
ទិដ្ឋភាពនៅសាលាបង្រៀនគួរយុវគុណវុឌ្ឍិ ។ រូបថត សហការី
ភ្នំពេញៈ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំយុវជន និងកីឡា បាននិងកំពុងធ្វើទំនើបកម្មវិស័យអប់រំឱ្យកាន់តែមានសក្ដានុពលខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មីឱ្យមានទាំងចំណេះ បំណិន និងចរិយាធម៌ ជាពលរដ្ឋល្អថែមទៀត។ក្នុងនោះផងដែរ វិស័យឯកជន ពិសេសសាលាបង្រៀនគួរក៏បានចូលរួមផ្តល់នូវសេវាកម្មអប់រំពិសេសដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅអប់រំប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
ពិតមែនហើយ សាលាបង្រៀនគួរនានាតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាក៏ពិតមែនតែលទ្ធផលទទួលបានមកវិញលើសពីការរៀនតាមមុខវិជ្ជាធម្មតា។ជាទូទៅ ចំពោះកម្រិតបឋមសិក្សា មុខវិជ្ជា២សំខាន់ដែលសិស្សតែងស្វែងរកសេវាបង្រៀនគួរបន្ថែម គឺមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា។
ចូលដល់កម្រិតមធ្យមសិក្សាបឋមភូមិ ភាគច្រើននិយមសិក្សា៤មុខវិជ្ជា រួមមានភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាតែលុះមកដល់កម្រិតមធ្យមសិក្សាទុតិយភូមិ អ្នកសិក្សាថ្នាក់វិទ្យាសាស្ត្រពិតតែងតែរៀនគួរបន្ថែមលើមុខវិជ្ជាសំខាន់ៗដូចជា អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ឯសិស្សថ្នាក់វិទ្យាសាស្ត្រសង្គមមួយចំនួនវិញ បែរជាចង់រៀន២មុខវិជ្ជាទៅវិញ គឺអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។
បើតាមការលើកឡើងរបស់លោក សុគន្ធ សុខា ដែលជាស្ថាបនិកនិងជានាយកសាលាបង្រៀនគួរយុវគុណវុឌ្ឍិបានឱ្យដឹងថា ការរៀនគួរបំប៉នបន្ថែម ពិតជាមានសារៈសំខាន់ និងមិនអាចមើលរំលងបានឡើយ។
លោកបានពន្យល់ថា៖«សាលាបង្រៀនគួរមិនត្រឹមតែជាថ្នាក់រៀនតាមមុខវិជ្ជានីមួយៗរៀនចប់ម៉ោងទៅផ្ទះនោះទេ។វាក៏ជាកន្លែងដ៏សមគួរបំផុតដែលសិស្សអាចស្វ័យសិក្សា អានសៀវភៅ ស្តាប់ចម្រៀង ជជែកពិភាក្សាជាមួយមិត្តភក្តិ ប្រឹក្សាយោបល់នានាជាមួយគ្រូដែលនៅប្រចាំការទៀតផង»។
លើសពីនេះលោកក៏បានសង្កត់ធ្ងន់ពីលក្ខណពិសេសនៃការសិក្សានៅសាលាបង្រៀនគួរយុវគុណវុឌ្ឍិដែរថាការរៀនគួរនៅទីនេះ ជួយពង្រឹងសមត្ថភាពបន្ថែម បំពេញចំណុចខ្វះខាតរបស់សិស្សតាមវិធីសាស្ត្របង្រៀនបែបថ្មី តិចនិកប្លែកៗងាយជាងមុនក្នុងការដោះស្រាយលំហាត់ឬមេរៀនផ្សេងៗប្រកបដោយបរិយាកាស«សប្បាយរៀន ឆាប់ចេះ និងប្រើចំណេះត្រូវ។
ទន្ទឹមនឹងនេះលោកសុគន្ធ សុខា ក៏មានទស្សនវិស័យចង់ជួយសិស្សឱ្យបានត្រៀមខ្លួនបានគ្រប់គ្រាន់ក្នុងការប្រឡងប្រជែងនានា ពិសេសការប្រឡងយកសញ្ញាបត្រដោយភាពជោគជ័យ។កាន់តែពិសេសលោកនាយកក៏បានរំលេចបន្ថែមទៀតថា៖«រៀនគួរគឺរៀនស្វែងយល់ពីរបត់ថ្មីនៃការអប់រំរបៀបនៃការសិក្សាបែបថ្មីនិងការអភិវឌ្ឍខ្លួនទៅតាមបរិបទនៃសង្គមទំនើប។រៀនហើយត្រូវមានពេលវេលាសម្រាកត្រូវមានពេលវេលាដំណើរកម្សាន្ត ត្រូវ
មានពេលវេលាធ្វើការងារសង្គមផ្សេងៗទៀត ទើបជីវិតមានន័យ»។
ទាក់ទងនឹងការរៀនគួរនេះដែរអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ធ្លាប់បានលើកឡើងថាជាទូទៅការបង្រៀនគួរមិនមែនជាអំពើខុសច្បាប់អប់រំទេហើយកន្លងមកក្រសួងបានណែនាំគ្រូបង្រៀនទូទាំងប្រទេស មិនឱ្យបង្រៀនគួរក្នុងម៉ោងសិក្សា និងនៅចុងម៉ោងសិក្សានោះទេ ព្រោះអាចប៉ះពាល់ដល់សុខភាពសិស្ស និងគ្រូ ដែលជាកត្តាប៉ះពាល់ដល់គុណភាពរៀន និងបង្រៀន។
លោកបានប្រាប់ថា៖«ក្រសួងអប់រំ យុវជន និងកីឡាមិនហាមការបង្រៀនគួរដែលមានការយោគយល់ព្រមព្រៀងគ្នារវាងអ្នកផ្តល់សេវាកម្មអប់រំនិងអ្នកទទួលសេវាកម្មអប់រំប្រកបដោយការអនុវត្តខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលនិងស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាអនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវ:គ្រូបង្រៀនឆ្នាំ២០០៨ប្រកាសស្តីពីការលុបបំបាត់ការប្រមូលនិងរៃអង្គាសប្រាក់ពីសិស្សនៅតាមសាលារៀនបឋមសិក្សា និងមធ្យមសិក្សាសាធារណៈឆ្នាំ២០០៥»។
លោក រស់ សុវាចា បានបន្ថែមថា ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា មិនបានហាមលោកគ្រូ អ្នកគ្រូ បង្រៀនគួរនៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យនោះទេ។
សូមបញ្ជាក់ផងដែរថា សាលាបង្រៀនគួរយុវគុណវុឌ្ឍិមានបង្រៀនចាប់ពីថ្នាក់ទី៤ដល់ទី១២គ្រប់វេន គ្រប់មុខវិជ្ជា ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យហើយក៏មានទទួលបង្រៀនជាក្រុមពិសេសគ្រប់កម្រិតតម្លៃស្តង់ដាដែលមានទីតាំងនៅផ្ទះលេខ៦៦ ផ្លូវលេខ១៩៩ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខាងលិចវិទ្យាស្ថានវ៉ាន់ដា និងសាលាអន្តរទ្វីបអាមេរិកាំងសាខាម៉ៅសេទុង)៕