ភ្នំពេញៈ ​ដោយសារ​ការផ្ទុះ​ឡើង​នូវ​ការ​រាលដាល​នៃ​កូ​វីដ​ ១៩ យុវជន​ម្នាក់​ដែលជា​សិស្ស​កំពុង​សិក្សា និង​បម្រើ​ការងារ​នៅ​ទីក្រុង​ភ្នំពេញ បានសម្រេច​ចិត្ត​វិល​ត្រឡប់មក​ស្រុកកំណើត ប្រឹងប្រែង​ប្រក​បរបរ​ចិញ្ចឹមសត្វ និង​ចិញ្ចឹម​មេ​ពូជ​សត្វ សម្រាប់​លក់​ទៅឱ្យ​កសិករ​ដទៃទៀត​។

​ បច្ចុប្បន្ន យុវជន​រូបនេះ​បាន​ព្យួរ​ការសិក្សា​ទុក​មួយ​ឡែក​សិន និង​យក​ពេលវេលា​មក​ពង្រឹង​ការ​ចិញ្ចឹមសត្វ​របស់ខ្លួន​។ មាន​វ័យ​២៣​ឆ្នាំ យុវជន ជឿន ភា​រុង បាន​បើក​នូវ​កសិដ្ឋាន​ចិញ្ចឹមសត្វ​១​កន្លែង​នៅក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល នៅ​លើដី​ទំនេរ​របស់​ឪពុករបស់​ខ្លួន​។ ក្នុង​កសិដ្ឋាន​ដែលមាន​ទំហំ​តូច​ល្មម យុវជន​រូបនេះ​បានបង្កើត និង​ច​ញ្ចឹ​ម​សត្វ​ចម្រុះ​គ្នា ព្រមទាំង​មាន​លក់​ជា​ពូជ​សត្វ​ផងដែរ​។​

​កសិដ្ឋាន​ដែលមាន​ឈ្មោះថា «HR Farm» របស់​យុវជន ជឿន ភា​រុង មាន​ចិញ្ចឹមសត្វ​ជាច្រើន​ប្រភេទ​ដូចជា កង្កែប បង្កង ត្រី ខ្យង ក្ដាម ព្រមទាំង​មាន់ ហើយ​ដែល​បច្ចុប្បន្ន លោក​នៅ​គ្រប់គ្រង​កសិដ្ឋាន​នេះ​ដោយ​ខ្លួនឯង​ផ្ទាល់ តែម្ដង​។

​កសិដ្ឋាន​នេះ​ត្រូវបាន​បែងចែក​ជា​អាង​ចិញ្ចឹមសត្វ​ក្នុង​ទឹកជា​ច្រើន​តម្រៀប​គ្នា និង​មាន​រោង​មាន់​១ នៅ​ពីក្រោយ​ផង​។ នៅតាម​អាង​នីមួយៗ មាន​ប្រភេទ​សត្វ​ក្នុង​ទឹក​ខុសៗ​គ្នា ព្រមទាំង​មាន​ចក​អាសូ​ឡា ដែលជា​ចំណី​សំខាន់​សម្រាប់​សត្វ​ទាំងនោះ​។​

​ចក​អាសូ​ឡា ដែល​ត្រូវបាន​លោក​អះអាងថា​ជា​រុក្ខជាតិ​ទឹក​ម្យ៉ាង​ដែលមាន​ជីវជាតិ​ល្អ​សម្រាប់​ការលូតលាស់​របស់​សត្វ​ចិញ្ចឹម ក៏​លោក​បាន​ដាំ​ដុះ​នៅក្នុង​អាងទឹក​ផងដែរ​។ ចក​ប្រភេទ​នេះ បានក្លាយ​ទៅជា ប្រភព​អាហារ​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​សត្វ​ចម្រុះ​ប្រភេទ​ដែល​លោក​ចិញ្ចឹម​។ ម្យ៉ាងទៀត លោក​ក៏​រំលែក​១​ចំណែក​សម្រាប់​លក់​ទៅឱ្យ​អតិថិជន​ផងដែរ​។​

​បើតាម​លោក ជឿន ភា​រុង បាន​ឱ្យដឹងពី​ចំណូល​ដែល​លោក​រកបាន​ជាប្រចាំ​ពី​ការ​ចិញ្ចឹមសត្វ​ថា​៖ «​ក្នុង​១​ខែ ផាត់​ថ្លៃដើម​ចេញ ខ្ញុំ​អាច​ចំណេញ​បាន​យ៉ាងហោចណាស់​ក៏​៨០០​ដុល្លារ​ដែរ ពី​ការលក់​ពូជ​សត្វ កូន​សត្វ និង​ចក​អាសូ​ឡា​»​។​

​យ៉ាងណាមិញ លោក​បាន​បញ្ជាក់ថា លោក​មិនសូវ​ជា​ចំណាយ​ច្រើន​លើ​ថ្លៃ​ចំណី​នោះទេ ដោយសារតែលោក​មាន​ចក​អាសូ​ឡា​ស្រាប់ ដែល​អាច​លាយ​ជាមួយ​ចំណី ដែល​ធ្វើ​ដូច្នេះ វា​អាច​ធូរ​បន្ទុក​បាន​ច្រើន ពី​ការចំណាយ​នានា​។ លោក​បន្តថា មិន​ត្រឹមតែ​ចក​អាសូ​ឡា​ទេ​ដែល​អាច​សម្រួល​ការចំណាយ​របស់លោក ខ្យង​ដែល​លោក​ចិញ្ចឹម​នោះ​ក៏ អាច​យកទៅ​ធ្វើ​ចំណី​របស់​បង្កង​ផងដែរ​។​

​លោក ជឿន ភា​រុង បានឱ្យដឹង​ទៀតថា អតិថិជន​របស់លោក​ភាគច្រើន​ជា​អ្នក​នៅតាម​ខេត្ត​ដែល​ទិញ​កូន​យកទៅ ចិញ្ចឹម និង​មួយចំនួនទៀត​ទិញ​មេ​ពូជ​ដើម្បី​យកទៅ​បង្កាត់​តែម្ដង​។​ជាទូទៅ ការលក់​របស់លោក​អាច​ប្រព្រឹត្ត​ទៅតាម​អន​ឡាញ ដោយ​អតិថិជន​កម្ម៉ង់​ទិញ​តាម​អុិនធឺណិត ហើយ​លោក​នឹង​រៀបចំ​ផ្ញើទៅតាម​ទីតាំង​នីមួយៗ​។ ១​ផ្នែក​ទៀត ជា​អតិថិជន​ដែល​ស្គាល់​លោក​តាមរយៈ​បណ្ដាញ​សង្គម​យូ​ធូប ដែលជា​និច្ច​​កាល លោក​តែង​បង្ហោះ​ពី​សកម្មភាព​ក្នុង​កសិដ្ឋាន​។​ ដោយ​ឃើញ​ការរីកចម្រើន​ត្រឹមតែ​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំនេះ លោក ជឿន ភា​រុង បាននិងកំពុង​ខិតខំ​បន្ថែម ទៀត​ក្នុងការ​ស្វែងរក​បច្ចេក​ទេស​ថ្មីៗ ដើម្បី​ចិញ្ចឹម​ពូជ​សត្វ​ឱ្យ​កាន់តែ​ល្អប្រសើរ​។ ម្យ៉ាងទៀត យុវជន រូបនេះ​មើលឃើញ​ពី​ឱកាស​ក្នុងការ​ពង្រីក​ខ្លួន​ទៅមុខទៀត ថ្វី​ដ្បិតថា​តំបន់​ដែល​លោក​រស់នៅមិនទាន់មាន​អ្នកធ្វើ​របរ​នេះ​នៅឡើយ​។ ដូច្នេះ សម្រាប់​លោក នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​។​

​ យុវជន ជឿន ភា​រុង មានបំណង​ចង់​ពង្រីក​ការចិញ្ចឹម​សត្វ​បន្ថែមទៀត ដោយ​សព្វថ្ងៃ​ការផ្គត់ផ្គង់​មិន​គ្រប់​តម្រូវការ​អ្នកទិញ ដែល​មូលហេតុ​នៃ​ការផ្គត់ផ្គង់​តម្រូវ​ការមិន​គ្រប់​នេះ ដោយសារតែ​ការចិញ្ចឹម​សត្វ​របស់លោក​នៅមាន ទំហំ​តូច ហើយ​ការប្រមូល​ផល​ក៏​មិនសូវ​ជា​ទៀងទាត់​ដែរ​៕