ភ្នំពេញៈ ការបំពេញ​កិច្ចការ​ក្នុង​វិស័យ​តែង​និពន្ធ ក៏ដូចជា​វិស័យ​ដទៃទៀត មនុស្ស​ភាគច្រើន​តែងតែ​មាន​គោលដៅ​ចង់បាន​ភាពល្អ​ប្រសើរ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​ភាព​រីកចម្រើន​ខាង​ហិរញ្ញវត្ថុ​។ ចំណែក​មនុស្ស​មួយចំនួន​តូច​មិនបាន​គិតពី​កត្តា​ទាំង ​២ ខាងលើ​នោះឡើយ គេ​អាច​គិតដល់​កត្តា​ផ្សេងៗ​ជាច្រើន​ដោយ​មិនបាន​គិតពី​វត្ថុបំណង​ទាំង​២​នេះ​។​

លោក ​ប៊ិន រ៉ាត់ ​ជា​អ្នកនិពន្ធ​ម្នាក់​ដែល​មិនបាន​គិតគូរ​ពី​ជីវភាព​របស់ខ្លួន​ឡើយ ទោះបី​លោក​ត្រូវ​ចំណាយ​ពេលវេលា លុយ​កាក់​លើ​ការនិពន្ធ និង​ចែកចាយ​ចំណេះដឹង​នេះ​ឡើង​ក្តី​។ ក្នុងការ​តែង​និពន្ធ លោក​មាន​គោលបំណង​ ១ ​និង​គោលដៅ​ ២​។ គោលបំណង​របស់​លោក ​គឺ​ដើម្បី​បញ្ជ្រាប​ការអាន​នៅ​កម្ពុជា ក៏ដូចជា​ចូលរួម​បណ្តុះ​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ​តាម​ដែល​អាចធ្វើ​ទៅបាន ​ជាពិសេស នៅ​តំបន់​ដាច់ស្រយាល និង​អ្នក​ខ្វះ​លទ្ធភាព​។ ឯ​គោលបំណង​សំខាន់​មួយទៀត ​គឺ​លោក​មាន​គោលដៅ​ទៅលើ​មនុស្ស​សំខាន់​២​ក្រុម គឺ​ក្រុម​ដែល​មិន​ធ្លាប់​ឣា​ន​សៀវភៅ ឬ​មិន​ចូលចិត្ត​អាន​សៀវភៅ និង​ក្រុម​ដែល​កំពុង​មាន​បំណង​បោះបង់​ការសិក្សា​។​

​អ្នកនិពន្ធ​ច្រើនណាស់ ​សរសេរ​សៀវភៅ​ គឺ​ដើម្បីឱ្យ​អ្នក​ចូលចិត្ត​អាន ​ជ្រើសរើស​ការអាន​សៀវភៅ ​ដោយឡែក​លោក ​ប៊ិន រ៉ាត់ បែរជា​សរសេរ​សៀវភៅ ​សម្រាប់​ឱ្យ​អ្នក​មិន​ចូលចិត្ត​អាន ឬ​មិន​ធ្លាប់​អាន​សៀវភៅ ​ងាក​មក​អាន​សៀវភៅ​វិញ​។

លោក​ថា​៖«​នេះ​អាច​សន្មត​ថា ​ជា​រឿង​ខុសគេ​មួយ​របស់ខ្ញុំ​។ ខ្ញុំ​ដឹងថា ​បេសកកម្ម​នេះ​មិន​ងាយស្រួល​ពេក​នោះទេ ​ប៉ុន្តែ​ខ្ញុំ​បានធ្វើ​វា​ កំពុង​ធ្វើ និង​បន្តធ្វើ​ដោយ​ក្ដីសង្ឃឹម​។ ការណ៍​ដែល​ចង់ឱ្យ​អ្នក​មិនមាន​ទម្លាប់​អាន​សៀវភៅ​ ងាក​មក​អាន ​និង​អ្នក​ដែលមាន​បំណង​បោះបង់​ការសិក្សា មក​បន្ត​ការសិក្សា​វិញ​ មិនមែន​ជា​រឿង​ធ្វើ​ត្រឹម​ ១ ​ថ្ងៃ​បាន​លទ្ធផល ​ឬ​ងាយ​ពេក​នោះទេ​»​។

​លោក​ប៊ិន រ៉ាត់ បន្តថា​៖«​ដូចនេះ ជា​យុទ្ធសាស្ត្រ ដើម្បីឱ្យ​មនុស្ស​ទាំង​២​ក្រុម​ខាងលើនេះ​ងាក​មក​ចាប់អារម្មណ៍​សៀវភៅ ឬ​អាន​សៀវភៅ ខ្ញុំ​ព្យាយាម​រក្សា​សាមញ្ញ​ភាព​នៃ​សៀវភៅ​ទាំងអស់​របស់ខ្ញុំ ទាំង​អត្ថន័យ ខ្លឹមសារ និង​ក្របសៀវភៅ ជាពិសេស សៀវភៅ​ទាំងអស់នោះ​ទាក់ទង​នឹង​ដំណើរ​ជីវិត​ពិត ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​»​។​

មួយផ្នែក​ទៀត ​សៀវភៅ​ទាំងគ្រប់​ចំណងជើង​របស់​លោក​បាន​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នក​ខ្វះ​លទ្ធភាព ​លើសពី​នេះ​ក៏មាន​ការផ្ដល់ជូន​តាម​សាលា ​បណ្ណាល័យ​ភូមិ និង​មណ្ឌល​នានា​ផងដែរ​។ ជាការ​រួមចំណែក​បន្ថែ​ម ជា​រៀងរាល់​រាត្រី ក្នុង​ហ្វេសប៊ុក​ផេច​របស់​លោក​ផ្ទាល់​(chhanrath Phumi-​ភូមិ ឆាន់​រ៉ាត់) ​ក៏មាន​ការផ្សាយ​ផ្ទាល់​នាទី​ឆ្លើយ​សំណួរ​យក​សៀវភៅ​ទៀតផង​។

គិត​មកដល់​ថ្ងៃទី​ ១៥ ​ខែមករា ​ឆ្នាំ ​២០២៣ នាទី​ឆ្លើយ​សំណួរ​យក​សៀវភៅ ដំណើរការ​ផ្សាយបាន​ចំនួន ២៥២ ​រាត្រី​មកហើយ ជាមួយនឹង​ការផ្ដល់ជូន​សៀវភៅ ពី​គ្រប់​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​ ប្រហែល​ជាង ​៦០០​ ក្បាល​ និង​សំណួរ​ចំណេះដឹង​ទូទៅ​ប្រហែល​ជាង​ ៤០០ សំណួរ ទៅ​អ្នកចូលរួម​ទាំងអស់​។

សូម​បញ្ជាក់ដែរ​ថា ​នាទី​ឆ្លើយ​សំណួរ​យក​សៀវភៅ មាន​មហិច្ឆតា​នៃ​កាផ្ដល់ជូន​សៀវភៅ​ចំនួន ១ ០០០​ ក្បាល​ ដោយ​ឥត​គិត​ថ្លៃ​​ទៅ​សាធារណជន​ក្នុង​រយៈពេល​ ៣៦៥​ ថ្ងៃ​។

ស្នាដៃ​សំខាន់ៗ​របស់លោក​ ប៊ិន រ៉ាត់ ​មានដូចជា «​អតីតកាល​ដ៏​រីករាយ​» ជា​សៀវភៅ​ទី​១ ដែល​រៀបរាប់​អំពី​ជីវិត​កុមារភាព​(​បឋមវ័យ)​ ជា​ដំណាក់កាល​ដំបូង​ និង​ជា​គ្រា​ដ៏​រីករាយ​បំផុតក្នុង​ដំណើរ​ជីវិត​។ សៀវភៅ​ទី​២ «​រឿង​ជីវិត​(ព្រលឹត)» ​ជា​ប្រលោម​លោក​ដែល​លើកយក​បញ្ហា ​និង​ដំណោះស្រាយ​ជីវិត​ជាក់ស្ដែង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​(មជ្ឈិមវ័យ)​ មក​បរិយាយ​ និង​បញ្ជាក់ថា​ នេះ ជា​រឿង​ជីវិត​។ រីឯ​សៀ​ភៅ​ទី​៣ ​«ថ្ងៃរសៀល»​ ជា​សៀវភៅ​ដែល​រៀបរាប់​អំពី​បញ្ហា​ជីវិត ​ក្នុង​បច្ឆិមវ័យ​ គឺ​វ័យ​ចុងក្រោយ​ជីវិត ​ឬ​ឣ្ន​ក​ដែល​មាន​បញ្ហា​សុខភាព​ជាប់​ខ្លួន​រ៉ាំរ៉ៃ។​

ក្នុង​បេសកកម្ម​ដ៏​មានតម្លៃ​របស់​លោក ​ប៊ិន រ៉ាត់ ​លោក​បានឱ្យដឹងថា​៖«សម្រាប់​ខ្ញុំ ​ត្រឹម​រយៈពេល ​៥-១០ ​ឆ្នាំ​ក្រោយ​ ប្រសិនបើ​មាន​មនុស្ស​ណា​ម្នាក់​ដើរមក​ជិត​ខ្ញុំ ​ហើយ​ប្រាប់​ខ្ញុំ​ថា ​អរគុណ​បង​ ប្រសិនបើ​ខ្ញុំ​មិនបាន​អាន​សៀវភៅរ​បស់​បង​ ម្ល៉េះ​ខ្ញុំ​ឈប់​រៀន​បាត់​ហើយ...»​។

អ្នកនិពន្ធ​រូបនេះ​បន្តថា​៖ «ឬក៏ ​អរគុណ​បង ​ប្រសិនបើ ​ខ្ញុំ​មិនបាន​អាន​សៀវភៅ​បង ​ម្ល៉េះ​ខ្ញុំ​មិន​ចាប់ផ្ដើម​អាន​សៀវភៅ​ទេ...​។ ប្រយោគ​ទាំងអស់​នេះ​ជា​ក្ដី​សុខ​របស់ខ្ញុំ»។

​លោក​បាន​បន្ត​ដោយ​ស្នាមញញឹម​ថា ​និយាយ​ឱ្យ​ខ្លី ​បើ​សៀវភៅ​ទាំងអស់​របស់​លោក​ណាមួយ​ អាច​អូសទាញ​មនុស្ស​២​ក្រុម​ខាងលើ​មកកាន់​សៀវភៅ​អាន​បាន​ ឬ​បន្ត​ការសិក្សា​បាន​វិញ​ត្រឹម ​១ នាក់ ​នោះ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ ​សម្រាប់​កិច្ចការ​តែង​និពន្ធ​របស់​លោក​។

លោក​ ប៊ិន រ៉ាត់ ​បានផ្ដល់​ទស្សនៈ​ផ្ទាល់ខ្លួន​ថា​៖ «ការមិន​នឹកនា ​និង​ការព្រងើយ​កន្ដើយ​ពី​ការអាន​សៀវភៅ ​ជា​ជម្រើស​របស់​យើង​។ ប៉ុន្តែ​ការមិន​ស្វែងរក​ការអប់រំ ​ចំណេះដឹង ​ព័ត៌មាន ​និង​បទពិសោធន៍ ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួន ជា​រឿង​គួរឱ្យ​ស្ដាយ​ក្នុង​កំណើត​ជាម​នុស្ស»៕