ភ្នំពេញ​: អង្គការ​ខ្មែរ​អមតៈ សហ​ការ​ជាមួយ​វិទ្យា​ស្ថាន​ភាសា​បារាំង​បាន​រៀបចំ​កម្មវិធី​រដូវ​វប្បធម៌​លើក​ទី៤ ដែល​នឹង​បង្ហាញ​នូវ​ទស្ស​នីយ​ភាព​សិល្បៈ​បុរាណ​សម័យ​សហ​សម័យ​អក្សរ​សិល្ប៍​ទំនើប​ និង​សិល្បៈ​ឌីជីថល ​ក្នុង​បំណង​លើក​ស្ទួយ​ដល់​សិល្ប​ករ​ជំនាន់​ថ្មី​។

​រដូវ​វប្បធម៌​លើក​ទី៤ ដែល​ត្រូវ​បាន​ដាក់​ឈ្មោះថា​ «​តែ​ឯង​តែ​យើង​» ឬ (Your Kind, Our Kind) នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​រៀង​រាល់​ចុង​សប្ដាហ៍​ចាប់​ពី​ខែកុម្ភៈ ​រហូត​ដល់​ខែមីនា ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​ និង​បណ្ដា​ខេត្ដ​មួយ​ចំនួន​។

​លោក ​សយ ច័ន្ទបូរី តំណាង​អ្នក​ទទួល​បាន​អាហា​រូប​ករណ៍​ទស្សន​ក​ម្ម​វិធី​សិល្បៈ​និង​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​ឱ្យដឹង​ថា​៖ «​គោល​បំណង​ចម្បង​គឺ​ចង់​បង្ហាញ​ពី​សមត្ថ​ភាព និង​ទេព​កោ​សល្យ​វត្ដ​មាន​សិល្ប​ករ​វ័យក្មេងអំពី​ភាព​ច្នៃប្រ​ឌិត​នៃ​ស្នាដៃ​សិល្បៈដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្នក៏ដូច​ជា​ជំរុញ​ឱ្យមាន​ការ​ជជែក​ពិភា​ក្សា និង​ធ្វើការ​ឆ្លុះ​បញ្ចាំង​ស៊ី​ជម្រៅ​រវាង​អ្នក​ពាក់​ព័ន្ធ សិល្ប​ករ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សិល្បៈ​ជា​ដើម​»​។

​លោក​បាន​ឱ្យដឹង​ថា ​រដូវ​វប្ប​ធម៌​នឹង​មាន​កម្មវិធី​ជា​ច្រើន ដូចជា អំ​ណាន​អក្សរ​សិល្ប៍​ច្នៃប្រ​ឌិត​ដែល​មាន​ចំនួន៤​ស្នាដៃ ល្ខោន​អាន ​មាន​ចំនួន៣ស្នាដៃ​កើត​ចេញ​ពី​វគ្គ​បណ្ដុះ​បណ្ដាល​សរសេរ​អត្ថ​បទ​រឿង​ស្នា​ដៃ​ឌីជីថ​ល​ និង​ការ​សម្ដែង​ទស្ស​នីយ​ភាព​នៅ​លើ​ឆាក​ចំនួន​ ៥ស្នាដៃ រួម​មាន​ សម័យ បុរាណ តន្ដ្រី​ និង​ល្ខោន​។

​ក្រុម​អ្នក​រៀប​ចំ​កម្ម​វិធីដែល​មាន​អង្គ​ការ​ខ្មែរ​អមតៈ​វិទ្យា​ស្ថាន​ភាសា​បារាំង​រួម​ទាំង ​សិល្បក​រ សិល្ប​ការិនី​ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ បានរៀ​បចំ​កម្មវិធី​សំពះ​គ្រូ និង​សន្និ​សីទ​សារព័ត៌​មាន​នៅ​ថ្ងៃទី១៩ ខែមករា​ ឆ្នាំ​២០២៣ ​នៅវិទ្យា​ស្ថាន​ភាសា​បារាំង​។

​នៅក្នុង​ពិធី​សំពះ​គ្រូ​ជា​ប្រពៃ​ណី​ដូនតា​មួយ​ដែល​ក្រុម​សិល្បៈ​បុរាណ​តែង​តែ​ប្រារឰ​ឡើង​មុន​ពេល​រៀបចំ​ពិធី​សម្ដែង​ជា​ផ្លូវការ​ណា​មួយ ក្រុម​សិល្បៈ​ចម្រុះ​ក៏បាន​សម្ដែង​ថ្វាយ​គ្រូ​ទៅ​តាម​ទម្រង់​សិល្បៈ​របស់​ពួកគេ​​រៀងៗ​ខ្លួន​។

​លោក ​គឹម ​សុជាតិ​ ជា​អ្នក​លេង​អក​មកពី​អង្គការ Epic Art Cambodia ដែល​មាន​មូល​ដ្ឋាន​នៅ​ខេត្ដ​កំពត​បានធ្វើ​ការ​សម្ដែង​សិល្បៈ​សហ​សម័យ​ថ្វាយ​គ្រូ​១​ឈុត​ខ្លី​។​

​បុរស​មាន​ពិការ​ភាព​ជិះ​លើ​រទេះរុញ​រូបនេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្រោយ​បញ្ចប់​ការស​ម្ដែង​ថា​៖«​យើង​មាន​សមា​ជិក៦ នាក់​សម្រាប់​ត្រៀម​សម្ដែង​ដំឡើង​ថ្មី​ឈ្មោះ«​ដូចគ្នា​ដូច​គ្នា​»មាន​រ​យៈពេល ៣០នាទី​។ ខ្ញុំ​មាន​ជំងឺ​ប៉ូ​លី​យ៉ូ​ពិការ​ពី​កំណើត​សមាជិក​២នាក់​គ​ថ្លង់ និង​ពិការ​រាងកាយ​Cerebral palsy (CP)​ដែលមាន​ការ​លំបាក​ជាង​គេ​។ គាត់​ឈ្មោះ​ សឿន​ ប៊ុន​ធឿន​ ជា​អ្នករាំ​»​។

​យុវតី​២រូប ​ដែល​បង្ហាញ​ការសម្ដែង​ប្លែក​ និង​គួរឱ្យ​ចាប់​អារម្មណ៍​តាំងពី​ពួកគេ​បោះ​ជំ​ហាន​ដើរទៅ​កាន់​វេទិកា​ជា​មួយ​ការអាន និង​ការ​បញ្ចេញ​សំឡេង​គួរឱ្យ​ទាក់​ចិ​ត្ដ​មហាជន​រហូត​ដល់​ទ​ទួល​បាន​ការ​ទះដៃ​សាទរ​ទេព​កោស​ល្យ​របស់​ពួកគេ​។

​កញ្ញា​ ឌី អា​លី​សា (Dy Alisha) ជា​អ្នក​សម្ដែង​ល្ខោន​អាន​ម្នាក់ បាន​និយាយ​ថា​៖ «​ពួក​យើង​សម្ដែង​អំឡុង​ពេល​ថ្វាយ​គ្រូ​នេះ​គឺជា​ការ​អាន​អត្ថបទ​ដក​ស្រង់​ចេញពី​រឿង​១​ក្នុង​អក្សរ​សិល្ប៍​បរទេស ​ហើយ​ដោយ​សារ​ការ​សម្ដែង​នេះ​ខ្លី គាត់ ​[Kb Saadi​ជា​អ្នក​ដឹក​នាំ​]បាន​បូក​បញ្ចូល​ការ​សម្ដែង​តិច​តួច​ដើម្បី​ឱ្យមាន​ទំនាក់​ទំនង​ជា​មួយ​មហា​ជន​»​។

​យុវតី​រូប​នេះ​ មកពី​The Acting Academy​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ចំពោះ​កា​រសម្ដែង​ពេញ​លេញ​តែម្ដង ពួក​យើង​គ្រាន់​តែ​អង្គុយ​អាន​សន្ទ​នា​ទៅវិញ​ទៅមក​ ប៉ុន្ដែ​នៅ​ពេល​មាន​ការ​រៀបចំ​ឆាក​បែបនេះ​យើង​ចង់​លាយ​ឡំ​ជាមួយ​ការ​សម្ដែង​ខ្លះ​ក៏បាន​ដែរ​»​។

​លោក​ Kb Saadi បាន​និយាយ​ថា ពេល​មាន​ការ​សម្ដែង​ក្នុង​កម្មវិធី​រដូវ​វ​ប្បធម៌ ក្រុម​សម្ដែង​ជា​សិស្ស១៦​នាក់​របស់​លោក​នឹង​អាន​សន្ទ​នា​ផង បន្ថែម​ការ​សម្ដែង​តិច​តួច​ផង​ដែរ​។

​កញ្ញា ​ទី សុគន្ធា​រី (Ty Sokun Theary) ជា​អ្នក​សម្ដែង​ម្នាក់​ទៀត បាន​និយាយ​ថា ​នៅ​ថ្ងៃទី១១ ខែកុ​ម្ភៈ ​ក្រុម​របស់​កញ្ញា​មាន​ការ​សម្ដែង​មួយ​ ដែល​រួម​ទាំង​អស់ ​៦ឈុត​។

​អ្នកស្រី​ ណ​ម ណា​រី​ម​ អ្នក​សម្រប​សម្រួល​ក្រុម​សិល្បករ​ល្ខោន​បុរាណ​ និង​អនុប្រធាន​នាយកដ្ឋាន​សិ​ល្បៈ ​និង​ទស្សនីយ​ភាព​នៃ​ក្រសួង​វប្បធ​ម៌ និង​វិចិត្រ​សិល្បៈ​បា​នឱ្យដឹ​ងថា ​អ្នក​ស្រី​នឹង​ដឹក​នាំ​ក្រុម​ល្ខោន​បុរាណ​មួយដែល​យក​លំនាំ​តាម​ឈ្មោះ​ទីតាំង​នៃ​ប្រភព​ល្ខោន​នេះ​ដោយ​មាន​ឈ្មោះ​ល្ខោន​បុរាណ​វត្ដ​កៀន​ស្វាយ​ក្រៅ​។

​អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ទម្រង់​ល្ខោន​នេះ​មាន​តែមួយ ​ដែល​យើង​អាចនិ​យាយ​បាន​ថា​ មាន​តែមួយ​នៅក្នុង​ប្រទេស​យើង​។ ទម្រង់​ល្ខោន​នេះ​មាន​តាំងពី​យូរ​មក​ហើយ ដែល​មិន​ច្បាស់​អំពី​អំឡុង​ពេល​ណា​នោះ​ទេ​»​។

​អ្នក​ស្រី​ ណា​រី​ម បាន​និយាយ​ថា ​រដូវ​វប្បធម៌​នេះ​ផ្ដល់​ឱកាស​ឱ្យ​សិល្បករ​ក្នុង​ប្រព័ន្ធ ​និង​ក្រៅ​ប្រព័ន្ធ​បញ្ចេញ​ស្នាដៃ​។ ជាក់​ស្ដែង​ល្ខោន​បុរា​ណ​នេះ ​ពួក​គេ​កំពុង​តែ​ពង្រឹង​ខ្លួន​ឯង​ដើម្បី​មាន​ជីវិត​រស់​រាន​ឡើង​វិញ​។

​ក្រៅពី​ការ​សម្ដែង​នៅ​វិទ្យា​ស្ថាន​ភាសា​បារាំង ​រដូវ​វប្បធម៌​ក៏​នឹងធ្វើ​ដំណើរ​ទេស​ចរណ៍​ទៅ​បណ្ដា​ខេត្ដ​៤​ទៀត​ដើម្បី​នាំ​យក​ទម្រង់​សិល្បៈ​ទាំង​នោះ​ទៅ​ដល់​មូល​ដ្ឋាន​សហ​គមន៍​។

​អ្នកស្រី​ ថន ​សី​ម៉ា អ្នក​ដឹក​នាំ​រៀបចំ​ដំណើរ​ទស្ស​នាចរ​រដូវ​វប្បធម៌បាន​និយាយ​ថា ក្រុម​អ្នករៀបចំ​ចង់​បង្ក​លទ្ធភា​ព​ឱ្យ​ប្រជាជន​នៅតា​ម​សហ​គមន៍​បាន​ឃើញ​នូវ​ស្នាដៃ​សិល្បៈ​ថ្មីៗ ក៏ដូច​ជា​ចំណេះ​ដឹង​នៅក្នុង​ស្នាដៃ​នីមួយៗ​ដែល​បង្កប់​នូវ​អត្ថ​ន័យ​អំពី​តថ​ភាព​សង្គម​បច្ចុប្បន្ន​។

​អ្ន​កស្រី​បន្ដថា ​កម្មវិធី​រដូវ​វប្បធម៌ ឆ្នាំ​២០២២ ​មាន​អ្នក​ចូលរួម​ប្រមាណ​៨ពាន់​នាក់​ ដោយ​មិន​ត្រឹមតែ​មាន​ការ​សម្ដែង​នោះ​ទេ​ តែ​ក៏មាន​ការ​ចែក​រំលែក​ចំណេះ​ដឹង​ផង​ដែរ​។កា​លពី​ឆ្នាំ​មុន​កម្មវិធី​ត្រូ​វបាន​រៀបចំ​នៅ​ខេត្ដ​បាត់​ដំបង​បន្ទាយ​មាន​ជ័យ​កំពង់​ធំ​ និង​សៀម​រាប​។

​អ្នកស្រី​ សី​ម៉ា​ បាន​ឱ្យដឹង​ថា​៖ «​សម្រាប់​ឆ្នាំនេះ​យើង​ទៅ៤​ខេត្ដ​ដូចគ្នា​ដែល​មាន​១២​ទីតាំង​នៅ​ក្នុង​ខេត្ដ​កំពង់ធំ ​ព្រះ​វិហារ​កំពង់​ឆ្នាំង ​និង​ប៉ៃលិ​ន​»​។

​ដោយ​សារ​តែ​កម្មវិធីរ​ដូ​វ​វប្បធម៌​ ត្រូវបាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​សម្រាប់​សិល្បករ​ជា​យុវជ​ន តារា​សម្ដែង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​កញ្ញា អឿន ​រ៉ូ​ហ្សា តំណាង​ក្រុម​យុវ​ជន​រីក​សាយ ​និង​ជា​ទូត​កម្មវិធី​រដូវ​វប្ប​ធម៌ ក៏បាន​ចូ​លរួមចំណែក​ក្នុងការ​ផ្សព្វ​ផ្សាយ និង​លើក​ទឹក​ចិ​ត្ដ​ឱ្យ​មាន​ការ​ចូលរួ​ម​ពី​មហា​ជន​ជា​យុវ​ជន​កាន់​តែ​ច្រើន​ផង​ដែរ​។

​កញ្ញា ​រ៉ូ​ហ្សា​ ​បានថ្លែង​ថា​៖«​មូល​ហេតុ​ក្រុម​រីកសាយ​វិល​ត្រឡប់​ចូល​វិស័យ​សិល្បៈ​នេះ​វិញ​ដោយសារតែ​ទស្សនវិ​ស័យ​របស់​យើង​គឺ​ជួយ​ផ្សព្វ​ផ្សាយលើក​ទឹក​ចិ​ត្ដ​សិល្បករ​មាន​គំនិត​ច្នៃប្រឌិត​ក៏ដូចជា​បាន​បង្ហាញ​ស្នាដៃ​ទៅកា​ន់​ទស្សនិក​ជន​»​។

​កញ្ញា​ បាន​និយាយ​លើក​ទឹក​ចិ​ត្ដ​ថា​៖ «​យុវជន​គួរតែ​ចូលរួម​ក្នុង​សិល្បៈ​បុរាណ​យើង​ឱ្យបាន​ច្រើន​ពីព្រោះ​សិល្បករ​ និង​សិល្បកា​រិនី​ខិតខំ​ប្រឹង​ប្រែង​ហា​ត់រៀន​មែន​ទែន ​បាន​ថែរក្សា​នូវ​ក្បាច់​បុរាណ​ដែល​ក្បាច់​ខ្លះ​ស្ទើរតែ​បាត់​បង់​ផងដែរ​។ ប៉ុន្ដែ​យុវជន​មាន​ការ​ចូល​រួម​តិច​តួច​»​។

​ចំពោះ​ស្នាដៃ​​ដែល​ត្រូវ​លើក​យក​មក​សម្តែង​ដំបូង​គេ​បង្អស់​ក្នុង​កម្មវិធី​រដូវ​វប្បធម៌​ឆ្នាំនេះ គឺ​ល្ខោន​បុរាណ​ កៀន​ស្វាយក្រៅ​​សម្តែង​នៅ​ថ្ងៃទី​៣-៤​ ខែកុម្ភៈ ​ឆ្នាំ២០២៣ នៅ​វិទ្យា​ស្ថាន​ភាសា​បារាំង​។ សំបុត្រ​មាន​ដាក់​លក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក រីក​សាយ​ Reek SaiDay៕