ភ្នំពេញៈ អង្គុយពីមុខរូបភាពសខ្មៅព្រីនលើក្រណាត់ក្រាស់បំពាក់អំពូល LED បំភ្លឺចំពីលើស៊ុម លោក អ៊ួ ដារិទ្ធ កំពុងតែកាត់ក្រដាសជាបំណែកតូចៗ រួចស៊កទៅតាមទីតាំងដែលលោកបានច្រោះជាស្រេច និងសេរ៉េក្រដាសទាំងនោះឱ្យចោលស្រមោលស៊ីមេទ្រី នឹងបំណែករូបភាពព្រីនសខ្មៅដោយយកចិត្ដទុកដាក់បំផុត។
ចាប់ពីពេលផ្ដើមស៊កក្រដាសទី១ រហូតដល់បញ្ចប់ការងារទាំងស្រុង នៅលើផ្ទាំងក្រដាសក្រាស់ គ្មានឃើញអ្វីក្រៅពីសន្លឹកលោហៈតូចៗជាច្រើនបំណែកស៊កច្រូងច្រាងទេ លុះត្រាតែលោក ដារិទ្ធ បើកអំពូលភ្លើងនៅលើស៊ុម រូបគំនូរអង្គរវត្ដបានផុសត្រដែតឡើង ហាក់ដូចជា វេទមន្ដនិមិ្មតឱ្យឃើញភ្លាមៗ។ នេះជាប្រភេទគំនូរពន្លឺ និងស្រមោល ដែលលោក ដារិទ្ធ បានច្នៃបង្កើតឡើងដោយយកលំនាំតាមសិល្បៈស្រមោលពន្លឺជះចំកំណាត់ឈើលើជញ្ជាំងរបស់សិល្បករជប៉ុន និងរូបភាពស្រមោលកំពូលប្រាសាទចេញពីចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ដ។
លោក ដារិទ្ធ ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិស្វករអគ្គិសនី បានរំឭកថា៖ «ខ្ញុំធ្លាប់បានឃើញស្នាដៃសិល្បករជប៉ុនម្នាក់ ដែលគាត់បានតម្រៀបកំណាត់ឈើនៅលើជញ្ជាំង រួចបាញ់ជះពន្លឺភ្លើងទៅ បង្កើតបានរូបភាពមនុស្ស។ វាពិតជាបានធ្វើឱ្យខ្ញុំកញ្ឆក់អារម្មណ៍ខ្លាំងមែនទែន ហើយចាប់ផ្ដើមនឹកគិតថា បើខ្ញុំធំឡើង មានផ្ទះ និងទីកន្លែងត្រឹមត្រូវ ខ្ញុំត្រូវតែបង្កើតទម្រង់សិល្បៈបែបនេះដាក់ក្នុងផ្ទះហើយ។ អស់ប៉ុន្មានអស់ទៅ។ វាគ្រាន់តែជាក្ដីស្រមៃពីក្មេងទេ»។
អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ យុវជន ដារិទ្ធ អាយុ ២៨ ឆ្នាំ បានបម្រើការក្នុងវិស័យភាពយន្ដ និងបានចាប់យកអាជីពជានាយកគ្រប់គ្រងផ្នែកសិល្បៈ ដែលផ្ដោតលើការច្នៃសម្ភារ និងសិល្បៈផ្សេងៗនៅក្នុងភាពយន្ដ ក្រោយបញ្ចប់ការសិក្សា។ នាគ្រាមួយ លោកបានឃើញរូបភាព ១ ដែលត្រូវបានចែករំលែកច្រើនលើបណ្ដាញសង្គមហ្វេសប៊ុក គឺជារូបថតស្រមោលពន្លឺជះចូលចម្រឹងបង្អួចអង្គរវត្ដ ចេញរាងកំពូល ៣ និងកំពូល ៥ ១ ជួរ វាបានធ្វើឱ្យនឹកឃើញឡើងវិញនូវរូបភាពរបស់សិល្បៈជនជាតិជប៉ុនបង្កើតឡើង។
លោកថ្លែងថា៖ «កន្លែងនេះ មើលទៅពិតជាអស្ចារ្យមែនទែន។ គំនិតតម្រៀបដុំឈើលើជញ្ជាំង និងពន្លឺចាំងស្រមោលចម្រឹងបង្អួច ២ នេះ បូកចូលគ្នា ខ្ញុំគិតថា មានតែរបស់ដែលធ្វើពីពន្លឺ និងស្រមោលទេ ដែលខ្ញុំអាចបង្កើតអ្វីថ្មី ជារបស់ខ្លួនឯង។ ខ្ញុំក៏ចាប់ផ្ដើមស្រាវជ្រាវ និងធ្វើការកែច្នៃវត្ថុសិល្បៈ»។
គំនិតរបស់លោក ដារិទ្ធ មិនទាន់កើតចេញជាការពិតឡើយ រហូតដល់វិបត្ដិជំងឺរាតត្បាតសកលកូវីដ ១៩ ចូលមក ដែលនាំឱ្យមានការបិទខ្ទប់ និងបិទប្រទេស យុវជនរូបនេះត្រូវផ្អាកពីការងារក្នុងវិស័យភាពយន្ដ តែនៅបន្ដភាពច្នៃប្រឌិតរបស់ខ្លួន តាមរយៈការស្វែងរកអ្វីថ្មី និងចាប់ផ្ដើមដើរតាមក្ដីស្រមៃរបស់ខ្លួនតាំងពីកុមារភាព។
លោកបានសម្រេចចិត្ដបង្កើតវត្ថុសិល្បៈពីពន្លឺ និងស្រមោលនៅក្នុងស៊ុម ដែលអាចដាក់តាំងបាន។ ដោយយកគំរូតាមការត្រៀមកំណាត់ឈើ ឬការបាំងដៃមុខពន្លឺរំលេចនូវរូបភាពផ្សេងៗនៅលើជញ្ជាំង លោក ដារិទ្ធ នឹកឃើញដល់ក្រដាស ដែលអាចផ្លាស់ប្ដូររាងស្រមោលស្រួលពេលចាំងជាមួយពន្លឺ។
លោកថ្លែងថា៖ «កាលផលិតរូបដំបូង វាពិតជាលំបាកខ្លាំង ដោយខ្ញុំអត់ដឹងថាចាប់ផ្ដើមពីណា គ្រាន់តែដឹងថា វាចាប់ផ្ដើមពីក្រដាស។ កាត់ចុះកាត់ឡើង ក៏ចេញជារាងត្រីកោណសាមញ្ញមួយ ខ្ញុំសប្បាយចិត្ដខ្លាំងមែនទែន»។
រូបភាពផ្លូវការបន្ទាប់ គឺជាគំនូរព្រះឆាយាល័ក្ខណ៍របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដោយចាប់ផ្ដើមពីការព្រីនព្រះឆាយាល័ក្ខណ៍ រួចបំប្លែងទៅជារូបសខ្មៅ បន្ទាប់មកធ្វើស្រមោលទៅតាមរូបនេះ។
លោកថ្លែងថា៖ «ដោយសារតែកម្លាំងចិត្ដពេញប៊ឹប ខ្ញុំចំណាយពេលធ្វើរហូតដល់ម៉ោង ២ ទៀបភ្លឺ ហើយពេលខ្លះស្ដ្រេសដែរ តែអ្វីដែលយើងចូលចិត្ដ ស្រឡាញ់ វាមិនមានការនឿយហត់យូរនោះទេ»។
លោកបាននិយាយពីការលំបាក រវាងការគូរនៅលើក្រដាស និងការកាត់រូបស្រមោលថា ពេលប្រើខ្មៅដៃ ឬជក់ ដែលងាយស្រួលបត់បែន អ្នកគូរអាចលុបវាចោលពេលខុសត្រង់ចំណុចណា តែចំពោះគំនូរស្រមោល និងពន្លឺនេះហាក់ដូចជាឡានសណ្ដោង ដែលពិបាកអារីយែថយក្រោយអ៊ីចឹង។ លោកបានផលិតគំនូរពន្លឺ និងស្រមោល ១ ឆ្នាំ ១ ផ្ទាំងជានិមិត្តរូប ដូចជា រូបព្រះពុទ្ធ និងរូបអង្គរវត្ដតាំងពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២២ ដូច្នេះ ជំនាញនេះទាមទារឱ្យមានទេពកោសល្យ និងភាពអត់ធ្មត់ខ្ពស់ ដើម្បីសម្រេចបានគំនូរ ១ ផ្ទាំងៗ។
លោកថ្លែងថា៖ «ពេលបង្កើតបានស្នាដៃដំបូង ក្នុងចិត្ដរំភើបសប្បាយអរ ក៏ដើរអួតប្រាប់គេឯងអ៊ីចឹងទៅ។ គេចាប់អារម្មណ៍ ក៏បានកុម្ម៉ង់ផលិតរូបឱ្យគេជាបន្ដបន្ទាប់មក។ ខ្ញុំចាប់ផ្ដើមទទួលអតិថិជនតាំងពេលនោះមក ដែលរហូតដល់ពេលនេះ ខ្ញុំធ្វើជូនភ្ញៀវជាង ៣០ ផ្ទាំង»។
លោក ដារិទ្ធ ថ្លែងថា រូបប្រាសាទអង្គរមានភាពស្មុគស្មាញច្រើន ដោយសារថែវនីមួយៗរបស់ប្រាសាទមានលក្ខណៈខុសគ្នា និងតូចៗលម្អិតដែលទាមទារភាពអត់ធ្មត់មែនទែន។ តាំងពីចាប់ផ្ដើមធ្វើរូបប្រាសាទអង្គរវត្ដនេះរហូតដល់ចប់សព្វគ្រប់ ដោយចំណាយពេលជាង ២ ខែ ហើយរូបគំនូរគំរូប្រចាំឆ្នាំរបស់លោកដែលអាចលក់ឱ្យជូនអតិថិជនបាន មានតែរូបព្រះពុទ្ធក្នុងស្លឹកពោធិ៍ និងអង្គរវត្ដនេះទេ តម្លៃពី ២៩៩-៣៩៩ ដុល្លារ ១ ផ្ទាំង។ ចំពោះរូបភាពកុម្ម៉ង់ ដែលភាគច្រើនជារូបភាពចម្លងពីរូបកាត់ត្រឹមស្មាឡើង ដោយមានទំហំស្ដង់ដា ៦០ គុណ ៩០ និងជួនកាលក៏តូចធំជាងនេះតិចតួច មានតម្លៃ ៤៩៩ ដុល្លារឡើងទៅ ហើយអាចនឹងឡើងជាងនេះនាពេលខាងមុខ។
ជាអ្នកស្រឡាញ់គំនូរម្នាក់ និងបានឃើញគំនូរស្អាតៗជាច្រើនប្រភេទ លោក ទី សុខា មានការភ្ញាក់ផ្អើលពេលបានឃើញគំនូរប្រើពន្លឺ និងស្រមោលរបស់លោក ដារិទ្ធ។ លោក សុខា បានទិញគំនូរ ៣ ផ្ទាំង ដោយ ១ ផ្ទាំងជាព្រះពុទ្ធរូបគង់ក្នុងស្លឹកពោធិ៍ សម្រាប់ដាក់តាំងក្នុងគេហដ្ឋានផ្ទាល់ខ្លួន និង ២ ផ្ទាំងទៀត ជាគំនូររបស់ព្រះសង្ឃ ដែលលោកយកទៅប្រគេនថ្វាយព្រះតេជគុណ។
លោក សុខា ថ្លែងថា៖ «ព្រះតេជគុណក៏មានការភ្ញាក់ផ្អើលដែរ ដោយសារតែដំបូងឡើយលោកមើលឃើញតែក្រណាត់ស៊ុមឈើ និងដោតលោហៈតូចៗប៉ុណ្ណោះ។ នៅពេលយើងបើកភ្លើងអំពូលឡើង លោកមានការស្រឡាំងកាំងពេលបានឃើញរូបរបស់លោក ដែលលោកតាមានសង្ឃដីកាពិតជាដូចមែនទែន»។
លោក ដារិទ្ធ បានរៀបរាប់ពីការផលិតរូបគំនូរដោយប្រើពន្លឺ និងស្រមោលថា ដំបូងលោកព្រីនរូបភាពនៅលើក្រណាត់ក្រាស់ ឬ Canvas ដែលរៀបចំស៊ុមស្អាតបាតជាស្រេច ហើយលោកចាប់ផ្ដើមកាត់ក្រដាសរឹងស៊កម្ដងមួយៗ ឱ្យស៊ីមេទ្រីទៅនឹងបំណែករូបភាពតូចៗ ដែលត្រូវបានពន្លឺចាំងឆ្លុះ រហូតដល់គ្រប់បំណែករូបភាពទាំងអស់។
នៅពេលសាកល្បងបិទបើកពន្លឺភ្លើង ដើម្បីឱ្យប្រាកដថា ក្រដាសរឹងទាំងជះស្រមោលឆ្លុះស៊ីនឹងបំណែករូបភាពសខ្មៅនោះហើយ លោកចាប់ផ្ដើមកាត់បន្ទះលោហៈដោយឆ្លងតាមបំណែកក្រដាសរឹង បំណងប្រើប្រាស់លោហៈជំនួសក្រដាសវិញ។ យុវជនដែលស្រឡាញ់ការងារសិល្បៈរូបនេះ បានលើកឡើងថា៖ «ដោយសារក្រដាសមិនត្រូវបានរក្សាទុកយូរអង្វែង ខ្ញុំប្រើបន្ទះលោហៈជំនួសវិញ ដែលមានសុពលភាពនៃការរក្សាទុកបានយូរ ហើយអ្វីដែលងាយខូចជាងគេ គឺអំពូល LED។ សម្រាប់អំពូល រយៈពេល ១០ ឆ្នាំ បើមានបញ្ហាយើងប្ដូរជូនភ្ញៀវ។ អំពូលនេះ យើងត្រូវចាប់វាឱ្យនៅនឹងមួយកន្លែង ដោយមិនឱ្យវាងាករេចុះឡើងៗទេ ពីព្រោះនឹងធ្វើឱ្យខូចទ្រង់ទ្រាយរូប»។
ចំពោះការផលិតគំនូរក្រោយៗទៀត ដើម្បីជានិមិត្ដរូបសម្រាប់ខ្លួនឯង យុវជន ដារិទ្ធ ដែលកំពុងបណ្ដុះបណ្ដាលប្អូនៗ និងឆ្លៀតពេលវេលារៀនបន្ថែមខ្លួនឯង បានផ្ដោតសំខាន់ទៅលើគុណតម្លៃនៃរូបភាពជាជាងភាពស្មុគស្មាញរបស់វា។
លោកថ្លែងថា៖ «គុណតម្លៃរបស់វាគឺថា សារនៅក្នុងរូបនីមួយៗមានអត្ថន័យយ៉ាងដូចម្ដេច និងមានភាពស៊ីជម្រៅប៉ុនណាសម្រាប់ភ្ញៀវ ដែលជាវយកទៅនោះ»។
លោក ដារិទ្ធ បានឱ្យដឹងថាលោកមិនទាន់បានបង្ហាញសិល្បៈរបស់លោកនៅក្នុងពិព័រណ៍សិល្បៈណាមួយនៅឡើយទេ។ ប៉ុន្ដែលោកមានគម្រោងចូលរួមក្នុងកម្មវិធីផ្សេងៗផងដែរ។ «ជាក់ស្ដែង នៅក្នុងកម្មវិធីអង្គរសង្ក្រាន្តខាងមុខ ខ្ញុំនឹងបង្ហាញស្នាដៃរបស់ខ្ញុំចូលរួមនៅក្នុងភូមិវិចិត្រករឯក ដែលខ្ញុំនឹងបន្ថែមស្នាដៃមួយផ្សេងទៀត។ ប៉ុន្ដែពេលនេះ ខ្ញុំនៅមិនទាន់ដឹងថា ខ្ញុំត្រូវបង្កើតស្នាដៃអ្វីនៅឡើយទេ»។
លោកថ្លែងថា ការផលិតគំនូរពន្លឺ និងស្រមោលត្រូវការពេលវេលា និងទេពកោសល្យ បានឱ្យដឹងថា លោកអាចផលិតគំនូរលើជញ្ជាំងក៏បានដែរ តែលោកផ្ដោតសំខាន់ទៅលើកាលៈទេសៈ ដែលគួរធ្វើលើស៊ុម ឬគួរធ្វើលើជញ្ជាំង។
ថ្វីដ្បិតតែលោកមិនចាប់អាជីពវិស្វករអគ្គិសនីយ៉ាងណាក៏ដោយ ក៏លោកយកចំណេះដឹង ១ នេះទៅអនុវត្ដគួបផ្សំនឹងបទពិសោធការងារបែបសិល្បៈនៅក្នុងវិស័យភាពយន្ដដែលយល់ដឹងអំពីគំនិតច្នៃប្រឌិត ដើម្បីច្របាច់បញ្ចូលគ្នាជាទម្រង់សិល្បៈអគ្គិសនី និងភាពច្នៃប្រឌិតនៃគំនូរ។
លោកបានថ្លែងដោយឱ្យតម្លៃថា៖ «អ្វីដែលខ្ញុំមើលឃើញជារួម សិល្បករមានស្នាដៃល្អ តែអ្វីដែលធ្វើឱ្យមានការរីកចម្រើនជាងនេះទៀត គឺលើសពីស្នាដៃដោយត្រូវមានចំណេះ និងជំនាញផ្សេងៗទៀត។ យើងត្រូវធ្វើអ្វីដើម្បីទាក់ទាញចំណាប់អារម្មណ៍ ហើយយើងអាចពង្រីកទីផ្សារយើងដល់ណា។ ជំនាញនេះហើយដែលអាចកំណត់កម្រិតយើងដល់ត្រឹមណា ដូចជា មធ្យម បង្គួរ ឬកម្រិតខ្ពស់»៕