ជា​អ្នកនិពន្ធ​សប្បុរស​ផ្ដល់ជូន​សៀវភៅ​ទាំងគ្រប់​ចំណងជើង​របស់លោក​ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នក​ខ្វះ​លទ្ធភាព លោក ប៊ិន រ៉ាត់ កើត​និង​ធំ​ដឹងក្ដី​នៅក្នុង​ស្រុក​សំរោង ខេត្តតាកែវ​។ ក្នុងចំណោម​បងប្អូន ​៨ ​​នាក់ លោក​ជាម​នុស្ស​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​ដែលមាន​ឱកាស​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​។

​លោក​បាន​ចូលរៀន​ថ្នាក់​បឋម​នៅ សាលាបឋមសិក្សា​អង្គការ បន្តទៅ​អនុវិទ្យាល័យ​អង្គ​ព្រះស្ដេច និង​បន្ត​ថ្នាក់​វិទ្យាល័យ​នៅ​វិទ្យា​ល័យ​សម្ដេចឪ ​(​ថ្នល់ទទឹង​) ដោយ​ស្នាក់នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន​យុវជន​ខ្មែរ ​(KYDC)​។ ក្រោយ​ចប់​បាក់​ឌុប​ ២ ​ឆ្នាំ ទើប​លោក​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សា​កល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​បាន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​នីតិ​អន្តរជាតិ​សាធារណៈ​នៅ​សា​លា​ច្បាប់​ដដែល​នេះ​ផងដែរ​។

​ដោយ​ចូលចិត្ត​ស្ដាប់ និង​ចែក​រំលែក​បទពិសោធន៍​ជីវិត​ជាពិសេស​ចូលចិត្ត​អាន​សៀវភៅ​បែប​និទាន​ជីវប្រវត្តិ និង​របៀបរបប​ទំនៀម​​ទម្លាប់​នៃ​ការរស់នៅ​របស់​សង្គម​មនុស្ស​តាម​របត់​សង្គម​និង​សម័យ​កាល​នីមួយៗ បានធ្វើឱ្យ​លោក​ចាប់ផ្ដើម​សរសេរ​សៀវភៅ ដើម្បី​ចែករំលែក​បទពិសោធន៍​បន្ត​ទៅកាន់​អ្នកជំនាន់ក្រោយៗ​ទៀត​។

​សៀវភៅ​ទាំងអស់​របស់លោក​ ប៊ិន រ៉ាត់ គឺ​សាមញ្ញ ងាយ​យល់ ទាំង​អត្ថន័យ និង​ខ្លឹមសារ​ស័ក្ដិ​សម​បំផុត​សម្រាប់​អ្នកអាន​ដំបូងៗ គឺ​ស្រប​ជាមួយនឹង​គោលបំណង​នៃ​ការ​តែង​និពន្ធ​។

លោក ​ប៊ិន​ រ៉ាត់ បញ្ជាក់ថា៖ «​ខ្ញុំ​សរសេរ​ជាពិសេស​សម្រាប់​មនុស្ស​ ២ ​ក្រុម​។ ក្រុមទី​១ គឺ​ក្រុម​ដែល​មិន​ធ្លាប់​អាន​សៀវភៅ ឬ​មិន​ចូលចិត្ត​អាន​សៀភៅ​។ រីឯ​ក្រុមទី​២ គឺ​ក្រុម​ដែល​កំពុង​មានបំណង​បោះបង់​ការ​សិក្សា​។ ក្នុងការ​តែង​និពន្ធ បើ​សៀវភៅ​ណាមួយ​របស់ខ្ញុំ​អាច​អូស​ទាញ​អ្នក​មិន​ចូលចិត្ត​អាន​ណា​ម្នាក់ មក​អាន​បាន​នោះ​ជា​ជោគ​​ជ័យ​ធំ​បំផុត​របស់ខ្ញុំ​»​។

​សៀវភៅ​ដំបូង​របស់លោក​មាន​ចំណងជើង​ថា​ «​អតីតកាល​ដ៏​រីក​រាយ​» (Happy past or childhood memories)​ ជា​សៀវភៅ​ដែល​រៀបរាប់​អំពី​ជីវិត​កុមារភាព ​(​បឋមវ័យ​) ហើយ​ជា​ដំណាក់​​កាល​បំ​បូ​ង និង​ជា​គ្រា​ដ៏​រីករាយ​បំផុត​ក្នុង​ដំណើរ​ជីវិត​។ សៀវភៅ​នេះ​បង្ហាញ​ទឹក​ចិត្តជា​តួឯក ខណៈ​ទឹកប្រាក់​ត្រឹម​ជា​តួរង​ហើយ​ក្ដី​សុខ​របស់​មនុស្ស​កើតឡើង​ដោយ​មិន​ទាមទារ​លក្ខខណ្ឌ​ច្រើន​។ អតីតកាល​ដ៏​រីករាយ​បាន​ពិ​ពណ៌​នា​អំពី​សាមគ្គីភាព របស់​អ្នកភូមិ​កាលពី​អ្នកនិពន្ធ​នៅ​ក្មេង​ដូចជា​សាមគ្គី ធ្វើស្រែ ស្ទូងស្រូវ និង​សែង​ផ្ទះ​ជាដើម ដែល​សកម្មភាព​សាមគ្គីភាព​ទាំងនោះ​មិន​គិតលុយ​កាក់​ជាធំ​ឡើយ ហើយ​យើង​មិនអាច​ស្វែងរក​បានទេ​ក្នុងសម័យ​កាល​នៃ​សម្ភារ​និយម​ដូច​បច្ចុប្បន្ននេះ​។

ចំណែក​សៀវភៅ​ទី​២ ចំណងជើង រឿង​ជីវិត ​(​ព្រលឹត​) ជា​ប្រភេទ​ប្រលោមលោក ដែល​អ្នកនិពន្ធ​ប្រមូលយក​បញ្ហា និង​ដំណោះស្រាយ​ជីវិត​ជាក់ស្ដែង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ (​មជ្ឈិម​​វ័យ​)​ មក​បរិយាយ និង​បញ្ជាក់ថា នេះ​ជា​រឿង​ជីវិត​។ រាល់​បញ្ហា​សង្គម​ជាក់ស្ដែង​មាន​ប្រទាក់​ក្រឡា​គ្នា​ក្នុង​សាច់រឿង​សៀវភៅ​រឿង​ជីវិត​មួយ​នេះ​។

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​បន្ទាប់ពី​អាន​ស្នាដៃ​សៀវភៅ​រឿង​ជីវិត​ចប់ មាន​មិត្ត​អ្នកអាន​ជាច្រើន​បានស្នើ ឬ​ចង់ឃើញ​សៀវភៅ​រឿង​ជីវិត​នេះ ថត​ជា​ខ្សែភាពយន្ត ហើយ​ចាក់​បញ្ចាំង​ជា​សាធារណៈ​។ រីឯ​សៀ​ភៅ​ទី​ ៣«​ថ្ងៃរសៀល​» ​ជា​សៀវភៅ​ដែល​រៀបរាប់​ពី​បញ្ហា ជីវិត​ក្នុង​បច្ឆិមវ័យ គឺ​វ័យ​ចុង​ក្រោយ​នៃ​ជីវិត ឬ​ឣ្ន​ក​ដែលមាន​បញ្ហា​សុខភាព​ជាប់​ខ្លួន​រ៉ាំរ៉ៃ​។ និយាយ​ដោយ​ខ្លី សៀវភៅ​របស់លោក​ប៊ិន រ៉ាត់ ទាំង​ ៣ ​ចំណងជើង​នេះ​រៀបរាប់​ពី​ដំណាក់កាល​ធំៗ​៣​នៃ​ដំណើរ​ជីវិត គឺ​បឋមវ័យ មជ្ឈិមវ័យ និង​បច្ឆិមវ័យ​។

​លោក ​ប៊ិន រ៉ាត់ ប្រាប់​ដោយ​ស្នាមញញឹម​ថា៖ «​សេចក្ដីសុខ​របស់ខ្ញុំ​មួយផ្នែក​បានមកពី ឃើញ​ក្មេងៗ​បាន​ទៅ​សាលា យុវជន​បាន​បន្ត​ការសិក្សា​។ ដូច្នេះហើយ​បាន​វា​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ជីវិត​របស់ខ្ញុំ ដែល​ត្រូវធ្វើ​យ៉ាង​ណា​បង្កលក្ខណៈ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ពួកគេ​បន្ត​ការសិក្សា​យ៉ាងហោចណាស់​បាន​ចប់​ថ្នាក់​វិទ្យាល័យ​»​។

​លោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្មេងៗ យុវជន​ទាំងអស់​ថា មានតែ​ការសិក្សាអប់រំ​ទេ​ដែលជា​ស្ពាន​ចម្លង ជា​ក្បូន​សណ្ដោង​ឱ្យ​ពួកគេ​ឆ្លង​ផុត​អវិជ្ជា​។ «​ខ្ញុំ​ជឿ​យ៉ាង​ប្រាកដថា ចំណេះវិជ្ជា​នឹង​ផ្លាស់ប្ដូរ​មុខមាត់​ជីវភាព​ប្អូន គ្រួ​សារ និង​សង្គមជាតិ​យើង​។ ត្រូវ​ចាំ​ថា វ័យ​កំពុង​សិក្សា​ត្រូវតែ​ខំ​សិក្សា បើ​ខ្វះ​លទ្ធភាព​អាច​សម្រាក ឬ​ផ្អាក​សិន​បាន តែ​កុំ​បោះបង់​ការសិក្សា​រៀនសូត្រ​ឱ្យសោះ​។ រៀន​នៅ​ត្រង់នេះ​គឺ​មិនមែន​សំដៅ​តែ​លើរៀន​នៅ​សាលា​មួយ​មុខ​នោះទេ គឺ​រៀន​ពី​ការងារ​ដែល​យើង​កំពុង​ធ្វើ រៀន​ពី​សង្គម និង​រៀន​ពី​សៀវ​​ភៅ​ដែល​យើង​អាន​ផងដែរ​»៕