្សាហ៍និយាយលេងថា ដើរសន្សំរឿងនោះអី។ ជាការពិត បើចង់ក្លាយជាអ្នកនិពន្ធ កវី គឺត្រូវតែចេះប្រើប្រាស់អារម្មណ៍និងមនោសញ្ចេតនាឱ្យសមស្របនឹងពេលវេលា ទីកន្លែង និងគ្រប់រឿងរ៉ាវ ដែលបានកើតមានឡើងនៅចំពោះមុខ»។
ចំណុចសំខាន់ ពេលដែលសរសេររួចហើយ ត្រូវតែត្រួតពិនិត្យកែសម្រួលសាច់រឿងទៅមកៗជាច្រើនដង ដើម្បីចៀសវាងកុំឱ្យកើតមានកង្វះខាតច្រើនពេក។ កត្តាកំណត់ភាពជោគជ័យរបស់មនុស្ស កើតមានឡើងអាស្រ័យលើការកំណត់គោលដៅ និងខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ដោយមិនបោះបង់។
មិនខុសពីអ្នកនិពន្ធ កវីនិពន្ធផ្សេងទេ លោកស្រី ប៉ុល ពិសី ដែលគេដឹងថា ជាកវីនិពន្ធទទួលបានពានរង្វាន់ច្រើនជាងគេក្នុងចំណោមអ្នកនិពន្ធជាស្ត្រី ប្រាប់ឱ្យដឹងពីចំណុចនេះថា៖«និយាយតាមត្រង់ ទម្រាំខ្ញុំទទួលបានជោគជ័យ និងកិត្តិយសដូចសព្វថ្ងៃនេះ ខ្ញុំទទួលបរាជ័យរាប់មិនអស់។ តែខ្ញុំមិនរាថយទេ ខ្ញុំនៅតែខិតខំតស៊ូទៅមុខ រហូតទទួលបានជោគជ័យ ព្រោះការសរសេរកំណាព្យរឿង មិនមែនជារឿងងាយស្រួលឡើយ។ ត្រូវប្រើ២ដំណាក់កាលធំៗ គឺ ទី១ រកសាច់រឿងជាពាក្យរាយសិន រួចហើយទើបចាប់ផ្តើមយកមកច្នៃសរសេរជាកំណាព្យ»។
កវីនិពន្ធរូបនេះផ្ដល់អនុសាសន៍ថា សម្រាប់ក្មេងៗជំនាន់ក្រោយ ដែលចង់ក្លាយជាអ្នកសរសេរកំណាព្យរឿងត្រូវតែអានឱ្យបានច្រើននូវស្នាដៃចាស់ៗដែលមាន។ អានហើយត្រូវចេះត្រង់យកគំនិតល្អៗ ដែលមានហើយ យកមកគិតច្នៃប្រឌិតបង្កើតជាពណ៌សម្បុរផ្ទាល់ខ្លួនផ្តាច់មុខរបស់ខ្លួន។
ទន្ទឹមនឹងនោះក៏ត្រូវមានឆន្ទៈមោះមុតខិតខំប្រឹងប្រែងសិក្សាពីក្បួនកំណាព្យខ្មែរឱ្យបានច្បាស់លាស់សរសេរសាកល្បងឱ្យបានច្រើន ទោះមិនទាន់ចេះដឹងបានល្អក្តី។ ត្រូវចេះបង្កើតសាច់រឿងឱ្យបានល្អ និងមានភាពទាក់ទាញ ពិសេសត្រូវចេះ បូកបញ្ចូលគ្នាឱ្យបានល្អ រវាងសាច់រឿង និងទម្រង់បទកំណាព្យនីមួយៗដែលត្រូវយកមកប្រើក្នុងសាច់រឿង។
ម្យ៉ាងទៀត ត្រូវចេះបង្កើតបញ្ហាទំនាស់សាច់រឿងឱ្យបានច្រើន ហើយត្រូវចេះដោះស្រាយជាជំហានៗ កុំប្រញាប់បញ្ចប់សាច់រឿង។ កុំបង្កើតសាច់រឿងដែលមិនសមស្របនឹងទីកន្លែង កុំស្រមើស្រមៃច្រើនពេក ត្រូវគិតពីតថភាពក្នុងសង្គមឱ្យបានច្រើនបំផុត ព្រោះគ្រប់សាច់រឿងទាំងអស់ ដែលកើតមានមក គឺនៅតែក្បែរៗខ្លួនទេ ឱ្យតែចេះប្រមូលយកមកកែច្នៃមិនខ្វះសាច់រឿងនឹងសរសេរឡើយ។
លោកស្រីប៉ុល ពិសី បានក្រើនរំឭកពីក្បួនកាព្យខ្មែរបន្ថែមថា ចំពោះការអនុវត្តក្បួនកំណាព្យ ក៏ជារឿងចាំបាច់ដែរ ត្រូវតែគោរពឱ្យបានត្រឹមត្រូវតាមទម្រង់បទដែលបានប្រើប្រាស់ ទាំងចុងចួន ទាំងចំនួនព្យាង្គ ដោយចៀសវាងកុំឱ្យប្រាសចាកពីក្បួនដើម។
លោកស្រីថ្លែងថា៖«ទោះបីជាខ្ញុំបានចូលប្រឡូកក្នុងជីវិតជាអ្នកនិពន្ធ ជាកវី មិនតិចជាង៤០ឆ្នាំក៏ដោយ ក៏កង្វះខាតនៅតែមានដែរ។ សព្វថ្ងៃក៏ខ្ញុំនៅតែសិក្សាស្វែងយល់ពីក្បួនកំណាព្យខ្មែរ ដែលមានច្រើនសម្បូរបែប ហើយនិងព្យាយាមកែច្នៃប្រឌិតគំនិត ដើម្បីពង្រីកចំណេះដឹងខ្លួនទៅថ្ងៃមុខបន្ថែមទៀត។ កំណាព្យជាដើមទុននៃចំណេះដឹងខ្ញុំ ដែលនាំឱ្យខ្ញុំទទួលបានជោគជ័យ។ បើគ្មានដើមទុននេះទេ ខ្ញុំមិនអាចកែប្រែចំណេះដឹងខ្ញុំឱ្យមានការវិវឌ្ឍឈានឡើងដូចសព្វថ្ងៃនេះទេ»។
កវីនិពន្ធប៉ុល ពិសី បច្ចុប្បន្ន មានវ័យជាង៦០ឆ្នាំ មានស្នាដៃជាកំណាព្យរឿង ដែលទទួលបានពានរង្វាន់កន្លងមក ដូចជារឿងមាសទឹកដប់ រង្វាន់លេខ ៤ មហោស្រពតែងនិពន្ធមហាជនទូទាំងប្រទេស លើកទី៣ រៀបចំដោយក្រសួងវប្បធម៌ ឆ្នាំ១៩៩១។ រឿងល្ខោនជីវិត ពានរង្វាន់លេខ១ស្ទួន ពានរង្វាន់ព្រះសីហនុរាជលើកទី១ រៀបចំដោយសមាគមអ្នកនិពន្ធខ្មែរ ឆ្នាំ១៩៩៥។ រឿងអប្សរា ពានរង្វាន់លេខ២ ពានរង្វាន់ព្រះសុរាម្រិត រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០០០។ រឿងម្ចាស់ស្នេហ៍ពានរង្វាន់កិត្តិយស ពានរង្វាន់ព្រះបទុមត្ថេរសោម រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១២។
រឿងក្លិនផ្កាស្រូវ ពានរង្វាន់លេខ២ ពានរង្វាន់នាយិកាសិទ្ធ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៤។ ក្រៅពីពានរង្វាន់ប្រលោមលោកផ្នែកកំណាព្យទាំងនេះ កវីនិពន្ធ ប៉ុល ពិសី ទទួលបានពានរង្វាន់ប្រលោមលោកពាក្យរាយជាច្រើនទៀត៕